អ្នកបកប្រែម្នាក់និយាយថា លោកស្រីត្រូវបានគេរំលោភបំពានយ៉ាងឃោរឃៅនៅក្នុងអគារមួយក្នុងបរិវេណមជ្ឈមណ្ឌលឆបោក ស្ថិតនៅក្រុងសំពៅពូន កំពុងទាមទារយុត្តិធម៌ដោយលើកឡើងពីការពន្យារពេលរបស់ប៉ូលិស។ នគរបាលខេត្តកណ្តាលបានជួបជាមួយលោកស្រីកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកស្រីបានបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។
ប៊ុន ស្រីទូច អ្នកបកប្រែភាសាចិន-ខ្មែរ រៀបរាប់ពីបទពិសោធន៍ដ៏ឈឺចាប់របស់លោកស្រីក្នុងកិច្ចសម្ភាសន៍រយៈពេល១៨នាទីជាមួយសារព័ត៌មានក្នុងស្រុក KFN Hot News កាលពីថ្ងៃទី៥ ខែមេសា។ លោកស្រីបានរៀបរាប់ថា លោកស្រីត្រូវបានគេធ្វើទារុណកម្ម វាយដំ និងជំរិតទារប្រាក់ពីក្រុមជនជាតិចិនដែលមានគ្នា៧នាក់ នៅខាងក្នុងអគារព្រីនស៍៤ នៅជ្រៃធំ ក្រុងសំពៅពូន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ លោកស្រីបានបន្តថា អ្នកបើកបរ និងបងស្រីរបស់លោកស្រីក៏ប្រឈមនឹងអំពើហិង្សាផងដែរ។
លោកស្រីបាននិយាយនៅក្នុងបទសម្ភាសថា៖ «ខ្ញុំដឹងថាខ្ញុំនឹងជួបអ្វី គេយកខ្ញុំទៅវ៉ៃ។ ពេលទៅដល់លើ (បន្ទប់)មានបំពង់ទីប ហើយមានសភាពខ្មៅ។ ខ្ញុំឃើញហើយខ្ញុំខ្លាច។ ខ្ញុំគិតថាខ្ញុំនឹងស្លាប់» ។
លោកស្រីបន្តថា៖ «ខ្ញុំគ្រាន់តែស្នើដល់សមត្ថកិច្ចពន្លឿនការចាប់ខ្លួនជនសង្ស័យមកទទួលទោសឱ្យបានលឿនតាមដែលអាចធ្វើទៅបាន និងបង់សំណងជម្ងឺចិត្តមកខ្ញុំ។ រាល់ថ្ងៃពេលគេង ខ្ញុំនៅស្រម៉ៃឃើញទិដ្ឋភាពដែលគេធ្វើបាបខ្ញុំ»។
ជាក្រុងដែលទើបនឹងអភិវឌ្ឍថ្មីមួយនៅជាប់ព្រំដែនខេត្តកណ្តាល និងប្រទេសវៀតណាម ក្រុងសំពៅពូនបានប្រែក្លាយជាមជ្ឈមណ្ឌលនៃប្រតិបត្តិការឆបោកដែលគេសង្ស័យ។ បទពិសោធន៍ដែលរៀបរាប់ដោយ លោកស្រី ស្រីទូច បានបង្ហាញពីការកើនឡើងនៃមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ដែលភ្ជាប់ទៅនឹងបណ្តាញឧក្រិដ្ឋកម្មបរទេស និងចោទជាសំណួរអំពីភាពអសកម្មនៃការអនុវត្តច្បាប់ អំពើពុករលួយ និងភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជាចំពោះឧក្រិដ្ឋកម្មឆ្លងដែន។
នៅក្នុងបទសម្ភាសន៍ លោកស្រី បាននិយាយថា លោកស្រីបានរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី ២៦ ខែមករា ជាមួយបុរសជនជាតិម៉ាឡេស៊ីកាត់ចិន ដែលមានឈ្មោះថា Xiao-G ដែលជាអ្នកបកប្រែ ដែលលោកស្រីថាធ្វើការឱ្យក្រុមហ៊ុនព្រីនស៍ ដើម្បីនិយាយអំពីការងារមួយចំនួន។ នៅថ្ងៃនោះ លោកស្រីបានទៅអគារព្រីនស៍៤ ដែលមានវត្តមានបងស្រីរបស់លោកស្រី និងអ្នកបើកបរទៅជាមួយដែរ។ ប៉ុន្តែពេលចូលទៅក្នុងអគារនោះ បងស្រីរបស់នាងត្រូវបានគេគំរាមដោយពាក្យសំដី ហើយបានធ្វើឱ្យលោកស្រីទាញទូរស័ព្ទមកថតវីឌីអូ។ ទង្វើនោះបានបង្កឲ្យមានប្រតិកម្មហិង្សាពីក្រុមជនជាតិចិនដែលបានប្រើដំបងឆក់ និងខ្នោះដៃដើម្បីចាប់លោកស្រី។
លោកស្រីបានប្រាប់ សារព័ត៌មានខេមបូចា តាមទូរសព្ទថា លោកស្រីមិនដែលធ្វើការជាមួយ Xiao-G ពីមុនមកទេ ហើយថាការណាត់ជួបនេះត្រូវបានរៀបចំនៅពេលយប់ជ្រៅ ដោយសារតែក្រុមជនជាតិចិននោះបានប្រាប់លោកស្រីថា ពួកគេ «ធ្វើការតែពេលយប់ប៉ុណ្ណោះ»។
លោកស្រីបាននិយាយនៅក្នុងវីដេអូ KFN ថា៖ «នៅពេលដែលគេចាប់ខ្ញុំ ពួកគេបានដាក់ខ្នោះដៃខ្ញុំ និងប្រើដំបងឆក់ខ្ញុំរហូតដល់ខ្ញុំឱនក្បាលទៅលើដី»។ លោកស្រីបន្ថែមថា ក្រុមនោះបានលុបរូបថតចេញពីទូរសព្ទរបស់លោកស្រីហើយ ប៉ុន្តែនៅតែបន្តការវាយដំលោកស្រី។
លោកស្រីត្រូវបានគេអូសចូលទៅក្នុងបន្ទប់ងងឹត ហើយនៅក្នុងបន្ទប់នោះពួកគេបានឆក់ និងវាយដំលោកស្រីកាន់តែខ្លាំងឡើង។ បន្ទាប់ពីអង្វរសុំឱ្យមានការដោះលែង លោកស្រីត្រូវបង្ខំចិត្តផ្ទេរប្រាក់ ២ ៤០០ដុល្លារជាថ្នូរនឹងដោះលែង។
ឧបទ្ទវហេតុនេះជាបញ្ហាចុងក្រោយបង្អស់ដែលបានបង្កការព្រួយបារម្ភពីសាធារណជនជុំវិញបទឧក្រិដ្ឋដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការឆបោកនៅក្រុងសំពៅពូន។
ផែនទី Google បង្ហាញថា អគារព្រីនស៍៤ មានទីតាំងនៅភូមិព្រែកស៊ឹង ដែលជាទីតាំងដូចគ្នាទៅនឹងទីតាំងរបស់មជ្ឈមណ្ឌលឆបោកដ៏ធំមួយដែលត្រូវបានវិទ្យុអាស៊ីសេរីរាយការណ៍ថា មានទំនាក់ទំនងនឹងក្រុមហ៊ុនព្រីនស៍គ្រុប។ សួនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Golden Fortune នៅជ្រៃធំ ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយព្រីនស៍គ្រុបដែលត្រូវបានរបាយការណ៍ថាមានការបង្ខំឱ្យធ្វើការ និងការរំលោភបំពានដោយហិង្សា។ ជាផ្សារសួនឧស្សាហកម្ម បរិវេណនៃទីតាំងនេះត្រូវបានហ៊ុំព័ទ្ធដោយជញ្ជាំងបេតុងខ្ពស់ លួសបន្លា និងសន្តិសុខយាមច្រកចូល ដែលធ្វើឲ្យសាធារណជនមិនអាចចូលទៅដល់បាន។ ព្រីនស៍ ហូល ឌីង គ្រុប មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេនៅពេលចុះផ្សាយទេ។
បន្ទាប់ពីត្រូវបានដោះលែងពីអគារព្រីនស៍៤ លោកស្រី ស្រីទូច បានដាក់ពាក្យប្តឹងប៉ូលិសនៅក្រុងសំពៅពូនភ្លាមៗ ហើយប៉ុន្មានថ្ងៃក្រោយមក ប៉ូលិសបានទាក់ទងលោកស្រីដើម្បីសម្របសម្រួលដំណោះស្រាយ។ លោកស្រីបាននិយាយថា ក្រុមជនជាតិចិនបានផ្តល់សំណងដល់នាងវិញនូវប្រាក់ ២ ៤០០ដុល្លារវិញ និងបង់ប្រាក់បន្ថែម ១ ០០០ដុល្លារសម្រាប់ថ្លៃព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ នាងបានច្រានចោលការផ្តល់ជូននេះ ដោយសារភាពធ្ងន់ធ្ងរនៃការរំលោភបំពាននេះលោកស្រីមិនអាចទទួលយកបាន។
ពីរម៉ោងបន្ទាប់ពីបទសម្ភាសន៍ជាមួយ KFN ត្រូវបានផ្សាយ នគរបាលខេត្តកណ្តាលបានប្រកាសនៅលើ Facebook ថាករណីនេះជាករណីហិង្សាដោយចេតនា។ អាជ្ញាធរបានបញ្ជាក់ថា ពួកគេបានកសាងសំណុំរឿងតាមនីតិវិធីរួចហើយ និងបានព្យាយាមទាក់ទងជនរងគ្រោះជាច្រើនដង ប៉ុន្តែអះអាងថា លោកស្រីគេចវេះមិនជួបជាមួយសមត្ថកិច្ចជំនាញទាំងនោះ។ លោកស្រី ស្រីទូច បដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងនេះ។
ថ្លែងប្រាប់ សារព័ត៌មានខេមបូចា តាមទូរសព្ទ លោកស្រី ស្រីទូច បាននិយាយថា លោកស្រីបានទៅជួបជាមួយនគរបាលនៅក្រុងសំពៅពូន បួនដងហើយ មុនពេលនិយាយជាមួយសារព័ត៌មាន KFN។ លោកស្រីបានពន្យល់ថា លោកស្រីខកខានការណាត់ជួបតែម្តងដោយសារលោកស្រីជាប់ធ្វើដំណើរទៅខេត្ត ហើយប្រាប់ថា នគរបាលខេត្តកណ្តាលមិនដែលទាក់ទងមកលោកស្រីផ្ទាល់ទេរហូតដល់ពេលលោកស្រីផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ទើបនគរបាលខេត្តទាក់ទងសុំជួបលោកស្រី។
សារព័ត៌មានខេមបូចា មិនអាចទាក់ទង លោកស្រី ដើម្បីសុំព័ត៌មានបន្ថែមជុំវិញការជួបជាមួយនគរបាលខេត្តកណ្តាលបានទេ។
អធិការនគរបាលក្រុងសំពៅពូន លោក ឈុន ជឺឈួន បដិសេធធ្វើអត្ថាធិប្បាយទេ ដោយថាករណីនេះបានបញ្ជូនទៅស្នងការខេត្តរួចហើយ។ ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត បដិសេធធ្វើអត្ថាធិប្បាយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ឧប្បត្តិហេតុនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខរបស់ប្រទេសកម្ពុជា និងធ្វើឲ្យខូចមុខមាត់អន្តរជាតិរបស់ប្រទេស។
លោកបាននិយាយថា៖ «ករណីនេះទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាព យុត្តិធម៌ និងហ្មត់ចត់ ដើម្បីការពារការរិះគន់បន្ថែមទៀតមកលើប្រទេសកម្ពុជា។ អាជ្ញាធរត្រូវតែលាតត្រដាងការពិត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ»។
លោកបន្ថែមថា សកម្មភាពឧក្រិដ្ឋកម្ម ដែលភាគច្រើនពាក់ព័ន្ធនឹងជនជាតិចិន មិនត្រឹមតែប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា រារាំងអ្នកវិនិយោគ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
ទន្ទឹមនឹងនេះ បើទោះជាមានការចោទប្រកាន់ជាសាធារណៈពីលោកស្រី ស្រីទូច ក៏ព្រីនស៍៤ នៅបន្តផ្សព្វផ្សាយជ្រើសរើសការងារជាធម្មតា។ ការបង្ហោះនៅថ្ងៃទី១ ខែមេសា នៅលើទំព័រហ្វេសប៊ុក ជ្រៃធំ នៅតែផ្សាយបន្តផ្ទាល់ ដោយផ្តល់ប្រាក់ខែប្រចាំខែចំនួន ៦៥០ដុល្លារ ។ ខណៈពេលដែលគណនីហ្វេសប៊ុកមួយព្រមានពី «ក្រុមហ៊ុនឆបោក» ខណៈគណនីផ្សេងទៀតសួរពីរបៀបដែលពួកគេអាចដាក់ពាក្យបាន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ They Beat Me in the Dark’: Survivor Details Abuse In Cambodia’s Emerging Scam Hub