ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅតាមបណ្ដាខេត្តចំនួនប្រាំបួន កំពុងរងផលប៉ះពាល់ និងជន់លិចផ្ទះសម្បែង ខណៈស្រែចម្ការរបស់ពួកគេប្រមាណ៦ ៩៧៤ហិកតាជន់លិច និងខូចខាត ដោយសារជំនន់ទឹកភ្លៀង នេះបើតាមរបាយការណ៍បឋមពីអ្នកនាំពាក្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។
លោក សុទ្ធ គឹមកុសលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់ ខេមបូចា យ៉ាងហោចណាស់ មានខេត្តចំនួន៩ ដូចជា ខេត្តព្រះវិហារ ក្រចេះ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ ត្បូងឃ្មុំ កោះកុង និងព្រះសីហនុ បានជួបនឹងជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ខូចខាតផ្ទះសម្បែង ស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ប៉ុន្តែគិតត្រឹមថ្ងៃទី២ ខែតុលានេះ ស្ថានភាពទឹកបានស្រកទៅហើយនៅតាមបណ្ដាខេត្តទាំងនេះ លើកលែងតែខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ប៉ុណ្ណោះ។
លោក គឹមកុសលមុនី ថ្លែងថា៖ «ជារួមទឹកជំនន់ដែលបានកើតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២នេះយើងមាន៩ខេត្តដែលប៉ះពាល់។ ប៉ុន្តែបច្ចុប្បន្ននេះនៅសល់តែខេត្តកំពង់ធំ និងខេត្តពោធិ៍ដែលនៅមានទឹកជំនន់នៅឡើយ នៅពេលខាងមុខបើអត់មានភ្លៀងខេត្តពោធិ៍សាត់នឹងអាចស្រក ហើយកំពង់ធំនៅលិចនៅឡើយ ដោយសារកម្ពស់ទឹកដល់កម្រិតប្រកាសអាសន្ន»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តកំពង់ធំ ដែលមានស្រុកនិងក្រុងចំនួន៨ និង២៨ឃុំសង្កាត់ ហើយប៉ះពាល់ដល់ប្រជាជន ៥ ២៩៩គ្រួសារ លិចផ្ទះសម្បែងចំនួន ២ ០២៥ខ្នងផ្ទះ ក្នុងនោះមាន២០៩គ្រួសារបានជម្លៀសទៅទីទួលសុវត្ថិភាព និង ប៉ះពាល់លើដំណាំស្រូវមានចំនួន ៣ ៤៣៩ហិកតា។ ចំណែកខេត្តពោធិ៍សាត់ ប៉ះពាល់៤ក្រុង-ស្រុក ស្មើនឹង២១ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៣ ៤១០គ្រួសារ ផ្ទះ២ ៧៨៥ខ្នង ស្រូវ៥៤៤ហិកតា និងជម្លៀសពលរដ្ឋ ១៤១គ្រួសារ។ រីឯខេត្តព្រះវិហារប៉ះពាល់ស្រុកនិងក្រុងចំនួន៦ ប៉ះពាល់ប្រជាជនចំនួន១០ឃុំសង្កាត់ ប៉ះពាល់១២៧គ្រួសារ ផ្ទះលិចទឹកមាន១៥០ខ្នង និងលិចស្រូវចំនួន៩៥៧ហិកតា។
ប៉ុន្តែលោក គឹមកុសលមុនី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីបច្ចុប្បន្នភាពនៃជំនន់ទឹកភ្លៀងបានទេ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
អ្នកស្រីសោម សុវណ្ណា ចៅសង្កាត់រងទី២ នៃសង្កាត់រលកស បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់អ្នកស្រី ហាក់មានភាពធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅ ហើយអ្នកស្រីរំពឹងថាមន្រ្តីជំនាញនឹងជួយប្រជាពលរដ្ឋឲ្យបានស្មើភាពគ្នា ដោយមិនមានការរើសអើង។
អ្នកស្រីថ្លែងថា៖ «ឆ្នាំនេះលិចព្រួយបារម្ភជាង ទឹកធំមកពីលើហ្មង៎។ ខ្ញុំចង់ឲ្យស្ថាប័នពាក់ព័ន្ធជួយអ្នកក្រ សូមជួយគាត់ឲ្យស្មើភាពគ្នា»។
ចំណែកអ្នកស្រី សន ភារម្យ ជាពលរដ្ឋរស់នៅភូមិកោះ សង្កាត់រលកសបន្តថា ទឹកជំនន់ចាប់ផ្ដើមលិចចូលផ្ទះអ្នកស្រីនៅយប់ថ្ងៃទី២៨ ខែកញ្ញា ហើយមកទល់ពេលនេះអ្នកស្រីបានជម្លៀសមកនៅចិញ្ជើមថ្នល់បណ្ដោះអាសន្ន ខណៈផ្ទះអ្នកស្រីលិចត្រឹមមាត់ទ្វារ។ អ្នកស្រីភារម្យបញ្ជាក់ថា មិនទាន់មានអាជ្ញាធរមកជួយ ឬផ្ដល់ជាជំនួយដល់គ្រួសារអ្នកស្រីនៅឡើយទេ។
អ្នកស្រី ភារម្យ និយាយថា៖ «ទឹកលិចមកលំបាកកន្លែងរស់នៅមែនទែន ទាំងពីការហូបចុក និងស្នាក់នៅ។ ទឹកលិចមកនៅយប់ថ្ងៃ២៨នឹងឯង អត់ឃើញមានមេភូមិអ្នកណាអើតមើលទេ»។
ជាស្រ្តីមេផ្ទះ និងមានប្ដីជាកម្មករសំណង់ អ្នកស្រីភារម្យប្រាប់ថា មានជីវភាពមិនធូធារទេ ហើយអ្នកស្រីគ្មានស្រែចម្កានឹងគេឡើយ ដោយរំពឹងថាអាជ្ញាធរនឹងជួយយកឧស្សាហ៍ប្រជាជនដោយស្មើភាពគ្នា ក្នុងគ្នាលំបាកនេះ។
អ្នកស្រី ភារម្យ បន្ថែមថា៖ «អត់មានបានទេ[អំណោយ] សំណូមពរឱ្យជួយអ្វីក៏បាន ព្រោះលំបាកខ្លាំង ប្ដីខ្ញុំអត់បានទៅធ្វើការ គាត់ខ្លាចប្រពន្ធនឹងកូនលង់ទឹក»។

លោក គឹមកុសលមុនី បញ្ជាក់ថា អាជ្ញាធរក្ដោបក្ដាប់ និងឆ្លើយតបទាន់ពេលវេលាចំពោះជំនន់ទឹកភ្លៀងនេះ ដោយបានចូលរួមទប់ស្កាត់កាត់បន្ថយផលប៉ះពាល់ និងជួយជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។ លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍យ៉ាងខ្លីថា ស្ថានភាពទឹកជំនន់មានភាពល្អប្រសើរហើយ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មិនអាចទាក់ទងដើម្បីសុំអធិប្បាយបានទេ។
យ៉ាងណាមិញ លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលទើបឡើងកាន់តំណែងក្នុងអាណត្តិទី៧នេះ បានចេញសារបន្ទាន់កាលពីថ្ងៃ២៩ ខែកញ្ញា ដោយចាត់ឱ្យអភិបាលខេត្តក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ និងទទួលខុសត្រូវនៅតាមតំបន់គោលដៅរបស់ខ្លួនដែលមានបញ្ហាទឹកជំនន់ ដើម្បីជួយសង្រ្គោះពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក ម៉ាណែត មានប្រសាសន៍ថា៖ «ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាលរាជធានីខេត្តទាំងអស់ គឺត្រូវក្ដាប់ឱ្យជាប់ តាមដានឲ្យជាប់ ដោះស្រាយឲ្យទាន់ពេលវេលានៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ដែលប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្រ្គោះ»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងធ្វើឱ្យប៉ះពាល់ដល់ក្រុង និងស្រុកចំនួន៩ ចំណែកទំហំនៃការខូចខាតប៉ះពាល់ទៅលើផលប៉ះពាល់ដូចជា ផ្ទះសម្បែងប្រជាពលរដ្ឋ ស្រែចម្ការ ផ្លូវថ្នល់ លោកថាអាជ្ញាធរមិនទាន់វាយតម្លៃភ្លាមៗបានទេ។
លោក សុខ លូ បញ្ជាក់ថា៖ «ប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋច្រើន ប៉ះពាល់ដំណាំស្រូវមួយចំនួនដែលទុំមួយចំនួន ឯទឹកចូលក្រុងដោយសារទឹកស្ទឹងសង្កែខ្ពស់ហូរតាមប្រព័ន្ធលូចូលមកក្រុង តែមិនលិចយូរទេ មកដល់ពេលនេះអត់មានបញ្ហាអ្វីទេស្រកអស់ហើយ»។
លោក សុខ លូ បញ្ជាក់ថា ចំពោះផ្លូវថ្នល់ដែលរងការខូចខាតអាជ្ញាធរនឹងព្យាយាមជួសជុលទៅតាមលទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ ខណៈផ្លូវខ្លះលោកថាមិនទាន់អាចជួសជុលក្នុងរដូវវស្សាបានទេ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងថា បច្ចុប្បន្នភាពខេត្តកំពង់ស្ពឺមិនទាន់ស្ថិតក្នុងកម្រិតប្រឈមហានិភ័យនៅឡើយទេ ហើយបើទោះជាយ៉ាងណា ក្រុមកម្លាំងសមត្ថកិច្ច បានត្រៀមកម្លាំងរួចជាស្រេច ក្នុងរកណីជួយសង្រ្គោះប្រជាជន។
លោក សំណាង ថ្លែងថា៖ «បញ្ហាប្រឈមអត់មានទេ មកទល់ពេលនេះ។ ជាទូទៅឲ្យតែខែវស្សាយើងតែងតែជម្រាបគាត់[ប្រជាជន] វិធាន និងកម្លាំងសរុបយើងត្រៀមបង្ការរួចហើយសម្រាប់ជួយពួកគាត់»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ថ្លែងថាជំនន់ទឹកភ្លៀង និងទឹកទន្លេនៅឆ្នាំនេះ មិនបានជះផលធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ផលដំណាំ ស្រែចម្កាដូចកាលពីឆ្នាំ២០២២ ទេ។ ទោះជាយ៉ាងណា មន្ត្រីរបស់ក្រសួងកសិកម្មនៅតាមបណ្ដាខេត្ត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញបញ្ហានេះ ដើម្បីតាមដាន និងកំណត់នូវទំហំនៃផលប៉ះពាល់ រួចទើបដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែងបន្ទាប់ពីទឹកស្រក។
កញ្ញា ថ្លែងថា៖ «យើងនឹងអាចវាយតម្លៃច្បាស់លាស់ពីផលប៉ះពាល់ និងការខូចខាតជាក់ស្ដែងក្រោយពេលដែលទឹកស្រករួចអស់ បន្ទាប់ពីហ្នឹងទៀតយើងនឹងកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប ហើយនិងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់»។
ចំណែកនៅខេត្តសៀមរាបនៅថ្ងៃទី៣ ខែតុលា មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានប្រកាសផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាច្រើនខ្សែរ ដូចជាកំណាត់ផ្លូវ ជាតិលេខ៦៤ ផ្លូវជាតិលេខ៦៧ ផ្លូវខេត្តលេខ២៦៥E ផ្លូវលេខ២៦៦C ផ្លូវលេខ២៦៦F ផ្លូវលេខ២៦៧៦ ផ្លូវលេខ២៦៤៥ និងផ្លូវលេខ៦២-៣។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជារងប្រព័ន្ធសម្ពាធទាប (ITCZ) នៅ លើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ ដែលចាប់ពីថ្ងៃ០២ ដល់ថ្ងៃទី០៤ ខែតុលា នឹងធ្វើឲ្យបណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន្ត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។
រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើត ជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ៦០-៨០%។
ស្ថានភាពជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ កាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យលិចលង់ក្រុងបាត់ដំបងយ៉ាងដំណំ ។ (ខេមបូចា/ អ៊ួន ឈិន)
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព យល់ឃើញថា បញ្ហាជំនន់ទឹកភ្លៀងជាបញ្ហាដែលតែងកើតមានរៀងរាល់ឆ្នាំ ដោយសារតែការបាត់បង់គម្របព្រៃឈើនៅកម្ពុជា។ តែយ៉ាងណាក៏ដោយរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្រោយពេលគ្រោះទឹកជំនន់បានស្រាកស្រាន្ត ជាពិសេសប្រជាកសិករដែលខូចខាតស្រែចម្ការ ផលដំណាំ ផ្ទះសម្បែង។
លោក គិមអេង ថ្លែងថា៖ «អ្នកខ្លះគាត់លិចលង់ស្រូវអង្ករអស់ ចាំបាច់ត្រូវតែធ្វើការដាំដុះទ្រង់ទ្រាយមួយដែលអាចលក់ដូរចិញ្ចឹមជីវិតបាន រដ្ឋាភិបាលគួរឧបត្ថម្ភទន់ខ្លះដល់កសិករបើអាចធ្វើទៅបាន។ លើសពីនេះត្រូវគិតគូរពីជីវភាពពួកគាត់ គាត់អាចប្រឈមមុខនឹងជីវភាព»។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចុះផ្សាយកាលពីឆ្នាំ២០២០ថា ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល២០ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ ធ្វើឱ្យប៉ះពាល់ជីវិតមនុស្ស ដីកសិកម្ម និងផ្លូវថ្នល់ ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាពរស់នៅរបស់ប្រជាជន៕