សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឧត្តមសេនីយ៍ទោម្នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធដឹកជញ្ជូនមនុស្សខុសច្បាប់ ក្នុងពេលបិទការធ្វើដំណើរ ដោយសារជំងឺកូវីដ១៩

អាជ្ញាធរបិទផ្លូវនៅព្រំប្រទល់រវាងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ជាថ្ងៃដំបូងនៃការបិទខ្ទប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង
អាជ្ញាធរបិទផ្លូវនៅព្រំប្រទល់រវាងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ជាថ្ងៃដំបូងនៃការបិទខ្ទប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

ឧត្តមសេនីយ៍​យោធា​ជាន់​ខ្ពស់​មួយ​រូប​ត្រូវ​​ចាប់​ខ្លួន​កាលពី​ថ្ងៃព្រហស្បតិ៍ ជាមួយ​នឹង​មនុស្សប្រាំមួយ​នាក់​ផ្សេង​ទៀត ដោយ​ចោទថា​បាន​ដឹក​ជញ្ជូន​មនុស្ស​​ខុស​ច្បាប់​ពី​ភ្នំពេញ​ទៅ​តាម​ខេត្ត បំពាន​នឹង​បំរាម​ធ្វើ​ដំណើរ​ ដែល​ដាក់​ចេញ​ក្នុង​គោល​បំណង​បន្ថយ​ការ​រាល​ដាល​កូវីដ​១៩​។ ករណី​ផ្សេង​មួយ​ទៀត​ដែរ អ្នក​បើក​រថយន្ត​ឈ្នួល​ចំនួន​បួន​នាក់ ក៏​ត្រូវចាប់​ខ្លួន​ដែរ បន្ទាប់​ពីបាន​ដឹក​ជញ្ជូន​ជនបរទេស​ជាច្រើន​នាក់​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ខណៈ​សមត្ថកិច្ច​ថា​ករណី​បែបនេះ​កំពុង​កើត​មាន​នៅ​ទូទាំងប្រទេស​។​

ស្នងការ​ខេត្ត​ស្វាយ​រៀង​ លោក កឹង ឃន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ឧត្តមសេនីយ៍ទោ​ ស៊ុំ ពៅ និង​មនុស្ស​ចំនួនប្រាំមួយ​នាក់​ផ្សេង​ទៀត​នៅថ្ងៃព្រហស្បតិ៍ ​ប្រហែលជា​ម៉ោង​៣​ទៀប​ភ្លឺ ដោយថា​បាន​ដឹក​ជនជាតិ​ចិន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ស្វាយ​រៀង​។

លោក កឹង ឃន​ មាន​ប្រសាសន៍ទៀតថា៖ «សំណុំរឿង​ឧត្តមសេនីយ៍​ផ្កាយពីរ​[ស៊ុំ ពៅ] កំពុង​តែ​រៀបចំបញ្ជូន​ទៅ​តុលាការ»។ យ៉ាងណា លោក​បាន​បដិសេធលម្អិត​ពីសំណុំរឿង​នេះ ដោយ​គ្រាន់តែ​បញ្ជាក់ថា​ជនជាតិ​ចិន​ចំនួន​២៨​នាក់កំពុង​ដាក់​ឲ្យ​នៅ​ធ្វើ​ចត្តាឡីស័ក​។​​

នៅ​ថ្ងៃ​សុក្រ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់តំណែង និង​បណ្ដេញ​​លោក ស៊ុំ ពៅចេញពីក្រម​ខណ្ឌ បន្ទាប់​ពី​មាន​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់​លើ​មន្ត្រី​ជាន់​ខ្ពស់ ដើម្បី​ធ្វើ​ជាគំរូ​សម្រាប់​​អ្នក​បំពាន​វិធានការទប់​ស្កាត់​កូវីដ១៩ ខណៈ​កាលពី​សប្ដាហ៍​មុន​ឧត្តមសេនីយ៍ទោ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ម្នាក់​ក៏​ត្រូវ​ដក​ចេញពី​ក្រប​ខណ្ឌ​ដែរ ដោយ​ថា​បាន​រៀបចំការ​ជប់លៀង​ផឹកស៊ី​នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​រាជធានីភ្នំពេញ​។​

លោក ថោង សូលីម៉ូ អ្នក​នាំពាក្យ​អគ្គបញ្ជាការដ្ឋាននៃ​កងយោធពលខេមរភូមិន្ទ​ មាន​ប្រ​សាសន៍ថា​អគ្គមេ​បញ្ជាការនៃកងយោធពលខេមរភូមិន្ទ​​ លោក វង្ស ពិសេន បានអនុញ្ញាត​ឲ្យ​សមត្ថកិច្ចចាត់​ការ​វិធានការ​ច្បាប់​ប្រឆាំង​នឹង​ឧត្តម​សេនីយ៍ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​។​

លោក​បន្ថែម​ថា៖ «​អង្គភាព​បាន​បើក​ផ្លូវ​ឲ្យ​នគរបាល​ចាត់ការ​វិធាការច្បាប់​លើ​ [ស៊ុំ ពៅ] ព្រោះ​ថា​លិខិត​បេសកកម្ម​គាត់ចេញ​ឲ្យ​ដើម្បី​បំពេញកិច្ចការ​ចាំបាច់ ហើយ​មិន​មែន​សម្រាប់​ដឹក​ជញ្ជូន​មនុស្ស​ដោយ​ខុស​ច្បាប់​នោះទេ»។​​

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា លោក ស៊ុំ ពៅ ​មានតួនាទី អនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធានៃអគ្គបញ្ជាការ និង​មាន​លិខិត​​ធ្វើ​ដំណើរ​ដោយ​អនុញ្ញាត​ឲ្យគាត់​ឆ្លងពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន តែ​គាត់​បាន​ប្រើ​លិខិត​នេះ​ដឹក​ជញ្ជូន​មនុស្ស​ខុស​ច្បាប់​។​

អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមឃឿន មាន​ប្រ​សានស៍​ដែរ​ថា​សមត្ថកិច្ច​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​វិធានាការ​នានា និង​បាន​បង្ក្រាប​ការ​ផ្លាស់ទី​របស់​មនុស្ស​ឆ្លង​ខេត្ត​ដោយ​ខុសច្បាប់។​

លោក​បន្ថែម​ថា៖ «យើង​នឹង​ពង្រឹង​វិធានការ​តាម​ដាន​បន្ថែម​ទៀត…ប៉ុន្តែ​យើង​មិន​អាច​ប្រាប់អ្នកសារព័ត៌មាន​បានទេ ព្រោះវាជា​ភារកិច្ច និង​ជំនាញ​របស់​សមត្ថកិច្ច»។​

អ្នក​នាំពាក្យ​​រូប​នេះ​បញ្ជាក់​ទៀត​ថាលោក​មិន​បាន​ដឹង​ពី​ចំនួន​ករណី​សរុប​នៅទូទាំង​ប្រទេស​នោះទេ​។ ប៉ុន្តែ​ថាករណី​ដឹកជញ្ជូន​មនុស្ស​ដោយ​ខុសច្បាប់​ដែល​បាន​រាយការណ៍​មក​មាន​ដូចជា​​នៅខេត្ត​កំពត ស្វាយរៀង កែប រតនគិរី និង​កំពង់ស្ពឺ ដោយ​គិត​តាំងពីថ្ងៃទី​៧ ខែមេសា មក ជា​ពេល​ដែល​រដ្ឋាភិបាល​អនុវត្ត​វិធានការ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​។

លោក​ សម សាមួន ស្នងការ​នគរបាលខេត្ត​កំពង់​ស្ពឺ មាន​ប្រសាសន៍ដែរថា នគរបាល​បាន​ចាប់​ខ្លួន​អ្នក​បើក​បរតាក់ស៊ី​ចំនួន​បួន​នាក់​កាល​ពី​ថ្ងៃព្រហស្បតិ៍ និង​សុក្រ បន្ទាប់​ពី​បាន​ស្ទាក់ចាប់​អ្នក​ទាំង​នោះពេល​ដឹក​ជញ្ជូន​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១៦​នាក់ និង​ជនជាតិ​ចិន​ចំនួន​១៨​នាក់ ក្នុង​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ។​

​ស្នងការរូប​នេះ​បន្ថែមថា៖ «អ្នក​បើក​បរ​ទាំង​ពីរ​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន និង​រងបទចោទ​ថាបានរារាំង​ដល់​ការ​អនុវត្តវិធានការ តាម​មាត្រា​១១​នៃ​ច្បាប់​ស្ដីពី​កូវីដ១៩​»

លោក​បញ្ជាក់ថា សម្រាប់​ជន​បរទេស​ទាំងអស់​ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេស្តន៍។​

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ដែរថា​​តុលាការ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ជនជាតិចិន​​ចំនួន​១៤​នាក់ ដោយ​ចោទ​ថាបាន​បំពាន​ និងប្រឆាំង​វិធានការ​បង្ការ​កូវីដ១៩ ដោយ​បាន​ព្យាយាម​ធ្វើ​ដំណើរ​​ទៅ​ទីក្រុង​ភ្នំពេញ​។​

លោក​មាន​ប្រ​សាសន៍ថា៖ «យើងបាន​បង្ក្រាប​បួន​ករណី[ករណីដឹកជញ្ជូន​មនុស្ស​] ហើយ​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ»។ យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​បទ​ត្រូវ​ចោទ​នោះទេ​។​

ចាប់តាំងពី​មាន​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៥ ខែមេសាមក មនុស្ស​ចំនួន​២៤០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ប៉ុន្តែថា​មាន​តែ​១១​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ។ សម្រាប់​អ្នក​ផ្សេង​ទៀត​ត្រូវ​បានអប់​រំ និង​ឲ្យត្រឡប់ទៅ​ផ្ទះ​វិញ ជាមួយ​គ្នា​នោះដែរ​ក៏​មាន​មនុស្ស​ចំនួន​២១៣​នាក់​ បាន​រងការពិន័យ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ លោក សាន សុខសីហា​។

លោក​ថា​អ្នក​ទាំង១១​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​គឺ​បាន​បំពានបំរាម​ក្នុង​ការ​ជួប​ជុំ​ផឹកស៊ី អំឡុងពេល​បិទ​ខ្ទប់​។​

កាលពី​សប្ដាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដាក់ទោស​អ្នក​ដែល​បាន​បំពាន​វិធានការ និង​ច្បាប់​ទាក់ទងនឹង​ការ​គ្រប់​គ្រង​កូវីដ១៩​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ផ្ដល់​ជា​យោបល់ថា​ការ​អនុវត្ត​បន្ទាន់​លើ​ករណី​បែប​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។​​

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​ស្នើ​ដល់​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិធម៌ កើត រិទ្ធ ឲ្យ​សហការ​ជាមួយ​តុលាការ​ដើម្បី​ដាក់ទោស​មនុស្ស​ដែល​[មិន​​]​ធ្វើ​ចត្តាឡីស័ក បំពាន​ទៅ​នឹង​ច្បាប់…​ចាប់​ខ្លួន​[ជនសង្ស័យ]យប់​នេះ កាត់ទោសស្អែក»

លោក នី សុខា ប្រ​ធាន​ផ្នែក​សិទ្ធមនុស្ស និង​សិទ្ធិ​ដីធ្លី​របស់សមាគមនសិទ្ធិមនុស្ស​អាដហុក មាន​ប្រ​សាសន៍ថាមន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​មាន​ធនធាន និង​លិខិត​ធ្វើ​ដំណើរ បានឆ្លៀត​ឱកាស​រកប្រយោជន៍​ពេល​មាន​ការ​ហាមឃាត់ធ្វើដំណើរ ធ្វើ​ការ​ដឹក​ជញ្ជូន​មនុស្ស​ដើម្បី​បាន​ប្រាក់​។​

 លោក​លើក​ឡើងថា៖ «វាជារឿង​កម្រ​ដែល​ឃើញ​មាន​មនុស្ស​ធម្មតា​អាចធ្វើ​បាន[រត់ពន្ធមនុស្ស​] គឺ​មាន​តែមន្ត្រី​ជាន់​ខ្ពស់​ដែល​ប្រើអំណាច​របស់​ពួកគេដើម្បី​ប្រព្រឹត្ត​រឿង​នេះ…​យើង​បារម្ភ​ថាបើ​សិនជា​នៅ​មាន​មនុស្សមាន​អំណាច​ប្រព្រឹត្ត​រឿងបែបនេះ នឹង​ធ្វើ​ឲ្យ​វិធានការ​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព»។​

លោក​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ធ្វើករណីនេះជាឧទាហរណ៍ចំពោះ​ការ​ចាប់​ខ្លួន​មន្ត្រី​ទាំងនោះ​ ដោយ​ត្រូវដាក់ទោស​ធ្ងន់​ធ្ងរ​ ដោយសារ​បាន​ប្រើ​ប្រាស់តួនាទី​បំពាន​វិធានការ​បញ្ឈប់​ការ​រាល​ដាល​វីរុស​កូវីដ១៩។​

លោក​ អំ សំអាត​ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បាន​គាំទ្រ​ការ​លើក​ឡើង​របស់​លោក នី សុខា និង​បាន​ស្វាគមន៍ចំពោះ​វិធានការ​ច្បាប់​ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​ទាំងនោះ ដែល​បាន​​ផ្ដល់​ប្រាក់ទៅ​អ្នក​បើក​បរ ឬ​អ្នក​ផ្សេង​ទៀត។

លោក​បន្ថែម​ថា៖ «​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រោះថា​ក្នុង​ពេល​បិទខ្ទប់នេះ គ្រួសារ​មួយ​ចំនួន​នឹង​មាន​ចំណូល​ធ្លាក់ចុះ មនុស្ស​ខ្លះអាចប្រថុយ​ដឹកជញ្ជូន​មនុស្ស​ឆ្លង​ទៅ​ខេត្ត​ផ្សេងៗ»។

លោក​ស្រី ជូ ប៊ុនអេង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មាន​ប្រសាសន៍ថា​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​ការជួញដូរ​មនុស្ស ទោះ​បីជា​កំពុង​ប្រឈមនឹង​វិបត្តិកូវីដ១៩ ​ក៏ដោយ។​ 

សំដៅដល់ករណី​ថ្មីៗនេះ លោក​ស្រី​មាន​ប្រសាសន៍ថា៖ «​មាន​ធាតុ​ផ្សំ​នៃការ​រត់ពន្ធ​មនុស្ស ព្រោះថា​ពួកគេ​បាន​ដឹក​ជញ្ជូន​មនុស្ស​ពី​តំបន់​រដ្ឋបាល​ដែល​ហាមឃាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​»។​

លោក​ស្រី​បន្ថែមថា៖ «ពួកគេ​ទទួល​ប្រាក់ជាថ្នូ​រ​ក្នុង​ការ​ដឹកជញ្ជូន​មនុស្ស​ដោយ​ខុស​ច្បាប់​[បំពាន​វិធានការកូវីដ១៩] ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដល់​សុខមាលភាព​សាធារណៈ»។ យ៉ាងណា លោក​ស្រីថា មិន​អាច​ចាត់​ទុក​ថាជា​ការ​ជួញដូរ​មនុស្សទេ ប្រសិនបើ​តុលាការ​មិន​ចោទ​ប្រកាន់អ្នក​ទាំង​នោះ​តាម​ច្បាប់ទាំងនោះ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two-star general among latest to be arrested for illegally transporting people amid COVID-19 travel bans

425 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម