សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនអង្គការមាតាធម្មជាតិបីរូបដែលបានផ្តន្ទាទោសរួចហើយត្រូវតុលាការចោទបន្ថែមពីបទរួមគំនិតក្បត់

សកម្មជនមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលសវនាការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សកម្មជនមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលសវនាការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនបរិស្ថានបីរូបដែលត្រូវបានផ្តន្ទាទោសកាលពីដើមឆ្នាំនេះ ពីបទញុះញង់ទាក់ទងនឹងការតវ៉ាដែលបានគ្រោងទុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បន្ថែមបទចោទមួយទៀតគឺ «រួមគំនិតក្បត់» ជាបទចោទថ្មី ពាក់ព័ន្ធនឹងសំណុំរឿងដែលកំពុងបន្តរបស់សកម្មជន៤រូបផ្សេងទៀត។

អ្នកទាំងបី ដែលជាសមាជិកនៃក្រុមបរិស្ថានអង្គការមាតាធម្មជាតិបានជាប់ពន្ធនាគារចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួនពីបទរៀបចំផែនការដើរតវ៉ាជាលក្ខណៈទោល ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃការចាក់ដីលុបបឹងតាមោកសម្រាប់គម្រោងអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ កាលពីខែឧសភា ពួកគេត្រូវបានផ្តន្ទាទោសពី១៨ទៅ២០ខែ។

អង្គការការពារសិទ្ធិមនុស្សលីកាដូបានអះអាងថា លោក ថុន រដ្ឋា កញ្ញាឡុង គន្ធា និង កញ្ញាភួន កែវរស្មី ត្រូវបានចោទប្រកាន់មួយបទបន្ថែមទៀត គឺបទរួមគំនិតក្បត់ហើយត្រូវបានសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញនៅសប្តាហ៍នេះ។ ប្រសិនបើរកឃើញមានពិរុទ្ធភាព ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ អង្គការលីកាដូបាននិយាយថា មេធាវីរបស់ពួកគេមិនត្រូវបានជូនដំណឹងជាមុនទេ ដូច្នេះក្រុមសកម្មជនទាំងនោះ បានបង្ហាញខ្លួននៅឯតុលាការដោយគ្មានតំណាងមេធាវី។

លោក សំ ចំរើន ដែលតំណាងឲ្យអ្នកទាំងបីនៅក្នុងករណីចុងក្រោយរបស់ពួកគេបានអះអាងថា ថុន រដ្ឋា ត្រូវបានសាកសួរកាលពីថ្ងៃចន្ទ គន្ធា ត្រូវបានសាកសួរកាលពីថ្ងៃអង្គារ ចំណែក កែវរស្មី ត្រូវបានសាកសួរនៅថ្ងៃពុធ ប៉ុន្តែលោកមានប្រសាសន៍ថា ពួកគេបដិសេធមិនឆ្លើយដោយសារគ្មានវត្តមានមេធាវី។

លោក ចំរើន បានមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែដឹងថា ពួកគាត់ត្រូវបានកោះហៅមកសាកសួរ ប៉ុន្តែពួកគាត់មិនទាន់បានឆ្លើយនៅឡើយទេ ពីព្រោះពួកគាត់រង់ចាំមេធាវីរបស់ខ្លួន [ដើម្បីការពារពួកគាត់]»

លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា សកម្មជនទាំង៣នាក់ត្រូវបានកោះហៅមកសាកសួរជុំវិញបទចោទថ្មី ដែលពាក់ព័ន្ធនឹងសំណុំរឿងទី២ទាក់ទងនឹងសកម្មជនដែលត្រូវបានចាប់ខ្លួនកាលពីខែមិថុនា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ បន្ទាប់ពីតាមសេចក្តីរាយការណ៍ថា បានថតរូបទឹកស្អុយដែលត្រូវបានបង្ហូរចូលទន្លេសាបក្បែរព្រះបរមរាជវាំង។

សកម្មជនបរិស្ថាន ស៊ុន រដ្ឋា និង យឹម លាងហ៊ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែ មិថុនា ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ។ សកម្មជនម្នាក់ទៀតឈ្មោះ លី ចាន់ដារ៉ាវុទ្ធ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ប៉ុណ្ណោះ។ បច្ចុប្បន្នយុវជនទាំង៣នាក់កំពុងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម១ និងម២ នៃពន្ធនាគារព្រៃស ចំណែកលោក Alejandro Gonzalez-Davidson ជាជនជាតិអេស្ប៉ាញនិងជាសហស្ថាបនិកអង្គការមាតាធម្មជាតិដែលស្ថិតនៅក្រៅប្រទេសក៏ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រផងដែរ។

ករណីនេះត្រូវបានគេថ្កោលទោសជាទូទៅថា ជារឿងនយោបាយហើយវាគ្រាន់តែជា សំណុំរឿងថ្មីមួយទៀតនៅក្នុងចំណោមសំណុំរឿងជាច្រើនប្រឆាំងនឹងអង្គការមាតាធម្មជាតិដែលធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្តយូរមកហើយនោះ។

លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបដិសេធធ្វើអត្ថាធិប្បាយដោយបង្វែរសំណួរទៅកាន់អ្នកនាំពាក្យតុលាការដែលមិនអាចទាក់ទងបាន។

លោក អំ សំអាត អនុប្រធានអង្គការលីកាដូមានប្រសាសន៍ថា ការចោទប្រកាន់នេះមានគោលបំណងច្បាស់ណាស់ក្នុងការបំបិទសំឡេងរិះគន់ក្នុងចំណោមក្រុមមនុស្សផ្សេងទៀត។

លោកបានមានប្រសាសន៍ថា៖ «ការចោទប្រកាន់បន្ថែមលើពួកគាត់ គឺជាការគំរាមកំហែងនិងជាការដាក់សម្ពាធលើសកម្មជនបរិស្ថាននិងយុវជនដទៃទៀតដែលចង់ចូលរួមការពារបរិស្ថាន» ដោយលោកបានបន្ថែមថា រដ្ឋាភិបាលគួរតែគាំទ្រដល់អ្នកដែលព្យាយាមធ្វើអោយប្រទេសកម្ពុជាប្រសើរឡើង។

លោក សំអាត បានមានប្រសាសន៍ថា៖ «យើងឃើញថា សហរដ្ឋអាមេរិកនិងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក៏បានស្នើសុំឲ្យរដ្ឋាភិបាលដោះលែងពួកគេផងដែរ ពីព្រោះគាត់យល់ថា វាមិនមែនជាបទឧក្រិដ្ឋទេ ហើយវាជាសេរីភាពនៃការបញ្ចេញមតិនិងជាសកម្មភាព ដើម្បីចូលរួម [តស៊ូ ដើម្បីការពារបរិស្ថាន]» ។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ពួកគាត់ថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួននិងការចោទប្រកាន់។

លោកស្រីបានសរសេរនៅក្នុងសារថា៖ «ការចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ គឺជាការបង្ហាញច្បាស់ក្រឡែតអំពីបរិយាកាសដ៏គ្រោះថ្នាក់និងដ៏រឹតត្បិត ដែលសកម្មជននៅកម្ពុជាជួបប្រទះ និងអំពីកិច្ចប្រឹងប្រែងរបស់ [រដ្ឋាភិបាលកម្ពុជា] ក្នុងការបំបិទសំឡេងរិះគន់នៅក្នុងប្រទេស»។

លោកស្រីបានបន្ថែមថា៖ «CCHR សោកស្តាយដែលថាការចាប់ដាក់ពន្ធនាគារ ក្លាយជារឿងពេញនិយមមួយ ដើម្បីឆ្លើយតបចំពោះការនិយាយការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះយើងទទូចឱ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ដែលជាប់ពន្ធនាគារដោយសារការបំពេញការងារស្របច្បាប់របស់ពួកគេជាបន្ទាន់ រួម​ទាំង​សមាជិក​អង្គការ​មាតាធម្មជាតិ​និង​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​មក​លើ​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three convicted Mother Nature activists handed an additional plotting charge

778 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម