យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋដែលមានទីលំនៅនៅតាមសណ្ដស្ទឹងព្រែកត្នោតប្រមាណ ២ ៣០៥គ្រួសារបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងខុសរដូវ ដោយពលរដ្ឋមួយចំនួនអះអាងថាពួកគេខាតបង់ថវិកាព្រោះតែលិចស្រែចម្ការបស់ពួកគេ និងខាតបង់ទ្រព្យសម្បត្តិមួយចំនួន។
នៅតាមភូមិមួយចំនួនក្នុងខណ្ឌដង្កោ និងសង្កាត់ពីរផ្សេងទៀតនៅក្រុងតាខ្មៅ គេនឹងឃើញផ្ទះប្រជាពលរដ្ឋដែលនៅប្របមាត់ស្ទឹងជាច្រើនខ្នងលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវប្រាំង ខណៈផ្ទះពលរដ្ឋខ្លះលិចត្រឹមក និងខ្លះទៀតនៅអាចធ្វើដំណើរទៅមកបាន និងខ្លះទៀតត្រូវប្ដូរទីលំនៅបណ្ដោះអាសន្នមកនៅទីទួលសុវត្ថិភាពក្បែរៗនោះ។
ទន្ទឹមនឹងការជន់លិចផ្ទះសម្បែង ពលរដ្ឋទាំងនោះក៏បានលើកឡើងជាចម្ងល់ និងសម្ដែងការហួសចិត្ត ដោយសារតែមិនធ្លាប់បានឃើញពីមុនឡើយ ថាមានទឹកជន់នៅរដូវប្រាំងដូច្នេះ។
ស្រ្តីវ័យ៧០ឆ្នាំ កំពុងអង្គុយនៅលើគ្រែដែលចងកៅស៊ូតង់ជាដំបូលនៅខាងមុខផ្ទះឈើដែលមានទឹកលិចដល់កាំជណ្ដើរ គឺអ្នកស្រី អ៊ុក ង៉ែត ប្រាប់ឱ្យដឹងថា អ្នកស្រីមានការចម្លែកចិត្ត នឹកស្មានមិនដល់ថាមានទឹកជំនន់នៅរដូវប្រាំង ត្បិតរដូវវស្សាកន្លងទៅក៏ទឹកមិនឡើងខ្លាំងដូច្នេះដែរ។
អ្នកស្រីពោលថា៖ «ខ្ញុំចម្លែកក្នុងចិត្តដែរ មិនដែលខែនេះហើយមានទឹកខ្លាំងម្លឹងៗ រើឥវ៉ាន់អត់ទាន់ទេ ចានក៏ទៅអស់ ខោអាវក៏ទៅអស់ដែរ ស្រាប់តែទឹកមករើអត់ទាន់»។
ដោយសារតែមិនដឹងថាទឹកបន្តឡើងឬក៏ស្រក អ្នកស្រី ង៉ែត មានក្ដីបារម្ភថា ប្រសិនជាទឹកលិចខ្លាំងជាងនេះ អ្នកស្រីនឹងគ្មានកន្លែងស្នាក់នៅបណ្ដោះអាសន្ន ហើយបារម្ភអំពីសត្វមានពិស ដែលឡើងតាមទឹក។
ស្រ្តីចំណាស់រូបនេះ បន្ថែមថា៖ «ខ្ញុំបារម្ភខ្លាចសត្វមានពិសអីវាមក ហើយបារម្ភទឹកឡើងខ្លាំងមែនទែនមិនដឹងទៅនៅឯណា លោតែវាលិចថ្នល់ទៅ! ខ្ញុំចាស់ជរាពិបាកអ៊ីចឹង»។
ពលរដ្ឋមួយរូបទៀតកំពុងរៀបចំឥវ៉ាន់នៅមុខផ្ទះដែលកំពុងលិចទឹកក្នុងសង្កាត់ស្ពានថ្ម គឺអ្នកស្រី យឺន សំបូរ អាយុ៥០ឆ្នាំ លើកឡើងស្រដៀងគ្នាថា ជារៀងរាល់ឆ្នាំទឹកស្ទឹងឡើង ឬអាចលិចផ្ទះសម្បែងពលរដ្ឋនៅរដូវវស្សាតែប៉ុណ្ណោះ ប៉ុន្តែចម្លែកនៅដើមឆ្នាំនេះ បែរជាទឹកលិចផ្ទះពលរដ្ឋនារដូវប្រាំងទៅវិញ។
អ្នកស្រី សំបូរ បន្តថា៖ «តាំងពីអ៊ំកើតមក អាយុហាសិបជាងនេះ មិនដែលប្រទះទេទឹកឡើងខែប្រាំង ធ្លាប់តែឃើញទឹកឡើងខែភ្ជំបិណ្ឌ នំាគ្នាហួសចិត្តព្រោះអត់ដែលឃើញក្នុងប្រវត្តិសាស្រ្ត»។
អ្នកស្រី សំបូរ ឱ្យដឹងថា៖ «ឥវ៉ាន់អត់សំខាន់អណ្ដែត អាណាសំខាន់យកបានទុកអ៊ីចឹងខ្លះទៅ ទឹកហូរខ្លាំងតែថ្ងៃហ្នឹងទឹកថេរអត់ឡើងអត់ស្រក»។
បើតាមពលរដ្ឋរូបនេះ ឱ្យដឹងថា ទឹកជំនន់ដែលលិចផ្ទះពលរដ្ឋនារដូវប្រាំងនេះ អាចដោយសារ កត្តាជាច្រើន ដូចជាការបាត់បង់ព្រៃឈើ ភ្នំ និងការសាងសង់បុរី ផ្ទះល្វែង ដែលមិនមានប្រព័ន្ធបង្ហូរទឹកឱ្យបានត្រឹមត្រូវ។ ក៏ប៉ុន្តែ អ្នកស្រីក៏មិនបន្ទោសទាំងស្រុងទៅលើកត្តានេះដែរ ព្រោះដោយសារតែមានការអភិវឌ្ឍ ទើបមានការរីកចម្រើនទៅមុខ។
អ្នកស្រី សំបូរ និយាយយ៉ាងដូច្នេះថា៖ «អ្វីៗប្រែប្រួលទៅតាមកាលៈទេសៈ ខ្លាំងជាងគេគឺអស់ព្រៃឈើ ទី២ អស់ភ្នំ អស់ប្រព័ន្ធទឹកលូ ពីមុនយើងមានប្រព័ន្ធទឹក ដល់តែឥឡូវទៅជាបុរីអស់ទៅបានទឹកវាស្ទះ បើកុំអ៊ីចឹងវាមានកន្លែងហូរទៅ»។ អ្នកស្រីបន្តថា៖ «តែមិនដឹងធ្វើម៉េច បើយើងមិនមានការអភិវឌ្ឍយើងក៏អត់មានការរីកចម្រើនទៅមុខដែរ»។
ក្រៅតែពីរផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ស្ពានថ្ម គេឃើញមានវត្តចំនួន២រងការជន់លិច គឺវត្តចម្ការខ្សាច់ និងវត្តហា ខណៈស្ពានចំណាស់ពីរ គឺស្ពានវត្តហា និងស្ពានវត្តកំពង់ក្ដុល ក៏មានសភាពទ្រុឌទ្រោម និងមានស្នាមប្រេះ ត្បិតទឹកស្ទឹងហូរត្របាញ់ក្រោមស្ពាន ប៉ុន្តែអាជ្ញាធរហាមឃាត់មិនឱ្យពលរដ្ឋឆ្លងកាត់ឡើយ ខ្លាចមានគ្រោះថ្នាក់។
ដោយសារតែស្ពានមានសភាពទ្រុឌទ្រោម អ្នកស្រី សំបូរ រំពឹងថានៅពេលដែលទឹកស្រក រដ្ឋាភិបាលនឹងជួយសង់ស្ពានវត្តហា ក្នុងសង្កាត់ស្ពានថ្ម ឱ្យពលរដ្ឋបានធ្វើដំណើរទៅមកពីត្រើយម្ខាងទៅម្ខាងទៀត ត្បិតស្ពាននេះមានសភាពចាស់ទៅហើយ។
អ្នកស្រីលើកឡើងថា៖ «សំណូមពរឱ្យរដ្ឋាភិបាលជួយកសាងស្ពានឆ្លងវត្តហាទៅត្រើយម្ខាង ព្រោះអីស្ពានហ្នឹងវាទ្រុឌទ្រោមហើយ កាលគេធ្វើគេដាក់ជើងសរសរចាស់ ហើយវានៅក្នុងទឹកយើងមើលមិនឃើញ»។
ចៅសង្កាត់រងទី១ នៃសង្កាត់ស្ពានថ្ម គឺលោក លឹម សំបូរ អាយុ៧០ឆ្នាំ លើកឡើងថា លោក មានការភ្ញាក់ផ្អើលនៅពេលដែលមានទឹកជន់នារដូប្រាំង ហើយនេះជាលើកទីមួយ ដែលមានទឹកលិចសាលាសង្កាត់ និងផ្ទះពលរដ្ឋនៅរដូវប្រាំង។ លោកបន្តថា នៅក្នុងសង្កាត់របស់លោក ទឹកចាប់ផ្ដើមលិចនៅថ្ងៃទី១៣កាលពីសប្ដាហ៍មុន ហើយមាន២៥០ខ្នងផ្ទះ ដែលរងការជន់លិច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធបន្តិចបន្តួចប៉ុណ្ណោះ។
លោក សំបូរ ថ្លែងថា៖ «ខ្ញុំមិននឹកថាវាលិចដល់ថ្នាក់ហ្នឹង ជំនន់ទឹកភ្លៀងណាមកលិចខែមួយ ខែពីរ ដែលជាខែចែត្រ យើងមិនដែលមាន! កន្លងទៅវាលិចតែខែ១០ ហើយជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យលិចលង់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ហេដ្ឋារចនាសម្ព័ន្ធខូចខាតតិចតួចទេ»។
លោក សំបូរ អះអាងថា អ្នកដែលរងផលប៉ះពាល់ជាងគេ គឺពលរដ្ឋដែលមានផ្ទះនៅក្បែរសណ្ដស្ទឹង បើប្រៀបធៀបទឹកដែលលិចនៅរដូវប្រាំងឆ្នាំនេះ និងរដូវវស្សាឆ្នាំកន្លងទៅ គឺទឹកឡើងនៅរដូវប្រាំងនេះខ្លាំងជាង។ តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរនៅតែបន្តតាមដាន និងប្រចាំការ២៤ម៉ោងដើម្បីការពារប្រជាពលរដ្ឋផងដែរ។
ចំណែកពលរដ្ឋនៅឃុំគងនយ សង្កាត់ដង្កោ គឺអ្នកស្រី អាន គឹមអាង អាយុ៥៤ ថ្លែងថា ក្រៅតែពីលិចផ្ទះសម្បែង ស្រែប្រាំងអ្នកស្រីប្រវាស់គេ ទើបតែសាបព្រោះបានជិតមួយខែ និងកំពុងពេញលូតលាស់ល្អ ត្រូវទឹកជន់លិចគ្មានសល់ ខណៈអ្នកស្រីកំពុងបារម្ភថាគ្មានថវិកាដើម្បីសងទៅធនាគារ និងម្ចាស់ស្រែវិញ ត្បិតរំពឹងថានឹងប្រមូលផលស្រូវបាន នឹងបានសងទៅម្ចាស់ស្រែ និងធនាគារ។
អ្នកស្រី គឹមអាង រៀបរាប់ថា៖ «ស្រែមីង២ហិកតា រលួយអស់ហើយក្មួយ! ខាងត្បូងប្រឡាយហ្នឹង ស្រែហ្នឹងជួលគេធ្វើ ទើបតែព្រោះ និងបូមទឹកដាក់ បាចជីហើយ ឥឡូវទៅអស់! លុយមិនទាន់សងថ្លៃជីថ្លៃភ្ជួរអស់២លានហើយ ខ្ចីគេទាំងអស់ យកលុយគេមក២លាន អត់មានអីឱ្យគេវិញទេ»។
អ្នកស្រី គឹមអាង បន្តថា អ្នកស្រីមិនដែលនឹកស្មានសោះឡើយ ថាទឹកអាចជន់លិចផ្ទះសម្បែង និងស្រែចំការអ្នកស្រី នៅរដូវប្រាំងដូច្នេះ។
កំពុងអង្គុយបោកខោអាវ នៅលើផ្ទះប្រក់ស័ង្កសី ដែលលិចដល់ជញ្ជាំងផ្ទះ អ្នកស្រីនិយាយថា៖ «នរណានឹកស្មានថាខែប្រាំងទឹកលិចមក អត់នឹកស្មានទេ ស្រែកំពុងតែល្អ ឆ្នាំទៅស្រូវកំពុងចេញលិចអស់ដែរ ខាតអស់៣លាន ឥលូវនេះ៥០០រត់មុខហើយ»។
ចំណែកមេភូមិវាលថ្លាន់ ក្នុងសង្កាត់ដង្កោ គឺលោក ផុន ផាន អាយុ៧០ឆ្នាំ មានប្រសាសន៍ថា ទឹកស្ទឹងចាប់ផ្ដើមលិចចូលផ្ទះអ្នកភូមិនៅថ្ងៃទី១៤ ខែមករា ក្នុងនោះមានផ្ទះពលរដ្ឋចំនួន១១៦គ្រួសាររងការជន់លិច ដែលលោកចាត់ទុកថាជាលើកទីមួយក្នុងឆាកជីវិត មិនដែលប្រទះនឹងទឹកជំនន់ខែប្រាំងឡើយ។
លោក ផាន ថ្លែងថា៖ «វាមានតែលិចអ្នកដែលរើឥវ៉ាន់មិនទាន់ មិនលិចអីធំដុំទេ! តាំងពី៧៩មកទល់ឥឡូវ យើងវាមិនដែលបានជួប បើប្រៀបរដូវវស្សា[លិច]ប្រហាក់ប្រហែលគ្នា»។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ខេមបូចា នៅថ្ងៃទី១៨ ខែមករា នេះថា ផ្ទះប្រជាពលរដ្ឋចំនួន ២ ២២៥គ្រួសារ ក្នុងសង្កាត់ចំនួន១០ នៃខណ្ឌដង្កោបានរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀងនេះ។
លោក ស្រេង មានប្រសាសន៍ថា៖ «មានពលរដ្ឋចំនួន ២ ២២៥គ្រួសារ ដែលមាន១០សង្កាត់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ [លិចផ្ទះ]»។
ចំណែកលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងតាមរយៈអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងដូច្នេះថា ក្រៅតែពីមានការលិចលង់ផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ក្នុងនោះក៏មានការលិចហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដូចជា លិចផ្លូវចំនួន១៥ខ្សែ វត្តចំនួន២ មណ្ឌលសុខភាព១ សាលាសង្កាត់ចំនួន២ សាលារៀន១កន្លែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២។ ជំនន់ទឹកភ្លៀង មិនត្រឹមតែធ្វើឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌដង្កោប៉ុណ្ណោះទេ ប៉ុន្តែនៅ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ក៏រងការលិចលង់ផងដែរ។
បើតាមរដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃចន្ទកន្លងទៅ បានឱ្យដឹងថា ភូមិស្រាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល មានសង្កាត់ចំនួនពីរ គឺសង្កាត់រកាខ្ពស់ និងសង្កាត់ព្រែកឫស្សី ប៉ះពាល់ពលរដ្ឋចំនួន៨០គ្រួសារ រងការខូចខាតផ្ទះសម្បែងមួយចំនួន និងធ្វើឱ្យបាក់ស្ពានឈើមួយកន្លែងស្ថិតក្នុងភូមិបត់តាជី ក្រុងតាខ្មៅ។
ខេមបូចា មិនអាចទាក់ទងទៅលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃនេះអង្គារនេះ បានទេ។
ជុំវិញជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គឹមអេង យល់ឃើញថា ការជន់លិចនេះអាចបណ្ដាលមកពីកត្តាមួយចំនួនរួមមានទី១ ការមិនមាន ឬនៅសល់ចំនួនតិចតួចនៃស្ទឹងបឹងធម្មជាតិ ដែលលោកថាវាគឺជាប្រព័ន្ធរំដោះទឹកមួយសម្រាប់បង្ការការជន់លិចនៅស្ទឹងព្រែកត្នោតនេះ។
លោក គឹមអេង លើកឡើងថា៖ «អ៊ីចឹងហើយបានធ្វើឱ្យមានការជន់លិចលង់នេះ ដោយសារយើងជាទូទៅនិយមលុបបឹងលុបអីអស់អ៊ីចឹងទៅ»។ លោកបន្តថា៖ «ជាធម្មតាដើម្បីគេបញ្ចៀសបញ្ហាទាំងអស់ហ្នឹង! នៅបណ្ដាប្រទេសអឺរ៉ុបអីគឺគេជីកបឹង។ កាលណាគេធ្វើភូមិករ គេមានរៀបចំទីក្រុង ឬក៏ទីប្រជុំអីគឺការជន់លិចហ្នឹងឯង»។
ជុំវិញបញ្ហានេះ លោក គឹមអេង បន្ថែមថា អាជ្ញាធរគួរតែធ្វើការសិក្សា និងជីកប្រឡាយមេណាមួយដើម្បីរៀបចំនិងបង្វែរកុំឱ្យទឹកសម្រុកទៅខាងតំបន់ជាយភ្នំពេញ ក៏ដូចជាការបញ្ចៀសកុំឱ្យមានទឹកជំនន់កើតឡើង។
មួយវិញទៀតលោក គឹមអេង ថា កំណើនផ្ទះល្វែង ឬអគារក៏ជារឿងសំខាន់មួយ តែថាការសិក្សាលើប្រព័ន្ធទឹកនៅមុនពេលដែលសាងសង់សំណង់ផ្សេងៗគឺវារឹតតែសំខាន់។ លោកបន្តថា ប្រសិនបើបញ្ហានេះមិនបានគិតគូរឱ្យបានដិតដល់នោះទេ វានឹងបង្កើតជាឧបសគ្គធំមួយនៅក្នុងការរស់នៅ៕