តុលាការបានសម្រេចដោះលែងម្ចាស់ក្រុមហ៊ុនពិភពដីមាសលោក ហ៊ី គឹមហុង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទោះបីជាសំណុំរឿងនេះនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។ ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលបានវិនិយោគរកស៊ីជាមួយក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាបំណុល និងកំពុងស្វែងរកដំណោះស្រាយ។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថាម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទៅតាមសំណើរបស់ប្រជាពលរដ្ឋ។
លោកឲ្យដឹងថា៖ «វាជាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន [បន្ទាប់ពី] ដើមបណ្ដឹងរាប់ពាន់ [គ្រួសារ] បានអំពាវនាវឲ្យមានការដោះលែងដើម្បីស្វែងរកដំណោះស្រាយដើម្បីផ្ទេរកម្មសិទ្ធិ និងបង់ថ្លៃការប្រាក់»។
លោក លាងម៉េង មិនអាចបញ្ជាក់ទេថាសវនាការនឹងបើកជាថ្មីនៅពេលណា ហើយក៏មិនបានផ្ដល់ព័ត៌មានច្រើនជាងនេះដែរ។ លោកថា៖ «ខ្ញុំមិនដឹងពីពេលវេលាជាក់លាក់សម្រាប់ការបើកសវនាការជាថ្មីទេ។ ខ្ញុំត្រូវរង់ចាំមើលការបិទផ្សាយពីពេលវេលាជំនុំជម្រះ»។
លោក អៀ លី មកពីខេត្តកំពត ដែលអះអាងថាខ្លួនជាជនរងគ្រោះក្នុងសំណុំរឿងនេះ មានប្រសាសន៍ថាលោកមិនរំពឹងថា លោក ហ៊ី គឹមហុង អាចប្រគល់ប្រាក់ឲ្យលោកវិញនោះទេ បើទោះបីជាម្ចាស់ក្រុមហ៊ុនរូបនេះបាននៅក្រៅឃុំហើយក្ដី។
ឧកញ៉ា រូបនេះកន្លងមកបានសន្យាថានឹងផ្ដល់ការប្រាក់បីខែទៅឲ្យអតិថិជនរបស់ខ្លួន ប៉ុន្តែការសន្យានេះក៏បានលើកមកខែមករា ឆ្នាំ២០២៤ វិញ។
ជាម្ចាស់ចម្ការទុរេន និងចេកវ័យ៣៧ឆ្នាំ លោក លី លើកឡើងទៀតថា៖ «ខ្ញុំមិនជឿគាត់ទាំងស្រុងទេ… ជឿប្រហែល៥០ភាគរយ ពីព្រោះថាគាត់នៅមានទ្រព្យ និងដី។ ប្រហែលគាត់លក់ទ្រព្យសម្បត្តិទាំងនោះ ហើយសងពួកយើងវិញ»។
ជាមួយគ្នានេះដែរ លោក លី ក៏កំពុងជាប់បំណុលជាមួយនឹងធនាការ ហើយក៏ប្រឈមនឹងការលំបាកដោយសារតែគ្មានប្រាក់ចំណូល។ ដោយសារការប្រាក់របស់ប្រាក់កម្ចីខ្ពស់ជាងចំណូលដែលលោករកបាន លោកត្រូវបង្ខំចិត្តលក់ម៉ូតូ និងគោជាច្រើនក្បាល ព្រមទាំងបានខ្ចីប្រាក់ខ្លះពីសាច់ញាតិផង។
លោកត្អូញត្អែរថា៖ «សម្រាប់ខ្ញុំ ជាប់បំណុលធនាគារច្រើនណាស់។ មកទល់ពេលនេះ ខ្ញុំមិនទាន់ឃើញមានអាជ្ញាធរមកដោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះរាប់ពាន់គ្រួសារនេះទេ។ បញ្ហាបំណុលបានធ្វើឲ្យគ្រួសារមួយចំនួនលែងលះគ្នា ហើយកូនៗរបស់ពួកគេបានបោះបង់ការសិក្សា»។
លោក លី ឲ្យដឹងដែរថា ពេលលោក គឹមហុង កំពុងជាប់ពន្ធនាគារ ប្រពន្ធរបស់លោកបានមកជួបគ្រួសាររងគ្រោះ និងបានបញ្ចុះបញ្ចូលឲ្យគ្រួសាររងគ្រោះទាំងនោះដកពាក្យបណ្ដឹង ដែលអាចឲ្យលោក គឹមហុង បាននៅក្រៅឃុំ។
ប្រជាពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំង លោក ទុំ តាន់ វ័យ៦១ឆ្នាំ បានឲ្យដឹងដែរថា លោកបានជួបម្ចាស់ក្រុមហ៊ុន ក្រោយត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ ហើយបានទទួលការសន្យាថាអតិថិជននឹងទទួលបានការប្រាក់ពីរភាគរយនៅខែមករា ឆ្នាំ២០២៤។ បើទោះបីជាមិនសូវទុកចិត្ត តែលោក តាន់ នៅតែមានសង្ឃឹមថាលោកឧកញ៉ា រូបនេះនឹងគោរពការសន្យារបស់ខ្លួន។
លោក តាន់ បន្ថែមថា៖ «ខ្ញុំទើបតែបានជួបលោកឧកញ៉ា ហើយគាត់ថាគាត់មិនអាចបង់ការប្រាក់ពីខែមេសា ដល់ខែធ្នូបានទេ ប៉ុន្តែថាអ្នកដែលមានកិច្ចសន្យាផុតសុពលភាព នឹងបានទទួលប្រាក់ពួកគេនៅខែមករា។ លោកឧញ៉ា បានសន្យាផ្ដល់ប្រាក់ឲ្យគ្រប់ជនរងគ្រោះទាំងអស់»។
កាលពីខែកញ្ញា អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី បានបង្ហាញក្ដីបារម្ភចំពោះជនរងគ្រោះក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនពិភពដីមាស ដោយបានបញ្ជាក់ថាកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺមិនបានផ្ដល់ជូនដោយចេតនាចពោះអ្នកវិនិយោគក្នុងអាជីវកម្មមិនស្មោះត្រង់នោះឡើយ។
យ៉ាងណា អាជ្ញាធរមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះ ហើយថាកូនបំណុលនៅតែជំពាក់ម្ចាស់បំណុល។
ពេលលោក សំ វិច្ឆិកា ប្រធានការិយាល័យអប់រំសាកសួរនៅនាយកដ្ឋានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីខែសីហា លោក ហ៊ី គឹមហុង អះអាងថា លោកនៅអាចបង់ការប្រាក់ឲ្យអតិថិជន «យ៉ាងហោចណាស់បីខែ»។ លោកលើកឡើងថា អាជីវកម្មរបស់លោក «ស្របច្បាប់» និងបានប្រតិបត្តិការតាំងពីឆ្នាំ២០១៨ និងថាមិនជាប់ពាក់ព័ន្ធនឹង «អំពើឆបោក» នោះទេ។
ពេលនោះលោក គឹមហុង លើកឡើងថា៖ «តាមពិតពាក្យថាឆបោកគឺមិនត្រឹមត្រូវទេ។ បើយើងនិយាយថា [អតិថិជន] ទទួលការប្រាក់របស់ពួកគេយឺតទើបត្រឹមត្រូវជាង»។ លោកបន្ថែមថា «អតិថជន» បានវិនិយោគលើការទិញដី និងទទួលបានការប្រាក់ប្រចាំខែ។ លោកបានបន្តថា៖ «កៅសិបភាគរយនៃអតិថជនបានខ្ចីប្រាក់ពីធនាគារដើម្បីវិនិយោគលើដីធ្លី»។
ខេមបូចាបានទូរស័ព្ទទៅក្រុមហ៊ុនពិភពដីមាសដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែពុំមានអ្នកឆ្លើយតប។
កាលពីថ្ងៃទី១១ ខែសីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឃុំខ្លួនលោក គឹមហុង ជាបណ្ដោះអាសន្ន និងអ្នកពាក់ព័ន្ធប្រាំនាក់ទៀតនៅពន្ធនាគាររាជធានីភ្នំពេញ ដោយសារថាការស៊ើបអង្កេតរបស់ការិយាល័យព្រះរាជ្ញាអាជ្ញាបានចប់សព្វគ្រប់។ ក្រុមសន្តិសុខមានគ្នាប្រាំបីនាក់ត្រូវបានដោះលែងនៅនឹងកន្លែង ដោយថាមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយនោះទេ។
ទាក់ទងនឹងសំណុំរឿងវិនិយោគដីធ្លីនេះដែរ លោក ជា សារ៉ន ដែលមានងារជាឧកញ៉ាដែរនោះ ក៏ត្រូវបានចាប់ខ្លួនកាលពីខែមេសា តាមបណ្ដឹងរបស់ប្រជាពលរដ្ឋជាង២ ០០០គ្រួសារ។ លោកត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពតកាលពីថ្ងៃទី២៧ ខែមេសា។
លោក អំ សំអាត នាយកចាត់ការទូទៅអង្គការ លីកាដូ មានប្រសាសន៍ថា តុលាការឧទ្ធរណ៍សម្រេចដោះលែងលោក គឹមហុង ដោយផ្អែមលើឆន្ទានុសិទ្ធិ ប៉ុន្តែការសម្រេចចិត្តអាចធ្វើឲ្យជនរងគ្រោះបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ ខណៈដែលបញ្ហារបស់អ្នកទាំងនោះមិនទាន់បានដោះស្រាយ។
លោកថ្លែងថា៖ «[សំណុំរឿង]នេះគួរតែត្រូវបានដោះស្រាយ [ឲ្យបានឆាប់]។ បើសិនជានៅបន្តអូសបន្លាយរយៈពេលយូរ វាអាចធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត និងមិនពេញចិត្ត។ វាអាចប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ធ្វើឲ្យពួកគាត់កាន់តែពិបាកដោះស្រាយ»។
លោកបានលើកឡើងថា៖ «ខ្ញុំយល់ឃើញថា វាជាបញ្ហាបំណុលរវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ពេលដែលមានបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ហើយប្រជាពលរដ្ឋមិនអាចមានលទ្ធភាពដោះស្រាយបាន អាជ្ញាធរ និងរដ្ឋាភិបាល បានរកវិធីសម្រុះសម្រួលបានឆាប់តាមដែលអាចធ្វើទៅបាន»។
អង្គការលីកាដូ កន្លងមកបានបញ្ចេញរបាយកាណ៍មួយដោយបានរកឃើញអ្នកជាប់បំណុល៦,១ភាគរយបានលក់ដីធ្លីរបស់ខ្លួនសម្រាប់សងបំណុល។ របាយការណ៍ក៏បានលើកឡើងពីពលកម្មកុមារ និងក្មេងៗបោះបង់ការសិក្សាដើម្បីជួយរកប្រាក់ដោះបំណុលគ្រួសារ ព្រមទាំងការខ្វះខាតអាហារហូបចុក និងបង្ខំឲ្យចំណាកស្រុកផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tycoon Hy Kimhong Released On Bail as Thousands of Families Continue To Face Serious Debt Problems