សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នករាយការណ៍ពិសេសUN រិះគន់រដ្ឋាភិបាលជុំវិញការឃុំខ្លួនជាប្រព័ន្ធ

លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះចាកចេញពីតុលាការកំពូលនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីចូលរួមសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្ន។ រូបភាព៖ បញ្ញា ឆព័ណ្ណ
លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះចាកចេញពីតុលាការកំពូលនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីចូលរួមសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្ន។ រូបភាព៖ បញ្ញា ឆព័ណ្ណ

កាលពីថ្ងៃ​ចន្ទ​ ក្រុម​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពីស្ថានភាព​​សិទ្ធិមនុស្ស​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ «ការឃុំ​​ខ្លួន​ជា​ប្រព័ន្ធ​» លើ​សកម្មជន​និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ដែល​សំ​ដៅ​ដល់​ទៅលើ​ការ​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ការ​ចាប់​លោក រ៉ុង ឈុន​ ជា​មេដឹកនាំសហជីពដ៏ល្បីឈ្មោះ​ដាក់​ពន្ធ​នាគារ​មក។

លោកស្រី Mary Lawlor អ្នក​រាយ​ការណ៍​ពិសេស​របស់​​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ស្តីពី​ស្ថាន​ភាព​​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទនេះ​ ដែល​ត្រូវ​បាន​គាំ​ទ្រ​ដោ​យ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​បួន​រូប​ផ្សេង​ទៀត​រួមទាំង​​លោក​ស្រី​ រ៉ូ​ណា ស្មីត ដែលជា​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

លោក​ស្រី Lawlor បាន​មានប្រសាសន៍​ថា លោក​ស្រី​បាន​ពិនិត្យ​មើល​ភស្តុ​តាងដែលថា សកម្មជន​ទាំង​នោះ ត្រូវ​បាន​រា​រាំង​មិនឱ្យ​ប្រមូល​ផ្តុំ​ដោយសន្តិវិធី​ហើយថា កិច្ច​ខិត​ខំ​ប្រឹ​​​ង​ប្រែង​ ដើម្បី​តស៊ូ​​មតិ​ ឲ្យ​មាន​ការ​ដោះ​លែ​ង​លោក រ៉ុង ឈុន បែរ​ជាមាន​ការ​ចាប់​ខ្លួន​​ច្រើន​ឡើង​ៗ​ទៅ​វិញ​។

សេចក្តី​​ថ្លែង​​ការណ៍​​នេះ​​លើក​​ឡើង​​ថា៖ «ខ្ញុំ​កាន់តែ​មាន​កង្វល់​ ចំពោះ​លំនាំដដែល​ៗ នៃ​ការ​ឃុំខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ដែល​បាន​ធ្វើ​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​ឬការ​រំលោភ​បំពាន​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដូច​គ្នា​។ រឿង​ច្រំដែល​​នេះ​ ត្រូវ​តែ​បញ្ចប់​»។

កាល​ពី​ចុងខែ​កក្កដា លោក រ៉ុង​ ឈុន ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​ញុះ​ញង់​ ដោយ​សារ​​​ការ​អត្ថាធិប្បាយដែលលោកបាន​​លើក​​ឡើង​​អំពី​បញ្ហា​​បោះ​​បង្គោល​​ព្រំ​ដែន​​កម្ពុជា-​​វៀត​ណាម​។ បន្ទាប់​ពី​ការ​​​ចាប់​​ខ្លួន​​លោក ​​យុវ​​ជន​​និង​សកម្មជន​​​​បរិ​ស្ថាន​​បាន​ធ្វើ​ការ​តវ៉ា​នឹង​ការ​ចាប់​ខ្លួនមេដឹកនាំ​​សហ​ជីព​រូប​នេះ នៅទីក្រុងភ្នំពេញដោយ​អាជ្ញា​ធរ​បាន​ឃុំ​ខ្លួន​មនុស្ស​ ១២ នាក់ក្នុង​ចំណោម​​ពួក​គេ។

លោកស្រី Lawlor មាន​ប្រសា​សន៍​ថា៖ «វា​ហាក់​ដូច​​ជា​​គ្មាន​​​កំណត់​ថា ​នរណា​ដែល​​អា​​ជ្ញា​​ធរ​​នឹង​​ត្រូវ​កំណត់​​គោល​ដៅ​នោះទេ​ ធ្វើ​​ឲ្យ​​សកម្មភាព​របស់​ពួក​គេ​ក្នុងប៉ុន្មាន​ខែ​ថ្មីៗ​នេះ លេចចេញ​ជា​ការ​ប៉ុន​ប៉ង​រួមមួយ ដើម្បី​លុប​បំ​បាត់​លំហ​ពល​រដ្ឋនិង​រា​រាំ​ង​ការ​ងារ​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស»។

ការ​ចាប់​ខ្លួន​ទាំង​នេះ រួម​មាន​សមា​ជិក​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ សកម្មជន​មា​តា​ធម្ម​ជាតិ​ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែ​វ​រស្មី និង លោក ថុន រដ្ឋា និង​ព្រះ​សង្ឃ​កើត​ សារ៉ា​យ។ ភាគ​ច្រើន​នៃ​សកម្ម​ជន​ទាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ធ្វើបាតុ​កម្ម​នៅ​ក្នុង​រាជ​ធានី​ឬ​ដោយ​សារ​​ការ​ប្រ​កាស​អំពី​ការ​ហែ​ក្បួន​ទៅកាន់គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​របស់​គាត់​ក្នុងករណី​នេះ​។

លោកស្រី រ៉ូណា ស្មីត ដែល​ជាអ្ន​ក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្សនៅ​កម្ពុជា​បាន​មាន​ប្រសា​សន៍​ថា ការ​ចាប់​ខ្លួន​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​អាច​មាន​ផល​ប៉ះពាល់​យូរ​អង្វែង​ទៅ​លើសង្គម​ស៊ី​វិល​របស់ប្រ​ទេស​នេះ។

លោកស្រី​បាន​លើក​ឡើង​នៅក្នុងសេចក្តី​ថ្លែង​ការណ៍​ដដែល​នេះថា៖ «ខ្ញុំមាន​កង្វល់​យ៉ាង​ខ្លាំង​ថា ផល​ប៉ះ​ពាល់​មក​លើ​ស​​ង្គម​ស៊ី​វិល​នឹងនៅ​តែ​មាន​បន្ត​ទៀត​ ហើយ​ខ្ញុំ​សូម​ជំរុញ​ឲ្យអា​ជ្ញា​ធរ​បញ្ឈប់​វិធី​សា​ស្រ្ត​ដ៏​គ្រោះ​ថ្នាក់​នេះ​ ដល់​អ្នកការ​​ពារ​សិទ្ធិ​មនុស្ស​ និង​ជួយ​សម្រួល​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​​ការជួប​ជុំ​ ដើម្បី​ជា​​ប្រ​យោជ​ន៍​ដល់​សមា​ជិក​គ្រប់រូប​នៃ​សង្គម​នៅ​ប្រ​ទេស​កម្ពុជា»។

រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ការ​ពារ​ការ​ចាប់​ខ្លួន​លោក រ៉ុង​ ឈុន និង​បាន​ហៅ​កា​​រ​តវ៉ារបស់​សកម្ម​ជន​និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ថា ជា​ការ​ប៉ុន​ប៉ង​ញុះ​ញង់​ប្រ​ជា​ពល​រដ្ឋ​។​

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា សេចក្តី​ថ្លែង​ការណ៍នេះ​ នឹង​មិន​មាន​ផល​ប៉ះ​ពាល់​អ្វីដល់​អធិប​តេយ្យ​ភាព​ និង​ឯក​រាជ្យ​ភាពរ​បស់កម្ពុជា​ឡើយ។

លោកបានមានប្រសាសន៍ថា៖«យើងក៏មាន​ការធុញទ្រាន់​នឹងប្រាប់​អង្គការសហ​ប្រជាជាតិ​និយាយដដែលៗថា ការព្រួយបារម្ភ​ដដែលៗ [អំពីសិទ្ធិមនុស្ស] របស់ពួកគាត់ ពីព្រោះ វាគឺជាការ​អនុវត្តច្បាប់​របស់កម្ពុជា»

អ្នក​នាំ​ពាក្យ​ក្រ​សួ​​ង​យុត្តិ​ធម៌​លោក​ ជិន ម៉ាលីន បាន​ចោទ​ប្រ​កាន់​អ្នកជំ​នាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា បាន​ប្រើ​ប្រាស់​ព័ត៌​មាន​ពី​អ្នកដែល​ចង់ «ផ្តោត​គោល​ដៅ រិះគន់ និង​ប្រ​ឆាំង​រដ្ឋាភិបាល» ដោយលោក​អះ​អាង​ថា ស្ថាន​ភាពជាក់​ស្តែង​នៅ​ក្នុង​ប្រ​ទេស​ គឺ​ផ្ទុយ​ស្រ​ឡះ។

លោកមាន​ប្រសាសន៍ថា៖ «​នៅ​កម្ពុ​ជា​ [ យើង​ ] មិន​​បែងចែកនរណា​​​ ជា​សកម្ម​ជន​ឬ​មិន​មែន​ជា​សកម្ម​ជន​នោះ​ទេ។ ប្រ​សិន​បើ​អ្នក​ប្រ​ព្រឹ​ត្ត​បទ​ព្រហ្មទណ្ឌ​អ្នកឯង​ត្រូវ​ប្រ​ឈម​មុខ​ច្បាប់» ។ 

លោក ជិន ម៉ាលីន ក៏​បាន​ការ​ពារ​វិធាន​ការ​ច្បាប់ប្រ​ឆាំង​នឹង​អ្នក​ ដែលបាន​ធ្វើ​កា​រ​ត​វ៉ា​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះផងដែរ​។ សេចក្តី​ថ្លែង​ការណ៍​របស់លោកស្រី Lawlor បាន​រិះ​គន់​ការ​ប្រើ​ប្រា​ស់​កម្លាំង​ហួស​ប្រមាណ​ប្រ​ឆាំង​នឹង​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី ដោយ​​យោង​ទៅ​លើ​ការ​ប្រើ​ប្រាស់ញឹកញាប់​នូវ​​​​វិ​ធាន​ការ​ណ៍​ហឹង្សា​ប្រ​ឆាំង​នឹង​ក្រុម​គ្រួ​សារ​ ដែល​មាន​ទំនាក់​ទំនង​​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលពួកគេ​​អំ​​ពាវ​​នាវ​​ឱ្យ​​មាន​​ការ​​ដោះ​​លែង​​សាច់​ញាតិ​​របស់​​ពួក​គេ​​។ 

អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​ អាដហុក លោក ស៊ឹង សែន​ក​រុណា បាន​មាន​ប្រ​សា​​​សន៍​ថា វា​ជា​ការ​ខក​ចិត្ត​ ដែល​បាន​ឃើញ​រដ្ឋា​ភិបាល​គ្រាន់​តែ​បដិ​សេធ​រាល់​ការ​ចោទ​ប្រ​កាន់​ទាំង​ឡាយ ដែល​ធ្វើ​ឡើង​ដោយ​អ្នករាយ​ការណ៍​អង្គការ​សហប្រជាជាតិ​ស្តីពីសិទ្ធិមនុស្ស។​ ​លោកបាន​បន្ថែមថា ប្រសិនបើ​អាជ្ញាធរប្រើប្រាស់​វិធានការណ៍​ត្រឹម​ត្រូវ​ នោះវានឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​។

លោក ស៊ឹង សែនករុណា​ មាន​ប្រ​សាស​ន៍​ថា៖ «រដ្ឋា​ភិ​បាល​គួរ​តែ​ស្វែង​រក​ដំណោះស្រាយ​ ជា​ជាងធ្វើ​ការច្រាន​ចោល​ម្តង​ហើយ​ម្តងទៀត​​នូវ​បញ្ហា​​ ដែល​លើក​ឡើងដោយ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​»

83 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម