បុរសបីនាក់ នៅរាជធានីភ្នំពេញត្រូវបានចាប់ខ្លួន តែត្រូវបានដោះលែងវិញ ដោយមិនមានរងការចោទប្រកាន់អ្វីនោះទេ កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកទាំងបីបានបំពានបំរាមសុខាភិបាលទាក់ទងនឹងជំងឺកូវីដ១៩ របស់សាលារាជធានីភ្នំពេញ ដោយបានជួបជុំគ្នាផឹកស៊ី និងច្រៀងខារ៉ាអូខេនៅផ្ទះបុរសម្នាក់។
លោក គុជ គឹមឡុង ជាព្រះរាជធាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថាបុរសទាំងបីបានបំពានមាត្រា៣ នៃច្បាប់ស្ដីពីកូវីដ១៩ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានអប់រំ និងបង់ប្រាក់ពិន័យ។
លោកឲ្យដឹងតាមសារជាសំឡេងថា៖ «បន្ទាប់ពីសាកសួរតាមនីតិវិធីរួច លោកព្រះរាជ្ញារង មុត តារា បានសម្រេចឲ្យខាងក្រសួងសុខាភិបាលជាសមត្ថកិច្ចក្នុងការពិន័យអន្តរការណ៍ ហើយបានឲ្យពួកគាត់ទាំងបីនាក់ធ្វើកិច្ចសន្យា និងអប់រំ [មិនប្រព្រឹត្តជាថ្មី] ហើយនិងបានអនុញ្ញាតឲ្យគាត់ទាំងបីត្រឡប់ទៅផ្ទះវិញហើយ»។ យ៉ាងណា លោកបានបដិសេធ បញ្ជាក់ថាអ្នកទាំងបីបានរងពិន័យជាប្រាក់ប៉ុន្មាននោះ។
ករណីនេះ គឺជាការចាប់ខ្លួនលើកទី១ក្រោមច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានអនុម័តកាលពីដើមខែមីនា ក្រោមការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងព្រមានថាច្បាប់នេះអាចរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
បើតាមច្បាប់នេះមន្ត្រីសុខាភិបាល ឬអាជ្ញាធរអាចព្រមាន ឬអប់រំនរណាម្នាក់ដែលមិនពាក់ម៉ាស ឬរក្សាគម្លាតតាមគោលការណ៍ណែនាំ ជាមួយនឹងការពិន័យជាប្រាក់ពី២០ម៉ឺនរៀន ទៅដល់១លានរៀល។ ចំពោះអ្នករៀបចំការជួបជុំ ដែលបំពានច្បាប់អាចត្រូវពិន័យជាប្រាក់ចន្លោះពី១លានរៀល ដល់៥លានរៀល។
ភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល និងព្រៃវែង មានវិធានការពិសេសនៅពេលនេះ ដោយតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវពាក់ម៉ាសនៅទីសាធារណៈ។ នៅភ្នំពេញ ក៏មានបំរាមគោចរពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងគោលបំណងទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ឡើងដល់២៩១៥ករណី និងមានមនុស្ស២២នាក់បានស្លាប់គិតត្រឹមថ្ងៃទី៧ ខែមេសា។
លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានបញ្ជាក់ថាអ្នកទាំងបីត្រូវបានចាប់ខ្លួន ដោយបានបំពានវិធានការណ៍ក្រសួងសុខាភិបាល ក្នុងការជួបជុំជាក្រុម ដោយមិនបានរក្សាគម្លាតសង្គមត្រឹមត្រូវ។
បើតាមការផ្សាយនៅលើហ្វេសប៊ុករបស់ លោក ម៉េងវ៉ាង បុរសទាំងបីមានឈ្មោះ អូន រតនា អាយុ៣៧ឆ្នាំ លោក ហូ រុនមុនី អាយុ៣០ឆ្នាំ និងលោក ហេង សុវីត អាយុ៧២ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៤ ខែមេសា វេលាម៉ោង៥ និង៣០នាទីល្ងាច នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ដែរថា៖ «អ្នកទាំងបីបំពានទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ដែលបានហាមឃាត់ការជួបជុំផឹកស៊ី»។ លោកបន្ថែមថាមន្ត្រីនគរបាលបានកន្លងមកក៏បានព្រមានពលរដ្ឋក្នុងទីក្រុងភ្នំពេញមិនឲ្យបំពានវិធានការនេះដែរ។
លោកបន្តថា៖ «នេះគឺជាសារមួយយើងចង់បង្ហាញទៅសាធារណជន ពិសេសអ្នករស់នៅរាជធានីភ្នំពេញ កុំឲ្យប្រមូលផ្ដុំគ្នាផឹកស៊ី ដែលជាការបំពានវិធានការរបស់ក្រសួងសុខាភិបាល»។
ការដាក់បំរាមគោចរពីរសប្ដាហ៍នៅទីក្រុងភ្នំពេញ ហាក់ដូចជាមានផលប៉ះពាល់ខ្លាំងលើអ្នកប្រកបរបរតូចតាច និងអ្នកធ្វើការពេលយប់ ពិសេសអ្នកលក់អាហារតាមផ្លូវ។
លោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិកបានលើកពីកង្វល់ទាក់ទងនឹងច្បាប់ថ្មីស្ដីពីកូវីដ១៩ នេះរួចមកហើយ ពិសេសជុំវិញការមិនយល់ច្បាស់របស់សារធារណជនអំពីច្បាប់។
លោកថា៖ «វានឹងបង្ហាញពីរូបភាពមិនល្អ ពេលដែលមានការអនុវត្តច្បាប់លើពលរដ្ឋដែលមិនបានយល់ដឹងច្បាស់អំពីច្បាប់»។
លោកបន្ថែមថា៖ «តាមគំនិតរបស់ខ្ញុំ ពួកគាត់ គួរតែធ្វើ[ត្រឹមតែ]ការអប់រំអ្នកទាំងបី ពីព្រោះថាការការពារការរាលដាលកូវីដ១៩ទាមទារឲ្យពលរដ្ឋយល់ថាវាមានសារសំខាន់ ពួកគេត្រូវតែធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល»។
បើតាមលិខិតដាក់ទៅកាន់រាជរដ្ឋាភិបាល ដែលបានផ្សាយជាសាធារណកាលពីសប្ដាហ៍មុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Rhona Smith បានបង្ហាញក្ដីបារម្ភចំពោះបទបញ្ញតិនៃច្បាប់ថ្មីដែលបានផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាល «ក្នុងការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ការប្រមូលផ្ដុំ និងការជួបជុំ» និង «រឹតត្បិតលើដំណើរការអាជីវកម្មមួយចំនូន និងសកម្មភាពផ្សេងៗទៀត»។ ជាការកត់សម្គាល់ ការពិន័យលើការល្មើសច្បាប់មានពីការជាប់ពន្ធនាគារពីប្រាំមួយខែ ទោដល់២០ឆ្នាំ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three arrested, released, for violating COVID-19 law