ការសិក្សាស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ បានបង្ហាញថា ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមានជាទម្រង់ផ្សេងៗ ដូចជាបណ្តាលឱ្យកុមារបង្ខំចិត្តឈប់ពីការសិក្សាដើម្បីធ្វើការរកប្រាក់ជួយក្រុមគ្រួសារក្នុងការសងបំណុល។
យោងតាមអង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយរបាយការណ៍មួយកាលពីខែសីហា ឆ្នាំ២០២៣ ស្ដីពីហានិភ័យនៃបំណុល តាមរយៈការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូចនៅខេត្តកំពង់ស្ពឺ។
លទ្ធផលនៃការស្ទង់មតិនៃរបាយការណ៍ ក្នុងចំណោមប្រជាពលរដ្ឋ ១៩៥ ៨៨២ខ្នងផ្ទះ ទូទាំងខេត្តកំពង់ស្ពឺ បង្ហាញថា ពលកម្មកុមារ និងកុមារបោះបង់ការសិក្សាដោយសារបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ គឺកើតឡើងញឹកញាប់ខ្លាំង។ រួមមាន៤ ៥៦៥ ខ្នងផ្ទះ ប្រមាណជា៣%នៃប្រជាពលរដ្ឋ បានឱ្យកូនបោះបង់ការសិក្សា ដោយសារតែកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយកុមារជាច្រើនត្រូវទៅធ្វើការជួយរកប្រាក់ ដើម្បីបង់សងកម្ចីទាំងនោះវិញ។ ដែលធ្វើឱ្យប៉ះពាល់ដល់កុមារសរុបចំនួន ៨ ៩១២នាក់ ។
របាយការណ៍បន្តរកឃើញថា មាន៩ ៦០២ខ្នងផ្ទះ ប្រមាណជា៦,១% នៃប្រជាពលរដ្ឋបានលក់ដីដើម្បីសង បំណុល។ ខណៈពេលមាន១៤៤ ៨១៩ខ្នងផ្ទះ ប្រមាណជា៩២% នៃប្រជាពលរដ្ឋបានដាក់ប្លង់កម្មសិទ្ធិដីធ្លីយ៉ាងតិចមួយ ជាទ្រព្យធានា សម្រាប់កម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ។ របាយការណ៍បន្ថែមថា គ្រួសាររបស់ពួកគេជំពាក់បំណុលច្រើនពេក ហើយអ្នកខ្ចីជាង២៧% កំពុងចំណាយប្រាក់ចំណូលរបស់ពួកគេជាង៧០% លើការបង់សងបំណុល ជារៀងរាល់ខែ ។
ទន្ទឹងនឹងនេះ អ្នកខ្ចីភាគច្រើន មិនបានយល់ដឹងពីដំណើរការផ្លូវច្បាប់ ក្នុងករណីខកខានការបង់សងកម្ចី ឬមិនជឿថា មានការប្រើប្រាស់ដំណើរការផ្លូវច្បាប់ ។ ប្រមាណតិចជាង២%នៃអ្នកផ្ដល់បទសម្ភាសន៍ទាំងអស់ បានលើកឡើងថា ពួកគេបានគិតអំពីការរឹបអូសដីតាមផ្លូវច្បាប់ ក្នុងករណីខកខានការបង់សង។
លោកស្រី ចន្ទ (ជាឈ្មោះដាក់ក្រៅ ដើម្បីថែរក្សាភាពថ្លៃថ្នូររបស់គាត់) ដែលកំពុងរស់ក្នុងខេត្តកំពង់ស្ពឺ រៀបរាប់ថា រាល់ថ្ងៃខំប្រឹងធ្វើការ សន្សំលុយដើម្បីតែបង់ធនាគារ ខ្លួនឯងសុខចិត្តហួបប្រហុកហួបអំបិល ហើយមួយរយៈពេលនេះមិនមានលុយ ឬមានលុយតិចតួច យកទៅបង់ធនាគារមិនគ្រប់ចំនួន ក៏ធនាគារមិនយកដែរ។ ដល់ពេលដូច្នេះ ខាងធានាគារគេមកថត និងចង់លៃលកដីដែលគាត់កំពុងរស់នៅ ខណៈពេលដីនោះ ជាដីដែលរដ្ឋចែកឱ្យគាត់ មិនមែនដីគាត់រកស៊ីបាន ឬទទួលមរតកពីគ្រួសារអីទេ។ លោកស្រីបន្តថា បើខាងធនាគារនៅតែបង្ខំគាត់ មានតែលក់ដីរដ្ឋចែកឱ្យ ដើម្បីយកលុយទៅសងធនាគារតែប៉ុណ្ណោះ។
លោកស្រីសំណូមពរ៖ «សុំឱ្យពន្យារតទៅមុខទៀតណា៎ស បំណុលដែលខ្ញុំជំពាក់ ខ្ញុំនៅតែសង។ ហើយកុំយកការច្រើនពេក សុំតែដើមទៅ! ព្រោះអត់មានអីទេ ខ្ញុំអត់មានផ្ទះ ខ្ញុំអត់មានអីទេ មានតែដីបន្តិចទេ»។
យ៉ាងណា ប្រាក់ដែលលោកស្រីខ្ចីពីធនាគារនោះ ក្នុងគោលបំណងដើម្បីធ្វើជាទុនរកស៊ី ប៉ុន្តែជាអកុសលត្រូវ បានក្ស័យធនអស់ហើយ។ ហើយក្រុមគ្រួសាររបស់លោកស្រីក៏បង្ខំចិត្តឱ្យកូនរបស់ខ្លួនឈប់ពីការសិក្សា ដើម្បីទៅធ្វើការងារ យកលុយមកបង់ធនាគារផងដែរ។
លោកសី្របន្តថា៖ «កូនចៅឈប់រៀន ឈប់អី! ដោយសារចឹងដែរហ្នឹង(បំណុល)»។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លើកឡើងថា ឪពុកម្តាយរបស់គ្រួសារកុមារដែលបានបោះបង់ចោលការសិក្សាភាគច្រើន គឺពួកគាត់មានជីវភាពក្រីក្រលំបាក និងត្រូវជាប់បំណុលធនាគារបន្ថែមទៀត ជាហេតុមិនអាចមានលទ្ធភាពឱ្យកូនបន្តការសិក្សាទៀតបាន។ ដោយឡែកកុមារទាំងអស់នោះ បង្ខំចិត្តធ្វើការងារផ្សេងៗ ទៅតាមឪពុកម្តាយ ដើម្បីស្វែងរកលុយបន្ថែម សម្រាប់បង់មីក្រូហិរញ្ញវត្ថុ ឬធនាគារ។
លោកបញ្ជាក់ថា៖ «កត្តាបំណុលដែលត្រូវចាំបាច់រកប្រាក់បន្ថែម ដើម្បីជួយទៅដល់ឪពុកម្តាយ និងស្ថានភាពគ្រួសាររបស់កុមារទាំងអស់ហ្នឹង»។លោកបន្ថែមថា៖ «យើងឃើញថាគាត់(កុមារ) ករណីខ្លះមានធ្វើការចំណាក់ស្រុក ឬក៏ទៅធ្វើការងារផ្សេងៗ»។
លោក វុទ្ធី បន្តថា ទន្ទឹងនេះលោកក៏ព្រួយបារម្ភផងដែរ ចំពោះការរកឃើញថា មានកុមារច្រើនបោះបង់ចោលការសិក្សា ព្រោះអាចប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់នៅពេលអនាគត និងជះឥទ្ធិពលអវិជ្ជមានដល់ធនធានមនុស្សនៅក្នុងសង្គមជាតិនាពេលខាងមុខ។ លោកចង់ឃើញឱ្យមានការដោះស្រាយអំពីបញ្ហាជីវភាព និងបំណុលរបស់គ្រួសារកុមារ ពីអ្នកពាក់ព័ន្ធនានា ជាពិសេសរដ្ឋាភិបាល ក្នុងស្ថានភាពដ៏លំបាកនេះ។
លោកបានលើកឧទាហរណ៍ថា ដូចប្រទេសថៃ តាមរយៈរដ្ឋាភិបាលថ្មី គេមានគោលនយោបាយអនុគ្រោះដល់ប្រជាពលរដ្ឋ និងកសិករ ដោយឱ្យពួកគេផ្អាកសងបំណុលដល់មីក្រូហិរញ្ញវត្ថុ ឬធនាគារ រយៈពេល៣ឆ្នាំ ដើម្បីទុកឱ្យឱកាសពួកគេរកប្រាក់ចំណូល។ ដែលជាកត្តាឱ្យពួកគាត់មិនចាំបាច់បង្ខំលក់ដី ផ្ទះ ឬទ្រព្យផ្សេងៗ ជាពិសេស បញ្ឈប់កូនពីការសិក្សា ដើម្បីរកប្រាក់បង់ធានាគារនោះទេ។
លោក វុទ្ធី អះអាងថា៖ «ចាំបាច់រដ្ឋាភិបាល ខ្ញុំគិតថានឹងមានផែនការ ដើម្បីជួយសម្រួលទៅដល់ប្រជាពលរដ្ឋ ព្រោះយើងមិនមានចំនួនតិចទេ ពលរដ្ឋរហូតទៅដល់២លាន៨សែននាក់ ដែលជាប់បំណុលមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស»។
ដោយឡែកលោក អ៊ុង សុមិត្ត អ្នកសម្របសម្រួលនៃអង្គការ លីកាដូ ប្រចាំខេត្តកំពង់ស្ពឺ យល់ឃើញថា មីក្រូហិរញ្ញវត្ថុ ឬធនាគារគួរតែបន្ថួរបន្ថយ ឬពន្យារពេលក្នុងការសងបំណុល ព្រោះសព្វថ្ងៃនេះទាំងអ្នករកស៊ី និងប្រជាពលរដ្ឋកំពុងតែលំបាក និងប្រឈមនៃវិបត្តិសេដ្ឋកិច្ចជាច្រើន។
លោកបន្ដែមថា៖ «ប្រសិនបើកុមារបោះបង់ចោលសាលារៀនច្រើន វាជាហានិភ័យមួយដល់សង្គមយើង»។ លោកបន្តថា៖ «ការបោះបង់ចោលការសិក្សា ជួយការងារឪពុកម្តាយ តាំងពីក្មេង កាលណាយើងបានឱ្យមានការធូរការបង់រំលស់តិចតួចទៅ គ្នាអាចមានពេលទៅរៀន ឬក៏ខ្លះទៅ លៃលកឱ្យកូនទៅរៀនកើត!»។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បដិសេធការធ្វើអត្ថាធិប្បាយលើបញ្ហានេះ។
ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបដិសេធចំពោះរបាយការណ៍ដែលចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ ដែលវាខុសពីទិដ្ឋភាពជាក់ស្តែងរបស់ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ។ លោកថា នៅក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រ និងសហគ្រាសជាច្រើន ដែលជាឱកាសឱ្យប្រជាពលរដ្ឋធ្វើការងារ និងរកប្រាក់ចំណូលបាន។ លោកបន្តថារបាយការណ៍នេះ វាជាការបម្រើឱ្យមហិច្ឆតារបស់ពួកជនអគតិ និងប្រទេសបច្ចាមិត្ត។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថារបាយការណ៍គាត់(អង្គការ) ស៊ីគម្រោង បើគាត់មិននិយាយអាក្រក់ចឹង! ពីណាទម្លាក់គម្រោងឱ្យគាត់ធ្វើទៀត!»។
ដោយឡែកលោកចោទថា របាយការណ៍ដែលស្រាវជ្រាវឡើងនេះ ទៅសួរតែប្រជាជនដែលខិលខូច និងយកលុយពីការខ្ចីធនាគារទៅលេងល្បែង និងផឹកស៊ីជាដើម។ ហើយចង់មកទាមទារឱ្យពន្យារពេលសង ឬមិនចង់សងទៅធនគារ វាមិនត្រូវទេ។
លោកបន្ថែមថា៖ «ចង់និយាយថា បើយើងខ្ចីគេ សងគេទៅ!»៕