សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់កូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលនៃសាសនាឥស្លាមនៅកម្ពុជា ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទលើសិស្សស្រី១៨នាក់ នៅអន្តេវាសិកដ្ឋានសាលារៀនភាសាឥស្លាមមួយកន្លែងក្នុងរាជធានីភ្នំពេញ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង បានបញ្ជាក់ពីការចោទប្រកាន់របស់ លោក ស៊ូហៃមី ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ និងប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា២៤០នៃក្រមព្រហ្មទណ្ឌ លោក ស៊ូហៃមី អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ និងតាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ លោក ស៊ូហៃមី នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។
លោក សុះ កំរី បានបដិសេធការចោទប្រកាន់មកលើរូបកូនប្រុសរបស់លោក តាមរយៈសារបង្ហោះនៅលើហ្វេសប៊ុក បន្ទាប់ពីមានការចែករំលែករាលដាលនូវសារមួយពីគណនីហ្វេសប៊ុកឈ្មោះ Som Mengly កាលពីថ្ងៃទី១០ ខែតុលា ។ បួនថ្ងៃក្រោយមកទៀត គណនីហ្វេសប៊ុកនោះក៏លែងដំណើរការ ។
នៅក្នុងការបង្ហោះនោះ លោក ស៊ូហៃមី ត្រូវបានគេចោទប្រកាន់ថា បានរំលោភផ្លូវភេទសិស្សស្រីចំនួន18នាក់ ខណៈដែលគាត់ជាប្រធានសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅអន្តេវាសិកដ្ឋាននោះ។
លោក សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា លោក ស៊ូហៃមី ត្រូវបានសាកសួរ និងចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
លោកបានបន្តថា៖ «ជនសង្ស័យត្រូវបាននាំមកស្តាប់ចម្លើយ តែមិនឆ្លើយសារភាព គេចវេះពីការទទួលខុសត្រូវ។ ព្រះរាជអាជ្ញាអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់»។
លោក សំបូរ បានបញ្ជាក់ថា ការស៊ើបអង្កេតនៃនាយកដ្ឋានរបស់លោកបានរកឃើញថា ជនរងគ្រោះបួននាក់(អាយុ១៣ឆ្នាំម្នាក់ ១៤ឆ្នាំម្នាក់ និង១៥ឆ្នាំម្នាក់)ត្រូវបានរំលោភសេពសន្ថវៈ និងប្រទូស្តកេរខ្មាសពី លោក ស៊ូហៃមី។
ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ មានតែ២នាក់ប៉ុណ្ណោះបានដាក់ពាក្យបណ្តឹង ខណៈសាក្សី៤នាក់បានផ្តល់សក្ខីកម្មដល់ប៉ូលិស ។ លោក សំបូរ បានបន្ថែមថា៖ «សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត»។
លោក សុះ កំរី បដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លេខារបស់លោក ម៉ាត់ អាល់ទី ដែលបានលើកទូរសព្ទប្រាប់ ខេមបូចា ថា កំរី ចង់«នៅស្ងៀមមួយរយៈ» និង«មិនចង់និយាយជាមួយអ្នកសារព័ត៌មាន»។
លោកស្រី អេង ចាន់ឌី នាយកប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានសាទរចំពោះចំណាត់ការផ្លូវច្បាប់ចំពោះជនសង្ស័យ ខណៈអំពាវនាវឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរ។
លោកស្រី ចាន់ឌី បានមានប្រសាសន៍ថា៖ «ប្រសិនបើមិនមានចំណាត់ការឆ្លើយតបបែបយុត្តិធម៌ទេ អំពើអ៊ីចឹងអាចនឹងកើតមានបន្តទៅមុខទៀត….. ហើយមិនត្រឹមប៉ុណ្ណឹងទៀតអាការខិតខំប្រឹងប្រែងដើម្បីឱ្យមាននូវយុត្តិធម៌ដល់ក្មេងស្រីនឹងមិនទទួលបានជោគជ័យទេនៅក្នុងប្រទេសខ្មែរយើង»។
លោកស្រីបានកត់សម្គាល់ឃើញថា ក្នុងករណីដែលបទចោទប្រកាន់រាងស្រាល រឺទាក់ទងនឹងការកាត់ក្តីមិនដាក់ដល់អតិបរមាតាមស្ថានទម្ងន់ទោសទេនឹងធ្វើឱ្យមានផលប៉ះពាល់ច្រើនទៅថ្ងៃក្រោយទៀត នៅពេលដែលអ្នកប្រព្រឹត្តបទល្មើស រឺអ្នកដែលហ៊ានប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង គាត់អាងគាត់ហ៊ាន ហើយធ្វើឱ្យក្មេងស្រីរងគ្រោះមិនទទួលបានយុត្តិធម៌ត្រឹមត្រូវ។
រាយការណ៍បន្ថែមដោយ ស៊ើង និមល់
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Top Islamic Cleric’s Son Charged with Rape and Indecent Assault of Underage Girls