អតីតសកម្មជនបក្សប្រឆាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹងការបង្ហោះសារប្រមាថមើលងាយព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
លោក ប្លង់ សុផល បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២រូបមកដល់អយ្យការហើយ អយ្យការនឹងបន្តនីតិវិធីរបស់ខ្លួន ហើយនៅពេលដែលអយ្យការមានចំណាត់ការចុងក្រោយ គាត់នឹងជូនដំណឹង។
លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល អតីតសកម្មជនបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបង្ហោះសារបែបមើលងាយព្រះមហាក្សត្រ និងប្រមុខដឹកនាំរដ្ឋាភិបាល តាមបណ្តាញសង្គម បន្ទាប់ពីព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លើយតបតាមទូរសព្ទថា យុវជនពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែមីនា សមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត កាលពីរសៀលថ្ងៃទី២២ ខែមីនាហើយ ដូច្នេះសូមសួរទៅកាន់តុលាការចុះ។
លោកស្នងការបានបន្ថែមថា ដំបូង សមត្ថកិច្ចបានចាប់ខ្លួនលោក យឹម ស៊ីណន នៅខណ្ឌដង្កោ និងបន្ទាប់មកចាប់ខ្លួនលោក ហ៊ុន កុសល ប៉ុន្តែលោកមិនចាំថា ការចាប់ខ្លួន ហ៊ុន កុសល នៅកន្លែងណាទេ រួចលោកបានបង្វែរសំនួរឱ្យសួរទៅតុលាការជំនួសវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សនៅ វិទ្យាស្ថាន វ៉ាន់ដា នៅថ្ងៃទី២២ ខែមីនា ថា ពិតជាបាននាំខ្លួនយុវជនពីរនាក់មកសាកសួរពាក់ព័ន្ធការប្រមាថមើលងាយព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាល កាលពីមិ្សលមិញ។
លោក ហ៊ុន សែន បានថ្លែងដោយយកសាររបស់ លោក យឹម ស៊ីណន មកអានថា៖ «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ ថ្ងៃនេះយើងអាចឃើញច្បាស់ថា នរណាជាស្តេចផែនដីពិតប្រាកដ»។ លោកបន្តថា អាហ្នឹងលើកឡើងដោយ លោក យឹម ស៊ីណន អតតីមេបាតុកម្មនៅកូរ៉េខាងត្បូង ដែលលោកបានលើកលែងឱ្យ ហើយសម្រួលឱ្យចូលប្រទេសម្តងរួចហើយ។
នាយករដ្ឋមន្ត្រីបន្តថា៖ «ឯមួយទៀត ហ៊ុន កុសល និយាយថា មានការប្រមាថព្រះចេស្តា រួចហើយគេទៅរួមជាមួយ ឯកឧត្តម កឹម សុខា»។ លោកបានលើកឡើងជាសំនួរថា តើមានការប្រមាថនៅកន្លែងណា?
ចំណែកសាររបស់លោក ហ៊ុន កុសល ដែលបានបង្ហោះលើហ្វេសប៊ុកកាលពីម្សិលមិញថា លោកឃើញគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរ។ លោកសរសេរថា លោកជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោក កឹម សុខា ការពារព្រះចេស្ដាព្រះមហាក្សត្រ។ ទោះយ៉ាងណា លោកពុំបាននិយាយអំពីបញ្ហាអ្វីមួយជាក់លាក់នោះទេ។
លោក ហ៊ុន សែន លើកឡើងជាសំនួរថា៖ «តើកន្លែងណាដែលអ្នកនិយាយថាជាការប្រមាថព្រះចេស្តា កន្លែងណា កន្លែងណាទៅ ឱ្យឆ្លើយ កន្លែងណា?» ។ លោកបានបកស្រាយថា ព្រះករុណាព្រះអង្គយាងតិចៗ ហើយគាត់ចង់ដើរពីក្រោយ ប៉ុន្តែព្រះករុណាត្រូវការជជែកជាមួយគាត់ ដូច្នេះលោកក៏នៅពីក្រោយចំហៀងព្រះករុណា។ ហើយកន្លែងមួយនោះក្នុងវីដេអូ មើលឃើញច្បាស់ អ្នកបាំងក្លស់នៅឆ្ងាយពេក ដូច្នេះគាត់រុញអ្នកបាំងក្លស់មកបាំងថ្វាយជូនព្រះអង្គ មិនមែនបាំងឱ្យគាត់ទេ។ លោកបញ្ជាក់ជាសំនួរបន្តថា៖ «ទីចុងបញ្ចាប់តើអ្នកឯងចង់យកត្រង់កន្លែងបាំងឆ័ត្រ រឺត្រង់កន្លែងអង្គុយ?»។
លោកថ្លែងទៀតថា ការរៀបចំពិធីការ គឺមានចំណាស់តាំងពីយូរណាស់មកហើយ គឺអាចថាតាំងពីកកើតព្រះរាជាណាចក្រកម្ពុជាទី២មក គឺរៀបចំបែបហ្នឹងឯង ព្រះមហាក្សត្រព្រះអង្គគង់មុខ ឯថ្នាក់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី អង្គុយខាងក្រោយចំហៀង មិនមែនបានសេចក្តីថា អង្គុយទឹមគ្នាទេ។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្តថា ចំនុចនេះលោក ហ៊ុន សែន ចង់ផ្តោតលើលោក យឹម ស៊ីណន ដែលនិយាយថា នៅតាមតុកាហ្វេ តើនរណាជាស្តេចពិតប្រាកដ។ អ្នកឯង[លោក យឹម ស៊ីណន]ចង់និយាយថា ហ៊ុន សែន ជាអ្នកមានអំណាចពិតប្រាកដ។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែទ្រង់មិនកាន់អំណាច ដូច្នេះច្បាប់រដ្ឋធម្មនុញ្ញ បានបញ្ជាក់ច្បាស់ហើយ។
លោក ហ៊ុន សែន បានបន្ថែមទៀតថា លោកមិនអត់ឱនឱ្យនរណាដាច់ខាតលើការប្រមាថអស់ទាំងនេះ ហើយលោកមិនទទួលយកការសុំទោសបានទេ។
លោក ឆាយ គឹមខឿន បដិសេធមិនឆ្លើយសំនួរ ហើយគាត់បង្វែរសំនួរឱ្យសួរទៅកាន់ស្នងការរាជធានីភ្នំពេញវិញ។
អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា លោកសុំមិនធ្វើការអត្ថាធិប្បាយលើបញ្ហាលោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ទេ ព្រោះលោកមិនទាន់ប្រមូលព័ត៌មានបានគ្រប់គ្រាន់នៅឡើយ ប៉ុន្តែលោកបានធ្វើការអត្ថាធិប្បាយលើស្ថានភាពនយោបាយជាទូទៅថា សង្គមស៊ីវិលមានការព្រួយបារម្ភទាក់ទងនឹងស្ថានភាពនយោបាយនៅកម្ពុជា បន្ទាប់ពីតុលាការកាត់ទោសលោក កឹម សុខា ក្រោយមកទៀត សភាអឺរ៉ុប បានចេញសេចក្តីសម្រេចចំពោះស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងមើលទៅលើការកាត់បន្ថយអនុគ្រោះពន្ធEBA រឺកាត់ផ្តាច់ទាំងស្រុងថែមទៀត ដែលជាស្ថានភាពមួយភ្ជាប់នឹងបរិយាកាសនយោបាយ រឿងការកាត់ទោស លោក កឹម សុខា និងមានការចាប់ខ្លួនថ្មីៗនេះ។
លោក សំអាត បញ្ជាក់ជាទូទៅថា៖ «ស្ថានភាពនយោបាយចុងក្រោយនេះ ខ្ញុំមើលទៅ វាហាក់ដូចជាមានស្ថានភាពតានតឹង ហើយវាមិនសូវជាអំណោយផលល្អ ដល់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ខាងមុខ»។
លោក សំអាត បន្ថែមថា ការបញ្ជេញមតិ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ប៉ន្តែការបញ្ចេញមតិទាំងឡាយក៏វាត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានការប្រុងប្រយ័ត្នផងដែរ។