ខេត្តសៀមរាប–លោក ប៉ិន ស៊ីម នៅតែឈឺជង្គង់របស់លោក ទោះកន្លងទៅជាងមួយឆ្នាំមកហើយនៃឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលលោកមិនបានទទួលការព្យាបាលត្រឹមត្រូវតាមបច្ចេកទេសពេទ្យ។
ដើរកាន់ឈើច្រត់ ក្នុងទឹកមុខស្រងូតស្រងាត់ និងពេលខ្លះធ្វើឲ្យលោកឈឺចុកចាប់ លោក ប៉ិន ស៊ីម បានរៀបរាប់ថាលោកមិនទាន់អាចធ្វើការបាននៅឡើយទេ។
លោករៀបរាប់ថា៖ «ថ្ងៃនេះ ដើរអត់កើតឈឺក្បាលជង្គង់។ ដើរបានតិចៗ មិនឆ្ងាយ បួនដប់ម៉ែត្រអី បានប៉ុណ្ណឹងឯង។ ដើរឆ្ងាយមិនបានទេ ឈឺក្បាលជង្គង់ និងឈឺភ្លៅ»។
លោក ប៉ិន ស៊ីម ជាជនរងគ្រោះថ្នាក់ចរាចរណ៍ម្នាក់ក្នុងចំណោមអ្នករងគ្រោះរាប់ពាន់នាក់ផ្សេងទៀត ដែលមិនមានលទ្ធភាពព្យាបាលរបួសនៅមន្ទីរពេទ្យ។ លោកត្រូវបង្ខំចិត្តព្យាបាលដោយគ្រូខ្មែរ ដែលធ្វើឲ្យលោកមានវិប្បដិសារី។
រស់នៅក្នុងខេត្តសៀមរាប បុរសអាយុ៣១ឆ្នាំរូបនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបុកជាមួយរថយន្ត ពេលលោកជិះម៉ូតូតាមផ្លូវជាតិលេខ៦ កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតធ្វើឲ្យលោកបាក់ឆ្អឹងជើងខាងឆ្វេង និងបាត់បង់ម្រាមកូនដៃមួយ។ ហេតុការណ៍នោះបានកើតឡើងក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពេលលោកធ្វើដំណើរពីភូមិកំណើត មកក្រុងសៀមរាប ដែលបណ្តាលឲ្យលោកសន្លប់នៅកន្លែងកើតហេតុ។
អ្វីដែលបណ្តាលឲ្យលោកនៅតែឈឺចាប់មកដល់ពេលនេះ ដោយសារលោកមិនទទួលបានការព្យាបាលមួយតាមលក្ខណៈវេជ្ជសាស្រ្ត ដោយសារលោកមិនមានថវិកាសម្រាប់ព្យាបាល ហើយលោកសម្រេចទទួលយកការព្យាបាលបែបបុរាណខ្មែរ ដោយមានគ្រូខ្មែរជាអ្នកព្យាបាល។ លោកឲ្យដឹងថាក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីជាងមួយឆ្នាំមុន លោកបានទទួលសំណងជាប្រាក់ចំនួន៥០០ដុល្លារអាមេរិកពីភាគីម្ចាស់រថយន្ត។ ប៉ុន្តែថវិកានេះ លោកបានចំណាយសម្រាប់ថ្លៃព្យាបាលជាការវះកាត់នៅមន្ទីរពេទ្យឯកជនមួយ។ ដោយសារមិនមានថវិកាសម្រាប់ការព្យាបាលបន្ថែមទៀត លោកត្រូវបានបញ្ជូនមកព្យាបាលនៅពេទ្យរដ្ឋ។ ប៉ុន្តែលោកក៏ត្រូវចំណាយថវិកានៅទីនោះដែរ។ សម្រាកបាន២ថ្ងៃនៅពេទ្យបង្អែកខេត្តសៀមរាប លោកត្រូវចេញទៅផ្ទះវិញ ដោយសារលោកមិនថវិកាព្យាបាលបន្ត ហើយលោកក៏ប្រាប់ភរិយារបស់លោកឲ្យយកទៅព្យាបាលដោយគ្រូខ្មែរ។
ដោយសារមិនមានជម្រើស លោក ស៊ីម បានមកសម្រាកព្យាបាលដោយគ្រូខ្មែរ រយៈពេលជាង៣ខែ។ ប៉ុន្តែវារឹតតែធ្វើឲ្យជំងឺនេះកាន់តែដុនដាប។
លោកបន្ថែមថា៖ «ចេញពីពេទ្យមិនទាន់បាន២ថ្ងៃទៅគ្រូខ្មែរ ឡើងខូចជើងខ្ញុំ ដាក់ថ្នាំពីលើរបួស ឡើងរលួយជើង។ ខមាលទោសសុទ្ធតែដង្កូវ ហើយខ្ញុំនៅក្នុងមុង(ការពាររុយរោម)ជាង៥ខែ»។
លោកបានចំណាយប្រាក់សរុបប្រមាណ១ពាន់ដុល្លារអាមេរិកសម្រាប់ការព្យាបាលរបួសរបស់លោក ទាំងនៅមន្ទីរពេទ្យ និងគ្រូខ្មែរ។
លោកនិយាយថា៖ «កាលហ្នឹងដេកពេទ្យរដ្ឋបានតែប៉ុន្មានថ្ងៃ ហើយទៅគ្រូខ្មែរ។ ខ្ញុំអត់មានលុយវះកាត់អី។ កាលហ្នឹង ខ្ញុំអត់មានបណ្ណក្រីក្រ មានអីវះកាត់ ត្រូវការលុយអស់ច្រើនមែនទែន។ ខ្ញុំអត់មានលុយ ប្រាប់ប្រពន្ធខ្ញុំឲ្យយកទៅគ្រូខ្មែរទៅ ក្រែងបានជា។ ដល់ពេលដល់គ្រូខ្មែរ វាធ្ងន់ធ្ងរខ្លាំងជាងមុនទៀត។ បងអើយជិតងាប់ជិតរស់ ប៉ិះនឹងងាប់ទៀត បានដឹងរឿងដល់ពេទ្យខេត្ត ទើបពេទ្យខេត្ត ទៅរកខ្ញុំដល់ផ្ទះ។ យកខ្ញុំពីផ្ទះមកមើលវិញ ទៅក៏បានរស់ឡើងវិញ»។
រឿងរ៉ាវរបស់លោកបានឮដល់មន្ទីរពេទ្យរដ្ឋ ទើបចុងក្រោយ លោកក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឡើងវិញ ទោះមិនមានថវិកាក៏ដោយ។ លោកក៏ទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្រនៅពេលសម្រាកព្យាបាលជាលើកទីពីរ។
លោកស្នាក់នៅក្នុងវត្តអារញ្ញសាគរ នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាបបានជាង១ខែហើយ ដើម្បីងាយស្រួលចូលពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក ស៊ីម ជាអ្នកបើករម៉កកង់បី ដឹកភ្ងៀវទេសចរណ៍ប្រចាំនៅសណ្ឋាគារមួយក្នុងខេត្តសៀមរាប ដោយរកចំណូលបានប្រមាណ៣០០ ទៅ ៤០០ដុល្លារក្នុង១ខែ ដើម្បីផ្គត់ផ្គង់គ្រួសារ និងកូនតូចៗ ២នាក់ ដែលរស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
ជាមធ្យម គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបណ្តាលឲ្យមនុស្ស១១នាក់របួសក្នុងមួយថ្ងៃ និងស្លាប់ជាមធ្យម៥នាក់។ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០២១នេះ ឲ្យដឹងថាតាមការប៉ាន់ប្រមាណ សម្រាប់ថ្លៃចំណាយជាមធ្យមពេលព្យាបាលនៅមន្ទីរពេទ្យ អ្នកជំងឺរបួសធ្ងន់ ត្រូវចំណាយ៥ពាន់ដុល្លារ និងរបួសមធ្យម២៥០០ដុល្លារ។
នៅក្នុងខេត្តសៀមរាបដដែល អ្នកស្រី ប៉ី កី អាយុ៤២ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដូចលោក ស៊ីម ដែរ។ អ្នកស្រីក៏ព្យាបាលដោយគ្រូខ្មែរដូចគ្នា ដោយសារមិនមានថវិកាសម្រាប់ការព្យាបាល។
ស្រ្តីដែលមានកូន៤នាក់ក្នុងបន្ទុករូបនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ពេលអ្នកស្រីឌុបកូនតូចៗ២នាក់ដោយម៉ូតូ ធ្វើដំណើរត្រឡប់មកផ្ទះវិញ ប៉ុន្តែត្រូវរថយន្តបើកដោយល្បឿនលឿនបុក។ អ្នកស្រីឲ្យដឹងថាកូនម្នាក់ ក៏ត្រូវរបួសប៉ះពាល់ថ្លើម ហើយបានព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ បច្ចុប្បន្ន អ្នកស្រីដើរមិនត្រង់ដូចពីមុន ហើយលែងធ្វើការងារធ្ងន់ៗបានដូចដើម ដោយសារបាក់ឆ្អឹងត្រកៀក។
អ្នកស្រី ប៉ី កី បានរៀបរាប់ថា៖ «ដើរវៀតៗ។ វាឈឺពិបាកនិងឈឺពេលយើងអង្គុយយូរ ក្រោកទៅវាជាប់សរសៃ ដល់ជាប់សរសៃ វាឈឺទៅ ដើរច្រើនពេក ក៏វាឈឺដែរ។ វារឹងជើងទៅ វាឈឺហួលជង្គង់នេះ និងឈឺត្រង់នេះមុខតំណរឆ្អឹង យើងឈឺ យើងដើរមិនសូវបានច្រើន ទៅណាក៏ពិបាកទាល់តែកូនជូន។ ជើងអត់ទាន់ជាន់កើត បានតែលើកដាក់ ហើយចង់ឈប់ចង់អីអត់កើត ជើងលើកអត់កើត។ បើយើងឈរលើកជើង តែអង្គុយហើយលើកអត់កើត»។

អ្នកស្រីទទួលបានសំណង៥លានរៀល ពីភាគីបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែថវិកានេះមិនគ្រប់គ្រាន់ក្នុងការចំណាយព្យាបាលដែលអស់ប្រហែល២៥០០ដុល្លារអាមេរិក។ អ្នកស្រីបានខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុមួយសម្រាប់ចំណាយលើថ្លៃព្យាបាលជំងឺ។
អ្នកស្រីបានព្យាបាលជាមួយគ្រូខ្មែរ រយៈពេលមួយឆ្នាំ ដោយសារមិនមានថវិកាព្យាបាលនៅពេទ្យ។ បច្ចុប្បន្ន អ្នកស្រីលក់ដូរចាប់ហួយបន្តិចបន្តួចនៅខាងមុខផ្ទះ។
អ្នកស្រីថ្លែងថា៖ «ពីមុនបិទស្រាចិញ្ចឹមជ្រូក ដល់ពេលយើងគ្រោះថ្នាក់អត់មានធ្វើការធ្ងន់បាន បានតែលក់អញ្ចេះឯងបន្តិចៗ។ អត់បានទេធ្វើធ្ងន់ អត់បាន ឱនងើបៗ អត់បាន»។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថារដ្ឋាភិបាល និងក្រសួងសុខាភិបាលមានគោលការណ៍ច្បាស់លាស់ ជួយសម្រួលដល់ការព្យាបាលអ្នកដែលមានបណ្ណបេឡាសន្តិសុខសង្គម(បសស) និងបណ្ណក្រីក្រ។ លោកលើកទឹកចិត្តប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយមិនមានថវិកា គួរមកពិគ្រោះជាមួយមន្ទីរពេទ្យរដ្ឋ ដើម្បីសុំជំនួយ ហើយមិនគួររកការព្យាបាលតាមគ្រូខ្មែរនោះទេ ដោយសារវាអាចធ្វើឲ្យរបួសកាន់តែធ្ងន់ធ្ងរ។
លោកមានប្រសាសន៍ថា៖ «មន្ទីរពេទ្យគេមានយន្តការក្នុងការលើកលែងចំពោះអ្នកដែលក្រីក្រ ដែលមានបណ្ណក្រីក្រ ឬមួយអត់មានបណ្ណក្រីក្រ ក៏ប៉ុន្តែគាត់ក្រមែន។ ការដែលគាត់ទៅរកគ្រូខ្មែរគ្រូអីនេះ មិនមែនជារឿងល្អនោះទេ។ អ្នកខ្លះទៅរកគ្រូខ្មែរ ហើយមើលគ្រូខ្មែរអស់ចិត្ត ជៀសមិនផុតត្រូវតែមកពេទ្យវិញដដែល»។
លោក គីម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) មានប្រសាសន៍ថា តាមការស្រាវជ្រាវកន្លងមក គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យប៉ះពាល់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរទាំងការរកចំណូល ការសិក្សា និងអ្នកមើលថែ ទាំងសេដ្ឋកិច្ចគ្រួសារនិងថ្លៃព្យាបាល។
លោកថ្លែងថា៖ «បាត់បង់ចំណូលដែលពាក់ព័ន្ធនឹងភាពក្រីក្រ គ្រួសារដែលក្រីក្រខ្លាំងទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំង ពួកគាត់ត្រូវខ្ចីបុលលុយគេ។ បើមានស្លាប់ត្រូវធ្វើបុណ្យ បើមានរបួសធ្ងន់ធ្ងរដេកនៅមន្ទីរពេទ្យត្រូវយកមកព្យាបាល បើសិនជាមានសំណងអីផ្សេងទៀត គាត់ត្រូវខ្ចីបុលគេ ធ្វើឲ្យគ្រួសាររបស់គាត់ដែលកំពុងតែមានស្ថានភាពមិនល្អប្រើសើរ ក្រីក្រស្រាប់ត្រូវជាប់ជាមួយបំណុលធ្វើឲ្យគាត់កាន់តែក្រីក្រខ្លាំងឡើងថែមទៀត»។

លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ មានប្រសាសន៍ថាលោកមិនទាន់ឃើញថារដ្ឋាភិបាលមានគោលនយោបាយអ្វីផ្សេងសម្រាប់ជួយអ្នកក្រីក្រជួបគ្រោះថ្នាក់ចរាចរណ៍ ក្រៅតែពីតាមរយៈបណ្ណបបស និងបណ្ណក្រីក្រ។
លោក រតនៈ មានប្រសាសន៍ថា៖ «ការបញ្ជូនជនរងគ្រោះពីកន្លែងកើតហេតុទៅកាន់មន្ទីរពេទ្យជារឿងសំខាន់ និងស្ថិតក្នុងផែនការមួយ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ គុណភាពនៃសេវាដឹកជញ្ជូនជនរងគ្រោះសព្វថ្ងៃ នៅមានកម្រិត។ ខ្ញុំបានត្រឹមសំណូមពរដល់អ្នកពាក់ព័ន្ធ មេត្តាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត»។
កាលពីខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្មីមួយស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ច។ របាយការណ៍ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នាំឲ្យមានការខាតបង់ចំនួន ៤៦៦,៨លានដុល្លារសម្រាប់ឆ្នាំ២០១៩ ស្មើនឹង១,៧% នៃផលិតផលសរុប(ផ.ស.ស)ប្រចាំឆ្នាំ។ ៨៨,៨% នៃការខាតបង់នេះ ដោយសារការបាត់បង់ជីវិតនិងការបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។
របាយការណ៍នេះផ្តល់ជាអនុសាសន៍ឲ្យមានការឆ្លើយតបក្នុងទម្រង់ជាគោលនយោបាយជាច្រើន ដូចជាការពន្លឿនការរៀបចំគោលនយោបាយ និងការពង្រឹងការប្រមូលទិន្នន័យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលិខិតបទដ្ឋានគតិយុត្តនានា ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ។ របាយការណ៍នេះបានរំលេចឲ្យឃើញពី«ភាពចាំបាច់ក្នុងការឆ្លើយតបជាបន្ទាន់»។
បើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះជាង ២០% ស្របពេលដែលប្រជាពលរដ្ឋមិនសូវធ្វើដំណើរចេញក្រៅ ដោយសារបញ្ហាជំងឺកូវីដ១៩។ មនុស្ស ៧០៩នាក់បានស្លាប់ ១៧៩២នាក់របួស ដោយក្នុងនោះរបួសធ្ងន់ ១០៤៦នាក់៕