សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ការ​ដំឡើង​ពន្ធថ្មី​របស់​អាមេរិក​៤៩%លើ​កម្ពុជា អាចគំរាម​កំហែង​ដល់​វិស័យ​ពាណិជ្ជកម្ម​

កំពង់ផែខេត្តព្រះសីហនុ ថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កំពង់ផែខេត្តព្រះសីហនុ ថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពី​ការ​ដាក់​ពន្ធ​ឆ្លើយ​តប​ចំនួន​៤៩​%​លើ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី៣ ខែមេសា និង​​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​៩ ខែ​មេសា​ ឆ្នាំ២០២៥។ ព័ត៌មាន​នេះ​បាន​ផ្ទុះ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ដែល​​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជំនួញ​។​

រដ្ឋបាល​លោក​ ត្រាំ បាន​ចាត់ទុក​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៦០ «​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក»។ ការ​កំណត់អត្រាពន្ធ​របស់​អាមេរិក​លើ​កម្ពុជា គឺ​ស្ថិត​នៅ​ចន្លោះ​វៀត​ណាម ៤៦% និង​ចិន​៥៤% ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ។ ចិន​ជា​ប្រទេស​មាន​អតិរេក​ (ច្រើន​លើស)​ពាណិជ្ជកម្ម​ធំបំផុត​របស់អាមេរិក និង​វៀតណាម​ជា​ប្រទេស​ធំទី​បី​។​

រដ្ឋបាលលោក​ត្រាំ អះអាង​ថា ​កម្ពុជា​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​អាមេរិក​ជាមធ្យម​ក្នុង​អត្រា​​៩៧%​។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ភាសជាមួយ ទូរទស្សន៍ជាតិកម្ពុជា(ទទក) កាលពីថ្ងៃទី៣ ខែមេសា ថា ការបន្ថែមពន្ធ៤៩ភាគរយពីអាមេរិកនេះ ដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍដូចប្រទេសផ្សេងៗទៀត តែងតែមានអតិរេក គឺតែងតែមានទំនិញនាំចេញទៅកាន់ប្រទេសធំៗ ព្រោះអីគឺផ្អែកលើទំហំនៃការបញ្ជាទិញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗ។

លោកស្រី និម្មល បានថ្លែងថា៖ «ជាពិត នៅពេលដំឡើងនូវបន្ទាត់ពន្ធគយ ដំឡើងនូវអត្រាទៅលើផលិតផលនៃការនាំចេញទៅនោះ………ដូច្នេះការដំឡើងពន្ធបន្ថែម គឺមានន័យថា ប្រជាជននៅសហរដ្ឋអាមេរិកដែលលោកជាអ្នកបញ្ជាទិញនូវផលិតផលពីកម្ពុជានោះ គឺលោកជាអ្នកទទួលផលប៉ះពាល់ដំបូង ហើយផលប៉ះពាល់បន្ទាប់គឺនៅលើកម្ពុជា»​

អ្នក​នាំពាក្យ​ក្រ​សួង​ពាណិជ្ជកម្ម​លោក សុខ សុភ័ក្ត្រ មាន​ប្រសាសន៍​ថា ​ក្រសួង​បាន​ដឹង​ពី​រឿង​នេះ តែ​ថា​ពេល​នេះ​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពី​មន្រ្តី​ក្រុង​វ៉ាស៊ីន​តោន​។​

លោក​បន្ថែម​ថា៖ «​យើង​មិន​ទាន់អា​ច​អត្ថាធិប្បាយ​អ្វី​បាន​ទេ»

លោក​ឱ្យ​ដឹង​ទៀតថា៖ «ដំបូង យើងត្រូវ​វិភាគ​លើ​ផលិត​ផល​នី​មួយៗ​ដើម្បី​កំណត់​ថា​តើ​វា​ប៉ះពាល់​បែប​ណា ព្រោះ​ថា​ពន្ធ​នេះ​មិន​ដាក់​លើ​ទំនិញ​ទាំងអស់​ទេ គឺ​គេ​មាន​បញ្ជី​លើក​លែង»។​

អ្នក​ជំនាញ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ខេមបូចាថា ​ពន្ធ​ថ្មី​នេះ​ទំនងជា​ដាក់​លើ​គ្រប់​មុខ​ទំនិញ​ទាំងអស់របស់​កម្ពុជា និង​ថា​អាច​នឹង​បន្ថែម​លើ​ពន្ធ​មាន​ស្រាប់​១០​%​ផង​។​

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​ពន្ធឆ្លើយ​តប​ថ្មី​លើ​ប្រទេស​នានា រួម​ទាំងអត្រា​​ពន្ធ​៤៩%​លើ​កម្ពុជា​ផង​ដែរ។ រូបភាព​ផ្សាយ​លើ​ទំព័រហ្វេស​ប៊ុក​របស់​សេតវិមាន​កាលពី​ថ្ងៃពុធ​។​

អ្នក​នាំពាក្យ​ក្រសូង​ការងារ លោក កត្តា អ៊ន បដិសេធអត្ថាធិប្បាយ​លើ​រឿង​នេះ ដោយថា​ក្រ​សួង​កំពុង​តាម​ដាន​ស្ថាន​ភាព​នេះ​​។​

ក្នុង​នាម​ជា​ប្រទេស​​អភិវឌ្ឍន៍តិចតួច កម្ពុជា​បាន​ទទួល​ការ​អនុគ្រោះពន្ធ​ពី​បណ្ដាប្រទេស​ធំៗ​មួយ​ចំនួន ដោយ​បាន​ទទួល​ការ​រួច​ពន្ធគយ នៃ​ការ​នាំទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី​គ្រប់​យ៉ាង​លើក​លែង​អាវុធ ឬ​ហៅ​កាត់​ថា​ EBA។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អនុគ្រោះពន្ធ​នោះ​បាន​រងការ​គំរាម​កំហែង ដោយសារ​បញ្ហា​កា​ររំលោភបំពាន​សិទ្ធិ​មនុស្សនៅ​កម្ពុជា​។​ កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​នាំចូលទៅ​អាមេរិក ក្រោ​ម​កម្មវិធីអនុគ្រោះ​ពន្ធ​ទូ​ទៅ ឬហៅ​កាត់​ថា​GSP ដែល​បាន​ផុត​សុពលភាព​កាលពីឆ្នាំ២០២១​។​

ចិន​ និង​អាមេរិក គឺ​ជាទីផ្សារ​នាំចេញ​ដ៏ធំបំផុត​របស់កម្ពុជា ប៉ុន្តែ​កម្ពុជា​នាំទំនិញ​ទៅ​អាមេរិក ក្នុង​តម្លៃជា​ទឹក​ប្រាក់ខ្ពស់ជាង​នាំទៅ​ចិន​ឆ្ងាយ​។​

គិត​ពី​ខែ​មករា ដល់ខែ​កុម្ភៈ កម្ពុជា​នាំទំនិញ​ទៅ​អាមេរិក​ក្នុង​ទំហំទឹកប្រាក់​ជាង​១,៦ពាន់​លាន​ដុល្លារ កើន​ឡើង​២៥​%​ខ្ពស់​ជាង​ឆ្នាំ​កន្លងទៅ​។ នេះ​បើ​តាម​តួលេខ​របស់​ភ្នាក់ងារគយ​កម្ពុជា​។

ក្នុង​ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា អាមេរិក មាន​ទំហំទឹក​ប្រាក់​១០,១៨​ពាន់​លាន​ដុល្លារ កើន​ឡើង​១១,២% ធៀប​នឹង​ឆ្នាំ២០២៣។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​៩,៩២​ពាន់​លាន​ដុល្លារ កើន​ឡើង​១១,៤​% ហើយ​អាមេរិក​នាំមក​កម្ពុជា​មាន​ទំហំទឹក​ប្រាក់​២៦៤,១៥​លាន​ដុល្លារ កើន​២,៧​%។​

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា មានប្រសាសន៍ថា​ ការ​ដាក់​ពន្ធ​ថ្មី​នេះ គឺ​ជា​កង្វល់ធំ​មួយ​របស់​កម្ពុជា ព្រោះថា​អាមេរិក​ជាទីផ្សា​រធំបំផុ​តមួយ​របស់​កម្ពុជា ពិសេស​លើ​មុខ​ទំនិញ​វាយនភណ្ឌ ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​។​ លោក​ព្រមាន​ថា ផលប៉ះពាល់​អាច​មាន​ច្រើនលើស​​ការរំពឹង​ទុក។​

លោក​បន្ថែមថា៖ «​បើ​សិន​ជា​យើង​បន្ថយ​ពន្ធ​លើ​ទំនិញ​អាមេរិកមួយ​ចំនួន ទំនងជា​អាមេរិក​អាច​ពិចារណា​ឡើងវិញ​ដែរ»។ លោក​បន្ថែម​ថា បើ​តម្រូវ​ការ​ទំនិញ​ពីកម្ពុជា​ធ្លាក់ចុះ នោះ​អាច​នឹង​នាំ​ឲ្យ​ធ្លាក់ចុះ​ចំនួន​រោង​ចក្រ ប្រាក់ខែ​ថយចុះ និង​បាត់​បង់​ការងារ​ផង​ដែរ។​

ជាមួយ​គ្នា​នេះដែរ មាន​សហគ្រាស​មួយ​ចំនួន​កំពុង​ជួប​ការ​លំបាក និង​មិន​ច្បាស់​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​សម្រាប់ជំហាន​បន្ទាប់​។​

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)​ ប្រាប់ខេមបូចា​ថា ​សមាគម​កំពុង​សិក្សា​លម្អិត​ពី​រឿង​ពន្ធ​នេះ និង​ថា​កុំ​ឲ្យ​មាន​ភាព​ស្លន់​ស្លោ​។​

កម្មករ​កំពុងធ្វើការ​នៅ​រោងចក្រ​មួយកន្លែង​​ក្នុង​ខេត្ត​កណ្ដាល​កាលពីថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (ខេមបូចា/ព្រីង សំរាំង)

លោក Stephen Higgins ជា​សហស្ថាបនិក និង​ជា​ថ្នាក់គ្រប់​គ្រង​របស់​ Mekong Strategic Capital ដែលជា​ក្រុម​ហ៊ុន​​នាំមុខ​គេ​ក្នុងការ​វិនិយោគ និង​ប្រឹក្សា​យោបល់​ក្នុង​ទីក្រុង​ភ្នំពេញ បាន​លើក​ឡើងថា ​រដ្ឋបាល​លោកត្រាំ បាន​ប្រើ​វិធីសាស្រ្ត​មូល​ដ្ឋាន​គណនាពន្ធថ្មី​​ ដោយ​ប្រើរូបមន្ត​​គណិតវិទ្យា​ធម្មតា​។​

លោក​ឱ្យ​ដឹងថា៖ «​ពួក​គេ​បាន​យក​អតិរេក​ពាណិជ្ជកម្ម​ប្រទេស​មួយ​ដែល​​រក​ស៊ីជាមួយ​អាមេរិក ដោយ​ពួក​គេ​បាន​យក​ទំហំពាណិជ្ជកម្ម​នាំ​ចេញ​របស់​ប្រទេសមក​​ចែកជា​ពីរ»។ លោកបន្ត៖ «​វា​មើល​ទៅ​ដូច​ជាមិន​ទំនង ហើយ​គួរ​ឲ្យ​ចង់​សើច»។​

លោក​បន្ត​ថា កម្ពុជា​ហាក់​ប្រឈម​ការ​លំបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​អាមេរិក​ឲ្យ​បន្ថូរ​បន្ថយ​ពន្ធ​នេះ ព្រោះ​ថា​វាមានការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត ដែល​កំពុង​ខិត​ខំធ្វើ​រឿង​នេះដែរ។​

លោក​លើក​ឡើង​ទៀតថា​ ជា​ការ​ល្អ​កម្ពុជា​គួរ​ចង​សម្ព័ន្ធ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដើម្បី​រួម​គ្នា​ចរចា​ជាមួយ​អាមេរិក ប៉ុន្តែ​ទោះ​ជា​បែប​នោះ​ក្ដី ក៏ការ​គណនាពន្ធ​តាម​អំពើចិត្ត​នេះ​បាន​ទុក​ឱកាស​សម្រាប់ចរចា​បន្តិច​បន្តួច​តែប៉ុណ្ណោះ​។​

​សម្រាប់​រយៈពេល​ខ្លី ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​របស់​កម្ពុជា​អាច​ជាប់គាំង​បន្តិច​ដោយសារ​តែ​អ្នក​នាំចូលទៅ​អាមេរិក​ផ្អាក​ការនាំចូល​សិន​ដែរ ដោយ​រង់ចាំ​មើល​ក្រែង​មានការ​កែប្រែ​គោល​នយោបាយ​វិញ​។​

លោកបន្ថែម​ថា​៖ «​សម្រាប់​រយៈពេល​វែង ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​នេះ អ្នក​នាំចូល​ផលិត​ផល​កាត់​ដេរ​ចូល​អាមេរិក​ ក៏កំពុង​ប្រឈម​នឹង​ពន្ធ​គយ​ខ្ពស់»។​

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធអត្ថាធិប្បាយ​លើ​រឿង​នេះ។​

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើសុំ​ឲ្យ​ពន្យល់​ពី​ការ​ដាក់​អត្រាពន្ធ​ថ្មី​នេះ និង​ថា​តើ​វា​អាច​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​បែបណា​នោះដែរ។​

(រាយការណ៍​ដោយ  Coby Hobbs, ស៊ើង និមល់, ឃួន​ ណារីម និង​សុវណ្ណ ស្រីពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេ៖ Trump Hits Cambodia with 49% Tariff, Threatening Trade Backbone

89 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម