ទោះបីជាប្រជាពលរដ្ឋនៅភូមិកំពង់តាឡុងត្រូវបានរារាំងមិនឱ្យចូលដីស្រែរបស់ពួកគេក៏ដោយ ក៏តំបន់នេះនៅតែមានសកម្មភាពមមាញឹក ដែលភាពច្រើនជាសកម្មភាពរថយន្តដឹកដី និងថ្ម ទៅកាន់ទីតាំងព្រលានយន្តហោះខ្នាតធំ ដែលពីមុនត្រូវបានអ្នកភូមិរំពឹងថាជាគម្រោងដែលផ្លាស់ប្រែជាវិជ្ជមានដល់តំបន់ជនបទនៃខេត្តកណ្តាលនេះ។
អាជ្ញាធរបានអនុវត្តការរឹតត្បិតការចូលទៅកាន់ដីជម្លោះចាប់តាំងពីមានការបង្រ្កាបការតវ៉ានៅក្នុងភូមិកាលពីខែកញ្ញា ដែលនាំឱ្យមានការចោទប្រកាន់ករណីព្រហ្មទណ្ឌលើអ្នកភូមិ៩នាក់ ដែលពេលនេះពួកគេត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ប៉ុន្មានខែក្រោយពីការប៉ះទង្គិច ការព្យាយាមស្នើសុំចូលទៅមើលតំបន់នោះដោយអ្នកសារព័ត៌មានខេមបូចា ត្រូវបានបដិសេធដោយដាច់អហង្ការ។ សន្តិសុខម្នាក់បានសួរទៅកាន់អ្នកសារព័ត៌មានមុនគាត់ធ្វើការសម្រេចចិត្តភ្លាមៗថា៖«លោកចង់ទៅណា?»។ សន្តិសុខនោះបាននិយាយបន្ថែមយ៉ាងលឿនថា៖ «សុំទោស! លោក មិនអាចចូល ឬឆ្លងកាត់បានទេ ប្រសិនបើគ្មានកាតឆ្លងកាត់ ហើយវាមានសម្រាប់តែអ្នកធ្វើការនៅនេះទេ»។
ប៉ុន្តែទោះអ្នកភូមិនិយាយថាមានការងារធ្វើនៅក្នុងដីស្រែរបស់ពួកគេក្តី សន្តិសុខដែលយាមដូចគ្នានេះមិនអនុញ្ញាតឱ្យពួកគេឆ្លងកាត់ឡើយ ។ ខណៈដែលដីស្រែចម្ការរបស់ពួកគេ ត្រូវបានរាយការណ៍ថាកំពុងត្រូវបានឈូសឆាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំគឺ Overseas Cambodia Investment Corporation (OCIC) មុនពេលដែលពួកគេបានយល់ព្រមលើតម្លៃសំណងយ៉ាងណាក្តី អ្នកភូមិមួយចំនួននៅតែសង្ឃឹមសម្រាប់អ្វីដែលពួកគេជឿថានឹងមានដំណោះស្រាយដ៏ត្រឹមត្រូវមួយរវាងអ្នកភូមិ និងក្រុមហ៊ុន ដែលវានឹងបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ។
អ្នកភូមិម្នាក់គឺអ្នកស្រី ឃឹម ម៉ាលី អាយុ៤២ឆ្នាំ បាននិយាយថាផ្ទះរបស់គាត់មានចំងាយប្រមាណតែ១គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវរត់ហោះឡើងរបស់ព្រលានយន្តហោះថ្មីនោះ។ អ្នកស្រី ម៉ាលី បានលើកឡើងថា ការទាមទាររបស់អ្នកភូមិក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មិនបានធ្វើឱ្យអត្រាសំណងឡើងថ្លៃខ្ពស់ជាងមួយម៉ែត្រការ៉េ៨ដុល្លារដែលជាតម្លៃក្រុមហ៊ុនផ្តល់ឱ្យនោះទេ ដែលតម្លៃនេះអ្នកកាន់កាប់ដីធ្លីនៅទីនោះនិយាយថាទាបជាងទីផ្សារឆ្ងាយ។ ទោះជាយ៉ាងណាក្តីក្រុមហ៊ុន នៅតែត្រលប់មកវាស់វែងដីធ្លីនិងផ្ទះរបស់អ្នកភូមិនៅទីនោះម្តងទៀតកាលពីខែវិច្ឆិកា ដើម្បីដោះស្រាយសំណងមួយជុំថ្មីទៀតក្នុងអត្រាតម្លៃដែលអ្នកភូមិបានបដិសេធម្តងរួចហើយ។ អ្នកស្រី បានប្រាប់ថា៖« ពួកខ្ញុំបានដាក់ញត្តិទៅ [នាយករដ្ឋមន្រ្តី ហ៊ុន សែន] ជាច្រើនដងហើយ តែគេបោះវាចូលធុងសំរាម»។ អ្នកស្រី បន្តថា៖«លើកនេះ ពួកខ្ញុំនឹងដេកមុខផ្ទះនាយករដ្ឋមន្រ្តីនៅតាខ្មៅ រហូតដល់យើងទទួលបានការមើលឃើញពីសម្តេច»។
ចាប់តាំងពីឆ្នាំ២០១៨ មក អ្នកស្រី ម៉ាលី និងអ្នកភូមិរាប់រយគ្រួសារផ្សេងទៀតនៅក្នុងឃុំចំនួន៤ នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ បានឃើញដីស្រែចម្ការដែលពួកគេបានដាំដុះអស់ជាច្រើនឆ្នាំ ហើយជួនកាលជាច្រើនទស្សវត្សរ៍ ត្រូវបានរដ្ឋយកធ្វើជាមធ្យោបាយសម្រាប់ការអភិវឌ្ឍទ្រង់ទ្រាយធំ។មូលហេតុពាក់ព័ន្ធនឹងជម្លោះនេះគឺគម្រោងអាកាសយានដ្ឋានតម្លៃ១,៥ពាន់លានដុល្លារដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុននេះមានឯកទេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ហើយត្រូវបានគ្រប់គ្រងដោយឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានធនាគារកាណាឌីយ៉ាផងដែរ។
វិវាទដីធ្លី បានក្លាយជាបញ្ហាសំខាន់ក្នុងប្រទេសកម្ពុជាសម័យទំនើប។ នៅក្នុងជម្លោះខ្លះ អ្នកភូមិត្រូវបានទទួលសំណងសម្រាប់ដីឬផលដំណាំរបស់ខ្លួន ប៉ុន្តែច្រើនតែក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ចំណែកអ្នកភូមិខ្លះត្រូវផ្លាស់ប្តូរដោយគ្មានសំណង ដោយអាជ្ញាធរអះអាងថា ពួកគេបានមករស់នៅនៅលើដីនោះដោយខុសច្បាប់។
អ្នកភូមិនាខេត្តកណ្តាលដែលកំពុងប្រឆាំងនឹងការឈូសឆាយដីរបស់ពួកគេដើម្បីសាងសង់ព្រលានយន្តហោះខ្នាតធំនោះ បានដាក់ញត្តិចំនួន៤រួចហើយទៅលោក ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍។ ដោយមិនមានការឆ្លើយតប អ្នកភូមិនៅតែបន្តតវ៉ាចំពោះការឈូសឆាយដីរបស់ពួកគេ។ កាលពីខែមុន ពួកគេបានទៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្វែងរកជំនួយពីថ្នាក់ដឹកនាំកំពូលគណបក្ស ដោយសង្ឃឹមថានឹងទទួលបានដំណោះស្រាយដែលមានសមធម៌ជាងនេះ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងលិខិតឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាពលរដ្ឋ ចុះថ្ងៃទី២០ ខែធ្នូ ហើយទើបតែផ្ញើដល់អ្នកភូមិកាលពីថ្ងៃទី៤ ខែមករា ក្រសួងរៀបចំដែនដី ហាក់បីដូចជានៅតែប្រកាន់យ៉ាងរឹងមាំតាមគោលជំហររបស់ខ្លួនដូចពីមុនដដែលពាក់ព័ន្ធនឹងជម្លោះនេះ។ ក្នុងលិខិតដែលផ្ញើជារូបភាពមកខេមបូចា ក្រសួងបានបញ្ជាក់ថា អាជ្ញាធរនឹងបន្តផ្តល់ជូនអ្នកភូមិនូវជម្រើស២ គឺទី១ទទួលយកការដោះដូរដីនៅកន្លែងផ្សេង ឬសំណង ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលអ្នកភូមិបានច្រានចោលជាបន្តបន្ទាប់ដោយថាវាមានតម្លៃទាបពេក។
បើតាមក្រសួងដែនដី សំណងសម្រាប់ដីអ្នកភូមិជាង១៤០៤ ហិកតាដែលរងផលប៉ះពាល់ដោយគម្រោងនេះត្រូវបានដោះស្រាយ ខណៈនៅសល់ ៨៨៧ គ្រួសារ ដែលមានផ្ទៃដីជាង ៦៩២ ហិកតា នៅបន្តមានជម្លោះជាមួយក្រុមហ៊ុន OCIC ។
អ្នកភូមិដដែល គឺអ្នកស្រី ម៉ាលី បាននិយាយថាការបន្តឈូសឆាយក្នុងតំបន់ហាមឃាត់បានធ្វើឱ្យអ្នកភូមិមិនស្គាល់សូម្បីទីតាំងដីស្រែរបស់ខ្លួន។
អ្នកស្រី បានបន្តថា៖ «គេបានយកដីយើងហើយ តាមពិតគេប្លន់ដីយើងហើយការផ្តល់ ៨ដុល្លារគឺល្អជាងថាគេយកដីពីពលរដ្ឋទទេរៗ»។ អ្នកស្រី បានបន្ថែមថា «ប្រសិនបើខ្ញុំយល់ស្របនឹងតម្លៃនោះ ខ្ញុំនៅតែក្រ អ៊ីចឹងខ្ញុំសម្រេចចិត្តមិនយកវាទេ។ ប្រសិនបើខ្ញុំនៅមានជីវិត ខ្ញុំនឹងបន្តប្រយុទ្ធរហូតដល់យន្តហោះចុះចត»។
លោក ទួន វណ្ណៈ អ្នកភូមិម្នាក់ទៀតដែលផ្ទះ និងដីស្រែត្រូវបានប៉ះពាល់ដោយផ្ទាល់ពីគម្រោងព្រលានយន្តហោះ មានប្រសាសន៍ថា គាត់មិនអាចទទួលយកដំណោះស្រាយដែលស្នើឡើងដោយក្រសួងនោះទេ។
គាត់បាននិយាយថា៖ «វានឹងធ្វើឲ្យគ្រួសារខ្ញុំកាន់តែក្រទៅៗ»។ លោក បានបន្តថា៖ «ឥឡូវនេះ យើងនៅតែបន្តទាមទារ [ទោះបីជាយើង] ពឹងលើសំណាងក្តី… ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនទាន់បានឆ្លើយតបនឹងសំណើរបស់យើងដែរ»។
សម្រាប់អ្នកភូមិដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋដោយសារជម្លោះដីធ្លីនេះ ស្ថានការណ៍មើលទៅកាន់តែអាប់អួរ។
អ្នកស្រី បូ លៀប អាយុ ៤៥ ឆ្នាំ និងប្តីត្រូវបានសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ដោយសារតែតវ៉ាប្រឆាំងនឹងការឈូសឆាយ។ អ្នកស្រី លៀប បាននិយាយថាជីវភាពសម្រាប់គ្រួសារអ្នកស្រីកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីអាជ្ញាធរហាមអ្នកភូមិមិនឱ្យចូលដីរបស់ពួកគេ។
អ្នកស្រី លៀប បានប្រាប់ថា៖«ការតវ៉ារបស់យើងកាន់តែពិបាកទៅៗ។ រាល់ពេលដែលពួកខ្ញុំទៅដាក់ញត្តិ ពួកខ្ញុំត្រូវចេញនៅម៉ោង ៤ ទៀបភ្លឺ ដើម្បីចៀសវាងការរារាំងរបស់អាជ្ញាធរ»។ អ្នកស្រី បានបន្តថា៖«ខ្ញុំដេកមិនលក់ទេ ពេលខ្ញុំគិតអំពីរឿងនេះ។ ខ្ញុំតែងតែស្រក់ទឹកភ្នែកពេលនិយាយពីដីខ្ញុំ ខ្ញុំស្ទើរតែឆ្កួតហើយ»។
អ្នកស្រី លៀប បានបន្ថែមថា ក្រុមហ៊ុនតែងតែគំរាមគ្រួសារអ្នកស្រីឱ្យទទួលយកតម្លៃសំណង ឬដូរដីកន្លែងផ្សេង ដោយថា បើមិនដូច្នេះទេគ្រួសារអ្នកស្រីអាចនឹងបាត់បង់ដីដោយគ្មានសំណង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា លោកមិនបានដឹងថាតើដីស្រែរបស់ប្រជាពលរដ្ឋត្រូវបានគេឈូសឆាយដោយរបៀបណាទេមកទល់ពេលនេះ ព្រោះស្ថានការណ៍ហាក់ស្ងប់ស្ងាត់ទៅហើយ។
លោកមានប្រសាសន៍ថា៖ «ករណីនេះស្ថិតនៅក្នុងដៃរបស់គណៈកម្មាធិការដោះស្រាយវិវាទ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះយើងនៅតែឈរលើគោលនយោបាយរបស់រដ្ឋដែលមិនមានអ្វីប្រែប្រួលនោះទេ»។ ហើយអាជ្ញាធរខេត្តក៏មិនទាន់ទទួលបានការណែនាំថ្មីពីថ្នាក់លើដែរ»។
លោក សោភ័ណ្ឌ បានប្រាប់បន្តថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ភាគច្រើនបានទទួលយកសំណងដែលផ្តល់ឱ្យហើយ ដោយថាសល់ប្រជាពលរដ្ឋប្រហែល ១៥ ភាគរយប៉ុណ្ណោះ ដែលមិនទទួលយកដំណោះស្រាយនេះ។
ទោះយ៉ាងណាក្តី អ្នកភូមិនខ្លះ នៅតែគិតថាពួកគេមិនអាចចាកចេញពីផ្ទះនិងចោលដីស្រែដែលពួកគេចំណាយលុយសាងសង់និងថែទាំតាំងពីយូរ ដោយមិនទទួលបានសំណងលើសពី៨ដុល្លាក្នុងមួយការ៉េនោះឡើយ។
អ្នកស្រី សេង ឡេង អាយុ៤៣ឆ្នាំ ដែលទើបខ្ចីប្រាក់២ម៉ឺនដុល្លារដើម្បីសង់ផ្ទះថ្មីបាននិយាយថា សមាជិកគ្រួសាររបស់គាត់ពឹងផ្អែកលើការធ្វើស្រែចម្ការសម្រាប់ចិញ្ចឹមជីវិត។
អ្នកស្រី ឡេង បានរៀបរាប់ថា៖«ខ្ញុំទើបតែធ្វើផ្ទះហើយ ឥឡូវនេះប្រឈមមុខនឹងការផ្លាស់ប្តូរទីតាំងទៀត»។ អ្នកស្រីបន្តថា៖«ខ្ញុំសម្រេចចិត្តខ្ចីលុយធនាគារ ព្រោះពីមុនគេថាគម្រោងនេះប៉ះពាល់តែដីស្រែ តែឥឡូវវាប៉ះពាល់ដល់ផ្ទះក្នុងភូមិទៀត»។
បច្ចុប្បន្ន អ្នកស្រី ឡេង ពឹងផ្អែកប្តីដែលធ្វើការជាសន្តិសុខក្នុងការដ្ឋានសាងសង់ព្រលានដែលរកចំណូលបាន ២០០ដុល្លារក្នុងមួយខែ។ អ្នកស្រី ត្រូវសងប្រាក់កម្ចីក្នុងអត្រា៤៥០ដុល្លារក្នុងមួយខែ ដោយការចំណាយភាគច្រើនរបស់អ្នកស្រី បានមកពីកូនប្រុសរបស់គាត់ដែលធ្វើការជាអ្នកបើកបរអេស្កាវ៉ាទ័រនៅខេត្តស្ទឹងត្រែង។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានបង្ហាញពីក្តីព្រួយបារម្ភចាប់តាំងពីមានជម្លោះពីដំបូងៗមកម្ល៉េះ ដោយកត់សម្គាល់ថាជម្លោះទាំងនេះជាឧទាហរណ៍បង្ហាញពីបញ្ហាក្នុងការរៀបចំនិងគ្រប់គ្រងដីកសិកម្មនៅកម្ពុជា។
លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ខណៈពេលដែលប្រជាពលរដ្ឋនៅតែបន្តប្រើប្រាស់សិទ្ធិរបស់ខ្លួនដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅតែមានការព្រួយបារម្ភថា អ្នកភូមិអាចប្រឈមនឹងការបង្រ្កាបដោយហិង្សា និងការចោទប្រកាន់ពីបទញុះញង់។
លោកបន្តថា៖ «អាជ្ញាធរ និងក្រុមហ៊ុនមិនគិតពីផលប្រយោជន៍ប្រជាពលរដ្ឋទេ»។ លោក បានបន្ថែមថា៖«ផ្ទុយទៅវិញ [ពួកគេ] គាបសង្កត់ពលរដ្ឋ ដោយការបណ្តេញចេញដោយបង្ខំ និងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីជំរុញឱ្យទទួលយកសំណងដែលមិនសមរម្យ ដែលនេះជាទម្រង់នៃការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ»។
លោក សុផាត បាននិយាយបន្តថាអង្គការសង្គមស៊ីវិល តែងជំរុញឱ្យមានការអភិវឌ្ឍដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្សតាមរយៈតម្លាភាព និងនិរន្តរភាព។ លោកក៏បានលើកឡើងថា តម្លៃដែលរដ្ឋនិងក្រុមហ៊ុនផ្តល់ជូនឱ្យអ្នកភូមិ គឺមិនស្របតាមតម្លៃទីផ្សារបច្ចុប្បន្ននោះទេ។
លោកបានថ្លែងថា៖ «ពួកគេគួរតែទទួលបានសំណងសមរម្យ និងយុត្តិធម៌»។
សម្រាប់ម្ចាស់ដីដែលនៅតែបន្តតវ៉ា វាកាន់តែពិបាកទៅៗ ដោយស្រម័យថានឹងមានរឿងអ្វីកើតឡើងបន្តទៀតសម្រាប់ពួកគេ។
លោក ណៃ ផន អាយុ ៥០ ឆ្នាំ បានប្រាប់ថា ប្រពន្ធរបស់លោកស្ថិតក្នុងចំណោមមនុស្ស ៩នាក់ ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងការតវ៉ាកាលពីខែកញ្ញា។ លោក ផន បានថ្លែងបន្តថាតុលាការមិនបានទម្លាក់ការចោទប្រកាន់លើក្រុមនោះទេ ដែលការណ៍នេះបានបង្អាក់ការខិតខំរបស់អ្នកភូមិដទៃទៀតក្នុងការបន្តការតស៊ូមតិរបស់ពួកគេ។ លោក មានប្រសាសន៍ថា៖ «យើងកំពុងរស់នៅក្នុងភាពភ័យខ្លាច»។
លោក បានបន្ថែមថា៖ «ឥឡូវនេះយើងចាំមើលសំណាងរបស់យើងហើយ ព្រោះយើងបានដាក់ញត្តិទៅគ្រប់កន្លែងហើយ ប៉ុន្តែដូចគ្មានពន្លឺសង្ឃឹមសោះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Their dispute entering its fourth year, families affected by mega-airport fight to keep hope