ប្រជាពលរដ្ឋ២គ្រួសាររស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថា ពួកគាត់ត្រូវបានមន្ត្រីរបស់ស្ថាប័នផ្តល់កម្ចីបង្ខំឱ្យលក់ផ្ទះ ក្នុងអំឡុងពេលកូវីដ បើទោះជារដ្ឋាភិបាល និងសមាគមធនាគារ បញ្ជាក់ថាពេលនោះជាពេលត្រូវអនុគ្រោះមិនត្រូវបង្ខិតបង្ខំក៏ដោយ។
អ្នកស្រីដោក ណារិន វ័យ៧៣ឆ្នាំ បានឱ្យដឹងថា អំឡុងឆ្នាំ២០២១ មានបុគ្គលិកធនាគារឈ្មោះ ណុងហឹបហ្វាននែន (NongHyup Fiance) ទៅបញ្ចុះបញ្ចូលឱ្យអ្នកស្រីខ្ចីលុយ។ អ្នកស្រីថា ដោយសារតម្រូវការព្យាបាលជំងឺ និងចង់ធ្វើផ្ទះនៅផងអ្នកស្រីក៏បានខ្ចីនៅដើមឆ្នាំនោះ ដែលមានទឹកប្រាក់ចំនួន៧ពាន់ដុល្លារ។
អ្នកស្រីបន្តថា ការខ្ចីនៅពេលនោះដោយសារតែសំអាងលើរូបអ្នកស្រីផ្ទាល់អាចស៊ីឈ្នួលលាងចាន បោកខោអាវ រួមទាំងកូនបង្កើត និងកូនប្រសារក៏រកចំណូលបានតាមរយៈការងារសន្តិសុខនិងលក់អេដចាយផង។
ប៉ុន្តែអ្នកស្រីថា នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២១ ដោយសារឥទ្ធិពលកូវីដពួកគាត់ក៏ រកចំណូលលែងបាន ហើយបានខ្ចីលុយពីបុគ្គលឯកជនបន្តបន្ទាប់ដើម្បីសងធនាគារ។ អ្នកស្រីបន្តថា ពេលពួកគាត់រកលុយបង់មិនទាន់ ក្នុងពេលនោះត្រូវបានបុគ្គលិកធនាគារនេះ បានប្រើពាក្យសម្តីមិនសមរម្យលើអ្នកស្រីញឹកញាប់ ហើយពេលខ្លះក៏នាំគ្នាទាំងក្រុម ទៅគំរាមដល់ផ្ទះដើម្បីបង្ខំឱ្យអ្នកស្រីលក់ផ្ទះ។
អ្នកស្រី ដោក ណារិន បាននិយាយថា៖ «គេថា អ៊ំឯងដាក់ស្លាកលក់បណ្តើរៗទៅ។ គេបង្ខំ ហើយខ្ញុំថាក្មួយអើយអាណិតអ៊ំទៅ បើអ៊ំលក់អ៊ំបានអីនៅ? គេថា អាហ្នឹងជារឿងរបស់អ៊ំទេ? ព្រោះបើអ៊ំមិនលក់ឱ្យខ្ញុំយកទៅបង់ឱ្យគេគឺគេនឹងបញ្ឈប់ការងារ។ [អ៊ី]ចឹងអ៊ំត្រូវប្រញាប់ធ្វើម៉េចឱ្យបានលុយយកទៅបង់ឱ្យគេទៅ។ បើមិន[អ៊ី]ចឹងទេគេរឹបអូសយកទៅលក់ក្នុងតម្លៃដែលអ៊ំខ្ចីហ្នឹងទេ»។
អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែចំណូលថយចុះ ធនាគារចេះតែបន្តទារបំណុល និងបំភិតបំភ័យញឹកញាប់ធ្វើឱ្យគ្រួសារអ្នកស្រីមានជម្លោះក្នុងគ្រួសារ ឈានដល់កូនអ្នកស្រីលែងលះគ្នា ហើយចៅ៣នាក់បោះបង់ការសិក្សា។
អ្នកស្រី ដោក ណារិន បានសម្រេចលក់ផ្ទះនៅក្នុងខែកញ្ញាឆ្នាំ២០២១ គឺផ្ទះនៅលើដីទំហំ៤គុណ ៦ម៉ែត្រ បានចំនួន២៧ ០០០ ដុល្លារ យកទៅចាត់ចែងសងទៅធនាគារ និងកម្ចីឯកជនអស់គ្មានសល់។
អ្នកស្រីដោក ណារិន ក្នុងស្ថានភាពសក់សទាំងអស់ មានជំងឺប្រចាំកាយច្រើនមុខ រៀបរាប់ថា រូបគាត់វេទនាខ្លាំង ដោយរស់នៅក្នុងបន្ទប់ជួលតូចមួយតម្លៃមួយខែ៧០ដុល្លារ ដោយពឹងលើចំណូលកូនប្រុសធ្វើជាសន្តិសុខ និងចៅប្រុសម្នាក់អាយុ១៥ឆ្នាំបានឈប់រៀន ធ្វើជាកម្មករលើកអីវ៉ាន់តាមឡាន។
អ្នកស្រីដោក ណារិន បានបន្ថែមថា៖ «សន្សំសំចៃធ្វើការហ្នឹងហូបចុក ទុកបង់ថ្លៃបន្ទប់ផង។ ហូបចុកអត់ឃ្លានវេទនា។ ចំណាយលើហូបចុកទឹកភ្លើង១គ្រប់ៗហើយពេលខ្លះនៅមិនគ្រប់ទៀត»។
មន្ត្រីដែលទទួលទូរសព្ទប្រចាំការរបស់ធនាគារណុងហឹប បញ្ជាក់ថា ធនាគារនេះមិនមានគោលការណ៍ឱ្យបុគ្គលិកបង្ខំអតិថិជនលក់ទ្រព្យសម្បត្តិទេ។ ចំពោះករណីចោទពីពលរដ្ឋ មន្ត្រីរូបនេះបញ្ជាក់ថា នឹងរាយការណ៍ទៅផ្នែកពាក់ព័ន្ធឱ្យស្រាវជ្រាវ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ផាន វិន ឱ្យដឹងថា អំឡុងឆ្នាំ២០២០ គាត់បានខ្ចីលុយស្ថាប័នផ្តល់កម្ចីឈ្មោះ ធនាគារអ៊ូរី (WOORI BanK) ចំនួន៤ពាន់ដុល្លារដើម្បីចាត់ចែងតម្រូវការក្នុងផ្ទះ និងព្យាបាលជំងឺខ្លួនឯងនិងកូន។ អ្នកស្រីបន្តថា នៅឆ្នាំ២០២១ គាត់ជួបការលំបាកខ្លាំងរកលុយមិនបាន ចំណែកបុគ្គលិករបស់ធនាគារនៅតែបន្តទារ បង្ខំឱ្យគាត់ដាក់ផ្ទះលក់។
អ្នកស្រី ផាន វិន បានបន្តថា៖ «បើបងអត់លុយទៅខ្ចីគេទៅ ខ្ចីឯណាក៏ខ្ចីទៅ! ពេលហ្នឹងខ្ញុំក៏រកខ្ចីគេយកទៅបង់គាត់។ គេមកស្តីឱ្យហើយថា បើរកមិនបានគេដាក់ស្លាកលក់ដូចថា ផ្ទះហ្នឹងថ្លៃ១ម៉ឺន[ដុល្លារ] [អ៊ី]ចឹង ហើយយើងជំពាក់គេ៨ពាន់[ដុល្លារ] [អ៊ី]ចឹងគេដាក់លក់តែ៨ពាន់[ដុល្លារ]ទេ»។
អ្នកស្រីឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីស្នាក់នៅបន្ទប់ជួលជុំគ្រួសារ ហើយទិញត្រីពីផ្សារដើរលក់តាមភូមិ ជួនចំណេញ១ម៉ឺន ឬ ២ម៉ឺនរៀលក្នុង១ថ្ងៃ ជួនក៏ខាតខ្លះទៅ និងពេលខ្លះក៏ទូលប្រហិតដើរលក់ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។
អ្នកស្រី ផាន វិន បាននិយាយថា៖ «ម៉ូតូមួយអាចាស់ហ្នឹងដឹកដើរលក់គ្រប់កន្លែង រោងចក្រ តាមភូមិតាមផ្ទះអ៊ីចឹងទៅ។ ពីមុនលក់បាន២០គីឡូជាង ឥឡូវលក់បានតែ១០គីឡូអីលក់អត់សូវដាច់ដែរហ្នឹង»។
បញ្ហានេះមន្ត្រីទទួលទូរសព្ទប្រចាំការរបស់ធនាគារអ៊ូរី មិនឆ្លើយសំណួររបស់អ្នកព័ត៌មានខេមបូចាទេ ដោយតម្រូវឱ្យផ្ញើអ៊ីម៉ែលទៅអ្នកទទួលខុសត្រូវផ្នែកនេះ។ ប៉ុន្តែការផ្ញើអ៊ីម៉ែលពីថ្ងៃទី១២ខែឧសភារហូតដល់ថ្ងៃទី១៦ នៅមិនមានការឆ្លើយតបទេ។
ចំណែកពលរដ្ឋនៅក្នុងសង្កាត់នេះម្នាក់ទៀតគឺអ្នកស្រី ជា ពិសី ឱ្យដឹងថា រូបគាត់ក៏បានធ្លាក់ខ្លួនលក់ដី និងផ្ទះដោយសារបំណុលដែរ។ អ្នកស្រីថា បញ្ហាបំណុលរបស់គាត់នេះគឺគាត់ខ្ចីពីបុគ្គលឯកជននៅក្នុងសង្កាត់ជាមួយគ្នានេះក្នុងទឹកប្រាក់៧ពាន់ដុល្លារ ដើម្បីយកទៅបើករបរលក់អាហារ ប៉ុន្តែដោយសារវិបត្តិកូវីដរបររបស់គាត់បានខាតបង់ទើបបង្ខំចិត្តលក់ផ្ទះនៅក្នុងឆ្នាំ២០២១។
អ្នកស្រី ជា ពិសី បញ្ជាក់ថា ចាប់ពីលក់ផ្ទះមករូបគាត់ជួបការលំបាកខ្លាំងដែលខែខ្លះគាត់មិនមានលុយបង់ថ្លៃបន្ទប់ជួល ហើយពេលខ្លះមិនមានទាំងអង្ករដាំបាយផងគឺត្រូវរកខ្ចីអ្នកជិតខាង។
អ្នកស្រី ជា ពិសី បាននិយាយថា៖ «មួយរយៈពេល២ខែចុងក្រោយនេះគឺលំបាកខ្លាំងមែនទែនតែម្តង។ វាមិនសមខ្ញុំលំបាកដល់ចឹង ដែលខ្លះអត់មានអង្ករក៏មានដែរ»។
អ្នកស្រីបង្ហូរទឹកភ្នែកពេលនិយាយដល់កូនស្រីអាយុ១៤ឆ្នាំឈប់រៀនត្រូវស្វែងរកការងារធ្វើដើម្បីផ្តត់ផ្គង់គ្រួសារ។
មេរោគកូវីដ១៩ បានផ្ទុះឆ្លងរាលដាលចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក នៅចុងឆ្នាំ២០១៩។ ចំណែកកម្ពុជារកឃើញមេរោគនេះលើកដំបូងនៅក្នុងខែមីនាឆ្នាំ២០២០។ នៅក្នុងពេលផ្ទុះកូវីដ រដ្ឋាភិបាលបានចេញវិធានការជាច្រើន ក្នុងការទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលក្នុងនោះរួមទាំងប្រើវិធានការបិទខ្ទប់តំបន់ជាច្រើនទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តនានាផង។
ក្នុងអំឡុងពេលនោះសេដ្ឋកិច្ចស្ទើរជាប់គាំងទាំងស្រុង កម្មវិធីជួបជុំនានារួមទាំងពិធីបុណ្យ ការ
សូម្បីតែពិធីបុណ្យសពនៅពេលខ្លះក៏មិនឱ្យធ្វើដែរ គឺអាជ្ញាធរជំនាញជាអ្នកយកសាកសពទៅបូជាដោយមិនឱ្យសមាជិកគ្រួសារទៅជិតទេ។
ពលរដ្ឋមួយចំនួនកុំថាឡើយរកលុយបង់សងធនាគារគឺសូម្បីតែអាហារ ក៏អាជ្ញាធរមូលដ្ឋានយកទៅចែកឱ្យដែរ។
អំឡុងពេលនោះ មានចេញសារតាមរយៈលិខិត និងតាមរយៈសំឡេងផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងជាញឹកញាប់ ឱ្យមានគោលការណ៍រៀបចំកម្ចីឡើងវិញ ឬ មានការផ្អាកបង់សងពី៣ខែទៅ៦ខែ ហើយក៏មានករណីលុបបំណុលទាំងស្រុងដែរ ក្នុងករណីសមាជិក គ្រួសារស្លាប់ គ្រួសារមានជីវភាពលំបាកខ្លះ ហើយមានការសម្រេចជាក់ស្តែងពីស្ថាប័នផ្តល់កម្ចី។
រហូតដល់ខែកុម្ភៈឆ្នាំ២០២២ ទើបរដ្ឋាភិបាលប្រកាសជាផ្លូវការថា កម្ពុជាបិទបញ្ចប់ការឆ្លងរាលដាល មេរោគកូវីដក្នុងសហគមន៍ ហើយបើកឱ្យមានការជួបជុំកម្មវិធីផ្សេងៗឡើងវិញ។ ប៉ុន្តែទោះកូវីដបិទបញ្ចប់ក៏រដ្ឋាភិបាលនៅតែអំពាវនាវ ឱ្យធនាគារអនុគ្រោះ ដល់ពលរដ្ឋដែលមានជីវភាពលំបាក ដោយសារតែឥទ្ធិពលពីកូវីដ១៩ និងឥទ្ធិពលនៃសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន។
ខេមបូចា បានទាក់ទងទៅលោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា (NBC) ទាំងតាមសារទំព័រហ្វេសប៊ុករបស់ធនាគារជាតិ និងតាមទូរសព្ទរយៈពេល១ខែហើយ តែមិនមានការឆ្លើយតបទេ។
ចំណែកពេលប្រជុំគណៈរដ្ឋមន្ត្រីនៅក្នុងខែមេសាឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នៅតែអំពាវនាវដល់ស្ថាប័នផ្តល់កម្ចីកុំឱ្យមានការប្តឹង និងរឹបអូសទ្រព្យសម្បត្តិពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ កុំមានការរឹបអូស កុំមានការចាប់ចងស្អីៗ សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាត»។
នេះជាការប្តឹងផ្តល់រឹបអូសដែលប្រមុខរដ្ឋាភិបាលអំពាវនាវកុំឱ្យមាន ប៉ុន្តែសម្រាប់ករណីគំរាម ឬ បង្ខំឱ្យលក់ផ្ទះ ឬ ទ្រព្យសម្បត្តិ ដូចករណីពលរដ្ឋលើកឡើងនេះជាទង្វើខុសច្បាប់ និងគោលការណ៍របស់ស្ថាប័នផ្តល់កម្ចី។
ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថាលោកមិនបានដឹងថា មានការគំរាមកំហែង ឬ បង្ខំឱ្យអតិថិជនលក់ផ្ទះដើម្បីសងបំណុលនេះទេ។ ប៉ុន្តែលោកថាបើសិនមានករណីនេះមែនលោកលើកទឹកចិត្តឱ្យអតិថិជន ឬ ពលរដ្ឋដែលរងការបង្ខំឱ្យលក់ទ្រព្យសម្បត្តិនេះប្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធ ព្រោះលោកថា នេះជាទង្វើមិនអាចទទួលយកបានដែលខុសច្បាប់ និងផ្ទុយពីគោលការណ៍របស់សាប័នផ្តល់កម្ចី។
លោក កាំង តុងងី បានមានប្រសាសន៍ថា៖ «បើសិនជាករណីបែបនេះប្រជាពលរដ្ឋគាត់អាចប្តឹងមកកាន់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បាន ប្តឹងទៅគ្រឹះស្ថានហ្នឹងក៏បានដែរព្រោះវាជាទង្វើដែលអត់អាចទទួលយកបានទេ។ ចឹងបើសិនជាករណីបែបហ្នឹងបងលើកទឹកចិត្តឱ្យអតិថិជនប្តឹងមកសមាគម ឬ គ្រឹះស្ថានខ្លួនឯងក៏បានដែរ ឬ ប្តឹងទៅធនាគារជាតិក៏បានដែរ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ពន្យល់ថា ករណីបង្ខំឱ្យអតិថិជនលក់ទ្រព្យសម្បត្តិនេះ ជាការរំលោភសិទ្ធិលើអតិថិជន ព្រោះថា មានតែស្ថាប័នតុលាការមួយគត់ដែលមានសិទ្ធិក្នុងការឱ្យអតិថិជនលក់ទ្រព្យសម្បត្តិសងបំណុល។
លោក អំ សំអាត បានមានប្រសាសន៍ថា៖ «កូនបំណុលក៏មានសិទ្ធិដែរ មិនត្រូវរងការគំរាមកំហែង បំភិតបំភ័យ ឬ បង្ខំធ្វើអ្វីតាមម្ចាស់បំណុល គំរាមកំហែង ឬ គាបសង្កត់អីហ្នឹងនោះទេ ជាការរំលោភលើសិទ្ធិហើយ ព្រោះការរឹបអូសទ្រព្យសម្បត្តិអាចធ្វើទៅបានវាទាល់តែធ្វើឡើងតាមផ្លូវច្បាប់ មិនអាចតាមរូបភាពគំរាមកំហែង បង្ខិតបង្ខំបានទេ»។
ខិតបណ្ណផ្សព្វផ្សាយពីសិទ្ធិកូនបំណុល ដែលរៀបរៀងដោយ អង្គការលីកាដូ លើកឡើងថា កូនបំណុលមានសិទ្ធិ តវ៉ា ឬ ដាក់ពាក្យបណ្តឹង ទៅកាន់គ្រឹះស្ថាន ដែលអ្នកបានខ្ចីប្រាក់ ឬ ធនាគារជាតិកម្ពុជា បើអ្នកមានបញ្ហាពីការសងប្រាក់ ឬ ភាពមិនប្រក្រីលើលិខិតខ្ចីប្រាក់ ឬ ពីឥរិយាបថមន្ត្រីឥណទាន។
កាលពីខែមេសាឆ្នាំ២០២២កន្លងទៅ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរួមគ្នាចេញក្រមប្រតិបត្តិមួយ។ ក្រមប្រតិបត្តិនោះក៏មានការចែងពីក្រមសីលធម៌របស់បុគ្គលិកធនាគារ និងស្ថានប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនឱ្យមានការគំរាមកំហែងដល់អតិថិជនទេ។
ក្នុងក្រមប្រតិបត្តិក៏បានណែនាំ៤ចំណុចដែលអតិជនដែលរងការគំរាមកំហែងពីមន្ត្រីឥណទានគឺអាចប្តឹងថ្នាក់ដឹកនាំស្ថាប័នដែលគាត់ខ្ចីនោះ ប្តឹងទៅសមាគម ប្តឹងទៅធនាគារជាតិ និងអាចប្តឹងទៅតុលាការតែម្តង។
សាស្ត្រាចារ្យ និងជាទីប្រឹក្សាច្បាប់ លោក ស៊ឹម វិបុល មានប្រសាសន៍ថា រាល់ការគំរាមកំហែង ឬ បង្ខិតបង្ខំមិនថាទៅលើកូនបំណុល ឬ បុគ្គលទូទៅទេគឺជាទង្វើខុសច្បាប់។ ចំពោះឥរិយាបថមន្ត្រីស្ថាប័នផ្តល់កម្ចីវិញ លោក ស៊ឹម វិបុល ជំរុញឱ្យយកគំរូតាមប្រទេសជឿនលឿនមួយចំនួនដែលមិនមែនចេះតែបង្ខំយកលុយទេ តែជាអ្នកដែលជួយរកវិធីឱ្យអតិថិជនរបស់ខ្លួនរកចំណូលបាននៅក្នុងស្ថានភាពលំបាក។
លោក ស៊ឹម វិបុល បានមានប្រសាសន៍ថា ៖ «បើនៅស្រុកគេជាមួយអតិថិជនគេមានវិធីសាស្ត្រគេមានរបៀបរបបសូម្បីតែនៅស្រុកថៃបុគ្គលិកធនាគារមិនមែនចេះតែទារលុយទេគឺគេចេះផ្តល់យោបល់ឱ្យអតិថិជនហ្នឹងវិញថា ត្រូវធ្វើយ៉ាងម៉េច? គួរធ្វើយ៉ាងម៉េចគឺជួយគាត់វិញ។ ហើយខ្ញុំមើលធនាគារនៅស្រុកយើងគាត់ចេះតែទារលុយចេះតែទៅសម្លុតយកដល់[អ៊ី]ចឹងវាអាចមានបញ្ហា»។
ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍សិក្សាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ដោយបង្ហាញថា ពលរដ្ឋកម្ពុជា១៦៧ ០០០នាក់ បាន និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា គិតជាមធ្យមរយៈពេល១៦នាទីម្តងមានពលរដ្ឋខ្មែរ១គ្រួសារលក់ដីសងបំណុល។
ការសិក្សានេះ បញ្ជាក់ទៀតថា ការលក់ដីសងបំណុលនេះ ជាបញ្ហាបង្ខំធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។
របាយការណ៍សិក្សាសរសេរថា៖ «ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន»៕