សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីកម្ពុជាមានសុទិដ្ឋិនិយមក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក ខណៈអ្នកវិភាគមើលឃើញពីឧបសគ្គ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើសន្និសីទសារព័ត៌មានជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានកែសម្រួលអត្រាពន្ធគយបដិការ ៣៦% លើទំនិញទាំងអស់របស់កម្ពុជា។ (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើសន្និសីទសារព័ត៌មានជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានកែសម្រួលអត្រាពន្ធគយបដិការ ៣៦% លើទំនិញទាំងអស់របស់កម្ពុជា។ (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

កម្ពុជាថានឹងបង្កើនល្បឿនចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មុនពេលពន្ធគយបដិការ៣៦ភាគរយលើទំនិញទាំងអស់ដែលនាំពីកម្ពុជាត្រូវចូលជាធរមាននាថ្ងៃទី១ ខែសីហា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា«កម្ពុជានៅមានសន្លឹកបៀសំខាន់ៗសម្រាប់ចរចា»

កម្ពុជាធ្លាប់ប្រឈមមុខនឹងការដាក់ពន្ធក្នុងអត្រា៤៩ភាគរយ បន្ទាប់ពីលោក ត្រាំ បានបង្កើនអត្រាពន្ធជាសកលនៅថ្ងៃទី២ ខែមេសា។ ក្រោយមកសហរដ្ឋអាមេរិកបានផ្អាកការអនុវត្តអត្រាពន្ធគយបដិការនេះរយៈពេល៩០ថ្ងៃ ដែលក្នុងអំឡុងពេលនោះមន្រ្តីកម្ពុជានិងសហរដ្ឋអាមេរិកបានជួបចរចាគ្នាជាច្រើនដុំរួចមកហើយជុំវិញបញ្ហានេះ។

ទោះយ៉ាងណាក៏ដោយ អត្រាពន្ធនេះត្រូវបានបន្ថយមកត្រឹម៣៦ភាគរយវិញ បន្ទាប់ពីលោក ត្រាំ បានផ្ញើលិខិតទៅមេដឹកនាំបរទេសជាច្រើន រួមទាំងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរនៅថ្ងៃអង្គារ ដើម្បីបញ្ជាក់ពីលក្ខខណ្ឌថ្មីដែលសហរដ្ឋអាមេរិកបានកំណត់។

មន្ត្រីកម្ពុជាមានទំនុកចិត្តថាអាចឈានដល់កិច្ចព្រមព្រៀងថ្មីបាន ប៉ុន្តែអ្នកវិភាគយល់ថាការទូតតែមួយមុខមិនគ្រប់គ្រាន់ទេ ដោយត្រូវគិតដល់ផលប្រយោជន៍សេដ្ឋកិច្ច ការចូលដំណើរការទីផ្សារ និងភូមិសាស្ត្រនយោបាយ ដែលនឹងជាធាតុសំខាន់ដើម្បីជំរុញលទ្ធផលជាវិជ្ជមានក្នុងការចរចា។ អ្នកវិភាគមួយចំនួនក៏ចោទសួរផងដែរថាតើផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាអាចរងផលប៉ះពាល់យ៉ាងណាប្រសិនបើការដាក់ពន្ធនេះនៅតែបន្ត។

បន្ទាប់ពីសេតវិមានបានផ្ញើលិខិតទៅមេដឹកនាំប្រទេសចំនួន១៤ ស្តីពីអត្រាពន្ធគយបដិការថ្មី លោកត្រាំបានលើកឡើងថាសហរដ្ឋ​អាមេរិកនៅតែបើកទ្វារចំហដោយបញ្ជាក់ថាប្រទេសណាដែល«បន្តចរចា» នឹងនៅតែអាចមានឱកាសធ្វើកិច្ចព្រមព្រៀងថ្មីបាន។​

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលលោកមានតួនាទីជាអនុប្រធានទីមួយថា៖ «យើងនឹងពន្យល់ថា ហេតុអ្វីបានជាយើងខ្ញុំត្រូវការអត្រាពន្ធទាប ដោយសារយើងខ្ញុំនេះជាប្រទេសក្រីក្រ មិនទាន់ចេញពីប្រទេស LDC [ប្រទេសអភិវឌ្ឍន៍តិចតួច] នៅឡើយទេ នៅឆ្នាំ២០២៩ទើបយើងខ្ញុំចេញ»

លោកក៏បានស្នើឱ្យ«សហរដ្ឋអាមេរិកផ្តល់ឱកាស ដើម្បីចាកចេញពីប្រទេសក្រីក្របាននៅឆ្នាំ២០២៩» តែលោកក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជានៅតែមាន «សន្លឹកបៀសម្រាប់ចរចា» តែលោកបដិសេធមិនបង្ហាញព័ត៌មានលម្អិតណាមួយនោះទេ។

​លោក ចាន់ថុល ក៏បានអំពាវនាវឲ្យក្រុមហ៊ុនដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើរដ្ឋាភិបាល ដោយលើកឡើងថា រដ្ឋាភិបាលបានអនុវត្តជាជំហានៗ ដើម្បីការពារវិនិយោគិន និងកម្មករ។

វិបត្តិពន្ធគយដែលនឹងឈានមកដល់នេះ បានធ្វើឱ្យវិស័យសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាស្ទើរតែរងផលប៉ះពាល់រួចទៅហើយ។ វិស័យនេះផ្តល់ការងារដល់កម្មករជិតមួយលាននាក់ រួមចំណែកជាងមួយភាគបីនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញសំខាន់បំផុត។

លោក អៀ សុផល អ្នកវិភាគនយោបាយខ្មែរ-អាមេរិកាំង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Arizona State បានលើកឡើងថា ការកាត់បន្ថយអត្រាពន្ធបន្ថែមទៀតអាចនឹងកើតមាន ប៉ុន្តែវាស្ទើរតែមិនអាចទៅរួចទេ លុះត្រាតែមានការផ្លាស់ប្តូរធំៗកើតឡើង។

លោកបានបន្តថា វៀតណាមអាចចរចាទទួលបានអត្រាពន្ធត្រឹម២០ភាគរយសម្រាប់ទំនិញនាំចេញភាគច្រើន ដែលជាអត្រាទាបបំផុតនៅក្នុងតំបន់ ដោយសារការទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រយោជន៍អាមេរិក។ ខណៈកម្ពុជាវិញ នៅតែជួបប្រទះឧបសគ្គ ដូចជា ទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ការព្រួយបារម្ភអំពីការប្រើប្រាស់ប្រទេសជាមធ្យោបាយផ្ទេរទំនិញ (transshipment) និងការសង្កេតឃើញអំពីតួនាទីរបស់កម្ពុជាជាមជ្ឈមណ្ឌលប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។

លោក សុផល បានថ្លែងថា ការរកឃើញដំណោះស្រាយក្នុងពេលដ៏ខ្លី ពិបាកអាចកើតមានឡើង​ណាស់ លុះត្រាតែទីក្រុងភ្នំពេញយល់ព្រមផ្ដល់ការលះបង់ប្តេជ្ញាចិត្តជាក់ស្តែង ដូចជាការធ្វើឱ្យប្រសើរឡើងនូវស្តង់ដារការងារ ឱនភាពពាណិជ្ជកម្ម និងសិទ្ធិកម្មសិទ្ធិបញ្ញា ហើយបង្ហាញថា កម្ពុជាត្រៀមខ្លួនដើម្បីសម្របសម្រួលទៅលើរឿងដែលជាអាទិភាពរបស់សហរដ្ឋអាមេរិក។​

លោកបានសួរថា៖ «តើកម្ពុជានឹងស្ម័គ្រចិត្តធ្វើជាប្រទេសទីបីដើម្បីទទួលយកបុគ្គលដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដូចជាប្រទេសស៊ូដង់ខាងត្បូងឬទេ?»។ លោកបានបញ្ជាក់ថា សកម្មភាពណាមួយដែលអាចត្រូវបានយល់ថាជាការគាំទ្រផលប្រយោជន៍របស់សហរដ្ឋអាមេរិក អាចនឹងជួយឱ្យកម្ពុជាបានអត្ថប្រយោជន៍។ លោកបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាចនឹងជំរុញឱ្យកម្ពុជាយកចិត្តទុកដាក់ចំពោះគោលនយោបាយការបរទេសដែលមានតុល្យភាពជាងមុន ទោះបីជាការវិនិយោគយ៉ាងជ្រៅជ្រះរបស់ចិនអាចនឹងបង្ហាញថាផលប៉ះពាល់ណាមួយនឹងមានកម្រិតក៏ដោយ។

សម្រាប់អ្នកជំនាញសេដ្ឋកិច្ច កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រពាណិជ្ជកម្ម និងកែលម្អមូលដ្ឋានសេដ្ឋកិច្ច មិនអាចពឹងផ្អែកតែការទូតបានទេ។​

លោក Stephen Higgins ប្រធានគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Mekong Strategic Capital ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានថ្លែងថា ប្រសិនបើអត្រាពន្ធ៣៦ភាគរយ នៅតែអនុវត្ត រដ្ឋាភិបាលត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រមកផ្តោតលើវិនិយោគិនដែលលក់ផលិតផលទៅទីផ្សារផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក ពីព្រោះទីផ្សារទាំងនោះគ្របដណ្តប់រហូតដល់៧៥ភាគរយ នៃសេដ្ឋកិច្ចពិភពលោក។

លោកបានបញ្ចាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវជំរុញផលិតភាព បន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ ហើយអនុវត្តការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងមូល ដើម្បីកម្ចាត់មជ្ឈមណ្ឌលបោកប្រាស់ចេញពីប្រទេស»

ទោះជាយ៉ាងណា លោក Higgins នៅតែបង្ហាញសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង ទោះបីជាការដាក់ពន្ធហាក់ដូចជាធ្ងន់ធ្ងរក៏ដោយ​។

លោកបានពន្យល់ថា ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកគិតបានប្រមាណ២៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ប៉ុន្តែតម្លៃដែលកម្ពុជាបានទទួលពិតប្រាកដគឺនៅជិត៨ភាគរយប៉ុណ្ណោះ។

លោកបានបន្តទៀតថា៖ «សូម្បីតែក្នុងសេណារីយ៉ូអវិជ្ជមានបំផុត ដូចជា បាត់បង់ទីផ្សារ ៥០ភាគរយ ក្នុងរយៈពេលបីឆ្នាំ ហើយអាចប្ដូរទិសដៅការនាំចេញបានត្រឹមតែ ២០% ទៅទីផ្សារផ្សេង ការប៉ះពាល់ដល់ GDP នឹងមានត្រឹមតែ០.៨ភាគរយ ក្នុងមួយឆ្នាំប៉ុណ្ណោះ។ បើរួមទាំង ផលប៉ះពាល់មិនផ្ទាល់ វាអាចឈានដល់១ភាគរយ ក្នុងមួយឆ្នាំ។ មិនមែនជាស្ថានភាពល្អបំផុតទេ ប៉ុន្តែកម្ពុជានៅតែអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់លឿនបំផុតនៅលើពិភពលោក»

លោកបានកត់សម្គាល់ថា វិស័យសម្លៀកបំពាក់គឺងាយរងគ្រោះបំផុត ប៉ុន្តែលោកបានចោទសួរថា តើរោងចក្រអាចផ្លាស់ទីទៅទីតាំងណាបាន នៅក្នុងស្ថានភាពដែលទីផ្សារប្រកួតប្រជែងក៏ប្រឈមនឹងអត្រាពន្ធស្រដៀងគ្នា ហើយខ្វះខាតកម្មករដូចគ្នាបែបនេះ។

លោកបានមានប្រសាសន៍ថា៖ «យើងគិតថានឹងមានការថយចុះយ៉ាងខ្លាំងនៅក្នុងឆមាសទី២ នៃឆ្នាំ២០២៥ ដោយសារការបញ្ជាទិញជាមុន ការប្រុងប្រយ័ត្នពីអ្នកបញ្ជាទិញ និងការតវ៉ារបស់​អ្នកប្រើប្រាស់ចំពោះការកើនឡើងនៃតម្លៃ»។ លោកបានបន្ថែមថា៖ «ប៉ុន្តែនៅរយៈពេលវែង មនុស្សនៅតែត្រូវការទិញសម្លៀកបំពាក់។ រោងចក្រមួយចំនួនដែលមានផលិតភាពទាបអាចនឹងត្រូវបិទ – ប៉ុន្តែបើយើងពិតជាចង់ជំរុញផលិតភាព ដែលជាចំណុចសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ការចាកចេញរបស់រោងចក្រដែលមិនមានប្រសិទ្ធភាពក៏មិនមែនជារឿងអាក្រក់នោះដែរ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trade Talks With U.S. to Continue, Officials Optimistic But Analysts Cite Hurdles

63 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម