យុវតីពីររូបដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន ហើយត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រលប់មកកម្ពុជាវិញកាលពីចុងឆ្នាំ២០២២ រៀបរាប់ពីដំណើរជីវិតរងទុក្ខវេទនាទាំងការបំពានផ្លូវភេទ វាយដំលើរូបរាងកាយ និងសម្ពាធផ្លូវចិត្ត ដែលពួកគាត់អស់សង្ឃឹម ហើយគិតថាប្រាកដជាស្លាប់ខ្លួននៅក្នុងប្រទេសចិន។
យុវតីទី១ដែលចែករំលែកបទពិសោធន៍នេះមានស្រុកកំណើតនៅខេត្តព្រៃវែង ដើម្បីការពារកិត្តិយសជូនគាត់ អ្នកសរសេរសុំដាក់ឈ្មោះហៅក្រៅថា កញ្ញា ព្រៃវែង។ កាលពីឆ្នាំ២០២០ កញ្ញា ព្រៃវែង ជាឈ្មោះអ្នកសរសេរដាក់ឱ្យ មានអាយុ១៥ឆ្នាំ បានធ្វើដំណើរពីស្រុកកំណើតមកធ្វើការងារនៅក្នុងអាហារដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញ។ បន្ទាប់មកមានស្ត្រីម្នាក់ទាក់ទងតាមបណ្តាញសង្គមហ្វេសប៊ុកបបួលឱ្យទៅធ្វើការងារនៅក្នុងប្រទេសចិនដោយប្រាប់ថា ទទួលបានប្រាក់ខែច្រើន។
ដោយសារតែភាពក្មេងខ្ចី និងចំណេះដឹងនៃការគិតនៅមានកម្រិត កញ្ញាមិនបានចាប់អារម្មណ៍អ្វីទាំងអស់គឺចាប់អារម្មណ៍តែប្រាក់ខែច្រើន ក៏យល់ព្រមទៅតាមការអូសទាញ។ ពេលនោះគាត់ត្រូវបានគេនាំធ្វើលិខិតឆ្លងដែនក្លែងក្លាយ ឬធ្វើដោយខុសច្បាប់ព្រោះគាត់ទើបតែមានអាយុ១៥ឆ្នាំមិនទាន់គ្រប់អាយុធ្វើលិខិតឆ្លងដែនទេ។ កន្លែងធ្វើលិខិតឆ្លងដែននោះគាត់មិនចាំថានៅកន្លែងណាទេគ្រាន់តែចាំថា អ្នកនៅកន្លែងធ្វើនោះពាក់ម៉ាស់បិទមុខទាំងអស់។
កញ្ញាត្រូវបានដឹកជញ្ជូនដោយលួចលាក់តាមរយៈម៉ូតូផង តាមរថយន្តផង និងដើរកាត់ព្រៃភ្នំផង ទីបំផុតទៅដល់ប្រទេសចិនដូចក្តីស្រមៃរបស់នាងមែន។ ប៉ុន្តែអ្វីដែលនាងមិននឹកស្មានដល់នោះ គឺគេយកនាងទៅឃុំនៅក្នុងបន្ទប់តូចមួយដោយបង្ខំឱ្យយកប្តីជាជនជាតិចិន ឬហៅថា បង្ខំឱ្យនៅជាមួយបុរសជនជាតិម្នាក់នោះតាមដែលមេខ្យល់ចាត់ចែង។
ដោយរងការគំរាមកំហែងវាយដំ បង្អត់អាហារ កញ្ញា ព្រៃវែង ក៏ព្រមទទួលយកបុរសម្នាក់ដែលខ្លួនមិនស្គាល់ មិនចេះភាសាក្នុងការនិយាយស្តីមកធ្វើជាប្តី។
កញ្ញា ព្រៃវែង បញ្ជាក់ថា៖ «គេគំរាមយើងថា បើអត់យកប្តីទេគេវាយធ្វើបាបយើងបង្អត់អាហារយើង អត់ឱ្យស៊ីបាយស៊ីអីចឹងទៅ»។
ជាអកុសលប្តីដែលកញ្ញាព្រមទទួលយកនេះ ជាបុរសមានបញ្ហាខួរក្បាល ហើយជាញឹកញាប់ក៏វាយដំក្នុងមូលហេតុរឿងតិចតួច ឬក៏វាយដំបង្ខំរួមភេទជាដើម។ កញ្ញាយំស្ទើររាល់យប់ដោយសារនឹកផ្ទះផង និងបារម្ភខ្លាចមានការវាយដំធ្វើទារុណកម្មរហូតដល់ស្លាប់ផង។
កញ្ញា ព្រៃវែង ឱ្យដឹងថា៖ «ខ្ញុំភ័យខ្លាចគេសម្លាប់ខ្ញុំចោលចឹងទៅម៉ែឪខ្ញុំមិនវេទនា។ ភ័យខ្លាចណាស់នៅស្រុកគេម្នាក់ឯងមិនដឹងពឹងអ្នកណាមានតែពឹងខ្លួនឯង។ នៅចិនហ្នឹងគេឈឺ គេងាប់២ទៅ៣នាក់ដែរ ខ្មែរៗនៅហ្នឹង»។
កញ្ញា ព្រៃវែង ឱ្យដឹងទៀតថា ពេលព្រមយកបុរសជាជនជាតិចិននោះធ្វើជាប្តីដោយមិនបាច់រៀបការនោះ ៣ខែដំបូងគេមិនឱ្យប្រើទូរសព្ទ ឬដើរទៅណាទេ ប៉ុន្តែក្រោយមកគេឱ្យគាត់បានប្រើទូរសព្ទធម្មតាក្នុងការទំនាក់ទំនងគ្នា។ ក្រោយពេលដែលបានទូរសព្ទប្រើហើយគាត់ក៏តែងតែប្រឹងប្រែងក្នុងការទាក់ទងមកសាច់ញាតិនៅកម្ពុជា។ ដោយនៅតែមិនអាចទាក់ទងគ្រួសារបាន ហើយទ្រាំនៅជាមួយគ្រួសារជាប្តីជនជាតិចិននោះមិនបាន កញ្ញា ព្រៃវែង ក៏សម្រេចចិត្តចាកចេញពីផ្ទះនោះទៅនៅបន្ទប់ជួលជាមួយជនជាតិខ្មែរម្នាក់ទៀត ដែលរត់ចេញពីផ្ទះប្តីដូចគ្នា ក្រោយមកទើបព្យាយាមទាក់ទងស្ថាប័នពាក់ព័ន្ធអាចវិលត្រលប់មកកម្ពុជាវិញ។
ក្រោយពេលវិលមកដល់ស្រុកកំណើតវិញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញាសម្រេចរៀបចំលក់អាហារខ្លះនៅមុខផ្ទះនៅក្នុងខេត្តព្រៃវែង មិនហ៊ានទៅរកការងារនៅឯណាទៀតទេ ព្រោះខ្លាចគេយកទៅលក់ទៀត។
កញ្ញា ព្រៃវែង បន្តទៀតថា៖ «ចង់លក់អីវ៉ាន់ ចង់បើកហាងនៅមុខផ្ទះខ្លួនឯង។ ខ្ញុំលែងចង់ទៅណាហើយខ្លាចចាញ់បោកគេទៀត»។
សូមងាកមកតាមដានករណីទី២គឺយុវតីម្នាក់ដែលមានស្រុកកំណើតនៅខេត្តរតនគិរី ដែលអ្នកសរសេរដាក់ឈ្មោះថា កញ្ញា រតនគិរី។ កាលពីឆ្នាំ២០២០ កញ្ញា រតនគិរី អាយុ២៥ឆ្នាំ ធ្វើការនៅកាស៊ីណូក្នុងក្រុងបាវិត។ នៅឆ្នាំនោះស្ត្រីជាសាច់ញាតិដែលគាត់ទុកចិត្តម្នាក់បានបបួលទៅចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃអ្នកសា្គល់គ្នានៅក្នុងប្រទេសវៀតណាម។ កញ្ញាឱ្យដឹងថា ពេលចប់កម្មវិធីបុណ្យនៅប្រទេសវៀតណាមហើយសាច់ញាតិរបស់គាត់ដែលគាត់ហៅថា ជាយាយ នោះ បានឱ្យគាត់ចាំនៅទីតាំងមួយ ហើយលោកយាយនោះក៏គេចខ្លួនបាត់។
កញ្ញា រតនគិរី ប្រាប់ថា៖ «បុណ្យរួចអីរួចពួកខ្ញុំក៏រៀបចំទៅវិញហើយគាត់ឱ្យខ្ញុំចាំនៅបេនឡានហើយគាត់ថា គាត់ទៅបន្ទប់ទឹក ហើយគាត់ក៏ទៅបាត់ចឹងទៅ។ ហើយមានពួកវៀតណាម៥ទៅ៦នាក់នៅរង់ចាំមើលយើងចឹងទៅ ហើយយើងទៅណាក៏មានគេទៅតាមដែរ។ ខ្ញុំដឹងដល់ពេលខ្ញុំបានជួបខ្មែរ២នាក់ហើយគេប្រាប់ហ្អែងចាញ់បោកគេហើយ»។
បន្ទាប់ពីដឹងខ្លួនថា ត្រូវគេបោកប្រាស់ កញ្ញាគ្មានដើរថយក្រោយវិលមកស្រុកកំណើតវិញបានទេគឺមានតែបន្តដើរទៅមុខតាមការរុញច្រានពីមេខ្យល់ពីមួយដំណាក់ទៅមួយដំណាក់ទៀត។ កញ្ញាត្រូវបានគេដឹកជញ្ជូនតាមរថយន្ត១សប្តាហ៍ ហើយដើរកាត់ព្រៃភ្នំ២សប្តាហ៍ទើបទៅដល់ព្រំដែនវៀតណាមចិន។
ពេលរៀបឆ្លងដែនចូលទឹកដីចិន អាជ្ញាធរវៀតណាមបានចាប់មេខ្យល់ជនជាតិវៀតណាម ហើយបានជួយសង្គ្រោះជនជាតិវៀតណាម៣០នាក់ចេញពីការជួញដូរនោះបញ្ជូនទៅស្រុកកំណើតវិញអស់ ចំណែកកញ្ញា រនតគិរី និងស្ត្រីជនជាតិខ្មែរ២នាក់ទៀតបែកផ្លូវគ្នាចាប់ពីពេលនោះមក។
កញ្ញា រតនគិរី រៀបរាប់ថា ពេលនោះ រូបគាត់ដូចជាសំរាមដែលគេមិនត្រូវការ គឺអាជ្ញាធរវៀតណាមរុញគាត់ឱ្យចូលទឹកដីចិនដើម្បីគេចចេញពីការទទួលខុសត្រូវ ចំណែកអាជ្ញាធរចិនរុញគាត់ចូលទឹកដីវៀតណាមវិញដោយគេចពីការទទួលខុសត្រូវវិញដែរ។ សកម្មភាពនេះ ៣ដងទើបគាត់បន្លំខ្លួនជាមួយអ្នកដំណើរផ្សេងទៀតដើរចូលទឹកដីចិនក្បែរព្រំដែន។ ពេលនោះសម្ភារៈប្រើប្រាស់គ្រឿងអលង្ការរបស់គាត់ត្រូវគេដកហូត អស់គឺនៅសល់តែខោអាវជាប់ខ្លួន ដើរសុំបាយអ្នកភូមិជនជាតិចិនហូបហើយដេកតាមផ្លូវក្នុងសភាពត្រជាក់ធ្លាក់ទឹកកក។
នៅទីបំផុតគឺ១សប្តាហ៍កន្លងផុតទៅ កញ្ញា រតនគិរី បានសុំផ្ទះគ្រួសារជនជាតិចិនដែលមានលក់ទំនិញគ្រឿងសំណង់ខ្នាតតូចមួយស្នាក់នៅ ម្ចាស់ផ្ទះក៏អនុញ្ញាតឱ្យនៅហើយគាត់ក៏ជួយធ្វើការងារដើម្បីដូរបាយទទួលទាន ហើយរៀនភាសាចិនខ្លះដើម្បីទំនាក់ទំនងគ្នា។ ស្ថានភាពសំណាងល្អរយៈពេលខ្លីក៏ប្រែទៅជាគ្រោះអាក្រក់វិញនៅក្នុងផ្ទះនេះដដែល គឺកញ្ញារតនគិរីត្រូវបានបុរសជាប្តីម្ចាស់ផ្ទះនេះបង្ខំរួមភេទបន្តបន្ទាប់នៅពេលដែលប្រពន្ធគាត់មិននៅផ្ទះ។ ដោយការមិនអាចទ្រាំនឹងការបំពានបែបនេះបានហើយមើលទៅទឹកចិត្តប្រពន្ធជាម្ចាស់ផ្ទះនេះអាចទុកចិត្តក៏ប្រាប់ពីសកម្មភាពរបស់ប្តីម្ចាស់ផ្ទះធ្វើបាបរូបនាង។
ក្រោយពេលដឹងរឿងហើយស្តី្រម្ចាស់ផ្ទះមិនបានរករឿងអ្វីទេ ហើយបានទិញទូរសព្ទឱ្យកញ្ញា រតនគិរី ទាក់ទងសាច់ញាតិនៅកម្ពុជាដើម្បីវិលត្រលប់ស្រុកកំណើតវិញ។ កញ្ញាទាក់ទងរហូតដល់២០លេខទើបទាក់ទងសាច់ញាតិបាន ប៉ុន្តែសាច់ញាតិទាំងនោះមិនមានមធ្យោបាយជួយគាត់ទៅស្រុកកំណើតវិញទេ។
ដោយមិនអាចវិលត្រលប់មកស្រុកកំណើតបាន ហើយក៏មិនអាចនៅផ្ទះនោះបន្តទៀត កញ្ញា រតនគិរី បានស្វែងរកអ្នកផ្សេងទៀតក្បែរនោះឱ្យជួយ ហើយគាត់ត្រូវបានគេលក់ទៅគ្រួសារផ្សេងទៀតដែលគេទិញយកទៅធ្វើជាប្រពន្ធ។
វាសនា កញ្ញា រតនគិរី ក៏មិនខុសពីកញ្ញាព្រៃវែងដែរ គឺបានប្តីដែលមានសតិមិនល្អ និយាយមិនចេញ ហើយតែងតែវាយដំបង្ខំរួមភេទ និងវាយដំក្នុងរឿងរ៉ាវផ្សេងៗពេលដែលប្តីនោះមានអារម្មណ៍មិនល្អ។
កញ្ញាឱ្យដឹងថា ដោយសារទ្រាំនឹងការលំបាកមិនបានទើបគាត់រត់ទៅរកសមត្ថកិច្ចចិនឱ្យជួយ ប៉ុន្តែសមត្ថកិច្ចចិនតែងតែបញ្ជូនរូបគាត់មកគ្រួសារប្តីនោះវិញដដែល ហើយក៏មានការឃុំខ្លួនរូបគាត់ទៀតផង។
កញ្ញា រតនគិរី បញ្ជាក់ថា៖ «រត់ទៅគេនាំខ្ញុំមកផ្ទះវិញ រត់ទៅទៀតគេនាំខ្ញុំមកផ្ទះវិញ ហើយគេឃុំខ្លួន។ លើកទី២ គេឃុំខ្លួនខ្ញុំតែម្តងទៅ»។
កញ្ញា រតនគិរី បន្តថា រហូតដល់ឆ្នាំ២០២២ ទើបសមត្ថកិច្ចចិនមួយក្រុមបានសម្រុកចូលផ្ទះដែលគាត់នៅនោះ ហើយសង្គ្រោះគាត់រៀបចំបញ្ជូនមកកម្ពុជាវិញ។
ទាំងកញ្ញា ព្រៃវែង និងកញ្ញា រតនគិរី សុទ្ធតែបង្ហាញអារម្មណ៍ថា ស្ថានភាពនៅក្នុងប្រទេសចិនប្រមាណ២ឆ្នាំរបស់ពួកគាត់គឺពួកគាត់មិនដែលរំពឹងថា មានជីវិតបានវិលមកស្រុកវិញទេ ហើយពួកគាត់ក៏បានឃើញស្ត្រីដែលចាញ់បោកគេយកទៅលក់នៅចិនស្លាប់បន្តបន្ទាប់ចោលឆ្អឹងនៅទីនោះដែរ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកយកព័ត៌មានខេមបូចា ព្យាយាមទាក់ទងតាមទូរសព្ទ និងផ្ញើសារតាមតេឡេក្រាម រយៈពេល២សប្តាហ៍កន្លងមកនេះ មិនមានអ្នកទទួលហើយក៏មិនមានការឆ្លើយតបសារដែរ។
ក្រុមការងារខេមបូចាក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក អាន សុខខឿន តាមទូរសព្ទជាច្រើនដង និងច្រើនថ្ងៃ តែ មិនមានអ្នកទទួលទូរសព្ទ ហើយសារដែលផ្ញើតាមបណ្តាញទំនាក់ទំនងសង្គម WhatsApp ក៏មិនមានអ្នកឆ្លើយតប។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា អាជ្ញាធរតែងតែយកចិត្តទុកដាក់អប់រំដល់ពលរដ្ឋកុំឱ្យចាញ់បោកគេ និងបង្ក្រាបដល់ក្រុមជួញដូរ។ ប៉ុន្តែលោកថា នៅឆ្នាំ២០២២កន្លងទៅនេះ ក្រសួងមិនទទួលបានបណ្តឹងករណីជួញដូរមនុស្សទេ។
លោក ខៀវ សុភ័គ ថ្លែងថា៖ «យើងកម្រទទួលបានសំណើ ឬសំណូមពរអីឱ្យជួយណាស់ មានដែរមានតែស្នើឱ្យជួយ[ជន]ជាតិគេនៅស្រុកខ្មែរដែលមានការចាប់ជំរិតអីចឹងទៅជាង៧០០នាក់។ដោយឡែកបើសំណូពរឱ្យជួយខាងខ្មែរកម្រឃើញមានណាស់និយាយរួមមិនឃើញមានតែម្តង»។
លោកស្រី ប្រុក វ៉ាន្នី ទីប្រឹក្សាឯករាជ្យផ្នែកយេនឌ័រមានប្រសាសន៍ថា ដោយសារតែភាពក្រីក្រទើបនាំឱ្យមានការជួញដូរទាំងកម្លាំងពលកម្ម និងជួញដូរផ្លូវភេទ។ លោកស្រីកត់សម្គាល់ថា អ្នករងគ្រោះមានទាំងបុរស និងស្ត្រី។
លោកស្រី ប្រុក វ៉ាន្នី អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអប់រំដល់ក្មេងស្រីដែលជាគោលដៅខ្ពស់នៃការជួញដូរ។ លោកស្រីបន្តថា ក្រុមប្រឹក្សាឃុំសង្កាត់ដែលកើតចេញពីការបោះឆ្នោតដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយបញ្ហាទាំងនេះ ព្រោះពួកគេនៅជិតពលរដ្ឋជាងមន្ត្រីជំនាញថ្នាក់លើ។
លោកស្រី ប្រុក វ៉ាន្នី បញ្ជាក់ថា៖ «ជាទូទៅរឿងកើតឡើងនៅតាមភូមិតាមឃុំហើយដែលស្ត្រីទូទៅត្រូវតែដឹង។ ស្ត្រីក្នុងឃុំត្រូវតែផ្សព្វផ្សាយ ចែកចាយ ចងក្រង ឱ្យដឹងថា ស្ត្រីនេះមានបញ្ហានេះត្រូវទៅណា? ត្រូវទៅពេទ្យ»។
ប្រធានផ្នែកស្ត្រីរបស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោកស្រី ម៉ៅ ម៉ាប់ មានប្រសាសន៍ថា ករណីជួញដូរមនុស្សទាំងជួញដូរកម្លាំងពលកម្ម និងជួញដូរផ្លូវភេទមិនមានការថយចុះទេ។ មូលហេតុដែលនាំឱ្យជនរងគ្រោះធ្លាក់ខ្លួនចាញ់បោកគេគឺដោយសារតែស្ថានភាពសេដ្ឋកិច្ច ពួកគេខ្វះការពិចារណាជឿតាមមេខ្យល់ដែលឃោសនាថាស្វែងរកការងារមានប្រាក់ខែច្រើន។ នៅក្នុងនោះបញ្ហាអំពើហិង្សាក្នុងគ្រួសារលោកស្រី ម៉ៅ ម៉ាប់ ក៏កត់សម្គាល់ថា ជាមូលហេតុមួយធ្វើឱ្យជនរងគ្រោះបាត់ភាពកក់ភាពកក់ក្តៅក្នុងគ្រួសារហើយងាយចាញ់បោកគេ។
លោកស្រី ម៉ៅ ម៉ាប់ ឱ្យដឹងទៀតថា ករណីស្ត្រីខ្មែរចាញ់បោកគេនាំទៅលក់នៅចិនគឺតែងតែរងគ្រោះទាំងការវាយដំផ្លូវកាយ និងរំលោភបំពានផ្លូវភេទ។
លោកស្រី ម៉ៅ ម៉ាប់ ថ្លែងថា៖ «ភាគច្រើនត្រូវបានបង្ខាំងឱ្យនៅក្នុងផ្ទះ។ ហើយក៏ត្រូវទទួលរងអំពើហិង្សាវាយដំពីប្តី។ ករណីខ្លះគាត់ត្រូវបានលក់ពីគ្រួសារមួយទៅគ្រួសារមួយ។ ហើយពេលខ្លះក៏ត្រូវបានបង្ខំឱ្យរួមភេទជាមួយសមាជិកគ្រួសារផ្សេងទៀតក៏មានដែរ»។
លោកស្រី ម៉ៅ ម៉ាប់ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធបង្កើនយន្តការជួយដល់ជនរងគ្រោះដែលត្រូវបានគេជួញដូទាំងជួយសង្គ្រោះឱ្យវិលត្រលប់មកស្រុកកំណើត និងការជួយពង្រឹងសមត្ថកិច្ចក្រោយជួយសង្គ្រោះ។ លោកស្រីបញ្ជាក់ថា យន្តការរបស់អាជ្ញាធរបច្ចុប្បន្នមានច្រើនតែហាក់មិនទាន់ឆ្លើយតបគ្រប់គ្រាន់លើបញ្ហាដែលកំពុងកើតមាននៅឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ សម្រាប់ក្រសួងមិនទាន់មានមណ្ឌលជួយស្តារនីតិសម្បទាដល់ជនរងគ្រោះក្រោយពេលសង្គ្រោះបានពីការជួញដូរទេ។ លោកបន្តថា បច្ចុប្បន្នក្រសួងក៏កំពុងរៀបចំបង្កើតមណ្ឌលផ្ទាល់ខ្លួន និងកំពុងសហការជាមួយដៃក្នុងជួយជនរងគ្រោះ។
លោក ចាន់នី បន្ថែមថា៖ «យើងអត់មានមណ្ឌលហ្នឹងទេ។ យើងកំពុងរៀបចំមណ្ឌលសំចត។ មណ្ឌលហ្នឹងយើងអត់ទាន់មាននៅឡើយបើមានករណីហ្នឹងយើងបោះទៅអង្គការដៃគូឱ្យជួយ ព្រោះអង្គការខ្លះគាត់មានកម្មវិធីរបស់គាត់»។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកបង្ហាញថា ការជួញដូរមនុស្សទាំងជួញដូរកម្លាំងពលកម្ម និងជួញដូរផ្លូវភេទមិនមានការថយចុះទេ។ របាយការណ៍សមាគមនេះទទួលបានគឺនៅឆ្នាំ២០២០ មាន៤៦ករណី នៅឆ្នាំ២០២១ មាន៦៤ករណី និងនៅឆ្នាំ២០២២មាន៧៨ករណី។
កាលពីខែកក្កដាឆ្នាំ២០២២ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍បញ្ជាក់ថា កម្ពុជាមិនទាន់បានបំពេញកាតព្វកិច្ចក្នុងការលុបបំបាត់ការជួញដូរមនុស្សនៅឡើយទេ។ សហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាពីលេខ២ទៅលេខ៣គឺជាចំណាត់ថ្នាក់ទាបបផុតស្តីពីការជួញដូរមនុស្ស៕