សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការវិលត្រឡប់នៃពលករចំណាកស្រុក​ដ៏ច្រើនអាច​បង្កផលប៉ះពាល់​​ដល់សេដ្ឋកិច្ច​ក្នុងប្រទេស ខណៈមួយចំនួនធំមិនទាន់រកការងារ​បានធ្វើ

ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)
ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

ការ​វិលត្រឡប់​យ៉ាង​គំហុក​នៃ​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន ​គឺ​ប្រមាណយ៉ាងតិច​៩០ម៉ឺន​នាក់​នៅ​ពេលបច្ចុប្បន្ន​នេះ​ ​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​បន្ថែម​ទៅលើ​ស្ថានភាព​ការងារ​​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ ​ដែល​កំពុងតែ​លំបាក​ស្រាប់​ទៅ​ហើយ។​ យោងតាម​សេចក្តីថ្លែងការណ៍​រួម។​​

សេចក្តីថ្លែងការណ៍​រួម ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃការ​វិលត្រឡប់​របស់​ពលករខ្មែរ​ពីប្រទេសថៃ​​ដែល​ពុំធ្លាប់មាន​នេះ​ ​កំពុង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​ ​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​ ស្របពេលដែល​​បច្ចុប្បន្ន​កម្ពុជា​មិន​មានការងារ​ធ្វើ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់គ្នា​នោះ​​ទេ​ ខណៈ​ក្នុង​ចំណោម​ពលករទាំង​នោះ​​ មាន​ប្រមាណ៨០​ភាគ​រយ​​មាន​ផ្ទៃ​ដី​សម្រាប់​ធ្វើកសិកម្ម​តិច​ជាង​១ហិកតា​​ ដែល​ហេតុដូច្នេះ​ពួកគេ​មិន​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​កសិកម្ម​បានឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ មាន​អង្គការ​​សមាគម ​និង​សហ​ជីពចំនួន​១៨ចូលរួម​ ក្នុងនោះក៏មាន​ អង្គការសង់ត្រាល់ អង្គការ ​លីកាដូ អង្គការ​​អាដហុក សហ​ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាផងដែរ។

សេចក្តីថ្លែងការណ៍​រួម​ដែល​ដាក់​ចំណងជើងថា ​«ពង្រឹង​សេវាកម្ម​ ​និង​កិច្ច​គាំពារ​ដល់​ពលករ​ចំណាកស្រុក» បាន​សរសេរ​ដោយ​យោង​ទៅ​​លើ​ទិន្នន័យ​ប៉ាន់​ប្រមាណរបស់​រដ្ឋាភិបាល​កម្ពុជាថា ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​ចំនួន​ ​៩​០​ម៉ឺន​នាក់​ ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ ​ចាប់តាំង​ពី​មានការ​ប៉ះទង្គិច​ខ្លាំង​ក្លា​​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​ ​និង​ថៃ​ ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​មក​។​ ​តួលេខ​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​ក្នុង​​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ កាលពីអំឡុងឆ្នាំ២០១៩ គឺមាន​ពលករ​ចំណាកស្រុកវិល​ត្រឡប់​មក​ពីថៃ​​ត្រឹម​តែ​ប្រមាណ​ ​២​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ ​

បើ​តាម​សេចក្តីថ្លែងការណ៍រួមនេះ នៅ​​មុន​ពេល​មានការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែនកម្ពុជា ថៃ​​ ​ប្រាក់​ចំណូល​ដែល​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​រក​បាន​ ​ជា​កត្តា​រួមចំណែក​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​កម្ពុជា​ ​ដោយ​ពលករ​ចំណាកស្រុក​បាន​​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេសក្នុង​ម្នាក់ៗ​រាប់​រយ​ដុល្លារ​​អាមេរិក​ ​ជា​រៀង​រាល់​​ខែ​ ​ដែល​សរុប​មាន​ទឹកប្រាក់​ចំនួន​ជិត​៣​​ពាន់​លាន​ដុល្លារ​អាមេរិក​​នៅ​ក្នុង​ឆ្នាំ​​២​០​២​៤​។​ ​

​សូម​បញ្ជាក់ថា កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​៥​ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទិ្ធ​មនុស្ស​ (​សង់​ត្រា​ល់) ​បាន​ធ្វើការ​វាយ​តម្លៃ​ ​និង​សិក្សា​ស្វែងយល់​អំពី​តម្រូវ​ការ ​​និង​ស្ថានភាព​របស់​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់មក​កម្ពុជា​វិញ​​ចំនួនជាង​ ​៧០​០​​នាក់​ ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​បន្ទាយ​មាន​ជ័យ​ ​ឧត្តរមានជ័យ​ ​សៀមរាប​ ​ព្រះវិហារ​ ​កោះ​កុង​ ​និង​ប៉ៃលិន​ ​។​ ​ជា​លទ្ធផល​ ​ពលករ​ទាំង​នោះ​ភាគច្រើន​លើស​លុប​ ​គឺ​វិល​ទៅ​ស្រុកកំណើត​នៅ​តាម​ជនបទ​ ​ក្នុង​​បណ្តា​ខេត្ត​របស់​ពួកគាត់​វិញ​ (​ប្រមាណ​ ​៧​០​% ​វិល​ទៅ​ស្រុកកំណើត​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​បាត់​ដំបង​) ​ហើយ​មាន​តម្រូវ​ការ​ខ្លាំង​ទៅលើ​ម្ហូបអាហារ​ ​និង​ការងារ​ធ្វើ​។​ ​

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារ​នៃអង្គការសង់ត្រាល់ ​បាន​ថ្លែងថា បើគិត​ពីការ​រួម​ចំណែក​របស់​ពលករចំណាកស្រុកដែល​មាន​ប្រមាណ​ជិត​១លាននាក់​ទាំងសមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ គឺ​បាន​រួម​ចំណែក​ធំ​ណាស់​ដល់​ដំណើរការសេដ្ឋកិច្ច​របស់កម្ពុជាដោយ​ពួកគេ​បាន​ផ្ញើប្រាក់​ក្នុង​ចំនួន​ដ៏ច្រើន​មក​ប្រទេសកម្ពុជា ​ហេតុដូច្នេះ​រដ្ឋាភិបាល​គួរ​តែរួម​ចំណែក​ឆ្លើយ​តប​ឱ្យបាន​សមស្របក្នុង​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​ពួកគាត់​។

លោក​បា​នថ្លែង​ថា៖ «ការពិនិត្យ​ទៅលើកញ្ចប់​សាច់ប្រាក់​ណាមួយ​ដើម្បី​ទ្រទ្រង់​ដល់​ពួក​គាត់​​នៅក្នុង​អំឡុង​ពេល​អន្តរកាលនេះខ្ញុំ​គិតថា វាជារឿង​ចាំបាច់​ ហើយ​រដ្ឋ​ត្រូវឆ្លើយតប​ដោយ​ឆាប់​​​​រហ័ស​ទៅ​នឹងសេចក្តីត្រូវការ​​ជាមូលដ្ឋាន​របស់​ពួកគាត់»។

បន្ថែម​ពីនេះ​រដ្ឋគួរ​តែពង្រីក​វិសាល​ភាពគោលនយោបាយ​កិច្ចគាំពារ​សង្គម​ដល់ពលករ​ចំណាក​ស្រុកដោយ​កំណត់​អត្តសញ្ញាណ ​និង​ចុះបញ្ជី​ពួកគាត់​ចូលទៅក្នុង​ប្រព័ន្ធ​កិច្ចគាំពារ​សង្គម​​ដូច​ជាការធានារ៉ាប់រង​ ការព្យាបាល​ជំងឺ​ នៅ​ពេល​ដែល​ពួក​គាត់មាន​ហានិភ័យ ​ឬ​មាន​​​​ជំងឺ និង​ការ​ផ្តល់​បណ្ណក្រីក្រ ​ឬក៏បណ្ណសមធម៌​​ ឬក៏​ផ្តល់ជាកញ្ចប់​សាច់ប្រាក់​នៅក្នុង​វេលា​ណា​មួយ​ដែល​ពួកគាត់​កំពុង​ស្វែងរកការ​ងារធ្វើ ​ដើម្បី​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​​​ជាមូលដ្ឋាន​របស់​ពលករ​។ នេះបើតាមលោក ​ឃុន ថារ៉ូ។

លោកលើកឡើង​ទៀតថា លើសពីនេះ​រដ្ឋក៏គួរ​ពិនិត្យ​ទៅ​លើ​ជំនាញ​បច្ចេកទេស​​របស់​ពលករ​ដែល​ពួកគាត់​មានដូចជា ពួកគាត់​ធ្លាប់​ធ្វើការ​នៅក្នុង​វិស័យ​សំណង់ ឧស្សាហកម្ម​​ សេវាកម្ម ​ឬក៏ម្ហូបអាហារ​ ដោយ​ចេញជា​សញ្ញាបត្រ​ទទួលស្គាល់​ជំនាញ​វិជ្ជាជីវៈ​ដែល​ពួក​គាត់មាន​ដោយ​មិន​បាច់​ឆ្លងកាត់​វគ្គបណ្តុះ​បណ្តាល​ទៀតឡើយ ដើម្បី​ជួយ​ពួកគាត់​ឱ្យមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរកការងារ​នៅក្នុង​ប្រទេស។

លោក​បានបញ្ជាក់​ថា៖ «សេដ្ឋកិច្ច​របស់​ប្រទេសមួយ​ គឺពឹងផ្អែក​ទៅលើ​កម្លាំងពល​កម្ម​​​ ជាក់​ស្តែង​​អ្វីដែល​យើង​កំពុង​តែជួបនាពេល​បច្ចុប្បន្ន​គឺកង្វះ​ខាតនូវ​កម្លាំងពលកម្ម​ជំនាញ​ដែល​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ ហើយ​យើង​ក៏ត្រូវទទួលស្គាល់​ដែរថា កម្មករ​ ពលករ​​មួយ​ចំនួន​គាត់​​ក៏ជាពលករជំនាញដែរនៅ​ពេល​ដែល​គាត់​វិលត្រឡប់មក​វិញ។ អ៊ីចឹង​ការថែរក្សា​បាននូវ​កម្លាំងពលកម្ម​នៅក្នុង​ស្រុកនេះ​ក៏វាអាច​ជួយ​​ដល់​សេដ្ឋកិច្ចកម្ពុជា​ទៅថ្ងៃអនា​គតដែរ។​ ទី២​​ យើង​ត្រូវធ្វើកំណែទម្រង់​លើបញ្ហា​ប្រាក់ឈ្នួល និងពង្រីក​វិសាល​ភាពនៃកិច្ចគាំពារសង្គម»។

លោក ​សន យ៉ត ​​អាយុ៣០​ឆ្នាំ រស់នៅ​ឃុំបន្ទាយនាង ស្រុកមង្គល​បុរី​​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ធ្លាប់​ទៅ​ធ្វើ​សំណង់​​នៅ​ប្រទេស​ថៃ​ អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​បាន​ប្រាប់ សារព័ត៌មានខេមបូចា ​ថា បន្ទាប់​ពីលោក​បាន​វិល​ត្រឡប់​មក​ពីថៃ​វិញ​កាលពីពាក់កណ្តាល​ខែ​កក្កដា​ឆ្នាំ២០២៥​ លោ​ក​បាន​ឈប់​សម្រាកនៅ​ផ្ទះ​ជួប​ជុំ​​ប្រពន្ធ​ និង​កូន២នាក់​របស់​លោក​អស់​រយៈ​ពេល​ជិត​២ខែ។

លោក​បានឱ្យដឹង​ថា៖ «ឥឡូវ​ខ្ញុំមក​ធ្វើសំណង់​នៅ​កំពង់​សោម​បាន​១អាទិត្យ​ហើយ។ ខ្ញុំធ្វើ​សំណង់​បាន​១ថ្ងៃ៦ម៉ឺន​រៀល​ហ្នឹងបង ចេះ​តែធ្វើសិន​ទៅ​គ្រាន់នឹង​​បាន​ប្រាក់​ខ្លះសង​បំណុល​គេ​ និង​បានកូន​រៀនសូត្រ​ពីព្រោះ​បើខ្ញុំនៅ​ផ្ទះ​ក៏មិន​​មាន​អ្វីធ្វើដែរ។ ខ្ញុំមាន​ដី​ប្រហែល​ជាង​១​ហិកតា​ ហើយ​ប្រពន្ធ​ខ្ញុំ​គាត់​ជួលដីគេ​២ហិកតា​ព្រោះ​ស្រូវ​ ឥឡូវ​ជិត​បាន​ប្រមូល​ផល​ហើយ»។

លោក ​យ៉ត មិន​ទាន់​ដឹងច្បាស់ថាតើលោក​នឹងនៅ​បន្តធ្វើសំណង់​នៅខេត្ត​ព្រះសីហនុនេះ​​រយៈ​​​​​ពេល​យូរប៉ុណ្ណានោះទេ​​ ហើយ​ក៏មិន​ទាន់​ដឹងថា នឹងវិល​ត្រឡប់​ទៅ​រកការងារ​ធ្វើ​នៅ​ក្នុង​ប្រទេសថៃវិញ ​ឬយ៉ាងណានោះដែរ ​ខណៈ​ដែល​​ជម្លោះ​ព្រំដែន​កម្ពុជា ​ថៃនៅ​តែមាន​ភាព​តាន​​តឹង​ដូចបច្ចុប្បន្ន។​

ចំណែក​លោក​ អាត់ សុធន់ អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ ស្រុកជីក្រែង ​ខេត្ត​សៀម​រាប ​ដែល​​​​បាន​វិល​ត្រឡប់​មក​ពីធ្វើ​សំណង់​នៅប្រទេសថៃ​បាន​ប្រមាណ​ជា​២ខែមក​ហើយ​​បន្ទាប់​ពីបាន​ធ្វើការនៅ​ទីនោះ​ប្រមាណ​៥ឆ្នាំ​​ បាន​លើកឡើងថា រហូតមកដល់ពេលនេះ​លោក​នៅ​មិន​ទាន់​អាច​រកការងារ​បាន​ធ្វើនៅឡើយ​ទេ។​

លោកនិយាយ​ថា៖ «នៅ​មិន​ទាន់​ដឹង​ទេបង ចាំមើល​ប្រហែលជា​ពីរអាទិត្យ​អីទៀត​​អាច​ឡើង​ទៅ​រកការងារ​ធ្វើនៅភ្នំពេញ​ ការងារ​អីក៏ខ្ញុំ​ធ្វើដែរ ការងារ​សំណង់ក៏ធ្វើ​ ការងារ​រោងចក្រ​ក៏ធ្វើ ឱ្យ​តែបាន​លុយ។ តែមិន​ទាន់​គិត​រឿងចង់​ទៅ​ថៃ​វិញទេ ពីព្រោះ​ឃើញ​អ្នក​លួច​ឆ្លងដែន​ខុស​ច្បាប់​​វិល​ទៅ​ថៃវិញ​តាម​មេខ្យល់​ត្រូវ​តម្រួត​ថៃចាប់​បាន​ច្រើនណាស់»។

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

ខេមបូចា មិន​អាចទាក់​ទង​លោក ​ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ ដើម្បី​ស្នើ​សុំការធ្វើអត្ថាធិប្បាយ​លើ​បញ្ហា​នេះបានទេ​​នៅ​ថ្ងៃទី​៧ ខែតុលា​នេះ។ ប៉ុន្តែ​លោក ស៊ុន មេសា ​បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា​ កាលពីថ្ងៃទី​២៣ ខែកញ្ញ​ថា ក្រសួងការ​ងារ​មាន​យន្តការ​ជួយ​ប្រជាពលរដ្ឋ​ឱ្យមាន​ឱកាស​ការ​ងារ​​គ្រប់គ្រាន់ ​ខណៈ​កម្ពុជា​នៅ​សល់​ការ​ងារ​ប្រមាណ​ជាង​៨ម៉ឺនកន្លែង​​ទៀត។ ពលករ​ដែល​ទើប​ត្រឡប់​មក​ពីថៃ សូម​ទាក់​ទង​មក​​លេខ១២៩៧ដើម្បី​ទទួល​បាន​ឱកាសការងារ។

លោក​បានថ្លែង​ថា៖ «សូម​បងប្អូន​ជ្រើ​ស​រើស​ឱកាសការងារក្នុង​ស្រុកសិន​ដោយ​សារ​ការ​ងារ​ក្នុង​ប្រទេស​​យើង​សម្បូរបែប​ និង​ទទួលបាននូវ​ការថែទាំសុខភាព ទទួលបាន​ប្រាក់​សោធន​និវត្ត​ន៍​នៅពេល​ដែល​បងប្អូនចាស់​ ប៉ុន្តែបើ​​បងប្អូន​ទៅធ្វើការនៅ​ប្រទេសថៃបងប្អូន​មិន​ទទួល​បាន​នោះទេ។ សូម​បងប្អូន​កុំ​​ទៅធ្វើការ​ក្រៅ​ស្រុក​ដោយ​មិនមានឯកសារ​ជាក់​លាក់​ច្បាស់​លាស់»។

គិតត្រឹមចុងខែកញ្ញានេះ បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារនៅក្នុងរោងចក្រ សហគ្រាសក្នុងប្រព័ន្ធ និងការងារនៅក្រៅប្រព័ន្ធ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចុះផ្សាយក្នុងតេឡេក្រាមផ្លូវការរបស់អ្នកនាំពាក្យក្រសួងការងារ ថ្ងៃទី២ ខែតុលា។

លោក ហេង សួរ មានប្រសាសន៍ថា ទោះបីជាអ្វីដែលក្រសួងបានផ្ដល់ជូននេះ មិនបាន១០០ភាគរយ ក៏ប៉ុន្តែការពង្រីកទីផ្សារការងារក្នុងរយៈពេលដ៏ខ្លី រហូតទទួលបាននូវលទ្ធផលជាង ២៤ម៉ឺននាក់មកពីថៃ បានការងារធ្វើនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានន័យថា សុទ្ធតែជាអ្នកដែលបានធ្វើការនៅតាមរោងចក្រ ឬមួយក៏សហគ្រាសធំៗ។

លោកបានបន្តទៀតថា ក្រៅពីនេះ ក៏មានបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៦ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។

លោក ហេង សួរ បានបន្ថែមថា៖ «ដូច្នេះសរុបទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលការងារក្នុងស្រុក»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការទាំង១៨​​បាន​លើកឡើងថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ ​គឺជា​បញ្ហា​ប្រឈម​មួយ​យ៉ាង​ធំ​ ​ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​រួមគ្នា​ពី​រាជរដ្ឋា​ភិបាល​ វិ​ស័​យ​ឯកជន​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ជីវភាពរស់នៅ​មួយ​ដ៏​សមរម្យ​សម្រាប់​ពលករ​ចំណាកស្រុក​ដែល​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​។​ ​នៅ​ក្នុង​ស្មារតី​នេះ​ ​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ ​បាន​បង្ហាញការ​គាំទ្រ ចំពោះ​អនុសាសន៍​មួយ​ចំនួន​នៃ​​របាយការណ៍​ថ្មី​មួយ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ ​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (C​D​R​I​) ​ចេញកាលពីពេល​ថ្មីៗនេះ​ដែល​បាន​ស្នើ​សូមឱ្យ​រដ្ឋាភិបាល​ពង្រីកនូវយន្តការកិច្ច​គាំពារ​​សង្គម​ដល់គ្រួសារដែលមានពលករចំណាកស្រុក។

C​D​R​I​បានលើកឡើងថា ​ប្រសិនបើគ្មានយន្តការកិច្ចគាំពារ​សង្គម​នោះទេ ភាពគ្មានការងារធ្វើ​នឹង​រុញច្រាន​ឱ្យពលករចំណាក​ស្រុកដែល​ទើប​ត្រឡប់​មកវិញ ធ្លាក់ចូលក្នុងភាព​លំបាក​កាន់តែខ្លាំង។ ដូច្នេះ​រាជរដ្ឋាភិបាលគួរតែចាត់វិធានការភ្លាមៗ ដោយពង្រីក និងបន្ថែម​សាច់​ប្រាក់ជំនួយដល់គ្រួសារដែលមានសមាជិកជាពលករ​ចំណាក​​​ស្រុកដែល​ទើប​ត្រឡប់មកវិញ ផ្តល់ជំនួយជាស្បៀងអាហារ​ក្នុងអំឡុង​ពេលជាក់លាក់ណាមួយ (អង្ករ ត្រីសាច់ គ្រាប់ពូជ និងសម្ភារៈចាំបាច់ផ្សេងៗទៀត) និងពង្រីកសេវាសុខាភិបាល និង​សេវាសាធារណៈឥតគិតថ្លៃដទៃទៀត ក្នុងករណីចាំបាច់​ជាដើម៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម