សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កម្មករ​រាប់​ពាន់​នាក់​ទាមទារ​យុត្តិធម៌ ប្រាក់​ឈ្នួល​សមរម្យ និង​បើកលំហសេរីភាព​នាទិវាពលកម្មអន្តរជាតិ

មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ជួបជុំគ្នានៅសួនច្បារមួយក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/​ព្រីង សំរាំង)
មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ជួបជុំគ្នានៅសួនច្បារមួយក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/​ព្រីង សំរាំង)

មេដឹកនាំសហជីព និងកម្មកររាប់ពាន់នាក់មកពីឧស្សាហកម្មផ្សេងៗ និងសហជីពឯករាជ្យបានអំពាវនាវឱ្យបន្តការតស៊ូទាមទារសេរីភាពសង្គមស៊ីវិល ការគោរព និងប្រាក់ឈ្នួលសមរម្យក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៩ ចំពេលមានការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អស្ថានភាពការងារក្នុងប្រទេស រួមទាំងអត្ថប្រយោជន៍របស់ពួកគេ។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរនៅសួនច្បារCDC នៅរាជធានីភ្នំពេញ កម្មករបានស្រែកជាមួយនឹងពាក្យស្លោកថា «រួមគ្នាបន្តគោរពសេរីភាពជាមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម» «កម្មករសំណង់ត្រូវការប្រាក់ឈ្នួលគោល និងគោលនយោបាយសុខភាព និងសុវត្ថិភាព» «សេរីភាពសហជីពមិនមែនជាឧក្រិដ្ឋកម្ម» «យុវជនត្រូវការកិច្ចគាំពារសង្គម» និង «គោរពសិទ្ធិការងារ និងបើកប្រាក់ឈ្នួលសមរម្យ»

នៅក្នុងសេចក្តីថ្លែងការណ៍រួម កម្មករបានលើកឡើងពីបញ្ហាសំខាន់ៗចំនួន១៣ ដូចជាកិច្ចសន្យារយៈពេលខ្លី សម្ពាធការងារផ្អែកលើផលិតកម្ម លក្ខខណ្ឌការងារមិនល្អ ហានិភ័យសុខភាពពីការបំភាយឧស្ម័នពីរោងចក្រ និងការកើនឡើងកម្ដៅ អំពើហិង្សា ការបៀតបៀនផ្អែកលើយេនឌ័រ ការរើសអើងដោយនិយោជក កង្វះកន្លែងថែទាំកុមារនៅកន្លែងធ្វើការ និងការគំរាមកំហែងនៃការបណ្តេញចេញពីការងារដោយអយុត្តិធម៌។ ពួកគេបានបន្ថែមថា ការសងសឹក និងការគំរាមកំហែងដោយពាក្យសម្ដី ឬការបណ្តេញបុគ្គលិកដោយខុសច្បាប់កើតឡើងជាញឹកញាប់នៅពេលដែលនិយោជិតហ៊ានលើកឡើងពីបញ្ហា។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) មានប្រសាសន៍ថា ថ្វីត្បិតថា​រដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកាត់ដេរក៏ដោយ ក៏បញ្ហាប្រឈមជាច្រើននៅតែកើតមាន។ ទាំងនេះរួមមានការគាបសង្កត់លើសេរីភាពជាមូលដ្ឋាននៅពេលមានការបង្កើតសហជីព ការយាយីដោយម្ចាស់រោងចក្រ ការបណ្តេញចេញពីការងារ ការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី និងការចាប់ខ្លួនមេដឹកនាំសហជីព។​ 

អ្នកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថាការបញ្ឈប់ការងារ និងការបណ្តេញចេញពីការងារមិនមានយន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ដូច្នេះជារៀងរាល់ថ្ងៃ យើងតស៊ូមតិដើម្បីឱ្យមានការដោះស្រាយវិវាទឱ្យបានលឿន» ដោយបន្ថែមថា ក្រុមហ៊ុនបន្តបង្កើតកិច្ចសន្យារយៈពេលខ្លីដោយគ្មានដំណោះស្រាយ ហើយអនុវត្តវាយ៉ាងម៉ឺងម៉ាត់។

បញ្ហា​ប្រឈម​មួយ​ទៀត​សម្រាប់​កម្មករ​កាត់ដេរ​គឺ​ប្រាក់​ឈ្នួល​ទាប ព្រោះ​វា​មិន​អាចរ៉ាប់រង​ថ្លៃ​រស់​នៅ​ឡើយ ដោយ​អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​មិន​ឯករាជ្យ»

អ្នកស្រីលើកឡើងថា៖ «យើងមានយន្តការត្រីភាគី ប៉ុន្តែសមាសភាពកម្មករមាន១៧រូប និយោជក១៧រូប និងតំណាងរដ្ឋាភិបាល១៧រូប។ សំណួរសួរថា ប្រសិនបើមានសមាជិកស្មើៗគ្នា១៧រូប ពេលបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមា តើកម្មករនឹងមានសំណាងទេ?»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សុភ័ណ្ឌ បានពន្យល់​ថា ចំនួន​តំណាង​កម្មករ​មិន​គ្រប់គ្រាន់​សម្រាប់ការបោះឆ្នោតដែលអាចទទួលយកបាន។

មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ជួបជុំគ្នានៅសួនច្បារមួយក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកស្រី អាន ស្រីធាន ជាកម្មករមកពីរោងចក្រយីដា ស្ថិតក្នុងខេត្តកណ្តាល សង្ឃឹមថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តោតលើលក្ខខណ្ឌការងារ និងផ្តល់ប្រាក់ឈ្នួលសមរម្យដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានជីវភាពសមរម្យ និងរស់នៅដោយថ្លៃថ្នូរ។

អ្នកស្រី ស្រីធាន និយាយថា៖ «ខ្ញុំចង់ស្នើឱ្យរដ្ឋាភិបាលជួយ [បញ្ហារបស់កម្មករ] ដូចជាការបង្ខំឱ្យធ្វើការថែមម៉ោង និងការលំបាកក្នុងការឈប់សម្រាកពេលកម្មករឈឺ។ ខ្ញុំក៏ចង់ឱ្យពួកគេដំឡើងប្រាក់បៀវត្សរ៍របស់យើងដែរ ព្រោះជីវិតយើងលំបាកខ្លាំងណាស់»

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​សង្កេត​ឃើញ​ថា សេរីភាព​មូលដ្ឋាន​របស់​កម្មករ​ត្រូវ​បាន​គាប​សង្កត់ ដោយ​មិន​មាន​ការ​ឆ្លើយ​តប​ចំពោះ​យុត្តិធម៌​សង្គម​ពិត​ប្រាកដ​នោះ​ទេ។ អាស្រ័យហេតុនេះ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហាជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុបក្នុងការផ្តល់ការអនុគ្រោះពន្ធ ២០ភាគរយ មកវិញក្រោមគម្រោង EBA (អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ) និងចរចាររកតម្លៃពន្ធទាបដែលអាមេរិកដាក់មកលើកម្ពុជា។ 

លោក ពៅ បានមានប្រសាសន៍ថា៖ «ទាំងនេះគឺជាចំណុចដែលយើងកំពុងទាមទារ។ ឧទាហរណ៍ ករណីកម្មករកាស៊ីណូណាហ្គាវើល និងកិច្ចសន្យារយៈពេលខ្លីមិនទាន់ត្រូវបានដោះស្រាយ ហើយច្បាប់សហជីពមិនត្រូវបានធ្វើវិសោធនកម្មដើម្បីបំពេញតម្រូវការរបស់សហជីព ដើម្បីយើងអាចបម្រើផលប្រយោជន៍កម្មករបានពេញលេញ»

ប្រធានសហជីពគាំទ្រសិទ្ធិការងាររបស់និយោជិតខ្មែរនៅក្រុមហ៊ុនណាហ្គាវើល កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា វិវាទ​ការងារ​របស់​ពួក​គេ​បាន​កើត​ឡើង​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ដោយសារ​ការ​រើសអើង ការ​បៀតបៀន​កម្មករនិង​មេដឹកនាំ​សហជីព ពីសំណាក់​ម្ចាស់ក្រុមហ៊ុន​ណាហ្គាវើល។ កញ្ញាថាមិន​មាន​ការ​ការពារ​ផ្លូវ​ច្បាប់​ទេ បើ​ទោះ​ជា​ច្បាប់​ការងារ​បាន​ចែង​អំពី​សិទ្ធិ​របស់​កម្មករ និង​សហជីព។

កញ្ញា ស៊ីថរ បាន​ស្នើ​ឱ្យរដ្ឋាភិបាល​ពិនិត្យ​មើល​សេរីភាព​កម្មករ និង​សេរីភាព​សហជីព និង​ដោះស្រាយ​បញ្ហា​កន្លង​មក​ដែល​លើក​ឡើង​ដោយ​សហជីព​ឯករាជ្យ ដើម្បី​ការពារ​ជីវភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្មករ។

កញ្ញា ស៊ីថរ បានលើកឡើងថា៖ «យើងមិនអាចស្វែងរកចម្លើយថាហេតុអ្វីបានជាច្បាប់មិនអាចដោះស្រាយរឿងអយុត្តិធម៌ដែលកើតឡើង។ ប្រសិនបើបញ្ហាណាហ្គាវើលមិនត្រូវបានដោះស្រាយ វាដូចជាការបំបាក់ស្មារតី [កម្មករ] និងការគាបសង្កត់សិទ្ធិសហជីពទូទាំងប្រទេស»

កម្មការិនី​ម្នាក់​ទៀត​មក​ពី​វិស័យ​សិប្បកម្មផលិត​ឥដ្ឋ​គឺអ្នកស្រី ប៉េង សុខឃីម មក​ពី​ខេត្ត​កណ្តាល បាន​និយាយ​ថា ក្នុង​នាម​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ នាង​ប្រឈម​នឹង​សុវត្ថិភាព​ការងារ ប្រាក់​ខែ​ទាបនិង​មិន​ទៀងទាត់ និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គាំពារ​សង្គម។ អ្នកស្រីថាពេល​ធ្លាក់​ខ្លួន​ឈឺ គាត់​គ្មាន​លុយ​បង់​ថ្លៃ​ព្យាបាលឡើយ។

អ្នកស្រីឱ្យដឹងថា៖ «ថៅកែមិនបានផ្ដល់ឱ្យយើងសូម្បីតែស្រោមដៃ ឬមួកសុវត្ថិភាព យើងទិញវាដោយខ្លួនឯង។ ខ្ញុំចង់បានប្រាក់ឈ្នួលទៀងទាត់ និងប.ស.ស[បេឡាជាតិរបបសន្តិសុខសង្គម]។ ខ្ញុំក៏ចង់បានទឹក និងភ្លើងថោកដែរ ព្រោះថៅកែគិតថ្លៃច្រើន។ ពួកយើងខំណាស់»

យោងតាមរបាយការណ៍របស់ Global Economy កម្លាំងពលកម្មរបស់ប្រទេសកម្ពុជាមានកម្មករប្រមាណ ៩,២៣ លាននាក់។ ក្នុងនោះរួមបញ្ចូលទាំងកម្មករធ្វើការក្នុងវិស័យវាយនភណ្ឌកាត់ដេរប្រមាណ ៩២៥ ០០០នាក់ កម្មករធ្វើការនៅវិស័យសណ្ឋាគារ ទេសចរណ៍និងសេវាកម្មប្រមាណ ៦៣០ ០០០នាក់ និងវិស័យសំណង់ជិត ៣០០ ០០០នាក់។

នៅឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរបានកើនឡើងដល់ ២០៨ដុល្លារក្នុងមួយខែ ដែលទាបជាងប្រាក់ឈ្នួលរស់នៅប្រមាណ៦៤៤.១២ដុល្លារ (ស្មើនឹង២.៦៤ លានរៀល) នេះបើយោងតាម ​​Asia Floor Wage Alliance ។

មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ជួបជុំគ្នានៅសួនច្បារមួយក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សុផាន់ណារិទ្ធ មានប្រសាសន៍ថា កម្មករត្រូវបានគាំទ្រដោយរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម រួមទាំងជំនួយជាសាច់ប្រាក់សម្រាប់បុគ្គលិកស្ត្រី និងកុមារអាយុក្រោមពីរឆ្នាំ។ លោកបន្ថែមថា បេឡាជាតិរបបសន្តិសុខសង្គមបានក្លាយជា«និមិត្តសញ្ញានៃសុខុមាលភាពសាធារណៈដោយកាត់បន្ថយការចំណាយ ស្ថិរភាពប្រាក់ចំណូល និងការកែលម្អសុខភាព»

លោកបានមានប្រសាសន៍ថា៖ «ក្រសួងមានបេសកកម្មដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ បង្កើតបរិយាកាសកាន់តែប្រសើរឡើងដើម្បីលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងឧស្សាហកម្ម និងវប្បធម៌នៃការអនុលោមតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងការអនុវត្តប្រព័ន្ធសន្តិសុខ»

ទាក់ទិននឹងការទាមទារទាំង១៣ចំណុចដែលធ្វើឡើងដោយសង្គមស៊ីវិល រួមមានកំណែទម្រង់ការងារឱ្យប្រសើរជាងមុន ការស្តារសេរីភាពឡើងវិញ និងការបង្កើនការការពារ លោក សុផាន់ណារិទ្ធ បានប្រាប់ សារព័ត៌មានខេមបូចា ថា ក្រសួង​បាន​ទទួល​សំណើ​នេះ ហើយ​នឹង​កោះ​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​កង្វល់។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្មករនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយលោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​នានា​ការពារ​សិទ្ធិ​កម្មករ​ស្រប​តាម​ច្បាប់​ការងារ ច្បាប់​សហជីព ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អនុសញ្ញា​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «[រដ្ឋាភិបាល] បានបង្កើតយន្តការដើម្បីបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការ ស្តង់ដារសុខភាព និងផ្តល់ការការពារសង្គមដល់កម្មករនិយោជិតដែលអត់ការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ» ទោះបីជាលោកមិនបានបញ្ជាក់លម្អិតអំពីមូលនិធិនេះក៏ដោយ។

ក្នុងពិធីនោះ លោកក៏បានសម្តែងការខកចិត្តចំពោះក្រុមមាននិន្នាការនយោបាយប្រឆាំងនៅក្រៅប្រទេស ដែលបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ដែលកំពុងតែប្រឈមមុខនឹងការយកពន្ធ៤៩ភាគរយ ពីសហរដ្ឋអាមេរិករួចហើយ ហើយលោកបានព្រមានថា សកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់កម្មករកម្ពុជាថែមទៀត។

បន្ថែមលើនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមការងារកម្ពុជានឹងជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer នៅថ្ងៃទី 2 ខែឧសភា ដើម្បីពិភាក្សាអំពីពន្ធគយ ដោយទទួលស្គាល់ថា ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនងាយស្រួលនោះទេ។

ទោះបីជាសហរដ្ឋអាមេរិកបានពន្យារពេលពន្ធគយរយៈពេល ៩០ ថ្ងៃក៏ដោយ ក៏សហជីពបារម្ភថា ពន្ធចុងក្រោយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលនាំឱ្យបាត់បង់ការងារ និងប្រាក់ចំណូលទាបសម្រាប់កម្មករ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thousands of Workers Demand Justice, Fair Wages, and Freedom on Labor Day

84 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម