ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិន រស់នៅរាជធានីភ្នំពេញ បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមលទ្ធភាពរៀងៗខ្លួន ខណៈអ្នកខ្លះត្អូញត្អែរអំពីស្ថានភាពសេដ្ឋកិច្ច ហើយអ្នកលក់ដូរខ្លះអះអាងថាខ្លួនបានកាត់បន្ថយមុខទំនិញសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញបម្រាម ដោយហាមដាច់ខាតការដុតផាវ កាំជ្រួច ឬការបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ។ បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរម្លឹកឱ្យមានការបង្ការអគ្គីភ័យ និងគ្រោះថ្នាក់ ដែលបង្កដោយកត្តាទាំងឡាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងទី២៨ ដល់ថ្ងៃទី៣១ ខែមករា ។
ចំណែកក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះដែរ ៕