សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរង់ចាំសាលក្រម ក្រោមបទចោទញុះញង់

អតីតសកម្មជន CNRP មកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីចូលរួមសវនាការរបស់ពួកគេ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ
អតីតសកម្មជន CNRP មកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីចូលរួមសវនាការរបស់ពួកគេ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការជំនុំជម្រះក្តីលើសកម្មជន ដែលបានចូលរួមការតវ៉ាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅខាងក្រៅស្ថានទូតចិន ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្រឆាំងវត្តមានយោធាចិន។

សកម្មជន៣នាក់គឺ លឹម សាន អាយុ៥៧ឆ្នាំ យ៉យ ស្រីមុំ អាយុ៥០ឆ្នាំ និងឈ្មោះ តុន និមល អាយុ៤០ឆ្នាំត្រូវបានចាប់ខ្លួនដោយមន្រ្តីប៉ូលីសនិងសន្តិសុខខណ្ឌនៅក្បែរស្ថាន ទូតចិន។ មនុស្ស៤នាក់ទៀតមានឈ្មោះ សាត ផា អាយុ៤៧ឆ្នាំ ឈ្មោះ ប៉ៃ រ៉េន អាយុ៤៣ ឈ្មោះ សាន់ ស្រីនាថ អាយុ៤១ឆ្នាំនិង ហុង អាន អាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលក្រោយ។ អ្នកទាំង៧មានទំនាក់ទំនងជាមួយគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយបង្ខំ ហើយត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គមដោយសារតែការតវ៉ារបស់ពួកគេ។

ឥឡូវនេះ ពួកគេកំពុងរង់ចាំសាលក្រមរបស់ចៅក្រម អ៊ុក រ៉េតគន្ធា ដែលបាននិយាយថា លោកស្រីនឹងប្រកាសសេចក្តីសម្រេចនៅថ្ងៃទី២ ខែសីហា។

ជនជាប់ចោទទាំងអស់បានទទួលស្គាល់នៅក្នុងសវនាការថា ពួកគេបានចូលរួមក្នុងការតវ៉ា ប៉ុន្តែបានបដិសេធថា មិនបានធ្វើខុសទេ ដោយនិយាយថា ពួកគេអនុវត្តសេរីភាពនៃការបញ្ចេញមតិរបស់ខ្លួន។ ព្រះរាជអាជ្ញានិងនគរបាលរួមទាំងសមាជិកនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិបានអះអាងថា ការតវ៉ានេះ គឺខុសច្បាប់  ពីព្រោះការតវ៉ានេះគ្មានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរ។

លោក សំ វ៉ាន់ឌី វរសេនីយ៍ឯកគរបាលជាតិក៏បានបដិសេធដែរថា អាជ្ញាធរមិនបានប្រើអំពើហិង្សាក្នុងការឆ្លើយតបចំពោះការប្រមូលផ្តុំនោះទេ។ ប៉ុន្តែជនជាប់ចោទបានផ្តល់សក្ខីកម្មផ្សេងពីនេះ។

អ្នកស្រី សាត ផា ដែលកាលពីមុនជាសកម្មជនដីធ្លីនៅតំបន់បឹងកក់បាននិយាយថាមន្រ្តីនគរបាលបានវាយដំអ្នកស្រីនៅពេលតវ៉ានិងធ្វើឱ្យអ្នកស្រីរងរបួសជើង ដែលតម្រូវឲ្យបញ្ជូនអ្នកស្រីទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីព្យាបាល។

អ្នកស្រីបាននិយាយថា៖ «មន្ត្រីប៉ូលីសដែលស្លៀកស៊ីវិលបានចាប់ខ្ញុំនៅមន្ទីរពេទ្យហើយបានរុញខ្ញុំចូលក្នុងឡានរបស់ពួកគេ»។

សកម្មជនទាំងនោះបានបដិសេធដូចៗគ្នាចំពោះការចោទប្រកាន់ប្រឆាំងនឹងពួកគេ ដោយនិយាយថា ពួកគេធ្វើ ដើម្បីផលប្រយោជន៍សង្គមកម្ពុជាតែប៉ុណ្ណោះ។

អ្នកស្រី សាន់ ស្រីនាថ បាននិយាយថា នរគបាលចាប់ខ្លួនអ្នកស្រីនៅផ្ទះជួលរបស់អ្នកស្រី បន្ទាប់ពីការតវ៉ា ខណៈពេលដែលអ្នកស្រីនៅជាមួយកូនអាយុ៤ឆ្នាំរបស់អ្នកស្រី។ អ្នក ស្រីបានពណ៌នាពីការជំរុញទឹកចិត្តរបស់អ្នកស្រីឲ្យចូលរួមក្រុមមួយដែលបានទៅស្ថានទូត ដែលជាក្រុមតូចមួយហៅខ្លួនឯងថា «ក្រុមនារីក្លាហាន» បន្ទាប់ពីមេដឹកនាំសហជីពដ៏លេចធ្លោរគឺលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីខែសីហាដោយសារការអត្ថាធិប្បាយរបស់លោកទាក់ទងនឹងការចរចាព្រំដែនជាតិរបស់រដ្ឋាភិបាលកម្ពុជាជាមួយប្រទេសវៀតណាម។

ស្រីនាថ បាននិយាយថា ការចាប់ខ្លួនលោក រ៉ុង ឈុន បានលើកទឹកចិត្តអ្នកស្រី ឲ្យធ្វើសកម្មភាព ពីព្រោះអ្នកស្រីយល់ឃើញថា វាអយុត្តិធម៌ ដោយនិយាយថា លោក រ៉ុង ឈុន គ្រាន់តែចង់ជួយជាតិប៉ុណ្ណោះ។

ស្រីនាថ បាននិយាយថា៖ «ខ្ញុំចង់បានប្រជាធិបតេយ្យនិងសេរីភាពក្នុងការបញ្ចេញមតិហើយខ្ញុំមិនចង់ឃើញអាជ្ញាធរធ្វើបាបប្រជាពលរដ្ឋទេ»

អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំមិនបានប្រមូលមនុស្សណាម្នាក់ឲ្យចូលរួមការតវ៉ាទេប៉ុន្តែខ្ញុំបានចូលរួមការតវ៉ាដោយខ្លួនឯង។ ខ្ញុំគិតថា ខ្ញុំមិនបានធ្វើអ្វីខុសទេ ពីព្រោះខ្ញុំគ្រាន់តែទាមទារឲ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសប៉ុណ្ណោះ»។

ជនជាប់ចោទផ្សេងទៀតបាននិយាយដូចគ្នា ដោយចង្អុលបង្ហាញពីការមិនទាក់ទងគ្នារវាងការចោទប្រកាន់ពីបទញុះញង់បង្ក «ភាពវឹកវរក្នុងសង្គម»  និងភាពជាក់ស្តែងនៃការតវ៉ាតូចតាចរបស់ពួកគេ។ អ្នកស្រី ហុង អាន ដែលបានចូលរួមជាមួយក្រុមស្ត្រីក្លាហានប្រហែលពីរខែមុនការចាប់ខ្លួនកាលពីខែធ្នូ បាននិយាយថា ក្រុមអ្នកតវ៉ាគ្រាន់តែធ្វើការដើម្បីឲ្យប្រទេសកម្ពុជាមានភាពល្អប្រសើរឡើង។

អ្នកស្រី អាន បាននិយាយថា៖ «ក្រុមនារីក្លាហានបានចូលរួមជាមួយគ្នា ដើម្បីទាមទារសេរីភាព ស្រឡាញ់និងស្មោះត្រង់នឹងប្រទេសជាតិ»។

លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អ្នកតវ៉ាថា ទទួលបានការគាំទ្រពីសមាជិកគណបក្សសង្គ្រោះជាតិផ្សេងទៀត រួមទាំងអ្នកនយោបាយ ហូ វ៉ាន់ ផងដែរ ដោយអះអាងថា ក្រុមនេះបានទទួលប្រាក់ខ្លះដើម្បីទិញម្ហូបអាហារនិងរបស់របរផ្សេងៗ។

អ្នកស្រី លឹម សាន បានទទួលស្គាល់ថា កន្លងមកលោក ហូ វ៉ាន់ បានផ្តល់ប្រាក់ចំនួន ៣០០ដុល្លារដល់អ្នកស្រី ប៉ុន្តែបាននិយាយថា នេះជាប្រាក់សម្រាប់ថ្លៃព្យាបាលជើងរបស់អ្នកស្រីហើយមិនទាក់ទងនឹងការតវ៉ាណាមួយឡើយ។

មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា កូនក្តីរបស់លោកគ្រាន់តែចង់បានលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជាប៉ុណ្ណោះ ហើយបានច្រានចោលការចោទប្រកាន់ថា ពួកគេទទួលបានប្រាក់ ដើម្បីធ្វើការតវ៉ា។

លោក សុខគង់ បាននិយាយថា៖ «ទាក់ទងនឹងការសុំការអនុញ្ញាត ករណីនេះពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ ដូច្នេះការតវ៉ារបស់ពួកគាត់មិនខុសច្បាប់ទេ ពីព្រោះពួកគាត់គ្រាន់តែប្រើសិទ្ធិបញ្ចេញមតិ។ ពួកគាត់មិនបានបង្កភាពវឹកវរដល់សន្តិសុខសង្គមទេ» ដោយលោកស្នើឲ្យចៅក្រមទម្លាក់បទចោទលើសកម្មជនទាំងនេះ។

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា ជនជាប់ចោទ គឺជាអ្នកតវ៉ាដោយសន្តិវិធី ដែលមិនបានធ្វើអ្វីឱ្យប៉ះពាល់ដល់សន្តិសុខសង្គមទេ។

លោក នី សុខា បានមានប្រសាសន៍ថា៖ «នេះគឺការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការបញ្ចេញមតិរបស់ពួកគាត់ហើយ»  ដោយលោកពន្យល់ថា ករណីនេះ គឺកើតចេញពី ជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនិងអតីតគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មានប្រសាសន៍ថា ការប្រើប្រាស់បទព្រហ្មទណ្ឌចោទប្រកាន់មកលើក្រុមអ្នកតវ៉ា គឺជាការជ្រៀតជ្រែកតាមអំពើចិត្តនិងមិនសមហេតុផលទៅក្នុងសេរីភាពនៃការបញ្ចេញមតិការជួបជុំនិងការចូលរួម។

លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «សិទ្ធិជាមូលដ្ឋានទាំងនេះ ត្រូវបានការពារដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសកម្ពុជាក៏ដូចជាច្បាប់ក្នុងស្រុកផងដែរ។ តាមច្បាប់ សិទ្ធិទាំងនេះអាចត្រូវបានរឹតត្បិតតែនៅ ក្នុងស្ថានភាពពិសេសនិងតូចចង្អៀតប៉ុណ្ណោះ ដោយអនុលោមតាមច្បាប់ ប្រសិនបើចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយប្រសិនបើវាអនុវត្តតាមគោលដៅត្រឹមត្រូវ»

លោកស្រីក៏បានមានប្រសាសន៍ផងដែរថា CCHR ថ្កោលទោសយ៉ាងខ្លាំងចំពោះការ ប្រើប្រាស់កម្លាំងបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ពីសំណាក់អាជ្ញាធរ ដែលបានបណ្តេញសមាជិកក្រុមដែលគេស្គាល់ថា ស្ត្រីថ្ងៃសុក្រ ដែលបានធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលសវនាការ។ ស្ត្រីដែលជាភរិយារបស់សមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារនោះ បានប្រមូលផ្តុំគ្នាម្តងទៀត ដើម្បីទាមទារឱ្យមានការដោះលែងស្វាមីរបស់ពួកគេ ដូចដែលពួកគេបានធ្វើជាទម្លាប់ពីមុនមក។

លោកស្រី សុភាព បន្ថែមថា ស្ត្រីថ្ងៃសុក្រមានសិទ្ធិសំដែងការមិនសប្បាយចិត្តនិងអំពាវនាវដោយសន្តិវិធីឲ្យដោះលែងសមាជិកគ្រួសារ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។ លោកស្រីបានមានប្រសាសន៍ថា អាជ្ញាធរគួរតែធានាថា ពួកគាត់អាចអនុវត្តសេរីភាពនៃការប្រមូលផ្តុំនិងការបញ្ចេញមតិរបស់ពួកគាត់ដោយសុវត្ថិភាពនិងដោយសេរី ជាជាងព្យាយាមបំបិទមាត់ពួកគាត់តាមរយៈអំពើហិង្សា។

លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «នៅក្នុងបរិបទនៃការគាបសង្កត់កាន់តែខ្លាំងឡើងទៅលើសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងសំឡេងរិះគន់ដទៃទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមរំឭកដល់ [រាជរដ្ឋាភិបាលកម្ពុជា] អំពីភារកិច្ចនិងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងការគោរព ការពារនិងបំពេញសិទ្ធមនុស្ស»។ ដោយបន្ថែមថា៖ «ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវបានលើកទឹកចិត្តក្នុងការចាត់វិធានការសមស្របទាំងអស់ ដើម្បីធានាថា សិទ្ធិទាំងនេះអាចត្រូវបានអនុវត្តដោយសេរីសម្រាប់ទាំងអស់គ្នានៅក្នុងប្រទេស ដោយមិនគិតពីទស្សនៈនិងជំនឿរបស់ពួកគេឡើយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Their trial finished, Paris Peace Agreement protesters now await verdict in incitement case

336 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម