បីខែបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីកម្មវិធីជំនួយជាសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋងាយរងហានិភ័យ តម្រូវការក៏នៅតែមានច្រើន។ កម្មវិធីនេះ មានបំណងជួយដល់អ្នកដែលរងគ្រោះខ្លាំងពីការឡើងខ្ពស់នៃអតិផរណា ហើយកម្មវិធីនេះបានផ្ដល់ទៅកាន់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ប៉ុន្តែអ្នកដែលធ្វើការជាមួយនឹងអ្នកប្រកបរបរក្រៅប្រព័ន្ធ និងងាយរងគ្រោះបំផុត និយាយថាខ្លួនបារម្ភថាអាជ្ញាធរមូលដ្ឋានអាចប្រើ ជំនួយសាច់ប្រាក់នេះជាឧបករណ៍ចរចានយោបាយមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០២៣ ចូលមកដល់។
អ្នកស្រី ធឿន សុភា វ័យ៣៥ឆ្នាំ បានស្នើសុំជំនួយនេះពីរដ្ឋាភិបាលកាលពីដើមខែនេះ។ ជាស្រ្តីមេម៉ាយ មានកូនពីរនាក់ និងជាអ្នកលក់ដូរតាមដងផ្លូវផង បានឲ្យដឹងថា អ្នកស្រីបានជំពាក់បំណុលដោយសារតែតម្រូវការទិញម្ហូបអាហារផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ។
អ្នកស្រីបន្តថា៖ «ខ្ញុំបានចំណាយ ៥ ០០០រៀលសម្រាប់អាហារបីពេលក្នុងមួយថ្ងៃ»។ អ្នកស្រីបន្តថា៖ «ខ្ញុំត្រូវតែសន្សំ ដូចនេះទើបខ្ញុំអាចសល់ប្រាក់ខ្លះដើម្បីសងគេ»។
បញ្ហាម្ហូបអាហារឡើងថ្លៃ និងបញ្ហាជីវភាពផង ធ្វើឲ្យអ្នកស្រីមិនអាចបញ្ជូនកូនប្រុសវ័យ១៣ឆ្នាំឲ្យចូលរៀនបានទេ ដោយអ្នកស្រីបានបញ្ជូនកូនឲ្យទៅរៀនធ្វើជាជាងមាសវិញ។ ចំណែកកូនប្រុសអាយុ៣ឆ្នាំវិញនៅជាមួយអ្នកស្រីពេលលក់ដូរនៅមុខរោងចក្រមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខណៈពេលអ្នកស្រីកំពុងរង់ចាំមើលថាខ្លួនអាចត្រូវលក្ខខណ្ឌសម្រាប់ជំនួយចុងក្រោយនេះឬយ៉ាងណា អ្នកស្រីហាក់មិនសង្ឃឹមក្នុងការទទួលបានការឧបត្តម្ភនេះទេ។
អ្នកស្រីបាននិយាយថា៖ «មេភូមិដឹងពីស្ថានភាពខ្ញុំច្បាស់ណាស់ ប៉ុន្តែគាត់ដូចជាមិនសូវជាយកចិត្តទុកដាក់ទេ»។ អ្នកស្រីថា៖ «អ្វីដែលខ្ញុំខ្លាចបំផុត គឺថាបើសិនជាខ្ញុំឈឺ ខ្ញុំគ្មានប្រាក់សម្រាប់ព្យាបាលទេ»។
បើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល កម្មវិធីនេះគឺសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសដែលរស់ជិតនឹងបន្ទាត់នៃភាពក្រីក្រ រួមទាំងជនមានពិការភាព ស្រ្តីមេម៉ាយ និងអ្នកមានវ័យលើសពី៦០ឆ្នាំផងដែរ។
គ្រួសារដែលត្រូវនឹងលក្ខខណ្ឌនេះអាចទទួលបានថវិកាគាំទ្រម្ដងក្នុងមួយវគ្គ ដោយផ្អែកតាមទំហំគ្រួសារដោយអាចទទួលបានចាប់ពី៥០ដុល្លារឡើង។
កម្មវិធីនេះធ្វើបន្ថែមលើគម្រោងបណ្ណក្រីក្ររបស់រដ្ឋាភិបាលកន្លងមក ដែលផ្ដល់ថវិកាប្រចាំខែ និងការព្យាបាលដល់ ប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ និងអ្នកដែលរងផលប៉ះពាល់ដោយសារតែកូវីដ-១៩។ គិតមកដល់ពេលនេះមាន ប្រជាពលរដ្ឋជា២,៨លាននាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។
លោក វ៉ន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា មាន១០ភាគរយនៃសមាជិកទាំង ១៥ ០០០នាក់របស់លោកបានស្នើសុំថវិកាពីកម្មវិធីថ្មីនេះ ប៉ុន្តែថាមានអ្នកខ្លះកំពុងតែរង់ចាំការផ្ដល់ថវិកានេះនៅឡើយ។
លោកឲ្យដឹងថា៖ «កម្មករក្រៅប្រព័ន្ធជាអ្នកងាយរងគ្រោះបំផុត ពិសេសអ្នកបើកកង់បី និងអ្នកលក់ដូរតាមផ្លូវ ហើយពួកគាត់ត្រូវតែទទួលបានការគាំទ្រពីរដ្ឋាភិបាល»។
លោក ពៅ បានស្នើដល់អាជ្ញាធរមូលដ្ឋានធ្វើការដោយមានតម្លាភាព ចៀសវាងការរើសអើង និងប្រកាន់បក្សពួក។
លោកឲ្យដឹងថា៖ «កន្លងមកសមាជិករបស់យើងបានដាក់ស្នើបណ្ណក្រីក្រ ប៉ុន្ដែពួកគាត់ភាគច្រើនត្រូវបានគេរើសអើង ពីព្រោះពួកគាត់ [អាជ្ញាធរមូលដ្ឋាន] គិតថាពួកយើងជាអ្នកប្រឆាំង»។
លោកបន្តថា កម្មវិធីសាច់ប្រាក់ចុងក្រោយនេះអាចត្រូវគេប្រើជាប្រយោជន៍នយោបាយ ដោយសារតែការ ចែកសាច់ប្រាក់ចុងក្រោយគឺនៅត្រឹមខែកក្កដា ជាពេលដែលមានការរៀបចំការបោះឆ្នោតជាតិ។
លោកបន្តថា៖ «មេឃុំខ្លះអាចយកឱកាសនេះស្នើឲ្យប្រជាពលរដ្ឋចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា»។ លោកបន្ថែមថា មានសមាជិកលោកម្នាក់ត្រូវគេប្រាប់ឲ្យចូលជាសមាជិកបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការបានទទួលជំនួយថវិកានេះ។
លោក ថេង បញ្ញាធន អគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ និងជាអ្នកទទួលខុសត្រូវគម្រោងថវិកានេះ បានបដិសេធថាគម្រោងនេះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
លោកបន្តថា៖ «ការវាយតម្លៃនេះមិនត្រឹមត្រូវទេ យើងត្រូវតែផ្ដល់យុត្តិធម៌សម្រាប់គ្រប់គ្នា…ចំពោះបញ្ហានេះ យើងត្រូវតែឈរនៅកណ្តាល សម្រាប់ប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម។ ក្នុងអំឡុងឆ្នាំ២០១៨ រដ្ឋាភិបាលមិនមានគម្រោងផ្ដល់ថវិកានេះទេ តែគណបក្សប្រជាជនកម្ពុជាបាន ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី»។
លោកបានប្រាប់ខេមបូចាថា ដំណើរការជ្រើសរើសលើអ្នកដាក់សំណើគឺធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋអាចស្នើដោយខ្លួនឯងផ្ទាល់ យើងយើងក៏មាន apps សម្រាប់ឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ក្នុងករណីដែលមានការរើសអើងពីអាជ្ញាធរមូលដ្ឋានផងដែរ»។
បើតាមលោក ថេង បញ្ញាធន កម្មវិធីសាច់ប្រាក់នេះត្រូវបែងចែកជាបីដំណាក់កាល។ ក្នុងខែធ្នូមានជាង ៣៥០ ០០០គ្រួសារបានទទួលប្រាក់ និងពីរដំណាក់កាលទៀតនឹងត្រូវធ្វើឡើងនៅខែមេសា និងខែកក្កដា។ រដ្ឋាភិបាលមានផែនការផ្ដល់សាច់ប្រាក់ឲ្យដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាង១លានគ្រួសារ។
លោកបន្តថា៖ «គម្រោងថ្មីនេះជួយគាំទ្រដល់គ្រួសារងាយរងគ្រោះ ដែលប្រឈមនឹងបញ្ហាអតិផរណាខ្ពស់ដែលបណ្ដាលពី សង្គ្រាមនៅអ៊ុយក្រែន»។ លោកថា៖ «យើងមិនបានផ្ដោតលើវិស័យណាមួយជាក់លាក់ទេ យើងកំណត់គោលដៅណាដែល អាជ្ញាធរមូលដ្ឋានបញ្ជាក់ថាមានភាពងាយរងគ្រោះ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា គាំទ្រដល់កម្មវិធីរបស់រដ្ឋាភិបាលដើម្បីជួយ កាត់បន្ថយហានិភ័យដែលបង្កដោយវិបត្តិសកលនេះ។ យ៉ាងណា លោកស្នើឲ្យមានការអនុវត្តប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
លោកបន្ថែមថា៖ «នេះគឺជាយុទ្ធសាស្រ្តល្អមួយជួយដល់អ្នកដែលងាយរងគ្រោះ និងអ្នកដែលបានធ្លាក់ចុះក្រោមបន្ទាត់ នៃភាពក្រីក្រ»។ លោកថាកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកដែលងាយរងគ្រោះជាងគេ គួរតែទទួលបានការគាំទ្រ ពេញលេញពីរដ្ឋាភិបាល»។
យ៉ាងណា លោក ពិសី កត់សម្គាល់ឃើញដែរថាអាជ្ញាធរមូលដ្ឋានអាចនឹងងាយរើសអើងលើមនុស្សមួយចំនួន ខណៈដែលអ្នកទាំងនោះជាអ្នកនុវត្តកម្មវិធីផ្ទាល់នៅតាមសហគមន៍។
លោកបន្តថា៖ «ជំនួយបានពីថវិកាជាតិ ថវិកាបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ និងមានខ្លះទៀតបានពីជំនួយអភិវឌ្ឍន៍របស់ដៃគូនានា និងកម្ចីផ្សេងៗ»។ លោកបន្ថែមថា៖ «ដូចនេះ មិនគួរមានការរើសអើងក្នុងទម្រង់ណាមួយលើសកម្មជននយោបាយ និងអ្នករិះគន់នោះទេ»។
បើតាមធនាគារពិភពលោក អត្រាភាពក្រីក្រនៅកម្ពុជាមានការកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះដោយសារតែវិបត្តិ កូវីដ-១៩ ដោយមានប្រជាពលរដ្ឋ ៤៦០ ០០០នាក់បានធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រ គិតចាប់ពីមានវិបត្តិកូវីដ-១៩មក។
អតិផរណាក្នុងរយៈកាលពីរឆ្នាំកន្លងមកនេះ ធនាគារពិភពលោកប៉ាន់ស្មានថាមានដល់ទៅ៦ភាគរយដែលឡើងគុណនឹងពីរ។
(រាយការណ៍បន្ថែមដោយ៖ ផុន សុទ្ធីរ័ត្ន)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three Months in, Government’s Cash Aid Scheme Remains Badly Needed