កូដករណាហ្គាវើលដ៍៣នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទនិងអង្គារ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមហ៊ុនដែលចោទប្រកាន់ចំនួនបីបទល្មើស ខណៈពួកគេបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទ។
យោងតាមដីកាកោះហៅរបស់តំណាងអយ្យការ ឱ្យដឹងថា ក្រុមកូដករត្រូវឆ្លើយបំភ្លឺតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដែលបានប្ដឹងពីបទរំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់។
កូដករដែលចូលឆ្លើយបំភ្លឺតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចាត់ទុកថា ការណ៍ដែលក្រុមហ៊ុនធ្វើនេះ គ្រាន់តែជាការបំភ័យនិងកុំឱ្យកូដករបន្តធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុនទៀតប៉ុណ្ណោះ។
បន្ទាប់ពីឆ្លើយបំភ្លឺទៅកាន់ព្រះរាជអាជ្ញារង លោក ឆាយ ហុង ដែលមានរយៈពេលជាងកន្លះម៉ោង កញ្ញា សុខ ថាវុធ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងក្រុងភ្នំពេញថា ក្រឡាបញ្ជីនិង ព្រះរាជអាជ្ញារងបានលើកយករូបភាពមួយចំនួននៃការធ្វើកូដកម្មដោយមានការកាន់បដា នៅខាងមុខណាហ្គាវើលដ៍ទី១ មកសួរនាំពាក់ព័ន្ធនឹងការរំលោភលើលំនៅឋាន ការបង្ខាំងភ្ញៀវនិងបុគ្គលិកណាហ្គាវើលដ៍មិនឱ្យចេញចូល និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន។
យ៉ាងណាកញ្ញា បញ្ជាក់ថា ក្នុងរូបភាពនោះ កូដករកាន់បដាសរសេរស្នើឱ្យជួយដោះស្រាយវិវាទការងារនេះ ហើយព្រះរាជអាជ្ញារងប្រាប់ថារូបទាំងនេះថតនៅចន្លោះថ្ងៃទី១៩ និង២០ ខែសីហា ឆ្នាំ២០២២។
កញ្ញា ថាវុធ បដិសេធចំពោះការចោទប្រកាន់ចំនួនបីនេះ ដោយសម្អាងថាអ្វីដែលក្រុមកូដករធ្វើគឺស្របទៅនឹងច្បាប់។ បើតាមកូដកររូបនេះ នៅពេលកញ្ញា លើកឡើងជាសំណួរផ្សេងៗដូចជាថាតើក្រុមហ៊ុនណាហ្គាវើលដ៍ជាលំនៅឋាន ឬកន្លែងធ្វើអាជីវកម្ម? ព្រះរាជអាជ្ញារងឆ្លើយតបថាគ្រាន់តែពាំនាំសំណួរពីខាងក្រុមហ៊ុនលើការចោទប្រកាន់មកសួរដើម្បីរក្សាទុកចម្លើយទៅប្រាប់ខាងក្រុមហ៊ុនវិញប៉ុណ្ណោះ។
កញ្ញា ថាវុធ និយាយថា៖ «ខ្ញុំបញ្ជាក់ថាពួកខ្ញុំគ្នានសិទ្ធិទៅបង្ខាំងបុគ្គលិកនិងភ្ញៀវទេ»។
កញ្ញាបន្តថា៖ «ព្រះរាជអាជ្ញារងពាំនាំថា គេ(ក្រុមហ៊ុន)ថាយើងធ្វើឱ្យខូចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចឹង តែពួកខ្ញុំអត់បានធ្វើអី អត់បានខូចអ្វីទាំងអស់»។
កញ្ញា ថាវុធ បន្ថែមថា៖ «គាត់(ព្រះរាជអាជ្ញារង)គ្រាន់តែយកចម្លើយពីយើងទេ។ ចឹងគាត់អត់មានបាននិយាយអីទេ គ្រាន់តែយកចម្លើយថាបានធ្វើឬក៏អត់»។
កញ្ញា ថាវុធ បន្តថា នៅថ្ងៃនេះ តំណាងអយ្យការ ប្រាប់ថាគ្រាន់តែហៅមកសួរនាំដើម្បីស្ដាប់ការបកស្រាយ ដោយពុំមានការចោទប្រកាន់អ្វី ហើយក៏ពុំបានបញ្ជាក់ពីថ្ងៃណាត់ជួបម្ដងទៀតឡើយ។
កញ្ញា ថាវុធ បញ្ជាក់ទៀតថា៖ «យើងទៅឈរមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ ចឹងយើងឈរនៅមុខក្រុមហ៊ុន គេថតចឹងដើម្បីជាភស្តុតាង ខ្ញុំមានអារម្មណ៍ថា វាអត់តម្លាភាពព្រោះយើងទៅធ្វើកូដកម្មហើយគេមកចោទយើងថារំលោភលំនៅឋានចឹង ចោទទាំងបំពាន»។
អ្នកស្រី នេត ចរិយា ដែលចូលបំភ្លឺនៅរសៀលនេះដែរ ប្រាប់ថា ព្រះរាជអាជ្ញារងចោទសួរអ្នកស្រីថាតើនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានសម្រុកចូលទៅកាន់ទៅក្រុមហ៊ុនណាហ្គាវើលដ៍និងបង្ខាំងមនុស្សដែរឬអត់? ព្រមទាំងព្រមានថាក្រុមហ៊ុនមានភស្តុតាងលើការចោទប្រកាន់នេះ។
អ្នកស្រី ចរិយា និយាយថា៖ «ខ្ញុំអត់មានបានធ្វើទេ គាត់(ព្រះរាជអាជ្ញារង)ថាគេ(ក្រុមហ៊ុន)មានភស្តុតាង។ ខ្ញុំថាបើគេមានភស្តុតាងឱ្យយកភស្តុតាងឱ្យខ្ញុំមើលផង ហើយពួកខ្ញុំក៏មានភស្តុតាងសម្រាប់ខ្លួនខ្ញុំផ្ទាល់ដែរ»។
អ្នកស្រី ចរិយា បន្តថា ក្រឡាបញ្ជីក៏បានសួរនាំដែរថានៅថ្ងៃទី១៩ដដែលនោះ តើពួកអ្នកស្រីជួបជុំគ្នានៅឯណា ហើយបានធ្វើអ្វីខ្លះ?។
អ្នកស្រី ចរិយា និយាយថា៖ «ខ្ញុំក៏ឆ្លើយប្រាប់គេតាមហ្នឹងថាជួបជុំគ្នានៅអ៊ីអន ដើរទៅក្រុមហ៊ុនណាហ្គាទី២ បន្ទាប់មកឈរនៅហ្នឹង បានមួយសន្ទុះក៏ពួកខ្ញុំដើរទៅណាហ្គាទី១ មួយទៀតដើម្បីឈរ ដើម្បីស្រែកទាមទារថៅកែក្រុមហ៊ុនឱ្យចេញមកដោះស្រាយវិវាទហ្នឹង។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ បានទៅឈរតវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដោយគ្មានការរារាំងពីអាជ្ញាធរនិងប្រើហិង្សាជាលើកដំបូង ក្រោមការឃ្លាំមើលរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដោយចុះទៅសង្កេតការណ៍ផ្ទាល់។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យដឹងថា កូដករចំនួន៩នាក់រងពាក្យបណ្ដឹងពីក្រុមហ៊ុនក្រោមបទចោទដូចគ្នា ក្នុងនោះមាន៣នាក់ត្រូវបានព្រះរាជអាជ្ញារងកោះហៅជាលើកទី២។ កូដករម្នាក់ទៀត កញ្ញា ឆាន បូរ៉ា នឹងត្រូវឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះផងដែរ។
បើតាមអ្នកស្រី នេត ចរិយា បញ្ជាក់ប្រាប់ថ្ងៃនេះថា មានកូដករមួយរូបទៀតនឹងចូលបំភ្លឺនៅរសៀលនេះ ដោយទើបតែទទួលបានដីកាកោះហៅកាលពីម្សិលមិញ។
ខណៈកូដករណាហ្គាវើលដ៍កំពុងស្ថិតនៅក្នុងសាលាដំបូងក្រុងភ្នំពេញដើម្បីឆ្លើយបំភ្លឺទៅកាន់តំណាងអយ្យការ ក្រុមកូដករជិត៣០នាក់បានប្រមូលផ្ដុំគ្នាខាងមុខសាលាដំបូង ដោយពួកគេបានកាន់បដាជាមួយនឹងពាក្យថា «ខ្ញុំមកធ្វើជាសាក្សី»។
អ្នកស្រី ជី គឹមហ៊ុន ធ្វើការផ្នែកចែកបៀនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលឈរនៅខាងមុខតុលាការ និយាយថា អ្នកស្រីមកនេះ គឺក្នុងនាមជាសាក្សី ដោយថាក្រុមកូដករពុំបានបង្ខាំងភ្ញៀវនិងបុគ្គលិកក្រុមហ៊ុនដូចការចោទប្រកាន់ឡើយ។
អ្នកស្រី គឹមហ៊ុន និយាយថា៖ «បុគ្គលិកកម្មករឯណាមានសិទិ្ធទៅបិទបាំងភ្ញៀវ ឬបង្ខាំងបុគ្គលិកអត់ឱ្យចេញព្រោះពួកខ្ញុំជាកម្មករតវ៉ារាល់ដងគឺទៅតែខ្លួនទេ។ អត់មានប៉ារាស់ អីបិទទេ ខាងក្រុមហ៊ុនគាត់ដាក់ប៉ារាស់ដោយខ្លួនឯង ហើយមកចោទពួកខ្ញុំដែលជាកូដករតវ៉ា»។
សារព័ត៌មានខេមបូចាពុំអាចសូមការអត្ថាធិប្បាយពីអាជ្ញាធរមូលដ្ឋានជុំវិញការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនណាហ្គាវើលដ៍ ការរំលោភលើលំនៅឋាន និងការបង្ខាំងមនុស្ស ដោយពួកគេថាមិនដឹងរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនណាហ្គាវើលដ៍ប្ដឹងទៅកាន់កូដករនោះឡើយ។
លោក យិន សាន អធិការខណ្ឌចំកាមន មានប្រសាសន៍ថា៖ «អត់ដឹងទេក្មួយ»។
មេប៉ុស្តិ៍ទន្លេបាសាក់ លោក សាល សណ្ដុះ និយាយថា៖ «អាធ្យាស្រ័យប្អូន អាហ្នឹងខ្ញុំអត់ដឹងទេ ការងារហ្នឹងខាងលើៗ»។
នៅពេលសួរបញ្ជាក់ថាតើក្រុមហ៊ុនល្បែងមួយនេះ មានប្ដឹងទៅកាន់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ដែរឬទេ? លោក សណ្ដុះ និយាយថា៖ «កិច្ចការងារបណ្ដឹងច្រើនណាស់ប្អូន បងអត់ដឹងថាមួយណា សូមអាធ្យាស្រ័យ»។
អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធក្នុងការឆ្លើយសំណួរដោយលើកឡើងថា ករណីនេះក្នុងដៃតុលាការ។
លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្វែរសំណួរអ្នកសារព័ត៌មាន ឱ្យទៅរកមើលចម្លើយនៅក្នុងលិខិតកោះហៅរបស់ព្រះរាជអាជ្ញារងវិញ រួចក៏ចុចបិទទូរសព្ទ។
យ៉ាងណាលិខិតនោះគ្រាន់តែប្រាប់ថាក្រុមហ៊ុនប្ដឹងក្រោមបទចោទចំនួនបី ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីថ្ងៃដាក់ពាក្យបណ្ដឹង ឈ្មោះដើមបណ្ដឹងនិងកន្លែងកើតហេតុព្រមទាំងថ្ងៃខែឡើយ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគម អាដហុក ថ្លែងថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការប្ដឹងតាមនីតិវិធីច្បាប់ ប៉ុន្តែតុលាការត្រូវមានការស៊ើបអង្កេតឱ្យច្បាស់លាស់ចៀសវាងការចោទប្រកាន់និងដាក់ទោសលើជនស្លូតត្រង់។
លោកថ្លែងថា៖ «យើងដឹងហើយថាទីកន្លែងនៅមុខណាហ្គាវើលដ៍ មិនមែនជាលំនៅឋានទេ ចឹងយើងដឹងទាំងអស់គ្នា ហើយខាងតុលាការគួរតែពិនិត្យពិចារណាលើរឿងហ្នឹងឡើងវិញ។ សូមឱ្យមានការទម្លាក់ចោលការចោទប្រកាន់ទៅប្រសិនបើជារកមិនឃើញការប្ដឹងរបស់ក្រុមហ៊ុនមិនមាន ភស្តុតាងមិនមានអង្គហេតុច្បាស់លាស់លើការចោទប្រកាន់ក្រុមកូដករ ចឹងវាជារឿងមួយដែរគួរតែធ្វើ»។
បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមកូដករបានរងនូវការព្រមានពីអាជ្ញាធរថានឹងអាចប្ដឹងពួកគេទៅតុលាការ ក្រោមហេតុផលថាបានប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
លោក Chen Yiy Hwuan ដែលជាកូនប្រុសរបស់ស្ថាបនិកណាហ្គាខបនិងជានាយកប្រតិបត្តិជាន់ខ្ពស់លោក Chen Lip Keong បានចាប់និងឆក់ទូរសព្ទរបស់កម្មករដែលធ្វើកូដកម្មនៅណាហ្គាវើលដ៍ឈ្មោះ ឡិច ជូឡាយ ដែលត្រូវបានបង្ហាញក្នុងវីដេអូមួយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងវីដេអូនោះក៏បង្ហាញថាបុរសនោះបានគប់កោណចរាចរណ៍លើអ្នកតវ៉ាដែលជាសមាជិកសហជីពផងដែរ។
ថ្នាក់ដឹកនាំសហជីព និងសមាជិកចំនួន១៥នាក់ហើយ ដែលរងបទចោទប្រកាន់ពីតុលាការ ប៉ុន្តែពួកគេត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំ។
បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ធ្វើកូដកម្មចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមានការបញ្ឈប់បុគ្គលិកយ៉ាងច្រើន ដែលពួកគេនិយាយថាភាគច្រើនជាមេដឹកនាំសហជីព និងមិនបានផ្តល់សំណងដល់កម្មករឱ្យបានត្រឹមត្រូវ៕