បន្ទាប់ពីដំណើរការអស់រយៈពេល១៦ឆ្នាំ សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសសាលក្រមចុងក្រោយរបស់ខ្លួនប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ចុងក្រោយនៃរបប ប៉ុល ពត គឺលោក ខៀវ សំផន ដោយតម្កល់ទោសដាក់គុកអស់មួយជីវិត។
សាលដីកាពីអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាសាលាក្តីខ្មែរក្រហម បានបញ្ចប់សំណុំរឿងដែលមិនទាន់កាត់ក្តីចុងក្រោយប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់នៃរបបកុម្មុយនីស្តដ៏ជ្រុលនិយមមួយនេះ ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ១,៧លាននាក់ស្លាប់ដោយសារការអត់ឃ្លាន ការធ្វើទារុណកម្ម ការប្រហារជីវិត និងការបង្ខំឱ្យធ្វើការពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការថា៖ «ការប្រកាសសាលក្រមនៅថ្ងៃព្រហស្បតិ៍នេះ ក្លាយជាការបិទទំព័រដ៏ខ្មៅងងឹតមួយសម្រាប់ប្រជាជនកម្ពុជារបស់យើង ដែលទន្ទឹងរង់ចាំយូរមកហើយ និងសម្រាប់មនុស្សជាតិទាំងមូលទាក់ទងនឹងដំណើរការស្វែងរកយុត្តិធម៌នៅក្នុងក្រមខណ្ឌនៃឧក្រិដ្ឋកម្មជាតិនិងអន្តរជាតិ»។
លោក ខៀវ សំផន វ័យ៩១ឆ្នាំ ជាកម្មាភិបាលជាន់ខ្ពស់ម្នាក់ក្នុងចំណោមកម្មាភិបាលជាន់ខ្ពស់ពីររូបដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០០៧ លោក សំផន ក៏ជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមម្នាក់ក្នុងចំណោមបីនាក់ប៉ុណ្ណោះដែលត្រូវបានកាត់ទោសដោយតុលាការកម្ពុជា-អង្គការសហប្រជាជាតិ។ តុលាការដែលត្រូវបានបង្កើតឡើងកាលពី២០ឆ្នាំមុន និងចំណាយអស់ជិត៤០០លានដុល្លារ ដោយមូលនិធិភាគច្រើនបានមកពីម្ចាស់ជំនួយអន្តរជាតិ។
បន្ទាប់ពីការប្រកាសសាលក្រមនៅថ្ងៃព្រហស្បតិ៍ សាលាក្តីកូនកាត់នេះរំពឹងថានឹងបញ្ចប់សំណុំរឿងរបស់ខ្លួននៅចុងឆ្នាំនេះ។ នៅឆ្នាំក្រោយសាលាក្តីនឹងចាប់ផ្តើមដំណាក់កាលដែលនៅសេសសល់ក្នុងគោលបំណងរក្សាកេរដំណែលរបស់តុលាការហើយអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនូវកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនអំពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្រោមរបបខ្មែរក្រហម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងបន្តថា ចាប់តាំងពីឆ្នាំ២០០៦មក សាលាក្តីខ្មែរក្រហមបានស្តាប់រឿងរ៉ាវដែលជាភស្តុតាងពីជនរងគ្រោះជាង ១០ ៣០០នាក់ដែលឆ្លងកាត់របបខ្មែរក្រហម ហើយបានចេញសេចក្តីសម្រេច ១ ៣៤៥ និងបានរួមចំណែកប្រហែល៣លានទំព័រដល់កំណត់ត្រាតុលាការ និងប្រវត្តិសាស្រ្តរបស់កម្ពុជា។
លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្ស និងជាអតីតនាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធកម្ពុជា ដែលផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមហើយបានចូលរួមក្នុងដំណើរការកាត់ទោសនៅសាលាក្តីនេះ បាននិយាយថាវាដល់ពេលដែលត្រូវបញ្ចប់នីតិវិធី ព្រោះមេដឹកនាំកំពូលខ្មែរក្រហមត្រូវបានកាត់ទោសរួចហើយ ម្យ៉ាងក៏មិនអាចកាត់ទោសកម្មាភិបាលក្នុងរបបនេះទាំងអស់ដែរ។
លោកបានលើកឡើងថា៖ «ខ្ញុំគិតថា វាគួរតែដល់ពេលហើយ។ យើងមិនចាំបាច់បន្តករណី ០០៣ ឬ០០៤ ទៀតទេ ព្រោះវាខ្ជះខ្ជាយពេលវេលា និងលុយកាក់។ ប្រសិនបើយើងចង់រកយុត្តិធម៌ពេញលេញសម្រាប់ទាំងអស់គ្នា មានតែនាំខ្មែរក្រហមទាំងអស់មកកាត់ទោស ប៉ុន្តែខ្ញុំគិតថាយើងមិនអាចធ្វើបានទេ។ ដើម្បីសន្តិភាពរបស់ប្រទេសកម្ពុជា យើងបានសម្រេចយកតែមេដឹកនាំកំពូលៗមកកាត់ទោសប៉ុណ្ណោះ»។
លោក ខៀវ សំផន និង នួន ជា ជាអនុលេខាបក្សកុម្មុយនីស្ត ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពនៅឆ្នាំ២០១៨ពីបទប្រល័យពូជសាសន៍លើជនជាតិវៀតណាមនៅកម្ពុជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ចំណែក លោក នួន ជា ក៏ត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍លើជនជាតិភាគតិចចាមផងដែរ។ ពួកគេត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតរួចហើយក្រោយពីត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីឆ្នាំ២០១៤។ លោក នួន ជា បានស្លាប់នៅឆ្នាំ២០១៩។
បុគ្គលទាំងពីរនេះត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទឧក្រិដ្ឋកម្មជាច្រើនប្រឆាំងមនុស្សជាតិ ដែលក្នុងនោះរួមមាន ឃាតកម្ម ការធ្វើទារុណកម្ម ការដាក់ពន្ធនាគារ ការបង្ខំឱ្យរៀបការ និងការរំលោភនៅក្នុងបរិបទនៃការរៀបការដោយបង្ខំដែលកម្មាភិបាលបានបង្ខំមនុស្សឱ្យរៀបការ និងរួមភេទប្រឆាំងនឹងឆន្ទៈរបស់ពួកគេ។
ក្រោយសាលក្រមសម្រេចពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា នឹងមិនមានការកាត់ក្តីមេដឹកនាំណាមួយទៀតទេក្នុងសាលាក្តីខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេបញ្ជាការខ្មែរក្រហមដែលបានរត់ចេញពីប្រទេស បាននិយាយម្តងហើយម្តងទៀតថា នឹងមិនមានករណីបន្តទៀតទេ ដោយអះអាងថាការកាត់ទោសកាន់តែច្រើននឹងបង្កអស្ថិរភាពក្នុងប្រទេស។
កាលពីឆ្នាំ២០១០ លោក ហ៊ុន សែន បានថ្លែងថា លោកនឹងមិនអនុញ្ញាតឱ្យមានការកាត់ទោសនៅសាលាក្តីនេះលើសពីករណីទីពីរដែលកាត់ទោសលោក សំផន និងលោក ជា នោះទេ។ ការសែតភ្នំពេញប៉ុស្តិ៍បានផ្សាយថាសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីត្រូវបានគេរិះគន់នៅពេលនោះថាជាការជ្រៀតជ្រែកផ្នែកនយោបាយក្នុងការងាររបស់តុលាការ។
លោកស្រី Ming Yu Hah អនុប្រធានប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់យុទ្ធនាការបាននិយាយថា ទោះបីជាការងាររបស់តុលាការ«មិនល្អឥតខ្ចោះ» ក៏វាបានបង្ហាញថាជនល្មើស«អាចហើយនឹងត្រូវតែទទួលខុសត្រូវ»ពីទង្វើរបស់ពួកគេ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សេចក្តីសម្រេចនៅថ្ងៃនេះគួរតែជាការក្រើនរំលឹកមួយផ្សេងទៀតថាការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមិនមានកាលបរិច្ឆេទផុតកំណត់ទេ»។
លោកស្រីបានបន្ថែមថាសាលាក្តីក៏បានធ្វើជាវេទិកាសម្រាប់ការពិភាក្សាជាសាធារណៈពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម និងជាកន្លែងសម្រាប់ស្តាប់ កត់ត្រា និងផ្សព្វផ្សាយជាសាធារណៈនូវសំឡេងជនរងគ្រោះផងដែរ។
លោក នង ចាន់ផល អ្នករស់រានមានជីវិតពីមន្ទីរឃុំឃាំង ស-២១ ឬគុគទួលស្លែង ដែលជាកន្លែងអ្នកទោសក្នុងរបបនេះជាច្រើនពាន់នាក់ត្រូវបានឃុំខ្លួន ភាគច្រើនត្រូវបានធ្វើទារុណកម្មនិងសម្លាប់ បានលើកឡើងថា ខណៈលោកអបអរសាទរសមិទ្ធផលរបស់តុលាការ លោកក៏ចង់ឃើញមេដឹកនាំខ្មែរក្រហមបន្ថែមទៀតត្រូវបាននាំយកមកកាត់ទោសផងដែរ។
លោកបាននិយាយដោយសំដៅទៅលើប្រធានពន្ធនាគារស-២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលបានស្លាប់នៅឆ្នាំ២០២០ថា៖ «នៅពេល ឌុច សារភាពថា ខ្លួនបានប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំមានគិតថាមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។ វាអាចទទួលយកបានសម្រាប់ខ្ញុំ ព្រោះវាអាចធ្វើឲ្យការចងចាំដ៏អាក្រក់របស់ខ្ញុំបានរសាយខ្លះ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែសម្រាប់មេដឹកនាំផ្សេងទៀតដែលនៅពីក្រោយការប្រល័យពូជសាសន៍ ពួកគេនៅតែលាក់បាំងការពិត ខណៈនៅមានមេដឹកនាំខ្មែរក្រហមផ្សេងទៀតមិនត្រូវបាននាំយកមកកាត់ទោស ដែលខ្លះកំពុងមានអំណាច»។
លោកបាននិយាបែបនេះដោយសំដៅទៅលើអតីតកម្មាភិបាលខ្មែរក្រហមដែលបច្ចុប្បន្នមានមុខតំណែងក្នុងរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោក ចាន់ ផល មានប្រសាសន៍ថាយ៉ាងហោចណាស់សាលាក្តីនេះក៏បាននាំនូវក្តីបញ្ចប់នៃទុក្ខសោកសម្រាប់ជនរងគ្រោះមួយចំនួន ក៏ដូចជាជួយផ្សះផ្សាជាតិផងដែរ។
លោកបានលើកឡើងថា៖ «យើងមិនចង់ឃើញរបបនេះត្រឡប់មកវិញទេ។ យើងចង់បានប្រជាធិបតេយ្យពិតប្រាកដ។ យើងមិនត្រូវការរបបផ្តាច់ការទេ។ វានឹងក្លាយជាការចងចាំសម្រាប់មនុស្សជំនាន់ក្រោយ និងជាមេរៀនសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tribunal Concludes, Upholding Last Khmer Rouge Leader’s Genocide Conviction