សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មនុស្ស២នាក់ត្រូវបានឃាត់ខ្លួនដោយសារទៅមើលដីស្រែដែលកំពុងឈូសឆាយធ្វើព្រលានយន្តហោះនៅខេត្តកណ្តាល

នគរបាលដាក់របាំងបិទផ្លូវទៅកាន់ដីស្រែរបស់ប្រជាពលរដ្ឋ ដែលមានទីតាំងនៅបរិវេណគម្រោងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ
នគរបាលដាក់របាំងបិទផ្លូវទៅកាន់ដីស្រែរបស់ប្រជាពលរដ្ឋ ដែលមានទីតាំងនៅបរិវេណគម្រោងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

យ៉ាងហោចណាស់មនុស្សពីរនាក់ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលាន យន្តហោះថ្មីនៅក្នុងខេត្តកណ្តាល ត្រូវបានអាជ្ញាធរឃាត់ខ្លួនរយៈពេលខ្លីដើម្បីសួរនាំ កាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានទៅមើលដីស្រែរបស់ពួកគេដែលកំពុងត្រូវ បានក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋាន OCIC ធ្វើការឈូសឆាយ។ ការឃាត់ខ្លួននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរបិទផ្លូវឆ្ពោះទៅគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលកាលពីថ្ងៃអង្គារ។


អ្នកស្រី ហៀង ហៀក អាយុ៤០ឆ្នាំ និងកូនប្រុសអាយុ១៨ឆ្នាំរបស់គាត់ត្រូវ បាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីបានថតរូបនៅទីតាំងដីស្រែជាលក្ខណៈគ្រួសាររបស់ពួកគេ។ គាប់​បានប្រាប់ខេមបូចា ថាពួកគាត់​ត្រូវបាន ប៉ូលីសរារាំងនៅពេលពួកគេត្រលប់មកផ្ទះវិញ។

អ្នកស្រីបាននិយាយថា៖ «កូនប្រុសរបស់ខ្ញុំបានថតរូបដីស្រែខ្លះ បន្ទាប់មកអាជ្ញាធរបានមកសួរខ្ញុំថា ហេតុអ្វីបានជាយើងចូលទៅក្នុងកន្លែងហាមឃាត់។ បន្ទាប់មកពួកគេបានបើកឡាននាំយើងទៅក្រុងតាខ្មៅ»។

អ្នកស្រីបាននិយាយថា នៅឯប៉ុស្តិ៍នគរបាល អ្នកស្រីត្រូវបានស្នើឲ្យផ្តិតមេដៃធ្វើកិច្ច សន្យាដោយសន្យាថាឈប់ទៅមើលដីស្រែទៀត ព្រោះវាស្ថិតនៅក្នុងតំបន់ហាមឃាត់។

អ្នកស្រីបាននិយាយថា៖ «ពួកគេប្រាប់ខ្ញុំថា ពួកគេនឹងមិនយកដីរបស់ខ្ញុំទេ ហើយពួកគេនឹងដោះស្រាយជូនខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថា នឹង​ដោះស្រាយ​របៀបណាទេ »។

ពលរដ្ឋរាប់រយគ្រួសារបានជាប់គាំងនៅក្នុងជម្លោះជុំវិញគម្រោងព្រលានយន្តហោះតម្លៃ១,៥ពាន់លានដុល្លារ ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC ជាកម្មសិទ្ធិរបស់លោកឧកញ៉ា ពុង ឃាវសែ។ ជម្លោះនេះមានរយៈពេលជាងបីឆ្នាំមកហើយ។

អ្នកស្រី ហៀក បាននិយាយថា៖ «ពួកគេ​បានព្រមានខ្ញុំកុំឲ្យចេញមុខ​ជាងគេពេក [ទាមទារសំណង] ហើយត្រូវប្រយ័ត្ន បើមិនដូច្នោះទេ ពួកគេ​នឹងចាប់ខ្លួនខ្ញុំ និងប្តីខ្ញុំហើយទ្រព្យ សម្បត្តិរបស់ខ្ញុំទាំងអស់នឹងត្រូវបាត់បង់»។ ដោយអ្នកស្រីបន្ថែមថា៖ «ខ្ញុំមានទាំងដីនិងផ្ទះនៅទីតាំងនោះ។ បើខ្ញុំមិនចេញមកតវ៉ា តើអ្នកណានឹងតវ៉ាជំនួសខ្ញុំ? ខ្ញុំពិតជាពិបាកចិត្ត​ណាស់»។

ផ្ទះរបស់អ្នកស្រី ហៀក មានចម្ងាយប្រហែល៤០០ម៉ែត្រពីផ្ទះពលរដ្ឋផ្សេងទៀតនៅក្នុងភូមិ។ អ្នកស្រីបាននិយាយថា ឥឡូវនេះ នរគបាលប្រចាំការនៅខាងក្រៅផ្ទះរបស់អ្នកស្រី។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំពិតជាព្រួយបារម្ភអំពីសុវត្ថិភាព ពីព្រោះផ្ទះខ្ញុំនៅឆ្ងាយពីភូមិហើយប្តីខ្ញុំមិនអាចចូលផ្ទះបានទេ។ ពួកគេនិយាយថា ប្តីខ្ញុំជាមនុស្សចេញ​មុខជាងគេ​ក្នុងការ​តវ៉ាទាម​ទារ»។

លោក ទួន វណ្ណៈ ជាប្តីរបស់អ្នកស្រីហៀក បានប្រាប់ខេមបូចាថា ឥឡូវនេះអាជ្ញាធរកំពុងគំរាមកំហែងដល់គ្រួសាររបស់លោក និងគ្រួសារផ្សេងទៀតដែលកំពុងរងផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍនេះ។

លោកបាននិយាយថា៖ «ខ្ញុំគិតថាពួកគេរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស។ ពួកគេ​គំរាមកំហែងប្រពន្ធខ្ញុំ ខណៈដែលខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចូលផ្ទះរបស់ខ្ញុំ។ ខ្ញុំត្រូវបានគេចាត់ទុកជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការតវ៉ាចំពោះការទាម ទារទាំងនេះ»។

លោក វណ្ណៈ បាននិយាយថា នរគបាលបានយកទូរសព្ទកូនប្រុសរបស់លោក ហើយលុបរូបភាពទាំងអស់ ដោយអះអាងថា រូបភាពទាំងនោះត្រូវបានថតនៅក្នុងតំបន់ ហាមឃាត់និងបានរំខានដល់ការងាររបស់ក្រុមហ៊ុន។

អ្នកភូមិម្នាក់ទៀតឈ្មោះ សែម សុខលី បាននិយាយថា ការចាប់ខ្លួននេះគឺជាមធ្យោបាយគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យតវ៉ាតទៅទៀត។ ទោះយ៉ាងនេះក្តី អ្នកស្រីបាននិយាយថា អ្នកស្រីនិងពលរដ្ឋផ្សេងទៀតនឹងមិនបោះបង់ឡើយរហូតដល់រកបានដំណោះស្រាយ។

អ្នកស្រីបាននិយាយថា៖ «យើងត្រូវតែប្រយុទ្ធដើម្បីដីរបស់យើង ពីព្រោះដីនេះជាជីវិត​របស់យើង»។ ដោយអ្នកស្រីបន្ថែមថា៖ «យើងនៅតែអំពាវនាវឲ្យសម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានីហ៊ុនសែន ជួយ។ [យើង] ប្រជាពលរដ្ឋគ្រាន់តែសុំ​មួយ​រស់​ប៉ុណ្ណោះ។ ខ្ញុំមិនចង់បានអ្វីច្រើនទេ»។

អ្នកស្រីបន្តថា មិនទាន់មានអាជ្ញាធរឬតំណាងក្រុមហ៊ុនមកជួបជាមួយប្រជាពលរដ្ឋនៅឡើយទេ។ លោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា មនុស្សពីរនាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរមុននឹងត្រូវបានដោះលែងវិញ។

លោកបានមានប្រសាសន៍ថា៖ «គ្មានបញ្ហាទេ ហើយគ្មានការឃុំខ្លួនទេ អាជ្ញាធរគ្រាន់តែនាំពួកគាត់ទៅសាកសួរ បន្ទាប់ពីពួកគាត់ចូលទៅកន្លែងហាមឃាត់ហើយថតរូប»។

នគរបាលនិងកងរាជអាវុធហត្ថរាប់រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីបិទផ្លូវឆ្ពោះទៅកាន់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកណ្តាល ចំពេលមានសកម្មភាពឈូសឆាយដីកំពុងបន្ត។

លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា មានតែដំណោះស្រាយដោយសន្តិវិធីទេ ដែលអាចបញ្ចប់ជម្លោះដីធ្លីបាន។

លោកបានមានប្រសាសន៍ថា៖ «ការប្រើកម្លាំងដើម្បីគំរាមកំហែង នឹងបង្កឲ្យមាន អំពើហិង្សាហើយយើងព្រួយបារម្ភថាការប្រឈមមុខដាក់គ្នានេះនឹងនាំឲ្យមានអំពើ ហិង្សានិងការចាប់ខ្លួន ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយត្រឹមត្រូវ»។ ដោយលោកបន្ថែមថា៖ «ក្រុមហ៊ុនវិនិយោគដើម្បីរកប្រាក់ចំណេញ ប៉ុន្តែប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គួរតែទទួលបានដំណោះស្រាយដោយយុត្តិធម៌ផងដែរ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two people detained for visiting farmland being cleared for Kandal airport

217 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម