សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនអង្គការមាតាធម្មជាតិរង់ចាំការប្រកាសសាលក្រមពីបទញុះញង់ បន្ទាប់ពីតុលាការបញ្ចប់សវនាការ

សកម្មជនបរិស្ថានចលនាមាតាធម្មជាតិជាក្រុមតស៊ូមតិផ្នែកបរិស្ថានបានមក ដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការរបស់ពួកគេកាលពីថ្ងៃទី៨ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សកម្មជនបរិស្ថានចលនាមាតាធម្មជាតិជាក្រុមតស៊ូមតិផ្នែកបរិស្ថានបានមក ដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការរបស់ពួកគេកាលពីថ្ងៃទី៨ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កាលពីថ្ងៃព្រហស្បតិ៍ តុលាការក្រុងភ្នំពេញបានបញ្ចប់ជាផ្លូវការនូវការជំនុំជម្រះលើសកម្មជនបរិស្ថានបីរូប ដែលត្រូវបានចោទប្រកាន់កាលពីឆ្នាំមុនពីបទញុះញង់ បន្ទាប់ពីតវ៉ានឹងការចាក់ដីលុបបឹងតាមោក។

សកម្មជនទាំងអស់គ្នាជាសមាជិកនៃចលនាមាតាធម្មជាតិកម្ពុជា ហើយសាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងប្រកាសសាលក្រមរបស់ពួកគេនៅថ្ងៃទី៥ ខែឧសភា។តំណាងអយ្យការបានស្នើសុំឱ្យតុលាការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅលើសកម្មជនទាំង បីរូបមាន ឡុង គន្ធា, ភួន កែវរស្មី និង ថុន រដ្ឋា ។

ពួកគេទាំងបីនាក់ ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ដោយសារការបង្ហោះសារតាមបណ្តាញសង្គមដោយសរសេរថា ពួកគេគ្រោងដើរទៅគេហដ្ឋានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ដែលបណ្តាលមកពីការចាក់ដីលុបបឹងនៅភាគខាងជើងនៃរាជធានីភ្នំពេញ។

បឹងតាមោកគឺជាអាងស្តុកទឹកមួយក្នុងចំណោមអាងស្តុកទឹកជាច្រើននៅក្នុងតំបន់ក្រុងហើយបច្ចុប្បន្នកំពុងត្រូវបានចាក់លុប ដែលភាគច្រើនដោយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដោយស្ទើរតែគ្មានតម្លាភាពឬការចូលរួមមតិយោបលពីសាធារណៈជន។

សវនាការកាលពីថ្ងៃព្រហស្បតិ៍ផ្តោតលើការសួរចម្លើយដែលកសាងឡើងដោយនគរ បាលយុត្តិធម៌ ដែលបានចាប់ខ្លួនសកម្មជននិងបានប្រមូលភស្តុតាងចោទដាក់បន្ទុកពួកគេ។ លោក ប៊ុន សុខសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញបានប្រាប់តុលា ការថា បន្ទាប់ពីសាកសួរ គន្ធា និង កែវរស្មី ជុំវិញការបង្ហោះសារតាមបណ្តាញសង្គមលោកបានពិនិត្យទូរសព្ទដៃរបស់ជនជាប់ចោទ ហើយបានរកឃើញនូវអ្វីដែលលោកបាននិយាយថា លេចចេញនូវបទល្មើសមួយទៀតដែលទាក់ទងនឹងសកម្មជនទីបីឈ្មោះ ថុន រដ្ឋា។

ស្នងការរងនគរបាលរូបនេះបានចោទប្រកាន់ ថុន រដ្ឋា ថា បានបើក «ស្ទូឌីយោមួយកន្លែងដោយគ្មានការអនុញ្ញាត» ដោយបញ្ជាក់ថា ការបង្ហោះសាររបស់សកម្មជនមានលក្ខណៈជា «ការញុះញង់បង្កអសន្តិសុខក្នុងសង្គម»

លោក សុខសិក្ខា បាននិយាយថា ថុន រដ្ឋា បានទាក់ទងសហស្ថាបនិកអង្គការមាតាធម្មជាតិ Alejandro Gonzalez-Davidsonដើម្បីទទួលបញ្ជាធ្វើសកម្មភាពខុសច្បាប់ ក្នុងករណីនេះ ដោយផ្សព្វផ្សាយខ្លឹមសារអំពីការបូមខ្សាច់នៅលើទំព័រហ្វេសប៊ុករបស់អង្គការបរិស្ថាន។

ស្នងការរងនគរបាលរាជធានីភ្នំពេញរូបនេះបានចង្អុលបង្ហាញថា អង្គការមាតាធម្មជាតិមិនបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលជាផ្លូវការចាប់តាំងពីអង្គការនេះត្រូវបានលុប ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៧។ អង្គការមាតាធម្មជាតិត្រូវបានរំលាយ បន្ទាប់ពីបានស៊ើបអង្កេតប្រតិបត្តិការបូមខ្សាច់ខុសច្បាប់នៅខេត្តកោះកុង។

អំឡុងពេលជំនុំជម្រះក្តីលើសកម្មជនទាំងបី តុលាការបានចាក់បញ្ចាំងវីដេអូឃ្លីបជា ច្រើន ដែលផលិតដោយសកម្មជនមាតាធម្មជាតិដែលនិយាយអំពីការបូមខ្សាច់  ប៉ុន្តែក៏មានប្រធានបទផ្សេងទៀតដូចជាការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ ការចាក់លុបបឹងនិងបញ្ហាបរិស្ថានផ្សេងទៀត ដែលបានផលិតចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០ ២០។

គេជឿថា បទល្មើសផ្នែកបរិស្ថានបានក្លាយជារឿងធម្មតាក្នុងប្រទេសកម្ពុជា។ របាយ ការណ៍ស្តីពីបទល្មើសព្រៃឈើ ដែលទើបតែចេញកាលពីសប្តាហ៍មុន បានធ្វើការចោទ ប្រកាន់ថ្មីៗអំពីការពាក់ព័ន្ធរបស់រដ្ឋនៅក្នុងប្រតិបត្តិការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃការពារ។

ក្នុងជម្លោះផ្លូវច្បាប់របស់ពួកគេនាពេលបច្ចុប្បន្ននេះ ជនជាប់ចោទជាសមាជិកអង្គការមាតាធម្មជាតិបានបដិសេធការចោទប្រកាន់ប្រឆាំងនឹងពួកគេ ហើយបានស្នើសុំឱ្យតុ លាការច្រានចោលករណីនេះ។ ប៉ុន្តែលោក គុជ គីមឡុង ព្រះរាជអាជ្ញារងបានស្នើឱ្យចៅក្រមតម្កល់ការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងសកម្មជនទាំងបី និងផ្តន្ទាទោសពួកគេចំពោះការប្រើប្រាស់ពាក្យសម្តីចោទប្រកាន់។

លោកព្រះរាជអាជ្ញារងបានអះអាងថា សេរីភាពនៃការបញ្ចេញមតិមិនអាចត្រូវបានប្រើតាមអំពើចិត្តនិងហួសពីក្របខណ្ឌច្បាប់ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃបានឡើយ។

លោក គីមឡុង បានមានប្រសាសន៍ថា៖ «រាល់សកម្មភាពរបស់ជនជាប់ចោទបានបង្កការញុះញង់និងប៉ះពាល់ដល់សន្តិសុខសង្គម»

សកម្មជនទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិ សុខសង្គមតាមមាត្រា៤៩៤និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រសិនបើរកឃើញ ថា មានកំហុស អ្នកទាំងបីអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

លោក Gonzalez-Davidson ជាប្រធានអង្គការមាតាធម្មជាតិក៏ត្រូវបានចោទប្រកាន់ដូចគ្នាដោយកំបាំងមុខជាមួយនឹងសមាជិកចលនាយុវជនខ្មែរថាវរៈឈ្មោះ ជា គន្ធីន។

លោក Gonzalez-Davidson ជនជាតិអេស្ប៉ាញធ្លាប់ត្រូវបានចោទប្រកាន់ពីបទញុះញង់ជុំវិញការងារអង្គការរបស់លោកកាលពីឆ្នាំ២០១៥ ដែលបានប្រមូលព័ត៌មានសកម្មភាពបូមខ្សាច់នៅខេត្តកោះកុង។

ទោះបីជាលោកត្រូវបានដោះលែងឲ្យរួចខ្លួនក៏ដោយ ក៏សកម្មជនមាតាធម្មជាតិ៣រូប ផ្សេងទៀត ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦ បន្ទាប់ពីត្រូវបានកាត់ទោសពីបទ «គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ»

ក្នុងករណីថ្មីនេះ ប្រឆាំងនឹងក្រុមមួយក្នុងចំណោមក្រុមបរិស្ថានដ៏លេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា ជនជាប់ចោទ ថុន រដ្ឋា បានស្នើសុំចៅក្រមធ្វើការសម្រេចយោងតាមច្បាប់ ហើយមិនស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយទេ ដោយសំដៅដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។

លោកបាននិយាយថា៖ «ខ្ញុំសូមឲ្យតុលាការលើកលែងការចោទប្រកាន់និងធ្វើការវិនិច្ឆ័យ ដោយមិនស្ថិតក្រោមឥទ្ធិពលរបស់នរណាម្នាក់ ពីព្រោះខ្ញុំតែងតែឮអំពីបញ្ហានេះ»

គន្ធា និង កែវរស្មី បានស្នើសុំស្រដៀងគ្នានេះដែរ ដោយស្នើឱ្យចៅក្រមលើកលែងការចោទប្រកាន់ទាំងអស់។

លោក សំ ចំរើន ជាមេធាវីការពារក្តីម្នាក់ក្នុងចំណោមបីនាក់ក្នុងសំណុំរឿងនេះបានមានប្រសាសន៍ថា មិនមានមូលដ្ឋានណាមួយ ដើម្បីចោទប្រកាន់លើកូនក្តីរបស់លោកទេ ពីព្រោះរាល់សកម្មភាព ដែលគេចោទប្រកាន់ គឺដើម្បី «ការពារបរិស្ថាននិងបម្រើផលប្រយោជន៍ជាតិ»

លោក ចំរើន បានមានប្រសាសន៍ថា៖ «យើងបានឃើញថា គ្មានការព្យសនកម្មអ្វីទេបន្ទាប់ពីការបង្ហោះសារទាំងនោះ ហើយក៏មិនមានមនុស្សឈរតវ៉ាដែរ»

លោកបានបន្ថែមទៀតថា សកម្មភាពរបស់កូនក្តីលោកធ្វើឡើងក្រោមក្របខ័ណ្ឌច្បាប់ស្របតាមច្បាប់ស្តីពីបរិស្ថាននិងការការពារធនធានធម្មជាតិ ដែលលើកទឹកចិត្តដល់សាធារណៈជនឱ្យចូលរួមការពារបរិស្ថាន។

លោកមានប្រសាសន៍ថា៖ «ពួកគេមានគោលបំណងបង្ហាញក្តីបារម្ភនិងស្វែងរកដំណោះស្រាយពីថ្នាក់ដឹកនាំរបស់ពួកគេ»

មេធាវីការពារក្តីរូបនេះបានមានប្រសាសន៍ថា កូនក្តីរបស់លោកគ្រាន់តែអនុវត្ត «សិទ្ធិសេរីភាពបញ្ចេញមតិនិងបានលើកឡើងពីការព្រួយបារម្ភ» ដែលជាស្តង់ដារនៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៅអង្គការ CCHR បានអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់លើសកម្មជនទាំង៣នាក់ ដោយនិយាយថា ករណីនេះគឺជាការ រំលោភយ៉ាងពិតប្រាកដលើសេរីភាពនៃការបញ្ចេញមតិនិងការប្រមូលផ្តុំ។

លោកស្រីបានមានប្រសាសន៍ថា៖  «រដ្ឋាភិបាលត្រូវតែបញ្ឈប់ការចាត់ទុកសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស ជាអ្នកប្រឆាំងផ្នែកនយោបាយ ហើយដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនតាមអំពើចិត្តដោយសារប្រើសិទ្ធិនិងសេរីភាពរបស់ពួកគេ”

លោកស្រី សុភាព បានមានប្រសាសន៍ថា សេរីភាពជាមូលដ្ឋាននៅតែអនុវត្តតាមអំ ណាចច្បាប់ពេញលេញ ទោះបីបុគ្គលឬក្រុម ដែលពាក់ព័ន្ធកំពុងធ្វើសកម្មភាពដើម្បីបុព្វហេតុណាមួយ ដែលអាជ្ញាធរមិនយល់ស្របក៏ដោយ។

លោកស្រីបានមានប្រសាសន៍ថា៖ «យើងចង់ឃើញសកម្មជនទាំងបីនាក់ត្រូវបានដោះ លែងជាបន្ទាន់ ហើយការចោទប្រកាន់ប្រឆាំងពួកគាត់ ត្រូវទម្លាក់ចោលដោយគ្មានលក្ខខណ្ឌ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Their trial finished, Mother Nature activists await sentence in incitement case

454 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម