សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រាជរដ្ឋាភិបាលបានប្រគល់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ឲ្យវិស័យឯកជនវិញ ក្រោយពីប្រកាសបើកប្រទេសឡើងវិញ

ឡានពេទ្យដឹកអ្នកជំងឺកូវីដ១៩ពីមណ្ឌលចត្តាឡីស័កភ្នំពេញទៅកាន់ សណ្ឋាគារ The Great Duke។ រូបថតកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ
ឡានពេទ្យដឹកអ្នកជំងឺកូវីដ១៩ពីមណ្ឌលចត្តាឡីស័កភ្នំពេញទៅកាន់ សណ្ឋាគារ The Great Duke។ រូបថតកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ

រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ជាដំណាក់កាលទៅ​ឲ្យវិស័យ​ឯកជនវិញដើម្បីឲ្យវិស័យឯកជនដំណើរការឡើងវិញ​ ក្រោយជំងឺកូវីដ‌១៩​មានភាព​ធូរស្រាល។

នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវ​ជាតិ​លេខ ១១ និងសាងសង់គន្លងផ្លូវថ្មីរវាងក្រុងព្រៃវែងនិងតំបន់ផ្សេងៗ​កាលពីព្រឹក​ថ្ងៃទី៦ ខែធ្នូ ថា រាជរដ្ឋាភិបាលបានសម្រេចប្រគល់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទៅឲ្យវិស័យឯកជន ដើម្បីអាចដំណើរការឡើងវិញ ពីព្រោះស្ថានភាពកូវីដ-១៩​ បានធូរស្រាលច្រើនហើយ។  

លោក ហ៊ុន សែន បានលើកឡើងថា៖ «ដោយសារជំងឺកូវីដធ្លាក់ចុះនៅទូទាំងប្រទេស​ ទីក្រុងភ្នំពេញ យើងបានបិទមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយចំនួន និងបានប្រគល់​នូវមណ្ឌល​ព្យាបាល​ទាំងនោះទៅឲ្យវិស័យឯកជនវិញ ដើម្បីឲ្យវិស័យឯកជន​គេចាប់​ផ្ដើម​រៀបចំ​អាពាហ័ពិពាហ៍ និងការប្រជុំផ្សេងៗ»។​

លោកបានមានប្រសាសន៍បន្ថែមថា លើកលែងតែស្តាតអូឡាំពិក ដែលនឹងប្រគល់​ឲ្យ​វិញ​​នៅចុងឆ្នាំ ២០២២ ដើម្បីហ្វឹកហាត់ប្រកួតស៊ីហ្គេម ឆ្នាំ២០២៣​ ក្រោយពីគម្រោង​ធ្វើមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩រួចរាល់ហើយ ដើម្បីផ្ទេរអ្នកជំងឺចេញពី​ស្តាតអូឡាំពិក។​

លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនិង​សុខភាពនៃក្រសួងសុខាភិបាល​បាន​ប្រាប់ខេមបូចាថា ការសម្រេចរបស់ថ្នាក់ដឹកនាំដើម្បីប្រគល់​មណ្ឌលព្យាបាល​ជំងឺកូវីដ ១៩ទៅឲ្យវិស័យឯកជន ក្រោយមានការវាយតម្លៃពីក្រុមការងារបច្ចេកទេស។

លោក ​គឹមចេង មានប្រសាសន៍ថា៖ «យើងមានលទ្ធភាពប្រគល់អាគារអាជីវកម្ម​ទៅឲ្យ​សប្បុរសជនដែលជាម្ចាស់ទីតាំងនោះឡើងវិញ​ដូចជា អាគារព្រីមមៀ សែនសុខ និង​មណ្ឌលឯកជនមួយចំនួនទៀត បើអាគារឬទីតាំងនោះមិនទាន់ចាំបាច់ក្នុងការ​ប្រកប​អាជីវកម្មទេ យើងនឹងប្រគល់ឲ្យនៅពេលក្រោយជាជំហានៗ ក្រោយការ​វាយតម្លៃ​ស្ថានភាព​នៃជំងឺកូវីដ ១៩ មានភាពប្រសើរឡើង​ និងប្រុងប្រយ័ត្នទុកជាមុនខ្ពស់»

លោក គឹមចេង បន្ថែមទៀតថា៖ «​យើងបានមានការវាយតម្លៃលក្ខខណៈបច្ចេកទេស​នៃជំងឺឆ្លងនេះរួចហើយ យើងគ្រប់គ្រងបាន ហើយវាជាសញ្ញាណដ៏ល្អមួយដែលយើង​នឹងបើកឡើងវិញដើម្បីឲ្យសេដ្ឋកិច្ចសង្គមមានភាពល្អប្រសើរឡើងវិញ»។​

រាជរដ្ឋាភិបាល​សម្រេចប្រគល់កន្លែងព្យាបាលជំងឺកូវីដទៅឲ្យវិស័យឯកជនវិញ គឺជា​សញ្ញាណ​នៃការធូរស្រាលនៃការឆ្លងជំងឺរាតត្បាត ដែលអាចផ្តល់ឱកាសដល់វិស័យ​ឯកជន​អាច​ដំណើរការឡើងវិញបាន។

អ្នកជំងឺកូវីដហាត់ប្រាណនៅមណ្ឌលចត្តាឡីស័ក ម៉ូឌែន ២ ក្នុង​រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក មេត មាសភក្ដី អ្នកនាំពាក្យរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ «វា​ជា​រឿង​ដ៏​ល្អ​​ដែលដក​ទីតាំងព្យាបាល មានទីតាំងព្យាបាលសម្រាប់ទទួលអ្នកជំងឺ គឺមានអ្នកជំងឺ មានន័យថា មានការឆ្លងច្រើន និងធ្ងន់ ហើយត្រូវមានកន្លែងព្យាបាលជូនពួកគាត់ បញ្ច្រាស់មកវិញ បើថយទីតាំងព្យាបាល ជាសញ្ញាណនៃការថមថយនៃអ្នកជំងឺ​ឆ្លង​ច្រើន រហូតដល់អាចយកទីតាំងឯកជនទាំងនោះទៅបន្តការងារស្នូលរបស់ពួកគេវិញ ប្រកបរបររកស៊ីគេវិញ»។

លោកបន្ថែមទៀតថា​ ការប្រគល់នេះ ជាសញ្ញាណដ៏ល្អសម្រាប់វិស័យឯកជន​ប្រកបរបរ​រកស៊ីឡើងវិញ។

លោក មាសភក្តីឲ្យដឹងថា៖ «វាជាចរន្តមួយនៃការចូលរួមធ្វើឲ្យមានកំណើនសេដ្ឋកិច្ច​តាមរយៈការផ្ដល់សេវាឲ្យមានលំហូរហិរញ្ញវត្ថុដូចជា មានគេជួលទីតាំងគាត់ គាត់មានលុយបើកឲ្យបុគ្គលិក បុគ្គលិក​អាច​ប្រើប្រាស់ទិញម្ហូបអាហារប្រចាំថ្ងៃ និងបង់ផ្ទះជួល ម្ចាស់ផ្ទះជួលមានលុយ​ប្រើ​ប្រាស់​​បន្តដែលជាចរន្តសេដ្ឋកិច្ចរួម»

លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​មានប្រសាសន៍ថា៖ «វាជារឿងល្អណាស់ដែលរដ្ឋសម្រេចប្រគល់ទីតាំង​ព្យាបាល​​ទាំង​នោះ​​ទៅ​​កាន់​ក្រុមហ៊ុនឯកជនវិញ ព្រោះបើរដ្ឋជួលពីពួកគាត់ រដ្ឋនឹងចំណេញថវិការវិញ បើ​កន្លែង​​​​នោះ​គេផ្ដល់ឲ្យរដ្ឋដោយមិនគិតតម្លៃ ក៏ម្ចាស់អាចប្រកបរបររកស៊ីឡើងវិញ​បាន​ដែរ»។

លោកឲ្យដឹងថា ទោះជាសញ្ញាណដ៏ល្អ តែគួរតែប្រុងប្រយ័ត្នព្រោះកូវីដ​ជាជំងឺដែល​មិន​ទាន់​សាបសូន្យ ខណៈពិភពលោកកំពុងប្រទះនិងកើនឡើងផងដែរ។

លោក គឹមអេង បន្ថែមថា៖ «វាជា​សញ្ញាណ​ដ៏ល្អ​បើកូវីដ​មានការថមថយ អាចធ្វើឲ្យ​សេវា​កម្មសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ​ដូចជា កោះពេជ្រ មានគេការ ចុងភៅ អ្នកសំអាង អ្នក​ដឹកជញ្ជូនក៏អាចរកចំណូលឡើងវិញ ទោះជាយ៉ាងណាក៏យើងត្រូវប្រុងប្រយ័ត្នដែរ»

កាល​ពី​ថ្ងៃ​ចន្ទ ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​ថា អ្នក​ឆ្លង​កូវីដ-១៩ មាន​១៦​ករណី​ថ្មី ក្នុង​នោះ​ករណី​នាំចូលមាន​ចំនួន៤​ករណី។ ចំនួន​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបឡើង​ដល់​ ១២០ ២៧២​ករណី គិត​ចាប់ពីមានការឆ្លងរាលដាល​កូវីដ-១៩ ដើមឆ្នាំ​២០២០ មក​។​ ករណី​ឆ្លង​ភាគ​ច្រើន កើត​មាន​ក្រោយ​ពី​ព្រឹត្តិការណ៍​២០ កុម្ភៈ ពេល​ដែល​កម្ពុជា​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​។ ក្រសួង​ឲ្យ​ដឹង​ដែរថា អ្នក​ជាសះស្បើយមាន​ចំនួន​​ ១១៦ ៦២៧​នាក់ និង​អ្នក​ស្លាប់​មានចំនួន​២ ៩៦៣​នាក់។

304 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម