សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឧកញ៉ាម្នាក់បង្កហិង្សាលើប្រពន្ធ បានសាងព្រះផ្នួស ព្រមទាំងរួចផុតពីការសាកសួររបស់ប៉ូលីស

ព្រះសង្ឃកោរសក់លោក ឌួង ឆាយ ខណៈពេលត្រៀមខ្លួនសាងផ្នួសនៅវត្តមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែមិនា។ រូបភាព៖ ហ្វេសប៊ុករបស់លោក ឌួង ឆាយ
ព្រះសង្ឃកោរសក់លោក ឌួង ឆាយ ខណៈពេលត្រៀមខ្លួនសាងផ្នួសនៅវត្តមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែមិនា។ រូបភាព៖ ហ្វេសប៊ុករបស់លោក ឌួង ឆាយ

នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ខ្លួនមិនទាន់បានសាកសួរលោក ដួង ឆាយ ជាឧកញ៉ាម្នាក់ ដែលត្រូវបានថតជាប់ឃើញបង្កហិង្សាលើភរិយារបស់ខ្លួនម្តងហើយម្តងទៀតដោយត្រូវរង់ចាំបញ្ជាពីព្រះរាជអាជ្ញាជាលើកទីពីរ ពីព្រោះលោក ឆាយ បានក្លាយជាព្រះសង្ឃហើយកាលពីចុងសប្តាហ៍។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញកាលពីសប្តាហ៍មុនបានបញ្ជាឲ្យនគរបាលសាកសួរលោក ឌួង ឆាយ។

លោកបន្តថា៖ «យោងតាមបញ្ជារបស់ព្រះរាជអាជ្ញា បានទុកពេលឲ្យគាត់មួយសប្តាហ៍ ដើម្បីស្នងការសរសេរលិខិតអញ្ជើញគាត់មកសាកសួរ ប៉ុន្តែឥឡូវនេះគាត់បានបួសជាព្រះសង្ឃហើយ។ យើងកំពុងរង់ចាំបញ្ជាមួយទៀតពីព្រះរាជអាជ្ញាថា តើនឹងត្រូវធ្វើអ្វីបន្ទាប់ទៀត»

លោកបានបដិសេធមិនពន្យល់ពីមូលហេតុ ដែលនគរបាលមិនអាចសាកសួរលោក ឆាយ ហើយគ្រាន់តែនិយាយថា​ លោករង់ចាំបញ្ជាមួយទៀតពីព្រះរាជាអាជ្ញា។

កាលពីថ្ងៃទី១៥ ខែមីនា អតីតភរិយារបស់លោក ឌួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី ដែលបង្ហាញពីសកម្មភាពរបស់លោក ឌួង ឆាយ ដែលបានវាយដំមកលើអ្នកស្រីច្រើនលើកច្រើនសា។

ដោយប្រមូលរូបភាពដែលដកយកចេញពីកាម៉េរ៉ាសុវត្ថិភាពនៅក្នុងគេហដ្ឋានរបស់ប្តីប្រពន្ធមួយគូនេះ វីដេអូដែលមានរយៈពេលមួយម៉ោងបានបង្ហាញថា លោក ឆាយ បានអូសអ្នកស្រី ម៉ាលីណា ដោយវាយអ្នកស្រីនិងទាត់ផងដែរ ពេលកំពុងនៅជាមួយកូនម្នាក់ខណ:មនុស្សពេញវ័យផ្សេងទៀតព្យាយាមទាញលោក ឆាយ ចេញ។

នៅក្នុងការបង្ហោះសារដ៏វែងអមដោយវីដេអូផងនោះ អ្នកស្រី ម៉ាលីណា បានចែករំលែកករណីហិង្សាផ្សេងទៀតជុំវិញចំណងអាពាហ៍ពិពាហ៍រយៈពេល១៣ឆ្នាំរបស់អ្នកទាំងពីររួមទាំងការគំរាមសម្លាប់អ្នកស្រីផងដែរ។ អ្នកស្រីបានសរសេរថា អ្នកស្រីចែករំលែកវីដេអូនេះ ដោយសារតែអតីតស្វាមីរបស់អ្នកស្រីព្យាយាមគ្រប់គ្រងកូនទាំងបីនាក់របស់ពួកគេផ្តាច់មុខ ហើយបាននិយាយថា អ្នកស្រីជឿជាក់ថា បន្ទាប់ពីបានឃើញវីដេអូនេះ តុលាការនឹងផ្តល់យុត្តិធម៌ដល់អ្នកស្រី។

អ្នកស្រីបានសរសេរថា៖ «ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ»។

ចំណែកក្នុងវីដេអូបដិសេដមួយ លោក ឆាយ បានការពារសកម្មភាពហិង្សារបស់លោក ដោយនិយាយថា ហេតុការណ៍ទាំងនោះគឺជាផ្នែកមួយនៃជម្លោះចាស់ ហើយមិនគួរលើកមកនិយាយទេ ព្រោះភរិយារបស់លោកបានរឹតត្បិតសេរីភាពរបស់គាត់។ កាលពីថ្ងៃ អាទិត្យ លោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបួសជាព្រះសង្ឃ ដើម្បីសងគុណដល់អ្នកមានគុណ និងលាងកម្មពៀរទាំងឡាយ និងសូមអហោសកម្មឲ្យលោកផង។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលារាជធានីបានថ្លែងថាតុលាការបានទទួលពាក្យបណ្តឹងរបស់អ្នកស្រី ម៉ាលីណា កាលពីថ្ងៃទី១៥ ខែមីនា។

លោក គឹមឡុង បានមានប្រសាសន៍ថា៖ «យើងបានទទួលពាក្យបណ្តឹងហើយយើងនឹងចាត់វិធានការតាមនីតិវិធី»។ លោកបដិសេធមិនឆ្លើយសំណួរបន្ថែមដោយនិយា យថា ការស៊ើបអង្កេតគឺជាកាតព្វកិច្ចរបស់ព្រះរាជអាជ្ញានិងប៉ូលីស។

អ្នកស្រី ម៉ាលីណា គឺជាសហគ្រិនផលិតផលកែសម្ផស្ស ដែលមានអ្នកតាមដានតាមបណ្តាញសង្គមយ៉ាងច្រើន ចំណែកលោក ឆាយ គឺជាសេដ្ឋីអចលនទ្រព្យ។ករណីនេះបានបង្កឱ្យមានការជជែកកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ដែលអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាន ហើយជនរងគ្រោះជាស្ត្រីត្រូវបានស្តីបន្ទោសជាញឹកញាប់ចំពោះសកម្មភាពរបស់ជនរំលោភបំពាន។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានចេញព្រះរាជក្រឹត្យដកគោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ ដែលត្រូវបានប្រគល់ជូនជាថ្នូរនឹងការបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សង្គម។

ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារលើអតីតភរិយារបស់លោក ឌួង ឆាយ។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «ជនរងគ្រោះ កូននិងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»

យោងតាមវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុក លោក ឆាយ បានក្លាយជាព្រះសង្ឃកាលពីថ្ងៃអាទិត្យ នៅវត្តមុន្នីប្រសិទ្ធីវង្សឬវត្តព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមាន ប្រសាសន៍ថា ការសម្រេចចិត្តរបស់គាត់ «ដើម្បីបួសជាព្រះសង្ឃមិនអាចលុបបំបាត់អាកប្បកិរិយារបស់គាត់ទេ ហើយក៏មិនអាចអនុញ្ញាតឱ្យគាត់គេចចេញពីផ្លូវច្បាប់បានឡើយ ទោះក្នុងរូបភាពណាក៏ដោយ»។

លោកស្រីបានបន្ថែមទៀតថា វីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញពីរបៀប ដែលអំពើហិង្សាក្នុងគ្រួសារនៅតែកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ទោះបីជាអំពើហិង្សានេះ ត្រូវបានហាមឃាត់និងនៅក្រោមច្បាប់របស់ប្រទេសកម្ពុជា ដោយមានការការពារប្រឆាំងនឹងការរើសអើងនិងការរំលោភបំពាន ដែលមានចែងនៅក្នុងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារច្រើនហើយក៏ដោយ។

លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងក្នុងប្រទេស កម្ពុជាមានកាតព្វកិច្ចការពារនិងលើកកម្ពស់សិទ្ធិរបស់ស្ត្រី ដែលរួមមានការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»

លោកស្រីបន្ថែមថា៖ «ករណីរបស់លោក ឆាយ ត្រូវតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងហ្មត់ចត់ហើយត្រូវតែដាក់ទណ្ឌកម្មសមស្រប ដើម្បីផ្ញើសារច្បាស់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័រមិនត្រូវបានអត់ឱននៅក្នុងប្រទេសកម្ពុជា ហើយជនល្មើសនឹងមិនអាចត្រេកត្រអាលនឹងនិទណ្ឌភាពទេ»

លោក ឌួង ឆាយ មានប្រវត្តិប្រើហិង្សាយូរមកហើយនិងមានប្រវត្តិត្រូវបានកាត់ទោសដោយតុលាការផងដែរ។

កាលពីឆ្នាំ២០១៣ ឌួង ឆាយ ដែលជាកូនប្រុសច្បងរបស់លោកឧកញ៉ា ដួង ងៀប ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទវាយប្រហារដោយអំពើហិង្សានៅភោជនីយដ្ឋានមួយកន្លែងនៅភ្នំពេញ។ បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះពីបទដកកាំភ្លើងខ្លីវាយទៅលើបុរសម្នាក់ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែទោសរបស់ឌួង ឆាយ ត្រូវាបានកាត់បន្ថយត្រឹមតែ៦ខែ ដោយទោសនៅសល់ត្រូវបានព្យួរ។

ពីរឆ្នាំក្រោយមក លោក ឌួង ឆាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទបង្ករបួសស្នាមនិងគំរាមសម្លាប់កូនប្រុសលោកឧកញ៉ា ទ្រី ភាព ប៉ុន្តែបានរួចខ្លួន បន្ទាប់ ពីតុលាការប្រកាសសាលក្រម ដោយត្រូវបានបន្ធូរបន្ថយទោសគាត់ពី១ឆ្នាំមកត្រឹម៤ខែដែលលោកបានអនុវត្តទោសរួចហើយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tycoon filmed beating wife joins monkhood; evading police questioning

292 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម