សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលករខ្មែរពីរនាក់កំពុងបាត់ខ្លួនក្នុងគំនរអគារដួលរលំដោយគ្រោះ​រញ្ជួយ​ដីនៅប្រទេសថៃ

ទីតាំងអគារកម្ពស់៣០ជាន់ដែលដួលរលំដោយគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករដែលបាត់ខ្លួនក្នុងគំនរអគារនោះក៏មានកម្មករខ្មែរពីរនាក់ផងដែរ។ (រូបភាព៖ Prachatai)
ទីតាំងអគារកម្ពស់៣០ជាន់ដែលដួលរលំដោយគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករដែលបាត់ខ្លួនក្នុងគំនរអគារនោះក៏មានកម្មករខ្មែរពីរនាក់ផងដែរ។ (រូបភាព៖ Prachatai)

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមីនា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧​រ៉ិចទ័រ នៅប្រទេស​មីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលថ្ងៃសុក្រ បានកើនឡើង​ជាង៧០០នាក់ និងអ្នករងរបួសជាង ១ ០០០​នាក់ហើយ។ ក្នុងចំណោមអ្នកបាត់ខ្លួ​ននៅទីតាំងអគារកើតហេតុនៅទីក្រុងបាងកក ក៏មានពលករខ្មែរពីរនាក់ផងដែរ។

 លោក លឹង សុផុន មន្ត្រីសម្របសម្រួលទទួលបន្ទុកពលករចំណាកនៅអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានឱ្យដឹងថា ផ្អែកតាមបណ្តាញរបស់អង្គការសង់ត្រាល់ដែលកំពុងនៅទីតាំងកើតហេតុ បានបញ្ជាក់ថា មានពលករខ្មែរពីរនាក់កំពុងបាត់ខ្លួននៅក្នុងអគារដួលរលំកម្ពស់៣០ជាន់នោះដែរ។

លោក សុផុន បញ្ជាក់ថា៖ «ខ្ញុំបានទាក់ទងជាមួយបណ្ដាញដែលនៅទីតាំងកើតហេតុពេញមួយព្រឹកហើយ ហើយគាត់បានប្រាប់ថា មានពលករខ្មែរយើងពីរនាក់កំពុងបាត់ខ្លួននៅក្នុងគំនរអគារដួលរលំនោះ»។ លោកបន្តទៀតថា៖ «ពលករខ្មែរពីរនាក់ដែលបាត់ខ្លួនក្នុងអគារនោះ គឺមកពីខេត្តបន្ទាយមានជ័យ»

យោងតាម កាសែតអេភី ចុះផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ជិត ៧០០នាក់ហើយ​។

ទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍ថា មនុស្សចំនួន ៦៩៤ នាក់ត្រូវបានគេរកឃើញថាបានស្លាប់ និង ១ ៦៧០ នាក់ផ្សេងទៀតបានរងរបួស និង ៦៨ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលដឹកនាំដោយយោធា។ តួលេខ​ដូចគ្នា​នេះ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដោយ​គេហទំព័រ​ព័ត៌មាន​ឯករាជ្យ The Irrawaddy។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) រាយការណ៍ពីការខូចខាតក្នុងខេត្តចំនួន ១៤ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ។

ព័ត៌មានថៃបានបញ្ជាក់ទៀតថា យ៉ាងហោចណាស់ បានរកឃើញអ្នកស្លាប់ចំនួន៩នាក់ របួសចំនួន៩នាក់ និងបាត់ខ្លួន១០១នាក់ទៀត។ តំបន់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយត្រូវបានប្រកាសនៅ Pathum Thani, Phrae និងទីតាំងទាំងអស់នៃទីក្រុងបាងកក ប្រទេសថៃ។

យោងតាមហ្វេសប៊ុកផេកក្រសួងការងារ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មាន ពីអនុព័ន្ធការងារប្រចាំប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ និងបណ្តាញភ្នាក់ងារផ្សេងៗនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឱ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសទាំងពីរ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលករ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ និងទំនាក់ទំនងជាមួយពលករកម្ពុជាដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍។

លោក ម៉ាណែត បានបន្ថែមថា៖ «សូមអំពាវនាផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ»

73 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម