សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សំណើកែប្រែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ បង្កការព្រួយបារម្ភពីគណបក្សប្រឆាំង និងសង្គមស៊ីវិល

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីបុគ្គលដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ ក្នុងពេលថ្លែងសុន្ទរកថានៅខេត្តព្រះវិហារ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ ហ្វេសប៊ុករបស់លោក ហ៊ុន សែន)
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីបុគ្គលដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ ក្នុងពេលថ្លែងសុន្ទរកថានៅខេត្តព្រះវិហារ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ ហ្វេសប៊ុករបស់លោក ហ៊ុន សែន)

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​ពលរដ្ឋខ្មែរពីបុគ្គលដែលត្រូវបានរកឃើញថាបាន​គប់គិត ជាមួយ​បរទេសបំផ្លាញផលប្រយោជន៍ជាតិ​ ខណៈក្រុមប្រឆាំងនិងអ្នកតាមដានបញ្ហានយោបាយយល់ថាវាមិនមែនជារឿងចាំបាច់ទេ។​

ប្រធានព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​ពលរដ្ឋខ្មែរ ដែល​លោក​ថា«​គប់គិតជាមួយ​បរទេសបំផ្លាញខ្មែរ»

«កម្ពុជាមិនអាចត្រូវបានជ្រៀតជ្រែកដោយការប្រើប្រាស់របស់បរទេស ទៅលើជនជាតិខ្មែរម្នាក់ ដើម្បីផលប្រយោជន៍របស់ខ្លួនទេ»។ លោក ហ៊ុន សែន បានថ្លែងនៅពេលលោកធ្វើដំណើរទៅពិនិត្យកងទ័ពជួរមុខនៅតំបន់ព្រំដែនកម្ពុជា–ថៃ។

លោកបានព្រមានក្រុមប្រឆាំងមិនឱ្យធ្វើការ«ទាមទារហួសហេតុពេក»ទាក់ទងនឹងការលាតត្រដាងឯកសារផ្សេងៗពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកម្ពុជាបានដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់សម្រាប់តំបន់ជម្លោះបួនកន្លែងជាប់ព្រំដែនជាមួយប្រទេសថៃ។

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឱ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ អាច​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ដក​សញ្ជាតិពីជនជាតិ​ខ្មែរ​ បើ​គប់គិត​ជាមួយ​បរទេស។ ​នេះ​ក៏អាចជាការព្រមាន​សំដៅ​ទៅ​លើ​ក្រុម​ប្រឆាំងផង​ដែរ។

គណបក្សប្រឆាំងបានសម្តែងការមិនពេញចិត្តចំពោះសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមានបំណងដកសញ្ជាតិខ្មែរនេះ។

រដ្ឋធម្មនុញ្ញត្រូវបានវិសោធនកម្មចំនួន៩ដង ចាប់តាំងពីការអនុម័តនៅឆ្នាំ១៩៩៣ ដែលការវិសោធនកម្មចុងក្រោយបំផុតនៅឆ្នាំ២០២១ ដោយបានហាមឃាត់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចំនួនបួនរូបរួមមាននាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យកាន់កាប់សញ្ជាតិពីរឡើយ។

លោក ហ៊ុន សែន បានប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅកូនប្រុសរបស់លោកនៅឆ្នាំ២០២៣ បន្ទាប់ពីកាន់តំណែងជិត៤០ឆ្នាំ។ គណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈ ១២០ ក្នុងចំណោម ១២៥ អាសនៈនៅក្នុងរដ្ឋសភា ដែលបានធ្វើឱ្យការអនុម័តច្បាប់កន្លងមកប្រព្រឹត្តទៅបានដោយរលូន។

ប្រធានគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា ការវិសោធនកម្មច្បាប់គួរតែបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាតិ មិនមែនសម្រាប់ហេតុផលផ្សេងទៀតទេ។

លោក​បានលើកឡើងថា៖ «ការដកសញ្ជាតិខ្មែរដែលមានសញ្ជាតិខ្មែរពីកំណើតវាមិនមែនជារឿងត្រឹមត្រូវទេ។ ខ្ញុំអត់គាំទ្រទេ»

លោកបានបន្ថែមថា៖ «ខ្ញុំរំពឹងថា ច្បាប់មួយៗនេះមិនធ្វើសម្រាប់តែក្រុមមួយទេ ប៉ុន្តែជាទូទៅច្បាប់យើងច្រើនតែធ្វើឡើងដើម្បីសំដៅរកក្រុមមួយ ឬប្រឆាំងក្រុមមួយ ឬការពារក្រុមមួយ»

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ  ក៏មានជំហរស្រដៀងគ្នានឹងលោក អ៊ូ ច័ន្ទរ័ត្ន ចំពោះការស្នើធ្វើវិសោធនកម្មនេះដែរ ដោយលោកអំពាវនាវឲ្យអ្នកនយោបាយខ្មែររួបរួមគ្នា និងសាមគ្គីគ្នាដើម្បីប្រឆាំងនឹងផែនការនេះ ជាជាងគាំទ្រឱ្យមានការរើសអើង ឬលុបបំបាត់ពលរដ្ឋ។

លោក​បានលើកឡើងថា៖ «យើងមិនគាំទ្រការបង្កើតច្បាប់ ឬកែប្រែច្បាប់ណា ដែលជាបច្ច័យនាំឲ្យមានការបែងចែក រើសអើងគ្នា និង/ឬកំចាត់គ្នា ដែលនាំទៅរកការប្រេះឆារ ឬបែកបាក់គ្នាឡើយ ពីព្រោះវាមិនចំណេញដល់ជាតិទាំងមូល»

ស្រដៀងគ្នានេះដែរ លោក គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងការជំទាស់ចំពោះការអំពាវនាវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយថាវាមិនចាំបាច់ឡើយ ព្រោះទោសក្បត់ជាតិត្រូវបានកំណត់រួចហើយក្នុងក្រមព្រហ្មទណ្ឌ។

លោកបានលើកឡើងថា៖ «អំពើក្បត់ជាតិគឺមានចែងយ៉ាងលម្អិតហើយក្នុងក្រមព្រហ្មទណ្ឌពីមាត្រា៤៤០ដល់មាត្រា៤៤៨  ហើយបើជនណាប្រព្រឹត្តអំពើក្បត់ជាតិគឺយើងត្រូវតែផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ទាំងអស់ហ្នឹងទៅ»

លោក ភា បានសង្កត់ធ្ងន់ថា សញ្ជាតិខ្មែរដែលបានទទួលតាំងពីកំណើត «មិនគួរត្រូវបានដកហូតឡើយ»ជាពិសេសសម្រាប់អ្នកដែល«មានតែសញ្ជាតិខ្មែរ»

ទោះបីជាយ៉ាងណា លោកក៏គាំទ្រការដកសញ្ជាតិខ្មែរចំពោះជនបរទេស ប្រសិនបើពួកគេបំផ្លាញផលប្រយោជន៍ជាតិ។

លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញការព្រួយបារម្ភជុំវិញបញ្ហានីតិរដ្ឋដែលមានភាពផុយស្រួយនៅកម្ពុជា ជាពិសេសទាក់ទងនឹងតួនាទីរបស់អាជ្ញាធរ​តុលាការ​។

លោកបានមានប្រសាសន៍ថា៖ «យើងឃើញថាស្ថាប័នដែលមានសិទ្ធិសម្រេចវិនិច្ឆ័យសេចក្តីហ្នឹងពិសេសទាក់ទងទៅនឹងការកាត់សេចក្តីដាក់ទោសទណ្ឌអ្នកនយោបាយជាពិសេសក្រុមអ្នកនយោបាយ យើងមើលទៅហាក់បីដូចមិនទាន់មានការសម្រេចមួយដែលឈរលើឯករាជ្យឱ្យបានត្រឹមត្រូវស្របទៅតាមគោលកាណ៍នីតិរដ្ឋឱ្យបានត្រឹមត្រូវនោះទេ»

លោកបានព្រមានថា សំណើវិសោធនកម្ម ដើម្បីដកសញ្ជាតិខ្មែរ ពីអ្នកដែលគប់គិតជាមួយកម្លាំងបរទេស អាចនឹង «កំណត់គោលដៅក្រុមប្រឆាំង»

លោកបានបន្ថែមថា៖ «យើងបារម្ភណាស់ ប្រសិនបើមានច្បាប់ហ្នឹង វាអាចធ្វើឱ្យមានការរងគ្រោះដល់ក្រុមអ្នកដែលទន់ខ្សោយ…ព្រោះប្រព័ន្ធយុត្តិធម៌យើងនៅមិនទាន់មានភាពរឹងមាំស្របទៅតាមគោលការណ៍នីតិរដ្ឋនៅឡើយ»។​

លោកបានថ្លែងថា ការដកសញ្ជាតិនឹងបំផ្លាញដំណើរការប្រជាធិបតេយ្យ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ លោកបានកត់សម្គាល់ថា ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវការសំឡេងច្រើនគណបក្ស និងសំឡេងប្រឆាំង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សាយ៉ាងលម្អិតអំពីលទ្ធភាពនៃការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងនឹងការដកហូតសញ្ជាតិពីអ្នកដែលគប់គិតជាមួយប្រទេសបរទេស ដើម្បីបំផ្លាញប្រទេសកម្ពុជា។

លោក បានមានប្រសាសន៍៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីបុគ្គលដែលប្រព្រឹត្តសកម្មភាពគប់គិតជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរ គឺជារឿងសំខាន់ ដើម្បីធានាថា កម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេស តាមរយពលរដ្ឋខ្មែរណាម្នាក់ ដើម្បីប្រឆាំងផលប្រយោជន៍ជាតិរបស់កម្ពុជាយើង»។​

លោកបានបន្តថា៖ «ម្យ៉ាងទៀត យើងត្រូវពិចារណាថា បើសិនជាពលរដ្ឋខ្មែរណាម្នាក់ ដែលទៅគប់គិតជាមួយនឹងបរទេសមកបំផ្លាញប្រជាជាតិខ្មែរខ្លួនឯង បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯង, បុគ្គលនោះលែងស័ក្តិសមជាពលរដ្ឋខ្មែរទៀតហើយ»

លោកបានបញ្ជាក់ថា នៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត រាប់ទាំងបណ្ដាប្រទេសលោកខាងលិចផង ឧទាហរណ៍ ដូចជានៅបារាំងជាដើមដែលច្បាប់បារាំងចែងអនុញ្ញាតឱ្យដកសញ្ជាតិបារាំងពីបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសដែលប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ជាតិបារាំង៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thumbs Down on Proposal to Strip Khmer Citizenship; Risk of Being Abused 

216 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម