សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងពីរប្រកាសពីផលប៉ះពាល់នៃការផ្សព្វផ្សាយនិងប្រើ​ប្រាស់គ្រឿងស្រវឹង ក្រោយកម្មវិធីទូរទស្សន៍មួយលើកទឹកចិត្តឱ្យយុវជន​ផឹកស្រា

ប៉ាណូផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹង ត្រូវបានដាក់បង្ហាញនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ប៉ាណូផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹង ត្រូវបានដាក់បង្ហាញនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងចំនួនពីរបានជូនដំណឹងដល់ប្រព័ន្ធផ្សាព្វផ្សាយដែលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​គោលការណ៍​​​ដែល​​បានចេញផ្សាយ និងផលប៉ះពាល់ពីការប្រើ​ប្រាស់គ្រឿងស្រវឹង ការណ៍នេះ​បន្ទាប់ពី​​​មាន​ទូរទស្សន៍​មួយ​បង្ហាញ​សកម្មភាពយុវជនផឹកស្រា។

តាមរយៈលិខិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា បានបញ្ជាក់ថា អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុនផលិតផល ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ ដែលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ រួមទាំងវិទ្យុ និងទូរទស្សន៍ រួមបញ្ចូល​ការ​ផ្តល់រង្វាន់ច្រើន សម្ភាសន៍អ្នកត្រូវរង្វាន់ និងប្រើប្រាស់រូបភាពដើម្បីទាក់ទាញ។

លិខិតដដែលនេះបានបញ្ជាក់ថា សកម្មភាព​ទាំងអស់​នេះខាងលើបានជំរុញ លើកទឹកចិត្ត និងលើកកម្ពស់​គ្រឿង​ស្រវឹងនៅកម្ពុជា ក៏ជាហេតុលើកទឹកចិត្តយុវជនឱ្យ​ប្រើ​ប្រាស់​គ្រឿងស្រវឹង ដែលអាចប៉ះពាល់ដល់​អនាគត​របស់ពួកគេ ម្យ៉ាងទៀតនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាសុខភាព​ផងដែរ។

ក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ម្ចាស់ផ្សព្វផ្សាយ ក្រុមហ៊ុនផលិត អ្នកនាំចូល អ្នកចែកចាយ និងអ្នកផ្តល់​សេវា​ផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងត្រូវអនុវត្ត និងប្រកាន់ខ្ជាប់តាមស្មារតីសារាចរ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ហាមផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ និងពាក្យស្លោក​មាន​ចរិតលើកទឹកចិត្តហួសហេតុ ប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿង​ស្រវឹងដែល​ធ្វើឱ្យប៉ះ​ពាល់​​ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ, និង រាល់ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​កញ្ចក់​​ទូរទស្សន៍​គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយ​ពាណិជ្ជកម្ម​​​នានា ត្រូវដាក់សារព្រមាន«ពិសាគ្រឿងស្រវឹងសូមកុំបើកបរ»ពិសាដោយការ​ទទួលខុស​ត្រូវ»

លិខិតក្រសួងព័ត៌មានបានលើកឡើងថា៖ «ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹង​នេះ ក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ»។ លិខិតបន្តថា៖​​ «ចំពោះម្ចាស់ប្រព័ន្ធផ្សព្វ​ផ្សាយណាដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យាដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន»

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ សុំមិនធ្វើការអត្ថាធិប្បាយបន្ថែមទេ ដោយឱ្យ​អ្នក​សារព័ត៌មានខេមបូចា ដកស្រង់ខ្លឹមសារដែលមាននៅក្នុងសេចក្តី​ជូនដំណឹងដើម្បីយកមកផ្សព្វផ្សាយបន្ត។

លោកមានប្រសាសន៍ថា៖ «អាចស្រង់ខ្លឹមសារដើម្បីសរសេរផ្សាយចុះ! បងមិនខំមិនអីលើនឹងទៀតទេ»

ដោយឡែក ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយជំរុញឱ្យសាធារណជន អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រួសារ សាលារៀន និងសហគមន៍ចូលរួមក្នុងសកម្មភាពដូចជា ការអប់រំ ការផ្សព្វ​ផ្សាយ និង​ការ​លើកទឹកចិត្តអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យឈប់ប្រើប្រាស់គ្រឿងស្រវឹង ដើម្បី​បង្កើត​បរិយាកាស​ដែល​រា​រាំង​​ការ​ប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា។ សេចក្តីប្រកាសបញ្ជាក់ថា ការប្រើប្រាស់គ្រឿង​ស្រវឹង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ឆ្លង​នានា រួមមានជំងឺក្រិនថ្លើម ខូចថ្លើម និងជំងឺមហារីកនិងជម្ងឺជាច្រើនមុខទៀត។ បន្ថែម​ពីនេះ ក៏អាចប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច ជាពិសេសលើមិត្តភក្តិ ក្រុមគ្រួសារ អ្នករួមការងារ និង​ទំនាក់​ទំនង​ផ្សេងទៀត និងខុសពីសីលធម៌សង្គមជាដើម។

សេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងថា៖ «លើសពីនេះ វាអាចបណ្តាលឱ្យយុវ័យ ឈានទៅរកការប្រើប្រាស់​គ្រឿង​ញៀន និងថ្នាំជក់ ដែលប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះដែរ គ្រឿងស្រវឹងបង្កឱ្យមាន​ផល​ប៉ះពាល់ ដូចជា អំពើហិង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញ​គ្រឿង​ស្រវឹង ការព្យាបាល​សុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់ផ្សេងៗ»។  

ក្រសួងក៏បានស្នើដល់ស្ថាប័នផ្សេងៗចូលរួមគាំទ្រ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាម​រយៈ​ការ​ឆ្លើយតបពហុវិស័យដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក្នុងការជំរុញ​ការផ្លាស់ប្តូរឥរិយាបថបុគ្គល គ្រួសារ សហគមន៍ ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានគ្រឿងស្រវឹង។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់អាជ្ញាធរដែនដីសហការគ្រប់គ្រងការដាក់ស្លាក់ប៉ាន់ណូផ្សព្វផ្សាយ​អំពីផលប៉ះពាលសុខភាពពីការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។

ខេមបូចា មិនអាចសុំការ​អត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល​ លោកស្រី ឱ វណ្ណឌីន និងរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានទេ។

ប៉ាណូផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹង ត្រូវបានដាក់បង្ហាញនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សូមរំលឹកថា កាលសប្តាហ៍មុន មានកម្មវីធីប្រដាល់មួយ ដែលឧបត្ថម្ភដោយស្រាបៀរ​កម្ពុជា​របស់​ក្រុមហ៊ុន​ជីបម៉ុង បានហៅយុវជន៤នាក់ មានស្រីមានប្រុសឱ្យឡើងលើសង្វែនប្រដាល់ ហើយ​ឱ្យយុវជន​ទាំងអស់​នោះ​គាស់ក្រវាល់​កំប៉ុងស្រាបៀរ និងផឹកបង្ហាញទស្សនិកជនដែលបានចូលរួមនោះ ខណៈពេលសកម្មភាព​នេះ​ក៏​កំពុងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សទ៍ក្នុងស្រុកមួយផងដែរ។

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនផលិតស្រាបៀរខ្មែរបាននៅឡើយ ដោយ​ទំនាក់​ទំនង​តាម​រយៈលេខទូរសព្ទជាច្រើនដង ប៉ុន្តែគ្មានអ្នកលើក។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ជា​រឿង​ល្អ​ដែល​ក្រសួងទាំងពីរ មានចាត់ការណ៍ពាក់ព័ន្ធនឹងបញ្ហាផ្សព្វផ្សាយ និងសកម្មភាព​ផឹកគ្រឿង​ស្រវឹង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ឬក៏បណ្តាញសារព័ត៌មានមួយចំនួន។ នេះជាអ្វីដែលលោកចង់ឃើញ ដើម្បី​ចូល​រួម​ទប់ស្កាត់​នៃការលើកកម្ពស់វប្បធម៌ប្រើប្រាស់គ្រឿងស្រវឹងខ្លាំងនៅក្នុងប្រទេស ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឿង​​ស្រវឹងក្លាយជាឧបករណ៍ដ៏សាហាវមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្នត់គំនិតរបស់យុវជន ហើយ​យុវជន​កាន់​តែច្រើនទៅធ្លាក់ក្នុងរណ្តៅនេះ។

លោកបញ្ជាក់ថា៖ «សូមឱ្យការអនុវត្តរបស់ក្រសួងសាមីដែលពាក់ព័ន្ធទាំងអស់ សូមកុំធ្វើដើម្បីតែបង្ហាញ​ឱ្យ​ឃើញថា មានការយកចិត្តទុកដាក់ ក៏ប៉ុន្តែចំពោះការអនុវត្តវិញ គឺមិនទទួលបាននូវលទ្ធផលជាវិជ្ជមាន។ ដូច្នេះ​ការអនុវត្តរបស់ក្រុមហ៊ុន ឬស្ថានីយ៍សារព័ត៌មានទាំងអស់ហ្នឹង បើសិនមានករណីរំលោភបំពាន គឺគួរ​តែ​ចាត់​វិធានការតាមច្បាប់ និងធ្វើការពិន័យឱ្យបានធ្ងន់ធ្ងរ ដោយមិនមានការយោគយល់ ឬក៏មិនមាន​ការ​លើក​លែង»។

យ៉ាងណាមិញ លោកក៏មានក្តីបារម្ភផងដែរ ព្រោះស្ថានីយ៍ទូរទស្សន៍ ឬសារព័ត៌មានធំៗទាំងអស់នោះសុទ្ធតែ​ជា​របស់បុគ្គលដែលមានឥទ្ធិពល និងអំណាច ដែលជាហេតុនាំឱ្យក្រសួងសាមី ពិបាកក្នុងអនុវត្តច្បាប់ឱ្យមាន​ប្រសិទ្ធភាព

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ស្ថានភាពយុវជនខ្មែរបច្ចុប្បន្ន ដែលមានមនសិការគិតអំពីបញ្ហាជាតិ និងគិតអំពីអនាគតសង្គមជាតិ មានតិចតួចណាស់ ជាមួយគ្នានេះ​ លោក​​​ក៏​​បានលើកឡើងអំពីរបាយការណ៍របស់អង្គការតម្លាភាព ដែលរកឃើញថាមានយុវជន​ប្រមាណ​១៦%​ប៉ុណ្ណោះ ចាប់អារម្មណ៍ទៅលើនយោបាយជាតិ និងគិតគូរអំពីបញ្ហាសង្គមជាតិនាពេលអនាគត។ ដោយឡែក លោកចាត់ទុកការផ្សាព្វផ្សាយគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រែងនៅពេលនេះ ជារឿងខុសធ្ងន់ណាស់ បើ​ប្រៀប​ធៀបជាមួយប្រទេសជឿនលឿនផ្សេងទៀត ដែលគេកំពុងពង្រឹងពង្រីកយុវជនរបស់គេឱ្យមានសមត្ថភាព ហើយ​​ប្រទេសទាំងអស់នោះ មានវិធានការណ៍យ៉ាងតឹងរឹង ចំពោះ​ការផ្សព្វផ្សាយគ្រឿងស្រវឹង​នៅ​តាម​សាធារណៈ។

លោកបញ្ជាក់ថា៖ «យើងឃើញថាគ្រឿងស្រវឹងនេះ ក្លាយទៅជារឿងអាណាធិបតេយ្យ ហើយទាំងអស់គ្នា ទាំង​​អ្នកលក់ ទាំងអ្នកទិញ ទាំងរដ្ឋមន្ត្រី ទាំងនាយករដ្ឋមន្ត្រី ទាំងពលរដ្ឋទូទៅទាំងអស់ សុទ្ធតែទទួល​ស្គាល់​ថា គ្រឿងស្រវឹងគឺជាផ្នែកមួយនៃការបំបាក់ស្មារតី បំបាក់ផ្នត់គំនិត ធ្វើឱ្យមនុស្សឈ្លោះគ្នា បង្កើតអំពើហិង្សា បង្កើតឱ្យបានភាពអសន្តិសុខសង្គម យ៉ាងណាក៏ដោយ តែយើងនៅតែឃើញគ្រឿងស្រវឹងហ្នឹង នាំមុខគេ ទាំងវិស័យផ្សាយពាណិជ្ជកម្ម ទាំងការដាក់ស្លាកនៅតាមដងផ្លូវ»។[…]​។ រហូតដល់ហ៊ាន​ឱ្យយុវជនខ្មែរ​ឈរ​ផឹកប្រកួតប្រជែងគ្នា​តាមកញ្ចក់ទូរទស្សទ៍ទៀត នេះជារឿងទើសខុសធ្ងន់ធ្ងរណាស់​ ដែលវាកំពុងបង្ហាញ​ពី​ភាពកម្សោយនៃជាតិសាសន៍មួយ»

ជាមួយស្ថានភាពនេះ បើគ្មានវិធានការណាមួយពីសាមីក្រសួងដែលពាក់ព័ន្ធទៅលើគ្រឿងស្រវឹងនេះទេ លោក​​យល់ឃើញថា ជាតិសាសន៍របស់យើង នឹងកាន់តែធ្លាក់ដុនដាប និងខ្សោយទៅពីមួយជំនាន់​ទៅមួយ​ជំនាន់ទៀត ហើយទោះបីកន្លងមកយើងធ្លាប់ឮ ធ្លាប់ឃើញពីគោលការណ៍​របស់ក្រសួងអំពីការទប់ស្កាត់​នៃ​ការ​ផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងណាក៏ដោយ តែជាលទ្ធផលគ្រឿងស្រវឹងនៅតែផុសផុលនៅក្នុងសង្គម​ដដែល៕

រាយការណ៍បន្ថែមដោយ៖ ហ៊ែល កំសាន

1,496 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម