ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៤មក ក្នុងមួយថ្ងៃៗរាប់ពាន់នាក់តាមបណ្តាច្រកព្រំដែនក្នុងខេត្តបាត់ដំបង។
ប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីខ្លះមានស្ពាយកាបូប ខ្លះយួរឥវ៉ាន់ឈរតម្រង់ជួរឆ្លងកាត់ការត្រួតពិនិត្យពីមន្រ្តីច្រក ទ្វារព្រំដែនថៃនិងកម្ពុជានៅច្រកអន្តរជាតិដូងដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបងជាប់ជាមួយខេត្តចាន់បូរីប្រទេសថៃ។
ស្ថិតក្នុងវ័យ៣០ឆ្នាំផ្លាយ សម្បុរស្រអែមស្គមខ្ពស់ពលករខ្មែរម្នាក់អ្នកស្រី កាន់ ឈៀត ទើបឆ្លងកាត់ផុតច្រកទ្វារ ព្រំដែនចូលមកទឹកដីខ្មែរបាននិយាយថា គាត់និងស្វាមីនាំគ្នាវិលមកស្រុកកំណើតវិញនៅឯស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួបជុំគ្រួសារនិងកូនបីនាក់របស់គាត់ដែលផ្ញើនឹងម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
អ្នកស្រី ឈៀត បន្ថែមថា៖ «ខ្ញុំនិងប្តីមកធ្វើការនៅក្រុងថេបប្រទេសថៃបាន១ឆ្នាំហើយផ្នែកតទុយោទឹក ត្រឡប់មកខ្មែរវិញនេះដើម្បីចូលឆ្នាំ ណាមួយនឹកកូនផង ពួកខ្ញុំនឹងត្រឡប់ទៅថៃវិញចុងខែ៤ក្រោយចូលឆ្នាំរួច ព្រោះសុំច្បាប់ថៅកែបានយូរដែរ»។
ស្ពាយកាបូបក្រហម និងមានវ៉ាលីក្បែរខ្លួនផងអ្នកស្រី កាន់ ឈៀត ដែលកំពុងអង្គុយចាំប្តីបាននិយាយថា មកដល់ព្រំដែនគាត់ត្រូវបានមន្រ្តីខាងភាគីថៃបំបែកពួកគាត់ដោយសារតែលិខិតឆ្លងដែនប្តីរបស់គាត់ ខូចវីសាត្រូវបញ្ជូនទៅពិនិត្យឯកសារ និងរៀបចំសំណុំបែបបទមុនបញ្ជូនមកមន្រ្តីច្រកទ្វារកម្ពុជាធ្វើការអប់រំ។
ពលករខ្មែរខាងលើបន្ថែមថាពួកគាត់ត្រូវចំណាយច្រើនសម្រាប់ការធ្វើដំណើរហូបចុកទំរាំមកដល់ស្រុកកំណើត គឺយ៉ាងហោចណាស់អស់២០០០បាតក្នុងម្នាក់ (ជាង២០ម៉ឺនរៀល) សម្រាប់អ្នកមានឯកសារត្រឹមត្រូវ បើអ្នកដែលគ្មានលិខិតឆ្លងដែនគឺអស់ច្រើនជាងនេះ។
អ្នកស្រី ឈៀត បន្តឱ្យដឹងថា៖ «ខ្ញុំជិះឡានពីថៃមកដល់ព្រំដែនគេយក៧០០បាតទាំងអីវ៉ាន់ មកដល់ច្រកទ្វារ ខាងថៃយកថ្លៃវាយឯកសារ១០០បាតទៀតនិងចំណាយថ្លៃដឹកអីវ៉ាន់ឆ្លងកាត់ច្រកទ្វារតាមឡានអស់២០០បាត និងថ្លៃឡានជិះទៅស្រុកគេទារម្នាក់៥ម៉ឺនរៀល ចំណែកប្តីខ្ញុំអត់វីសារថៃគេទា៣០០បាតនិងចំណាយផ្សេងទៀត»។
ពលករខ្មែរម្នាក់ទៀតឈ្មោះ ផេក ម៉ាយ វ័យ៤៤ឆ្នាំ កំពុងដើរសំដៅទៅរករថយន្តឈ្នួលដើម្បីជិះវិលត្រឡប់ទៅស្រុកវិញនៅឯខេត្តបន្ទាយមានជ័យ បាននិយាយថា គាត់ឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ពេលត្រឡប់មកស្រុកវិញត្រូវចំណាយអស់សាហ៊ុយច្រើនទំរាំបានទៅដល់ស្រុកកំណើត។
អ្នកស្រី ម៉ាយ បន្ថែមថា គ្រាន់តែថ្លៃរថយន្តឈ្នួលពីកន្លែងការងារនៅប្រទេសថៃមកព្រំដែនច្រកអន្តរជាតិដូងតៃកុងឡានថៃទាគាត់ចំនួន១២០០បាត[ប្រហែលជាង១០ម៉ឺនរៀល]ដោយសារតែគាត់គ្មានលិខិតឆ្លងដែនដោយតៃកុងឡានគេជាអ្នករ៉ាប់រងថ្លៃរត់ការបង់លុយឱ្យតម្រួតថៃតាមផ្លូវ។
អ្នកស្រីបន្ថែមថា៖ «ខ្មែរយើងខ្លះក្រុមហ៊ុនគេមិនទាន់សម្រាកពួកគាត់មិនទាន់មក ក្រុមខ្ញុំ៩នាក់ធ្វើដំណើរមកស្រុកកំណើតជុំគ្នាដើម្បីចូលឆ្នាំខ្មែរម្នាក់ៗចំណាយច្រើនទំរាំដល់ស្រុក»។
ដោយឡែកពលករម្នាក់ទៀតដែលត្រឡប់មកពីប្រទេសថៃឆ្លងកាត់តាមច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតនៅស្រុកសំពៅលូនខេត្តបាត់ដំបងវិញ លោក សេង ថៃលាភ វ័យ២៩ឆ្នាំ បានឱ្យដឹងថា គាត់នឹងប្រពន្ធមកធ្វើការនៅ ប្រទេសថៃ៤ឆ្នាំជាងហើយ មិនដែលបានត្រឡប់ទៅលេងផ្ទះឯស្រុកក្រឡាញ់ ខេត្តសៀមរាប នោះទេ។
លោក ថៃលាភ បន្តថា គាត់នឹងប្រពន្ធបានសុំច្បាប់ថៅកែ២សប្តាហ៍ដើម្បីបានមកលេងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរព្រោះខានមកយូរឆ្នាំ ហើយណាមួយនឹកឪពុកម្តាយ និងបងប្អូនផង។
លោក ថៃលាភ ក៏បានត្អូញត្អែរពីការចំណាយច្រើនក្នុងការធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដូចពលករខាងលើដែរដោយគ្រាន់តែជិះឡានពីខេត្តចាន់បូរី ប្រទេសថៃ មកព្រំដែនគេយកម្នាក់៧០០បាតទាំងអីវ៉ាន់ ពេលមកដល់ ព្រំដែនត្រូវចំណាយលើការវាយឯកសារ១០០បាតបន្ថែមនិងថ្លៃដឹកជញ្ជូនអីវ៉ាន់ឆ្លងកាត់ព្រំដែន១ការ៉ុង១០០បាតរឺ២០០បាតតាមទំហំអីវ៉ាន់តិចរឺច្រើនទៀត។
លោក ថៃលាភ បន្ថែមថា៖ «ខ្ញុំឃើញពលករខ្លះអត់ឯកសារតៃកុងឡានថៃទាម្នាក់១៣០០បាតទៅ១៥០០បាត ពលករខ្មែរយើងត្រៀមមកច្រើនណាស់ខ្លះមកមុន ខ្លះថាមកតាមក្រោយព្រោះកន្លែងធ្វើការគេមិនទាន់សម្រាក កៀកចូលឆ្នាំនឹងមកច្រើន»។
ជុំវិញការវិលត្រឡប់របស់ពលករខ្មែរមកស្រុកកំណើតខាងលើនេះលោក ខុង យ៉ាត់លួង ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិដូងបានប្រាប់អ្នកព័ត៌មានថាអំឡុងពេលមុនចូលឆ្នាំខ្មែរនេះមានប្រជាពលរដ្ឋខ្មែរបានវិល ត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិដូងក្នុងមួយថ្ងៃរាប់ពាន់នាក់។
លោកបន្តថា គ្រាន់តែរយៈពេល៤ថ្ងៃដើមខែមេសាប្រជាពលរដ្ឋខ្មែរត្រឡប់មកស្រុកកំណើតវិញតាមច្រកលោកគ្រប់គ្រងចំនួនជាង១៦ ០០០នាក់ ក្នុងនោះស្រ្តីជាង៦៣០០នាក់ និងកុមារជាង៧០០នាក់ ។
ប្រធានស្នាក់ការច្រកខាងលើបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលដែលបានដាក់វិធានការឱ្យមន្រ្តីពាក់ព័ន្ធតាមច្រកព្រំដែនយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលទៅធ្វើការនៅប្រទេសថៃត្រឡប់មកស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយមិនមានយកលុយកាក់អ្វីនោះទេ។
បន្ថែមពីនោះរាជរដ្ឋាភិបាលបានស្នើសុំដល់ភាគីថៃលើកលែងកម្រៃសេវាលើវីសាចេញចូល(Re-Entry) រយៈ ពេល៤៥ថ្ងៃដល់ពលករខ្មែរផងដែរ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
លោក ខុង យ៉ាត់លួង បញ្ជាក់ថា៖ «ភាគីថៃលើកលែងកម្រៃសេវា Re-Entry ៤៥ថ្ងៃមិនយកកម្រៃវីសានេះទេ បើលើសថៃនឹងលប់ចោលវីសាដែលគាត់មាន ត្រូវវាយវីសាជាថ្មី ដូច្នេះប្រជាពលរដ្ឋយើងត្រូវត្រឡប់ទៅវិញ ឱ្យទាន់ពេលវេលា ជៀសវាងការចំណាយទៅលើការវាយវីសាជាថ្មី »។ លោកបន្ថែមថា៖ «ចំពោះប្រជាពលរដ្ឋដែលធ្វើការហើយសម្រាលកូននៅទីនោះ ត្រូវត្រឡប់មកកម្ពុជាដើម្បីធ្វើសំបុត្រកំណើត និងធ្វើលិខិតឆ្លងដែនឱ្យបានមុនពេលត្រឡប់ទៅវិញ»។
ទាក់ទងការលើកឡើងរបស់ពលករខ្មែរពេលមកដល់ច្រកទ្វារព្រំដែនចំណាយច្រើននោះប្រធានច្រកខាងលើបញ្ជាក់ទៀតថា ខាងភាគីថៃជាអ្នកយកនោះទេចំណែកមន្រ្តីច្រកកម្ពុជាមិនមានយកកម្រៃសេវាអ្វីឡើយ។ ដោយឡែកការដឹកជញ្ជូនឥវ៉ាន់សម្ភារៈនានាឆ្លងកាត់ព្រំដែន គឺមន្រ្តីខាងផ្សារថៃជាអ្នកកំណត់នោះទេដោយមានរថយន្តខ្មែរនិងថៃដឹកជញ្ជូន ប៉ុន្តែក្រុមនេះត្រូវមានកិច្ចសន្យាច្បាស់លាស់ គឺមិនបង្កប់អីវ៉ាន់គេចពន្ធ ដឹកតែអីវ៉ាន់ពលករ និងមិនកំណត់ តម្លៃថ្លៃនោះទេ។
លោក ខុង យ៉ាត់លួងបន្តថា៖«យើងបានដាក់លក្ខខ័ណ្ឌលើឡានហ្នឹង គឺដាក់តែឥវ៉ាន់ពលករ កុំកំណត់តម្លៃថ្លៃ កុំំជំរិតទាថ្លៃដឹកឥវ៉ាន់ដែលប្រជាពលរដ្ឋយកតាមខ្លួនផ្ញើបងប្អូននៅស្រុក»។ លោកបន្ថែមថា៖« ប៉ុន្តែនៅមានបុគ្គលខិលខូចមួយចំនួនឆ្លៀតឱកាស បង្កព្យុះបង្កភ្លៀងលួចតម្លើងថ្លៃជំរិតទា បើសមត្ថកិច្ចដឹងនឹងចាប់ខ្លួនរឺ បញ្ឈប់ឱ្យធ្វើអាជីវកម្មនៅច្រកហ្នឹងទៀត»។
ដោយឡែកលោក តេង ចាន់ភារម្យ ប្រធានច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)វិញបានប្រាប់ក្រុមអ្នកព័ត៌មានដែរថា រយៈពេល៤ថ្ងៃដើមខែមេសានេះមានប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃមកស្រុកកំណើតវិញតាមច្រករបស់លោកចំនួនជាង៤ពាន់នាក់ ក្នុងនោះស្រ្តីជាង២ពាន់នាក់។
លោកបញ្ជាក់ថាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញតាមច្រកលោកគ្រប់គ្រងនេះមិនត្រូវចំណាយលុយកាក់ដល់មន្រ្តីប្រចាំច្រកទ្វារនោះទេ ចំណែកអីវ៉ាន់សម្ភារៈតិចតួចអាចស្ពាយជាប់ខ្លួនបាន បើសិនមានសម្ភារៈធ្ងន់លើកមិនរួច សំពីងសំពោង គឺមានរទេះស៊ីឈ្នួលសម្រាប់ដឹក ប៉ុន្តែមិនកំណត់តម្លៃថ្លៃនោះទេ។
លោកបន្ថែមថា៖ «ចំពោះសេវាលុយកាក់គឺមិនមានយកនោះទេ គឺយើងមានការណែនាំហើយ ចំពោះមន្រ្តីណាដែលយកលុយពីប្រជាពលរដ្ឋត្រូវទទួលពិន័យ រឺអាចឈានដកក្របខណ្ឌក៏ថាបាន»។
ទោះបីយ៉ាងណាប្រធានច្រកខាងលើបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលចង់ទៅធ្វើការនៅប្រទេសថៃ រឺប្រទេសនានាត្រូវធ្វើចំណាកស្រុកដោយស្របច្បាប់ដើម្បីទទួលបានផលប្រយោជន៍ពេញលេញ។លោកបន្ថែមថាកន្លងមកឃើញមានពលករខ្មែរមួយចំនួនឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយមិនស្របច្បាប់ពួកគាត់ប្រឈមច្រើនដូចជាបាត់បង់អត្ថប្រយោជន៍ផ្សេងៗ បាត់បង់ការការពារផ្លូវច្បាប់ និងរស់នៅគ្មានសេរីភាពពេញលេញនៅប្រទេសគេជាដើម។
ទោះបីយ៉ាងណា លោក លឹង សុផុន មន្រ្តីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានកត់សម្គាល់ថា ឆ្នាំនេះប្លែកជាងឆ្នាំមុនដោយស្ថានភាពតាមព្រំដែននីមួយៗបងប្អូនពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃបាននាំគ្នាត្រឡប់មកស្រុកច្រើនពីមួយថ្ងៃទៅមួយថ្ងៃចាប់ពីថ្ងៃទី១ ខែមេសា ដល់ព្រឹកថ្ងៃទី៨ ខែមេសា។ លោកសង្កេតឃើញមានអាជ្ញាធរ មន្រ្តីស្ថានទូត អនុព័ន្ធការងារបានចុះ ទៅជួយសម្រួលដល់ពលករនៅតាមព្រំដែនមានច្រកអន្តរជាតិដូង ច្រកអន្តរជាតិភ្នំដីនិងច្រកប៉ោយប៉ែតជាដើម។
លោកសុផុនបន្ថែមថា៖ «ពលករដែលត្រឡប់មកមុនច្រើននេះភាគច្រើនផ្នែកខាងនេសាទ និងសំណង់ ចំណែក ខាងរោងចក្រគេឈប់សម្រាក់នៅថ្ងៃទី១១និងទី១២មេសាពលករខ្មែរនឹងសម្រុកមកស្រុកកាន់តែច្រើនថែមទៀត»។
លោក លឹង សុផុន បានបានឱ្យដឹងថា ខណៈដែលពលករត្រឡប់មកស្រុកដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណី ខ្មែរដំណាលគ្នារាប់ពាន់ ម៉ឺននាក់នេះធ្វើឱ្យមានការកកស្ទះនៅតាមបណ្តាព្រំដែនមិនងាយស្រួល នោះទេ ដោយខ្លះតម្រង់ជួរចាំយូរ និងចំណាយពេលអង្គុយចាំឡានដឹកជញ្ជូន បើទោះបីមានការជួយសម្របសម្រួល ពីអាជ្ញាធរពាក់ព័ន្ធយ៉ាងណាក៏ដោយ។
លោកបន្តថា ពលករបានត្អូញត្អែរផងដែរពីការចំណាយច្រើនលើការធ្វើដំណើរដោយក្រុមតាក់ស៊ីបានតម្លើងថ្លៃខុសថ្ងៃធម្មតាដែលតម្លៃត្រឹមតែ៣០០បាត រឺ៣៥០បាត តែពេលពលករសម្រុកមកច្រើនមុនថ្ងៃចូលឆ្នាំនេះគេឡើងថ្លៃច្រើនជាងមុន ហើយពួកគាត់ក៏បានត្អូញត្អែពីការចំណាយច្រើនលើថ្លៃអូស និងដឹកអីវ៉ាន់ឆ្លងកាត់ព្រំដែនផងដែរ។
លោក សុផុន បានបន្តឱ្យដឹងថា៖ «បើសិនជារដ្ឋាភិបាលមានវិធានការជួយដូចជាផ្តល់រថយន្តរដ្ឋជួយដឹកជញ្ជូនបងប្អូនពលរដ្ឋខ្មែរតាមគោលដៅមួយៗ ខ្ញុំគិតថាជារឿងល្អប្រសើរ ពីព្រោះពលករខ្មែរមកធ្វើការនៅថៃ ការងារលំបាក ប្រាក់ចំណូលមិនសូវបានខ្ពស់ពេលគាត់ត្រឡប់មកខ្មែរម្តងៗ ត្រូវចំណាយថ្លៃឡានថ្លៃដឹកអីវ៉ាន់ ហើយណាមួយទៀតចំណាយលើមេខ្យល់អស់ច្រើនទៀត»។
ពលករខ្មែរអ្នកស្រី កាន់ ឈៀត បានឱ្យដឹងទៀតថា ពួកគាត់ជាពលករស្រុកគេខំធ្វើការហាលថ្ងៃហាលភ្លៀង ញើសជោគប្រាណមិនហ៊ានសម្រាក ដើម្បីសន្សំលុយផ្ញើមកផ្ទះ និងទុកសម្រាប់មកលេងស្រុកកំណើតម្តងៗមិនងាយស្រួលនោះទេ។
អ្នកស្រីសម្តែងការងឿងឆ្ងល់ថា មិនដឹងក្រុមតៃកុងឡាននិងអ្នកដឹកជញ្ជូនអីវ៉ាន់នៅច្រកទ្វារព្រំដែនគិតយ៉ាងម៉េចនោះទេ ប្រហែលគិតថាប្រជាពលរដ្ឋមកពីថៃ ដូចគ្នាទៅកើបលុយស្រួលៗ ទើបនាំគ្នាទារថ្លៃៗដូច្នេះ។
អ្នកស្រី កាន់ ឈៀត លើកឡើងថា៖ «ជិះឡានមក៥០០បាត អីវ៉ាន់១ធុងល្មម២០០បាត មកដល់ច្រក ដឹកឆ្លងកាត់គេយក២០០បាតទៀត ឯកសារ១០០បាតទៀត ជិះឡានទៅផ្ទះ គេយក៥០០បាតទៀត»។
អ្នកស្រីបានសំណូមពរបន្ថែមថា៖ «កុំឃើញគ្នាមកពីថៃ ទៅកើបលុយ កាប់កោរគ្នា ត្រូវគិតថាគ្នាធ្វើកម្មករសំណង់ចេញញើសឈាមទំរាំបានលុយមកលេងស្រុកម្តងៗ!»៕