សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ បានបញ្ចប់សវនាការលើសំណុំរឿងរបស់សកម្មជនបរិស្ថាន១០នាក់ រួមទាំងជនជាតិអេស្ប៉ាញលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីដសិន ជាសហស្ថាបនិកអង្គការមាតាធម្មជាតិ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ។
តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២ ខែកក្កដា។
ជនជាប់ចោទបានបដិសេធការចោទប្រកាន់ទាំងនេះ ខណៈមេធាវីការពាររបស់ពួកគេអះអាងថា គ្មានភស្តុតាងដែលបញ្ជាក់ថា ពួកគេមានកំហុសនោះទេ។ ស្របពេលជាមួយគ្នានេះ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា សកម្មជនទាំងនោះបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលក្រោមលេសថា «ការពារបរិស្ថាន និងសិទ្ធិមនុស្ស»។
នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់លោក លោក សេង ហៀង បានមានប្រសាសន៍ថា ជនជាប់ចោទបានធ្វើសកម្មភាព «ប៉ះពាល់ដល់សន្តិសុខជាតិ» និងមាន «ចេតនាទុច្ចរិតផ្ទេរប្រាក់ដោយសម្ងាត់» ចន្លោះឆ្នាំ២០១២ និង២០២១។ ខណៈក្រសួងមហាផ្ទៃបានលុបឈ្មោះអង្គការមាតាធម្មជាតិនៅឆ្នាំ២០១៧។
ដោយអានការអត្ថាធិប្បាយរបស់លោក ហ្គន់សាឡេស ដេវីដសិន ថា «ការតស៊ូមតិប្រឆាំងនឹងរបបលោក ហ៊ុន សែន» ដែលធ្វើឡើង អំឡុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom លោក សេង ហៀង មានប្រសាសន៍ថា សកម្មជនរូបនេះបានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌» ក្រោមលេសបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា។
លោក សេង ហៀង បានលើកឡើងថា លោក ហ្គន់សាឡេស ដេវីដសិន និងជនជាប់ចោទពីរនាក់ទៀតគឺ យឹម លាងហ៊ី និង ស៊ុន រដ្ឋា ក៏បានប្រើពាក្យមិនសមរម្យប្រមាថព្រះមហាក្សត្រក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ផងដែរ។
លោក សេង ហៀង មានប្រសាសន៍ថា៖ «តំណាងអយ្យការសូមរក្សាបទចោទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ សូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាដាក់ទោស [ពួកគេ] តាមច្បាប់»។
ជនជាប់ចោទប្រាំនាក់បានក្រោកឈរឡើងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះដែលមានចៅក្រមបីរូប បានបដិសេធការចោទប្រកាន់ ដោយនិយាយថា ការងាររបស់ពួកគេគឺ «ការពារបរិស្ថាន» ហើយបានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះទម្លាក់បទចោទប្រកាន់។
លោក លាងហ៊ី បាននិយាយថា៖ «ខ្ញុំបានបូជាជីវិតរបស់ខ្ញុំ ដើម្បីការពារបរិស្ថាន។ ខ្ញុំបានបោះបង់ចោលការងាររបស់ខ្ញុំ [ដែលមានប្រាក់ខែ] រាប់១០០០ដុល្លារ ដើម្បីធានានូវគណនេយ្យភាព និងតម្លាភាពក្នុងការការពារបរិស្ថាន។ ខ្ញុំសុំឲ្យចៅក្រមទម្លាក់ចោលការចោទប្រកាន់ទាំងអស់»។
ជនជាប់ចោទម្នាក់ទៀតឈ្មោះ លី ចាន់ដារ៉ាវុត បានបន្ទរតាម លាងហ៊ី ថា ពួកគេធ្វើការលើបញ្ហាបរិស្ថាន។ សកម្មភាពរបស់ខ្លួន គឺដើម្បីបង្ហាញឱ្យឃើញថា «អ្នកមាន និងមន្ត្រីមានអំណាច» ដែលកំពុងទទួលបានផលប្រយោជន៍ពីការចាក់ដីលុបបឹង និងបំផ្លាញបរិស្ថាន។ ដោយលើកឡើងអំពីមាត្រា៤៥១ ដែលចែងពីនិយមន័យនៃបទឧបឃាត លី ចាន់ដារ៉ាវុត បាននិយាយថា «គ្មានធាតុផ្សំ [គាំទ្រ] បទរួមគំនិតក្បត់ទេ ដូចជាការប្រើអំពើហិង្សា ឬការប៉ះពាល់ដល់បូរណភាពនោះទេ។ បទចោទនេះមានការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ស្ថាប័ននៅកម្ពុជា ឬរំលោភលើបូរណភាពនៃដែនដីជាតិ»។
លោកស្រី សម សុគន្ធា មេធាវីការពារក្តី បានសង្កត់ធ្ងន់ថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកស្រី ហើយការអត្ថាធិប្បាយរបស់ លោក ហ្គន់សាឡេស ដេវីដសិន ក៏មិនឆ្លុះបញ្ចាំងពីទស្សនរបស់កូនក្តីទេ។
លោកស្រីចោទសួរថា៖ «តើវីដេអូឃ្លីបមួយណាដែលបង្ហាញថា កូនក្តីរបស់ខ្ញុំរៀបចំគម្រោងវាយប្រហារលើស្ថាប័នរដ្ឋ?»។ លោកស្រី សុគន្ធា មានប្រសាសន៍ថា៖ «គ្មានការរៀបចំផែនការ [សកម្មភាព] ជាមួយជនបរទេសទេ។ រាល់សកម្មភាពទាំងអស់ គឺទាក់ទងនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ»។
លោកស្រីបានបន្ថែមថា អនុសញ្ញាអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម។ លោកស្រីបានទទូចថា៖ «សូមក្រុមប្រឹក្សាជំនុំជម្រះទម្លាក់ចោលបទចោទលើកូនក្តីរបស់ខ្ញុំទាំងអស់»។
លោក សំ ចំរើន មេធាវីការពារក្តីម្នាក់ទៀតបានចោទសួរពីភាពស្របច្បាប់នៃការប្រមូលភស្តុតាងពីកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដោយអះអាងថា «វាជាការប្រជុំឯកជន»។
លោកបានមានប្រសាសន៍ថា៖ «ការលួចថតសំឡេងនៃប្រជុំរបស់បុគ្គលមួយគឺមិនស្របច្បាប់ទេ ដូច្នេះវាមិនស្របច្បាប់ក្នុងការយកមកធ្វើជាភស្តុតាងនោះទេ»។
អំឡុងសវនាការពេលព្រឹក មន្ត្រីតុលាការបានចាក់បញ្ចាំងវីដេអូជាភស្តុតាងដែលចោទប្រកាន់សកម្មជនអង្គការមាតាធម្មជាតិ ប៉ុន្តែបានបដិសេធចាក់បញ្ចាំងផ្នែកដែលសកម្មជនជឿថា នឹងជួយដល់សំណុំរឿងរបស់ពួកគេ ទោះបីជាមានការទទូចពីជនជាប់ចោទ និងមេធាវីរបស់ពួកគេក៏ដោយ។
តុលាការបានបន្តពិនិត្យចាក់បញ្ចាំងវីដេអូពីរបន្ថែមទៀតដែលដាក់បន្ទុកលើសកម្មជនដោយបង្ហាញការសន្ទនាក្នុងចំណោមពួកគេ រួមទាំងលោក ហ្គន់សាឡេស ដេវីដសិន ផងដែរ។
វីដេអូទីមួយបង្ហាញពីក្រុមសកម្មជនដែលកំពុងពិភាក្សាអំពីសំណើសុំប្រើប្រាស់ដ្រូននៅកម្ពុជា ខណៈវីដេអូទីពីរពិភាក្សាអំពីអំណាចរបស់លោក ហ៊ុន សែន ដែលត្រូវបានយកមកធ្វើជាភស្តុតាងចំពោះបទ «ប្រមាថព្រះមហាក្សត្រ»។ នៅក្នុងវីដេអូនោះ លោក ហ្គន់សាឡេស ដេវីដសិន បាននិយាយថា៖ «គាត់ [លោក ហ៊ុន សែន] សួរថា តើត្រូវបោះឆ្នោតឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យលោក ហ៊ុន សែន ក្លាយជាព្រះមហាក្សត្រនៃកម្ពុជាឬយ៉ាងណា»។
អតីតសកម្មជនមាតាធម្មជាតិ លោក យឹម លាងហ៊ី បានឆ្លើយតបទៅលោក អាឡិច ក្នុងវីដេអូថា មិនពាក់ព័ន្ធនឹងព្រះមហាក្សត្រ។ លោកបានបន្ថែមថា៖ «ប្រសិនបើអ្នកបោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញ [គឺ] ឲ្យកូនប្រុសគាត់ [កូនប្រុសលោក ហ៊ុន សែន] ធ្វើនាយករដ្ឋមន្ត្រី ឬឲ្យគាត់ [ ហ៊ុន សែន] ធ្វើនាយករដ្ឋមន្ត្រីអស់មួយជីវិត»។
លោក លាង ហ៊ី បាននិយាយបន្ថែមនៅក្នុងវីដេអូថា ពួកគេគួរតែពិភាក្សាតែរដ្ឋាភិបាល ឬគណបក្សកាន់អំណាចប៉ុណ្ណោះ ពីព្រោះ «ព្រះមហាក្សត្រ គឺជាជនរងគ្រោះ»។ នៅក្នុងតុលាការថ្ងៃចន្ទនេះ លោកបានប្រាប់ចៅក្រមថា ទង្វើ និងពាក្យសម្ដីរបស់គាត់ មិនមែនមានបំណងប្រមាថព្រះមហាក្សត្រទេ ពីព្រោះគាត់គោរពព្រះមហាក្សត្រ និងព្យាយាមរារាំងព្រះនាមព្រះមហាក្សត្រពីការពិភាក្សា។
ទន្ទឹមនឹងនោះ លោក ចាន់ តារ៉ាវុធ បានស្នើឲ្យតុលាការចាក់វីដេអូបន្ថែមទៀត ជាពិសេសកន្លែងលោកកំពុងហ្វឹកហាត់ជាមួយជនបរទេស ព្រោះតំណាងអយ្យការបានប្រើប្រាស់ជាភស្តុតាងនៃការសមគំនិតប្រឆាំងនឹងរូបលោក។
លោកបន្តថា៖ «ព្រះរាជអាជ្ញាតែងតែសួរអំពីការបណ្តុះបណ្តាលជាមួយជនបរទេស។ [ខ្ញុំ] ស្នើសុំឱ្យ [តុលាការ] ចាក់វីដេអូនោះ ដើម្បីបង្ហាញអ្នករាល់គ្នាថាតើការបណ្តុះបណ្តាលនេះខុសច្បាប់ឬអត់?» ។
ទោះជាយ៉ាងនេះក្តី ប្រធានចៅក្រម អ៊ុក រ៉េត គន្ធា បានច្រានចោលសំណើរបស់លោក ចាន់ តារ៉ាវុធ ដែលបង្ហាញថាវីដេអូនោះជា «ការខាតពេលវេលា» ពីព្រោះវីដេអូដែលតុលាការទទួលបាននៅដំណាក់កាលចៅក្រមជំនុំជម្រះត្រូវបានបង្ហាញរួចហើយ និងភស្តុតាងដ៏ទៃមិនត្រូវបានបង្ហាញនៅក្នុងសវនាការ។
លោកស្រីបាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តមិនចាក់វីដេអូបន្ថែមក្រៅពីភស្តុតាងដែលមាននៅក្នុងសំណុំរឿង។ ប្រសិនបើអ្នកគិតថាមិនមានភស្តុតាងគ្រប់គ្រាន់ទេ វានឹងមានការពេញចិត្តនៅពេលមេធាវីរបស់អ្នកធ្វើសេចក្តីសន្និដ្ឋាន»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានចូលរួមក្នុងសវនាការបានថ្លែងថា ចុងចោទ និងមេធាវីមិនពេញចិត្តនឹងវីដេអូដែលបង្ហាញជាភស្តុតាង។ វីដេអូភាគច្រើនដែលត្រូវបានចាក់គឺដើម្បីបញ្ជាក់ពីកំហុសរបស់ពួកគេ។ តុលាការមិនបានចាក់វីដេអូផ្សេងទៀតក្នុងបញ្ជីដែលត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការ ហើយវីដេអូដែលសកម្មជនជឿថានឹងជួយជម្រះឈ្មោះរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា៖ «អង្គជំនុំជម្រះបាននិយាយថា ភស្តុតាងទាំងអស់ [វីដេអូដែលចុងចោទស្នើសុំលេង] មិនត្រូវបានរកឃើញនៅក្នុងសំណុំរឿងនោះទេ ដែលយើងឃើញអាជ្ញាធរបានកសាងសំណុំរឿង និងបញ្ជូនវាជាភស្តុតាង»។
លោក សំអាត បានមានប្រសាសន៍ថា៖ «ប៉ុន្តែបន្ទុកនៃភស្តុតាង និងភស្តុតាងដែលអាចដោះលែងចុងចោទ [មិនត្រូវបានគេមើលឃើញ] ដែលគួរឱ្យសង្ស័យនោះទេ» ដោយលោកបានបន្ថែមថា តម្រូវការក្នុងការបង្ហាញភស្តុតាងទាំងអស់របស់ជនជាប់ចោទ និងមេធាវីរបស់ពួកគេគឺសមហេតុផល។ នេះអាចបញ្ជាក់ការពិត និងស្វែងរកយុត្តិធម៌ពេញលេញសម្រាប់ជនជាប់ចោទ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trial of Mother Nature Activists Concludes at Phnom Penh Court, Verdict on July 2