សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នគរបាល២នាក់ស្លាប់ និងម្នាក់រងរបួសក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននៅស្រុកអង្គស្នួល

ប្រជាពលរដ្ឋ និងសមត្ថកិច្ច ឈរចោមរោមមើលសពនគរបាលពីរនាក់ដែលត្រូវបានបាញ់ស្លាប់ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ រូបថតថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្ដល់ដោយ ឆន មុន្នី
ប្រជាពលរដ្ឋ និងសមត្ថកិច្ច ឈរចោមរោមមើលសពនគរបាលពីរនាក់ដែលត្រូវបានបាញ់ស្លាប់ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ រូបថតថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្ដល់ដោយ ឆន មុន្នី

មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយរងផ្នែកគ្រឿងញៀនម្នាក់បានស្លាប់បាត់បង់ជីវិត ព្រមទាំង​មន្រ្តី​ប៉ូលិសប៉ុស្តិ៍ម្នាក់ទៀត​រងរបួស​​ដោយសារ​ជនល្មើសបាញ់ត្រូវ ខណៈពួកគេចុះបង្រ្កាប​បទ​ល្មើសគ្រឿងញៀន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។  នេះបើតាមការបញ្ជាក់ពីលោក មិន ប៊ុនឈាន ស្នងការរងទទួលបន្ទុកផ្នែកគ្រឿងញៀនប្រចាំខេត្តកណ្ដាល។

ថ្លែងប្រាប់ខេមបូចា​នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក មិន ប៊ុនឈាន ស្នងការ​រងខេត្តកណ្តាល បានបាន​បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុក​អង្គស្នួល ខេត្តកណ្តាល បណ្ដាលឱ្យសមត្ថកិច្ចចំនួន២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ការបាញ់ប្រហារនេះ គឺបង្ក​ដោយមុខសញ្ញាគ្រឿងញៀនប្រមាណ១០នាក់។

លោក ប៊ុនឈាន បន្តថា បន្ទាប់ពីមានការបាញ់ប្រហារមកលើក្រុមសមត្ថកិច្ច ខាងប៉ូលិសបាន​ចាប់ជនដៃដល់ចំនួន១នាក់ ដែលជាអ្នកកាន់កាំភ្លើងវាយប្រហារមកលើក្រុមសមត្ថកិច្ច។

ស្នងការរងរូបនេះបន្ថែមថា ខាងក្រុមសម្ថកិច្ចបានបើកកិច្ចស្រាវជ្រាវយូរមកហើយ ប៉ុន្តែទើប​តែបើកប្រតិបត្តិការ ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋ ទើបខាងសម្ថកិច្ច​ចុះ​មក​តែម្ដង ហើយក៏ឈានដល់ការបាញ់តទល់នៅថ្ងៃត្រង់នេះ។

លោក ប៊ុនឈាន ថ្លែងថា៖«ម្នាក់ជាមេប៉ុស្តិ៍ ម្នាក់ជានាយរងផ្នែកគ្រឿងញៀន[ស្រុកអង្គស្នួល] ជនល្មើសមានប្រហែល១០នាក់ យើងយកបានម្នាក់ ជាអ្នកកាន់កាំភ្លើង»។

ចំណែកលោក គង់ ស៊ីដាន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល បាន​ប្រាប់​ថា លោកមិនទាន់បានទទួលដំណឹងនេះច្បាស់ការនៅឡើយទេ ដោយលោកនៅឆ្ងាយ​ពី​ទី​តាំង​កើតហេតុ។

ឆ្លើយតបតាមទូរសព្ទលោក ស៊ីដាន ប្រាប់ថា៖«អត់ដឹងដែរ ព្រោះខ្ញុំនៅឆ្ងាយពីហ្នឹង»។

តែបើតាមលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានក្នុង​ស្រុក បានបញ្ជាក់ថា នាយនគរបាលដែលត្រូវមុខសញ្ញាគ្រឿងញៀន បាញ់បណ្តាលឱ្យស្លាប់ មាន ឈ្មោះ ជុច សុភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រេច​ និង ឈ្មោះ រឹម សុផាន់ណា មានតួនាទីនាយរងផ្នែកគ្រឿងញៀននៃស្រុកអង្គស្នួល។ លោកបន្តថា នៅក្នុងប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ម្នាក់ផងដែរ។

មន្ត្រីប៉ូលិសមិនទាន់បង្ហាញពីអត្តសញ្ញាណរបស់ជនល្មើសនៅឡើយទេ​ ខណៈ​អ្នកសារព័ត៌មាន​ខេមបូចាបានសាកសួរ។

ប្រជាពលរដ្ឋ និងសមត្ថកិច្ច ឈរចោមរោមមើលសពនគរបាលពីរនាក់ដែលត្រូវបាន​បាញ់ស្លាប់​ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ រូបថតថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្ដល់ដោយ ឆន មុន្នី

បើតាមលោក ឆន មុន្នី ជាប្រជាពលរដ្ឋម្នាក់ បានប្រាប់ថា ក្រោយកើតហេតុ​លោកបាន​ទៅ​ទី​តាំង​ដែលមានការបាញ់ប្រហារ  ឃើញមានជនដៃដល់ចំនួន២នាក់ត្រូវបានចាប់ខ្លួន ដោយ​ជនដៃដល់ប្រើកំាភ្លើងខ្លីមួយដើម និងដាវមួយដើម។ លោកបន្ថែមថា មន្រ្តីប៉ូលិស​ចំនួន២នាក់​បានស្លាប់ដោយម្នាក់់ជាមេប៉ុស្តិ៍ទួលព្រេច និងម្នាក់ទៀតនាយរងផ្នែកគ្រឿងញៀនស្រុក ហើយ​ចំណែកម្នាក់ដែលរងរបួសជាប៉ូលិសខាងឃុំព្រិច។

ពលរដ្ឋរូបនេះ អះអាងថា បើតាមការដឹងឮនៅកន្លែងកើតហេតុ គ្រឿងញៀនដែល​សមត្ថកិច្ច​រឹបអូសបានជាប្រភេទម៉ាទឹកកកជាច្រើនកញ្ចប់។

លោក មុន្នី ថ្លែងថា៖«សមត្ថកិច្ចចាប់ជនដៃដល់បាន២នាក់ ប្រុសទាំងពីរ ជាជនជាតិខ្មែរ ហើយសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនម៉ាទឹកកក»។

ជុំវិញបញ្ហានេះ លោក ហង្ស ប្រសើរ អនុប្រធានមណ្ឌលស្ដារនីតិសម្បទាព្យាបាលអ្នកញៀន គ្រឿងញៀន បានឱ្យដឹងថា ក្នុងនាមលោកជាវិស័យឯកជន លោកមានការព្រួយបារម្ភ​ចំពោះ​បញ្ហាគ្រឿងញៀននេះដែរ។

លោកឱ្យដឹងថា៖«បញ្ហាគ្រឿងញៀន ដែលយើងដឹងឮគ្រប់គ្នា ខ្ញុំមានការបារម្ភដែរ»

លោកអះអាងថា ក្នុងមានជាមណ្ឌលស្ដារនីតិសម្បទា លោកក៏បានចូលរួមកាត់បន្ថយ​អ្នក​ប្រើ​ប្រាស់គ្រឿងញៀន ដោយព្យាបាលអ្នកទាំងនោះ។ លោកបន្តថា ក្នុងមួយខែ​លោក​ទទួល​បាន​អ្នកប្រើប្រាស់គ្រឿងញៀនប្រមាណ៣៥នាក់ ដូច្នេះក្នុងមួយឆ្នាំមណ្ឌលលោកអាចបន្សាប​អ្នក​សេពគ្រឿងញៀនបានជិត៥០០នាក់ផងដែរ។

សូមជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានលើកឡើងថា បញ្ហា​គ្រឿងញៀន បទល្មើសលួច អំពើមនុស្សឃាត អំពើហិង្សា ការរំលោភផ្លូវភេទ នៅតែកើត​មានច្រើនក្នុងផ្ទៃប្រទេស ខណៈរឿងទាំងនេះ​ជាបញ្ហាប្រឈម និងបង្ក​ជាក្ដីបារម្ភ​ដ៏ចម្បង​នៅក្នុងសង្គម។

ទន្ទឹមនឹងនេះ លោក ​​ស ខេង ធ្លាប់បានលើកឡើងថា អាជ្ញាធរកម្ពុជាបានអនុវត្ត​ការបង្រ្កាប​បទល្មើស​គ្រឿងញៀនខុសច្បាប់សរុបចំនួន ៦ ៣០៨ករណី ឃាត់ខ្លួនមនុស្សចំនួន ១៣៩៧៩ នាក់ក្នុងឆ្នាំ ២០២១។ ហើយក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មាន ៣៤ នាក់ ពាក់ព័ន្ធករណីកែច្នៃគ្រឿងញៀន។

លោក​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​២០២១ អាជ្ញាធរ​រឹបអូស​បាន​ថ្នាំ​ញៀន​៤.៦៨​តោន និង​សារធាតុ​គីមី​សម្រាប់ផលិតគ្រឿងញៀនចំនួន​៨៤​តោន។ គួររំលឹកដែរថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ រោងចក្រកែច្នៃគ្រឿងញៀន​ក្នុងស្រុកដ៏ធំមួយត្រូវបានរកឃើញនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមនគរបាល បាននិយាយថាពួកគេបានរឹបអូសបានថ្នាំញៀនប្រភេទកេតាមីន (Ketamine) ជាង ១,៤ តោន និងសារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ជាង​ ៨0 តោន៕

1,498 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម