សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូនប្រុសឧកញ៉ាម្នាក់បានទទួលដី ៦ ២៣៤ហិកតានៅក្នុងតំបន់ឧទ្យានជាតិបុទមសាគរ

មួយផ្នែកនៃឧទ្យានជាតិបុទមសាគរត្រូវបានឈូសឆាយដោយក្រុមហ៊ុនចិន Union Development Group និងក្រុមហ៊ុន Royal Group ដែលរូបភាពនៃការឈូសឆាយនេះត្រូវបានសកម្មជនបរិស្ថានផ្សព្វផ្សាយលើទំព័រហ្វេប៊ុកមាតាធម្មជាតិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា)
មួយផ្នែកនៃឧទ្យានជាតិបុទមសាគរត្រូវបានឈូសឆាយដោយក្រុមហ៊ុនចិន Union Development Group និងក្រុមហ៊ុន Royal Group ដែលរូបភាពនៃការឈូសឆាយនេះត្រូវបានសកម្មជនបរិស្ថានផ្សព្វផ្សាយលើទំព័រហ្វេប៊ុកមាតាធម្មជាតិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា)

ក្រុម​ហ៊ុន​​កូន​ប្រុស​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បាន​ទទួល​ដី​ ​ ៦ ២៣៤ហិកតា​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុទុម​សាគរ ខេត្តកោះកុង។ នេះ​បើ​តាម​អនុក្រឹត្យ​ដែលចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ខែមករា និង​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈក្នុងកម្រងឯកសាររាជកិច្ច​នៅ​ថ្ងៃពុធ សប្ដាហ៍​នេះ។​

ក្រុម​ហ៊ុន​ កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដែល​មាន​កូន​លោក លី យ៉ុងផាត់ គឺ​លោក លី​ ភូនរ៉ាត់ ជាអគ្គ​នាយក​ បាន​ទទួល​ដី​​មួយ​ផ្នែកធំ​សម្រាប់​អភិវឌ្ឍ​ន៍នៅ​ក្នុង​ផ្ទៃ​ដី​តំបន់​ការពារ​សរុប​ ១៨២ ៣៤២​ហិកតា​។​​ ទីតាំងដីនោះពីមុនគ្រប់គ្រងដោយក្រសួងបរិស្ថាន។

នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ លោកស្រី ណាលី ពីឡូក បង្ហាញ​ក្ដី​កង្វល់​ថាផ្ទៃ​ដី​មួយ​ផ្នែកធំ​ដែល​បាន​ធ្វើ​សប្បទានសម្រាប់​វិស័យ​កសិកម្ម គឺ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ដីព្រៃ បើ​ទោះបី​ជា​​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​​ត្រូវ​បាន​ផ្អាក​កាល​ពី​ឆ្នាំ​២០១២ ហើយ​ក៏​ដោយ​។​​

ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឡើង​តាម​រយៈ​ការ​ជួល​ក្នុង​រយៈពេល​វែង​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម ប៉ុន្តែ​ត្រូវ​បាន​គេ​រិះគន់​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ដូច​ជា​ការ​បណ្ដេញ​ចេញ​ពីតំបន់អភិវឌ្ឍន៍នោះជា​ដើម​។​

កាល​ពី​ខែ​មករា របាយការណ៍មួយ​បាន​បង្ហាញ​ថា​​​កាល​ពី​ឆ្នាំ​មុន​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ ​ចំនួន​៥ ០០០ហិកតា ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ទៅ​បុគ្គល​ដែល​គេ​ស្គាល់​ថា​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​ម្នាក់ ដែល​ការ​ផ្ដល់​ដី​សម្បទាន​នេះ​ធ្វើ​ឡើង​ជា​លើក​ដំបូង បន្ទាប់​ពី​មាន​ការ​ផ្អាក​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។​ គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ជាង​២០០​កន្លែង គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង​២​លាន​ហិកតា បើ​គិត​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​ដល់​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​ផ្អាក​​ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។​

លោកស្រី ណាលី ពីឡូក មាន​ប្រសាសន៍​ថា៖ «​ថ្វើ​បើ​ការ​ប្រគល់​ដី​ទៅ​ក្រុម​ហ៊ុន​ថ្មីៗ​ [នៅ​បុទុមសាគរ] មិន​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ដី​សម្បទាន​សេដ្ឋកិច្ច តែតាម​ពិតវា​មាន​លក្ខណៈ​បែបនេះ​ទៅ​ហើយ»។ លោក​ស្រី​បន្ថែម​ថា៖ «​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​គោរព​សេចក្ដី​សម្រេច និង​ស្មារតី​នៃ​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​បញ្ឈប់​ការ​ផ្ដល់​ដីបែប​នេះ​តទៅ​ទៀត និង​​បញ្ចៀស​រលក​នៃ​ជម្លោះ​ដី​ធ្លីផ្សេង​ទៀត​ និង​ការ​កាប់​បំផ្លាញព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​កម្ពុជា»។​

ឧទ្យាន​ជាតិ​បុទុម​សាគរ​ស្ថិត​ក្នុង​ខេត្ត​កោះកុង និង​ជា​ឧទ្យាន​ជាតិ​ធំបំផុត​របស់​កម្ពុជា​។​ ប៉ុន្តែជាង​ពាក់​កណ្ដាល​នៃ​ផ្ទៃ​ដី​ឧទ្យាន​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ឯកជន​ដើម្បី​អភិវឌ្ឍ​ចន្លោះ​ឆ្នាំ​១៩៩៨ និង​២០១៧​ ដែល​អ្នក​វិនិយោគ​ភាគ​ច្រើន​ជា​អ្នក​មាន​ទំនាក់ទំនង​នឹង​គណបក្ស​កាន់​អំណាច​។​ ស្ថាប័ន​ Mongabay បាន​រាយការណ៍​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ផ្ទៃ​ដី​ឧទ្យានជាតិមាន​តែ ១៨​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ការពារ​។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​បដិសេធការ​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​សេចក្ដី​សម្រេច​ឲ្យ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​មាន​ប្រសិទ្ធភាព​ឬយ៉ាងណា។ លោក​បាន​ណែ​នាំ​ឲ្យ​អ្នក​សារព័ត៌មាន​ខេមបូចា​ទាក់ទង​ទៅ​កាន់​ក្រ​សួង​កសិកម្ម និង​ក្រ​សួង​បរិស្ថាន​សម្រាប់ «ព័ត៌មាន​លម្អិត»។​​

អ្នក​នាំពាក្យ​ក្រ​សួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​បដិសេធអត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយថា​លោក​កំពុង​ជាប់​ប្រជុំ។ ខេមបូចា បាន​ព្យាយាម​ទាក់​ទង​លោក​នៅ​ពេល​ក្រោយ​ទៀត​ទាំង​តាម​ប្រព័ន្ធ​តេឡេក្រាម និង​ទូរសព្ទ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​។​

កញ្ញា អ៊ឹម រចនា អ្នក​នាំពាក្យ​ក្រ​សួង​កសិកម្ម ដែល​ជា​ក្រ​សួង​ចាត់ចែង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ដិសេធ​ធ្វើ​អត្ថាធិប្បាយថា​តើ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​បញ្ឈប់​ឲ្យ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​បញ្ចប់​ហើយ​ឬ​យ៉ាងណា​។​

​ខេមបូចា​បាន​ទាក់ទង​តាម​ទូរសព្ទ​ទៅ​កាន់​អភិបាល​ខេត្ត​កោះ​កុង លោក​ស្រី មិថុនា ភូថង តែ​លោក​ស្រី​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ដី​ដែល​ក្រុម​ហ៊ុន​ទើប​ទទួល​បាន​នេះ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​ហើយ​ឬ​យ៉ាងណា​។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ទាន់​ដឹងនៅឡើយទេ។ ខ្ញុំ​នឹង​ពិនិត្យ​មើល»។​

លោក លី ភូនរ៉ាត់ មិន​អាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​ ហើយ​ខាង​ក្រុម​ហ៊ុន​របស់លោក​ក៏​មិន​បាន​ឆ្លើយ​តប​អ៊ីម៉ែល​ដែល​​អ្នក​សារព័ត៌មាន​ផ្ញើ​ទៅ​នោះ​ដែរ។ ស្រ្តី​ម្នាក់ឈ្មោះ ចាន់ ដាលីស ដែល​លេខ​ទូរសព្ទ​របស់​អ្នកស្រី ដាក់​នៅ​លើ​វិបសាយក្រ​សួង​ពាណិជ្ជកម្ម​ តំណាង​ឲ្យ​ក្រុម​ហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លែន​ថេសិន បាន​និយាយ​ថា អ្នកស្រី​បាន​ឈប់​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ ​ហើយ។​

លោក លី យ៉ុងផាត់​ ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​រំលោភសិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី​នាពេល​កន្លង​មក​នោះ ក៏​មិន​បាន​ឆ្លើយ​តប​ការ​ស្នើ​សុំ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​តេឡេក្រាម​ដែរ​។​

ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​ដូច​ជា​ក្រុម​ហ៊ុន Royal Group របស់​លោក គិត ម៉េង និង​ក្រុម​ហ៊ុនចិន Union Development Group ក៏​មាន​ចំណែក​ទទួល​បាន​ដី​មួយ​ផ្នែក​ធំ​ពី​ឧទ្យាន​ជាតិ​នេះ​ដែរ។​ក្រុម​ហ៊ុនចិន Union Development Group បាន​រង​ទណ្ឌកម្ម​ពី​ក្រ​សួង​រតនាគារសហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៩ ទាក់ទង​នឹង​ការ​ចោទ​ថា​បាន​បង្ក​ជា​ហិង្សា​លើ​ប្រ​ជាពល​រដ្ឋ​សហគមន៍​មូល​ដ្ឋាន​ពេល​ដែល​ក្រុម​ហ៊ុននេះ​ឈូស​ឆាយ​ដី​ព្រៃ​។​

មន្ត្រី​តស៊ូមតិ​របស់​បណ្ដាញ​យុវជន​កម្ពុជា​ ហៅ​កាត់​ថា​ CYN លោក សាន ម៉ាឡា បង្ហាញ​ការ​សោក​ស្ដាយ​សម្រាប់​ការ​ផ្ដល់​ដី​សម្បទាន​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុម​សាគរ។ លោក​សង្ឃឹម​ថា​រដ្ឋាភិបាល​អភិវឌ្ឍន៍នៅ​ទី​តាំង​នោះ​ដើម្បី​ផ្ដល់​ជាការងារ​ដល់​ប្រជា​សហគមន៍ ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការអភិវរក្ស ជាជាង​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ទាំង​នោះ​។​

អង្គការ​មាតាធម្មជាតិ​កម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍​បាន​បង្ហោះ​រូប​ថត​តាម​រយៈ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​អំពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​បុទុម​សាគរ និង​បាន​ថ្លែង​ថា៖ «ពួកយើងសូមស្នើសុំរដ្ឋាភិបាលបញ្ឈប់ការលក់ឧទ្យានជាតិទៅឱ្យឯកជនបន្តទៀត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Tycoon’s Son Receives 6,234 Hectares in Botum Sakor National Park

697 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម