សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មកររោងចក្រ​ថូនវីន​នៅខេត្តស្វាយរៀងព្រមចូលធ្វើការវិញ ក្រោយ​តវ៉ាឱ្យក្រុមហ៊ុនដកមន្ត្រីរដ្ឋបាលម្នាក់ជោគជ័យ

ក្រោយតវ៉ាពេញមួយថ្ងៃអង្គារ កម្មករកាត់ដេរសម្លៀកបំពាក់រាប់រយនាក់ក្នុងក្រុមហ៊ុន ថូនវីន​ (ខេមបូឌា)​ អឺភែរីល​ នៅតំបន់​សេដ្ឋកិច្ច​ពិសេសហ្គីហ្គា ក្នុង​ខេត្ត​ស្វាយរៀងបានបញ្ចប់ការតវ៉ា ហើយបានចូលធ្វើការវិញ ក្រោយមន្ត្រីមូលដ្ឋានអន្តរាគមន៍ករណីកម្មករទាមទារឱ្យដកបុគ្គលិកម្នាក់ ដែលកាន់តួនាទីរដ្ឋបាល និងគណនេយ្យ ក្រោមហេតុផលថាខ្វះចន្លោះការងារ។
ក្រោយតវ៉ាពេញមួយថ្ងៃអង្គារ កម្មករកាត់ដេរសម្លៀកបំពាក់រាប់រយនាក់ក្នុងក្រុមហ៊ុន ថូនវីន​ (ខេមបូឌា)​ អឺភែរីល​ នៅតំបន់​សេដ្ឋកិច្ច​ពិសេសហ្គីហ្គា ក្នុង​ខេត្ត​ស្វាយរៀងបានបញ្ចប់ការតវ៉ា ហើយបានចូលធ្វើការវិញ ក្រោយមន្ត្រីមូលដ្ឋានអន្តរាគមន៍ករណីកម្មករទាមទារឱ្យដកបុគ្គលិកម្នាក់ ដែលកាន់តួនាទីរដ្ឋបាល និងគណនេយ្យ ក្រោមហេតុផលថាខ្វះចន្លោះការងារ។

ក្រោយតវ៉ាពេញមួយថ្ងៃអង្គារ ទី២១ ខែតុលា កម្មករកាត់ដេរសម្លៀកបំពាក់រាប់រយនាក់ក្នុងក្រុមហ៊ុន ថូនវីន​ (ខេមបូឌា)​ អឺភែរីល​ នៅតំបន់​សេដ្ឋកិច្ច​ពិសេសហ្គីហ្គា ក្នុង​ខេត្ត​ស្វាយរៀងបានបញ្ចប់ការតវ៉ា ហើយបានចូលធ្វើការវិញ ក្រោយមន្ត្រីមូលដ្ឋានអន្តរាគមន៍ករណីកម្មករទាមទារឱ្យដកបុគ្គលិកម្នាក់ ដែលកាន់តួនាទីរដ្ឋបាល និងគណនេយ្យ ក្រោមហេតុផលថាខ្វះចន្លោះការងារ។

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សាខឿន បានប្រាប់ សារព័ត៌មានខេមបូចា ថា ជំនួបរវាងភាគីពាក់ព័ន្ធកាលពីថ្ងៃអង្គារ មាន៩ចំណុចបានឯកភាពគ្នា ប៉ុន្តែលោកមិនអាចបញ្ជាក់លម្អិតបានទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា រដ្ឋបាលរោងចក្រដែលកម្មករទាមទារក្រុមហ៊ុនបញ្ឈប់​រូបនោះបាន​លាលែងពីការងារ​ហើយ ចាប់ពីថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥។

លោកបានថ្លែងថា៖ «រឿងដែលសំខាន់នោះគឺពួកគាត់ចង់សុំដកអ្នកធ្វើការផ្នែករដ្ឋបាល ប៉ុន្តែអ្នករដ្ឋបាលនោះមិនចង់ឱ្យមានបញ្ហាស្មុគស្មាញគាត់ក៏ដាក់ពាក្យលាឈប់ទៅ ដូច្នេះរឿងក៏ចប់ទៅ។ ហើយបងប្អូនយើងក៏ចូលធ្វើការអស់ទៅ។ [រដ្ឋបាល] គាត់ឈប់ពីថ្ងៃហ្នឹងទៅហើយ»

ទាក់ទងនឹងការបើកប្រាក់ខែយឺតយ៉ាវ លោកថាក្រុមហ៊ុននឹងបើកប្រាក់ឱ្យពួកគេ «សមស្រប» ហើយសម្រាប់ប៉ុន្មានខែខាងមុខនេះ។ លោកបន្តថា ប្រព័ន្ធរដ្ឋបាលត្រឹមត្រូវនឹងត្រូវបានបង្កើតឡើង ដោយថាក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិននេះគឺទើបតែដំណើរការបានបីខែប៉ុណ្ណោះ ដោយមានកម្មករប្រមាណ ៣០០នាក់។

លើសពីនេះ លោក សុខឿន ឱ្យដឹងដែរថា មន្ទីរការងារនឹងបន្តធ្វើការជាមួយក្រុមហ៊ុន និងត្រួតពិនិត្យការអនុវត្តរបស់ក្រុមហ៊ុនលើចំណុច​ដែលបានព្រមព្រៀងគ្នា។

នៅព្រឹកថ្ងៃពុធ ទី២២ ខែតុលា កម្មករ​មួយ​ចំនួន​ដែលមិន​បាន​ដឹង​ពីការ​លាលែង​ពី​តំណែងរបស់បុគ្គលិករដ្ឋបាល ក៏បានមកជួបជុំ​តវ៉ារយៈពេល​ខ្លីផងដែរ តែថាការ​តវ៉ា​ត្រូវ​បាន​រំសាយ​ភ្លាមៗ​បន្ទាប់​ពី​អាជ្ញាធរ​បានចុះមក​សម្របសម្រួល និងពន្យល់។

រៀបរាប់ប្រាប់អ្នកសារព័ត៌មានខេមបូចាកំឡុងពេលចូលរួមតវ៉ារយៈពេលខ្លីនៅព្រឹកថ្ងៃពុធនេះ កម្មការិនីម្នាក់ឈ្មោះ ជា ស្រួច បានឱ្យដឹងថា ពិតជាមានការតវ៉ាបានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា កម្មករនឹងមិនចូលធ្វើការវិញទេ រហូតដល់បុគ្គលិកជារដ្ឋបាល និងជាមន្ត្រីគណនេយ្យក្នុងពេលតែមួយនោះ ត្រូវដកចេញពីក្រុមហ៊ុន។

អ្នក​ស្រី​បាន​កត់​សម្គាល់​ថា អាកប្បកិរិយា​មិន​សមរម្យ​របស់​បុគ្គលិក​រូប​នេះ ​រួម​បញ្ចូល​ទាំង​ការ​បណ្តេញ​កម្មករ​គឺ​ខុស​ទាំងស្រុង ព្រោះ​គ្រាន់​តែ​ពួកគេសួរតិចតួចទាក់ទងនឹង​ការទូទាត់​ប្រាក់​ខែ និង​ការ​កាត់​ប្រាក់​ខែ​ដោយ​គ្មាន​ហេតុផល។

អ្នកស្រីនិយាយថា៖ «ឱ្យតែដល់ពេលបើកលុយគឺរញ៉េររញ៉ៃតែម្ដង។ ហើយដល់ឥឡូវកម្មករគ្រប់គ្នាគេអត់ចូលធ្វើការហ្នឹង ដោយគេសុំទម្លាក់រដ្ឋបាលហ្នឹង គណនេយ្យហ្នឹងចេញ។ ហើយមេៗចូលប្រជុំថាឱ្យដូររដ្ឋបាលហ្នឹងទៅកាន់Office មុខ ប៉ុន្តែកម្មករអត់ចង់បានអ៊ីចឹង គឺគេចង់ឱ្យគាត់ចេញពីកន្លែងហ្នឹងតែម្ដង»

​រោងចក្រ នៅ​មុខ​ក្រុមហ៊ុន ថូនវីន​ (ខេមបូឌា)​ អឺភែរីល​ ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសហ្គីហ្គា ក្នុង​ខេត្ត​ស្វាយរៀង ជាទីតាំងដែលកម្មករប្រមូលផ្ដុំគ្នា​​តវ៉ា​ទាមទារ​ឱ្យ​ដក​បុគ្គលិក​រដ្ឋបាល​ និង​គណនេយ្យ​ចេញ នៅ​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០២៥។ (រូបភាពពីគេហទំព័រហ្វេសប៊ុក CUMW)

កម្មការិនីម្នាក់ទៀតឈ្មោះ ទុំ សេដ្ឋា ដែលបានចូលបម្រើការងារនៅក្រុមហ៊ុននេះបានរយៈពេល២ខែកន្លះ ឱ្យដឹងថា អ្នកស្រីមានអារម្មណ៍សប្បាយចិត្តជាមួយនឹងលទ្ធផល ហើយគាត់ក៏បានចូលធ្វើការវិញហើយដែរ។ ក្នុងនោះ អ្នកស្រី​សង្ឃឹម​ថា​ ​បុគ្គលិក​រដ្ឋបាល​ថ្មីនឹង​មាន​សមត្ថភាពក្នុងការបំពេញការងារ។

បើតាមអ្នកស្រី ឱ្យដឹងថា កម្មករប្រឈមនឹងការលំបាកនៅពេលដែលអតីតបុគ្គលិកនៅទីនោះ ដោយសារការបើកប្រាក់យឺតយ៉ាវ ការប្រើពាក្យសម្ដីមិនសមរម្យ និងបញ្ហាអនាម័យ ដោយសារក្រុមហ៊ុនមិនទិញសម្ភារៈសម្អាតបន្ទប់ទឹកគ្រប់គ្រាន់។

អ្នកស្រីបានបន្តថា៖ «ខ្ញុំចង់បានអ្នកដែលចូលថ្មីហ្នឹង គឺគាត់គិតគូរលុយប្រាក់ខែឱ្យកម្មករ ឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យវាមានរឿងបែបនេះកើតឡើងទៀត ព្រោះពួកខ្ញុំក៏អត់ចង់(តវ៉ា)ដែរ ព្រោះអីតែច្រើនដងពេកក៏វាពិបាកដែរ»

អ្នកស្រី​បន្ថែមថា ថៅកែក្រុមហ៊ុន​បាន​ស្នើ​ឱ្យ​កម្មករ​កុំ​តវ៉ា​ទៀត ហើយ​ត្រូវ​អត់ធ្មត់ ​ប្រសិនបើ​មានការបើកប្រាក់ខែ​យឺតយ៉ាវ ព្រោះ​វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​សម្រាប់​ភាគី​ទាំងសងខាង​។

ក្នុងកិច្ចសម្ភាសជាមួយចាងហ្វាងសារព័ត៌មានក្នុងស្រុកម្នាក់ កម្មករបានលើកឡើងថា បុគ្គលិកដែលពួកគេស្នើឱ្យដកចេញនោះឈ្មោះ កញ្ញា មានតួនាទីជាគណនេយ្យ និងរដ្ឋបាល។ កញ្ញា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

អនុប្រធានសម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម(សម្ព័ន្ធអេអាយ) លោក ឃុន សុខុម បានលើកឡើងថា ការតវ៉ានេះបានកើតឡើងដោយសារតែក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឱ្យកម្មករឱ្យបានត្រឹមត្រូវ។ លោកថា ប្រាក់ឈ្នួលគោលរបស់កម្មករ គឺ២០៨ដុល្លារ ដែរក្នុងមួយខែពួកគេនឹងបើកពីរដង។ ប៉ុន្តែ​នៅពេលដល់កាលកំណត់ ពួកគេ​ខ្លះ​ទទួល​បាន​តិច​ជាង ១០៤ដុល្លារ ខណៈ​ខ្លះ​ទៀត​មិន​បាន​ទទួល​ប្រាក់​ទាំងនោះទេ។

លោក​សង្កេត​ឃើញ​ថា ​មាន​ករណី​ស្រដៀង​គ្នា​នេះ​កាល​ពី​ពេល​ថ្មីៗ​។ លោក​ថា នេះ​មក​ពី​ក្រុមហ៊ុនទាំងនោះមិនបាន​អនុវត្ត​ច្បាប់​ការងារត្រឹមត្រូវ និង​កង្វះអធិការកិច្ចពីសំណាក់មន្ទីរការងារ ដើម្បី​ពិនិត្យ​មើល​ថា​តើ​ច្បាប់​ត្រូវ​បាន​និយោជក​អនុវត្ត​ឬ​អត់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យក្រសួងនិងមន្ទីរ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសគឺជំរុញឱ្យមានការអនុវត្តស្របតាមច្បាប់ពេញលេញ នោះវានឹងមិនមានការតវ៉ាកើតឡើងនោះទេ។ កន្លងមក វាកើតឡើងដោយសារការអនុវត្តមិនត្រឹមត្រូវ ទើបធ្វើឱ្យកម្មករផ្ទុះការតវ៉ាទាមទារ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tonewin Workers Protest Over Admin Staff’s Alleged Misconduct; Issue Resolved After Demands Met

113 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម