លោកឧកញ៉ា ហ៊ី គឹមហុង និងក្រុមអង្គរក្សរបស់គាត់ កំពុងស្ថិតក្នុងនីតិវិធីសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញនៅឡើយ នៅថ្ងៃពុធនេះ ពីករណីឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តកំពត ដោយគិតជាទឹកប្រាក់រាប់លានដុល្លារក្នុងគម្រោងអចនទ្រព្យ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងយ៉ាងខ្លីថា តំណាងអយ្យការកំពុងសាកសួរភាគីពាក់ព័ន្ធ មិនទាន់មានចំណាត់ការចុងក្រោយណាមួយទេ។
លោកឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្សរបស់គាត់ ត្រូវបានចាប់ខ្លួនដោយប៉ូលិសរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ លើករណីឆបោកពលរដ្ឋនៅខេត្តកំពតជាង៧០០គ្រួសារ ដោយពលរដ្ឋវិនិយោគប្រាក់រាប់លានដុល្លារក្នុងគម្រោងអចលនទ្រព្យ។
អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គ្រាន់ផ្តលចម្លើយយ៉ាងខ្លីនៅថ្ងៃពុធនេះថា លោកឧកញ៉ា និងក្រុមអង្គរក្សរបស់គាត់ ត្រូវបានបញ្ជូនទៅបន្តការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញហើយ ប៉ុន្តែលោកបដិសេធផ្តល់ព័ត៌មានលម្អិត។
ប៉ុន្តែលោក សុខសីហា បានថ្លែងកាលពីថ្ងៃអង្គារថា អង្គរក្សទាំង១៣នាក់ របស់ឧកញ៉ាក៏ត្រូវបានចាប់ខ្លួនដែរ ដោយសារពួកគេបានរារាំងដីកាចាប់ខ្លួនរបស់តុលាការ និងប៉ុនប៉ង ប្រើអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់។ លោកបន្តថា ឧកញ៉ា និងអង្គរក្សទាំងអស់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
តាមស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធបានប្រាប់ ខេមបូចា ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ប្រជាពលរដ្ឋចំនួន៦៩៨គ្រួសារបានដាក់បណ្តឹងប្តឹងក្រុមហ៊ុនអចលនទ្រព្យ ពិភពដីមាស របស់លោក គីមហុង ពីបទខកខានក្នុងការបង់ប្រាក់ប្រចាំខែដល់អ្នកវិនិយោគ។
លោកបន្តទៀតថា ភាគច្រើននៃអ្នកដែលបានវិនិយោគនៅក្នុងក្រុមហ៊ុនគឺជាកសិកររស់នៅក្នុងខេត្តកំពត ដែលបានខ្ចីប្រាក់ពីធនាគារដើម្បីវិនិយោគនៅក្នុងក្រុមហ៊ុនពិភពដីមាស។ លោកបានកត់សម្គាល់ថា ប្រាក់សរុបដែលពួកគេបានវិនិយោគ១០,៩ លានដុល្លារ។
ដោយឡែកយោងតាមវីដេអូឃ្លីបដែលផ្សព្វផ្សាយដោយ ផែនការធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ទី៩ ខែសីហា លោក ហ៊ី គឹមហុង ឆ្លើយប្រាប់ លោក សំ វិច្ឆិកា នាយការិល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា លោកមិនទាន់អស់សមត្ថភាពក្នុងការសងបំណុលដល់ពលរដ្ឋនៅឡើយ ដោយលោកថាបានតៀមរួចរាល់ហើយនៅចុងខែនេះ។
លោកបន្តថា កន្លងមកក្រុមហ៊ុនមានការទទួលខុសត្រូវច្បាស់លាស់ ព្រោះបានឈរជើងរកស៊ីតាំងពីឆ្នាំ២០១៨ មក ហើយកាលដែលចោទប្រកាន់ថា ក្រុមហ៊ុនឆបោក គឺជារឿងមិនត្រឹមត្រូវទេ ព្រោះនេះគ្រាន់ជាការយឺតយ៉ាវ ហើយយ៉ាងយូរបំផុតត្រឹម៣ខែ ក្រុមហ៊ុននឹងសងវិញ។
លោកអះអាងថា៖ «ធាតុពិតទៅ ពាក្យថាឆបោកហ្នឹង វាមិនមែនទេ បើសិនថាយឺតផលចំណេញបាន»។
លោកបន្ថែមថា៖ «ទាំងអស់បានវិនិយោគតាមរយៈការទិញដី និងទទួលបានការប្រាក់ប្រចាំខែ។ ប្រជាជន៩០ភាគរយបានទៅខ្ចីប្រាក់ពីធនាគារដើម្បីវិនិយោគជាមួយក្រុមហ៊ុនដីធ្លី»។
យ៉ាងណាមិញ ជនរងគ្រោះម្នាក់នៃគម្រោងនេះ ឈ្មោះ អៀ លី អាយុ ៣៧ឆ្នាំ បានប្រាប់ ខេមបូចា ថា គាត់បានខ្ចីប្រាក់ពីធនាគារ Woori ចំនួន២ម៉ឺនដុល្លារ ដើម្បីទិញដីនៅខេត្តកំពង់ស្ពឺ តាមរយៈក្រុមហ៊ុនពិភពដីមាស ហើយទទួលបានប្រាក់ត្រឡប់មកវិញប្រចាំខែចំនួន៨០០ដុល្លារ ដែលគ្រប់គ្រាន់សម្រាប់សងបំណុលធនាគារចំនួន៤៣០ដុល្លារក្នុងមួយខែ។
ជនរងគ្រោះរូបនេះបន្តថា៖ «ខ្ញុំទទួលបាន៨00ដុល្លារក្នុងមួយខែពីការវិនិយោគ ហើយឥឡូវនេះកិច្ចសន្យាត្រូវបានបញ្ចប់ ប៉ុន្តែខ្ញុំមិនបានទទួលប្រាក់របស់ខ្ញុំវិញទេ (២០ ០០០ដុល្លារ)។ មិនបានទទួលប្រាក់ប្រចាំខែត្រឡប់មកវិញទេ ចាប់តាំងពីខែមិថុនា»។
លោកបន្ថែមថា បុគ្គលិករបស់ក្រុមហ៊ុនបានបញ្ចុះបញ្ចូលកសិករដាំចេក និងទុរេនឲ្យវិនិយោគ ដែលតស៊ូដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារគាត់។ ឥឡូវនេះ គាត់មានការសោកស្តាយចំពោះការវិនិយោគនេះ ដោយសារគាត់នៅតែត្រូវសងប្រាក់កម្ចីពីធនាគារ ទោះបីជាគាត់បាននិយាយថា គាត់មិនអាចទ្រទ្រង់ការចំណាយប្រចាំថ្ងៃសម្រាប់គ្រួសាររបស់គាត់ដែលមានកូនប្រាំនាក់បានផង។
លោក លី បញ្ជាក់ថា៖ «ខ្ញុំគ្មានសង្ឃឹមថា ក្រុមហ៊ុនអាចសងប្រាក់មកខ្ញុំវិញទេ ប្រហែលជាខ្ញុំនឹងលក់ដីរបស់ខ្ញុំដើម្បីសងប្រាក់កម្ចីពីធនាគារ ព្រោះខ្ញុំរស់នៅជនបទ ហើយមិនមានប្រាក់រាប់ពាន់ដើម្បីសងប្រាក់កម្ចីនោះទេ»។
ជុំវិញបញ្ហានេះ ស្នងការនគរបាលខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា ការសងសំណងដល់ជនរងគ្រោះពីក្រុមហ៊ុន «អាស្រ័យលើតុលាការ ហើយក្រុមហ៊ុនអាចលក់អ្វីដើម្បីសងប្រជាជន»។
ទន្ទឹមនឹងនេះក្រសួងពាណិជ្ជកម្មបានចុះបញ្ជីលោក គឹមហុង ជានាយកតែមួយគត់នៃក្រុមហ៊ុនពិភពដីមាស និងជានាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMZ និងអាជីវកម្មចំនួនប្រាំផ្សេងទៀត។
បើយោងតាមលេខទូរសព្ទដែលចុះបញ្ជីក្នុងក្រុមឈ្មោះ លោក គឹមហុង ក្នុងកំណត់ត្រាក្រសួងពាណិជ្ជកម្ម។ មានបុរសម្នាក់នៅក្រុងប៉ោយប៉ែត ឆ្លើយប្រាប់សារព័ត៌មាន ខេមបូចា ថា គាត់មិនមានទំនាក់ទំនងជាមួយលោក គឹមហុង ឬក្រុមហ៊ុនពិភពដីមាសទេ។
ចំពោះលោក ថេង លាង អតីតសហការីធុរកិច្ចរបស់លោក គឹមហុង ដែលពីមុនជានាយកក្រុមហ៊ុនមួយរបស់លោក គឹមហុង ក្នុងចំណោមក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន បាននិយាយថា លោកបានលាលែងពីតំណែងជានាយកក្នុងឆ្នាំ២០១៨ ហើយលែងពាក់ព័ន្ធនឹងក្រុមហ៊ុនទៀតហើយ។ ដោយឡែកអតីតនាយកក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀតមិនអាចទាក់ទងបានទេ។
លោក លាង អះអាងថា៖ «ខ្ញុំបានចាកចេញពីក្រុមហ៊ុននេះក្នុងឆ្នាំ២០១៨ ដោយសារវិធីដែលយើងធ្វើការជាមួយគ្នាមិនដំណើរការល្អ ហើយខ្ញុំមិនមានការអត្ថាធិប្បាយអំពីការក្លែងបន្លំនោះទេ»។
ស្នងការនគរបាលខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ធ ឆ្លើយតបថា ប៉ូលិសកំពុងតាមរកបក្សពួកបន្ថែមទៀតរបស់ក្រុមហ៊ុនពិភពដីមាស។ លោកបន្ថែមថា មានឧកញ៉ាផ្សេងទៀតប្រឈមនឹងបញ្ហាផ្លូវច្បាប់ពីបទឆបោកពលរដ្ឋខេត្តកំពត ជាពិសេសក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន គ្រុប។
ស្របពេលដែលលោក ជា សារ៉ន ត្រូវបានចាប់ខ្លួនកាលពីខែមេសា បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ២ ០០០ គ្រួសារបានដាក់ពាក្យបណ្តឹងប្រឆាំងលោក និងសហការី។ លោកត្រូវបានចោទប្រកាន់ពីបទឆបោកដោយមានស្ថានទម្ងន់ទោស ហើយបញ្ជូនទៅពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី២៧ ខែមេសា។
ស្នងការនគរបាលខេត្តកំពតបញ្ជាក់ទៀតថា៖ «យើងនឹងបន្តនីតិវិធី ហើយរូបមន្តអាជីវកម្មមិនខុសពីលោកពិភពដីមាស និងលោក ជា សារ៉ន ទេ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី មានប្រសាសន៍ថា ប្រជាពលរដ្ឋតែងតែត្រូវបានក្រុមហ៊ុនបោកប្រាស់បន្លំជាញឹកញយ ដោយសារពួកគេស្វែងរកប្រាក់ចំណេញពីអត្រាការប្រាក់ខ្ពស់។
លោកបន្តថា៖ «គួរឲ្យសោកស្ដាយ បញ្ហានេះនៅតែបន្តកើតឡើង ប៉ុន្តែពេលខ្លះហាក់ដូចជាមិនមានការទប់ស្កាត់ឡើយ។ សូម្បីតែអាជ្ញាធរមូលដ្ឋានក៏មិនដឹងថាទម្រង់នៃការលួចបន្លំនេះខុសច្បាប់ដែរឬក៏អត់នោះទេ»។
លោក តុងងី បានចង្អុលបង្ហាញថា ក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនច្រើនជាង30 ដូចទៅនឹងពិភពដីមាសដែរ ត្រូវតែមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូលទុនពីសាធារណជន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសាន មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក តុងងី បានប្រាប់ ខេមបូចា ថា៖ «ប្រជាពលរដ្ឋគួរតែប្តឹងទៅអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងបន្តនីតិវិធីច្បាប់ ដើម្បីស្វែងរកការដោះស្រាយ និងសំណង»។ លោកបន្តថា៖ «ខ្ញុំជំរុញឱ្យប្រជាជនយល់ និងសិក្សាបន្ថែមលើការវិនិយោគឱ្យបានច្បាស់លាស់ជាមុន ហើយជឿជាក់លើអត្រាការប្រាក់ខ្ពស់ ដើម្បីជៀសវាងគ្រប់ទម្រង់នៃការក្លែងបន្លំ»។
លោក តុងងី មិនបានឆ្លើយតបនឹងសំណួរបន្ថែមទេ ដែលត្រូវបានសួរនៅពេលក្រោយតាម តេឡេក្រាម អំពីថាតើជនរងគ្រោះនៃគម្រោងការក្លែងបន្លំដីធ្លីដែលបានខ្ចីពីស្ថាប័នសមាជិកCMA នឹងទទួលបានទម្រង់នៃការបន្ធូរបន្ថយបំណុល ឬការរៀបចំរចនាសម្ព័ន្ធឡើងវិញដែរឬទេ។
ប្រធានសមាគមធនាគារនៅកម្ពុជា លោក Raymond Sia មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយបានទេ។
នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយខ្លះសម្រាប់គ្រួសារដែលជំពាក់បំណុលគេយ៉ាងច្រើន។
លោកបានបន្តថា៖ «វាសំខាន់ដើម្បីចង្អុលបង្ហាញថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគួរតែយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហានេះ ហើយខ្ញុំគិតថា មុននឹងផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនណាមួយគួរតែពិនិត្យមើល និងសិក្សា [ក្រុមហ៊ុន] ឱ្យស៊ីជម្រៅ ដើម្បីកុំឱ្យពួកគេពឹងផ្អែកលើអាជ្ញាបណ្ណដែលទទួលបានពីក្រសួង ដើម្បីប្រើប្រាស់ប្រព្រឹត្តអំពើអាក្រក់ និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ»៕