ចំពេលមានផលប៉ះពាល់នៃគម្រោងសំខាន់ៗក្នុងប្រទេសកម្ពុជា ដោយសារការបង្កកជំនួយរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលកំពុងព្យាយាមស្វែងរកដៃគូផ្តល់មូលនិធិថ្មី ដើម្បីរក្សាគម្រោងដែលជាប់គាំង។ ជាមួយនឹងកម្មវិធីនានាត្រូវបានផ្អាក បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលក៏កំពុងប្រឈមមុខនឹងការបាត់បង់ការងារ និងភាពមិនច្បាស់លាស់ផងដែរ ដែលជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា៖ «ប្រសិនបើគម្រោងណាមួយរងផលប៉ះពាល់ រដ្ឋាភិបាលនឹងខិតខំស្វែងរកដំណោះស្រាយសម្រាប់គម្រោងនីមួយៗ ហើយរក្សាភាពបត់បែន រួមទាំងការស្វែងរកប្រភពមូលនិធិផ្សេងទៀតដើម្បីយកមកប៉ះប៉ូវ»។ យើងមានមធ្យោបាយជាច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះដោយមិនបង្កផលប៉ះពាល់ដល់គោលនយោបាយ ឬរំខានដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
លោកបានប្រាប់សារព័ត៌មានខេមបូចាថា គម្រោងមួយចំនួន រួមទាំងវិស័យកសិកម្ម សុខភាព និងមីន ត្រូវបានរងផលប៉ះពាល់ដោយការផ្អាករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយសារតែពួកគេពឹងផ្អែកលើជំនួយរបស់ USAID ។ ទោះយ៉ាងណា លោកបានបញ្ជាក់ថា ការរំខានទាំងនេះនឹងមិនបញ្ឈប់ការរីកចម្រើនក្នុងវិស័យសំខាន់ៗនោះទេ។
លោកមានប្រសាសន៍ថា៖ «ខណៈពេលដែលគម្រោងដែលទទួលបានការគាំទ្រពី USAID នឹងប្រឈមមុខនឹងបញ្ហា ពួកគេនឹងមិនប៉ះពាល់ដល់រដ្ឋាភិបាល ឬគោលនយោបាយអភិវឌ្ឍន៍នោះទេ»។ លោកបន្តថា៖ «រដ្ឋាភិបាលរបស់យើងនៅតែបន្តដំណើរការជាធម្មតា»។
កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក Donald Trump បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ឈប់កម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិករយៈពេល៩០ថ្ងៃ ដើម្បីវាយតម្លៃភាពស្របគ្នារបស់ពួកគេជាមួយនឹងគោលនយោបាយរបស់រដ្ឋបាលលោក Trump។ ជាផ្នែកមួយនៃការបង្កក គេហទំព័ររបស់ USAID ត្រូវបានបិទលើអ៊ីនធឺណិតយ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបណ្តាលឱ្យបុគ្គលិករបស់ពួកគេរាប់ពាន់នាក់ប្រឈមមុខនឹងការបណ្តេញចេញ ការបញ្ឈប់ការងារ និងការព្យួរកម្មវិធីភ្លាមៗ។
នៅថ្ងៃចន្ទបន្ទាប់ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលឥឡូវនេះជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់ USAID ថា ជា «អង្គការឧក្រិដ្ឋកម្ម» ។ លោក Trump បានបន្ទរស្រដៀងគ្នានេះដោយនិយាយថា USAID ត្រូវបាន «គ្រប់គ្រងដោយមនុស្សលីលា»។ លោក Musk បានបញ្ជាក់ថា លោក Trump គាំទ្រការបិទ USAID ។
ការិយាល័យធំរបស់ទីភ្នាក់ងារនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានបិទដោយមិននឹកស្មានដល់ ដោយនិយោជិតទទួលបានអ៊ីម៉ែលពេលយប់ ណែនាំពួកគេមិនឱ្យទៅធ្វើការ។ លោក Trump ក៏បានតែងតាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio ជានាយកស្ដីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយលើកឡើងថា ជំនួយរបស់ទីភ្នាក់ងារនេះមិនបានបម្រើផលប្រយោជន៍ជាតិចម្បងរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះសមាជិកព្រឹទ្ធសភាអាមេរិកក៏បានចេញមុខធ្វើសន្និសីទកាសែត និងតវ៉ាប្រឆាំងនឹងលោក Trump ដែលលោកមានបំណងបិទស្ថាប័ន USAID។
នៅកម្ពុជា ទីភ្នាក់ងារជំនួយអាមេរិក USAID បានរួមចំណែកជាង៣ពាន់លានដុល្លារដល់វិស័យផ្សេងៗក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ រាប់ចាប់ពីវិស័យសុខាភិបាល និងកសិកម្ម រហូតដល់អភិបាលកិច្ច និងការអប់រំ។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅខែតុលា ឆ្នាំ២០២៤ មកកម្ពុជា លោកស្រី Samantha Power អ្នកគ្រប់គ្រងទីភ្នាក់ងារ USAID បានប្រកាសផ្តល់ជំនួយជាង ៥៥ លានដុល្លារ រួមទាំង ១៧ លានដុល្លារសម្រាប់ការថែទាំសុខភាព ២៩លានដុល្លារសម្រាប់កសិកម្ម និង៦លានដុល្លារសម្រាប់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។ បន្ថែម៣លានដុល្លារពីក្រសួងការងារសហរដ្ឋអាមេរិកក្នុងគោលបំណងគាំទ្រដល់ការដាក់បញ្ចូលពិការភាព។
ការព្រួយបារម្ភអំពីប្រាក់ខែចំពេលដែលត្រូវបានព្យួរ
នេះបើតាមលោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីននៅកម្ពុជា បានឲ្យដឹងថា អ្នកដោះមីនកម្ពុជាជាង១ពាន់នាក់ប្រឈមនឹងភាពអត់ការងារធ្វើ បន្ទាប់ពីការផ្អាកជំនួយ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចែករំលែកនៅលើ Facebook ថា CMAC ត្រូវផ្អាកប្រតិបត្តិការដោះមីនចំនួន៨ខេត្តដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង។ គម្រោងទាំងនេះ ដែលត្រូវបានផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងគាំទ្រតាមរយៈដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយ CMAC ឥឡូវនេះបានបញ្ឈប់ហើយ។
លោក រតនា បានថ្លែងថា៖ «ក្រុមការងារគ្រប់គ្រង និងដៃគូអភិវឌ្ឍន៍របស់ CMAC កំពុងធ្វើការយ៉ាងសកម្មជាមួយអ្នកគ្រប់គ្រងគម្រោង WRA [ការដកអាវុធ និងលុបបំបាត់អាវុធ] នៅក្រសួងការបរទេស ដើម្បីទទួលបានជំនួយបន្តសម្រាប់បេសកកម្មមនុស្សធម៌ដ៏សំខាន់នេះ»។
គម្រោង CMAC បានទទួលជំនួយឥតសំណងសរុបចំនួន៦,៥លានដុល្លារពីដៃគូអភិវឌ្ឍន៍តាមរយៈ WRA សម្រាប់រយៈពេល៤៥ខែ ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលគាំទ្រអ្នកជំនាញបច្ចេកទេស UXO ប្រមាណ២០០នាក់។
CMAC កំពុងពិភាក្សាជាមួយ USAID ដើម្បីបញ្ជាក់ថាតើការផ្អាកនេះនឹងប៉ះពាល់ដល់ការបើកប្រាក់ខែដែរឬទេ? CMAC មិនទាន់បានស្នើសុំថវិកាពីរដ្ឋាភិបាលដើម្បីរ៉ាប់រងលើប្រាក់បៀវត្សរ៍នេះនៅឡើយទេ ដោយសារមិនទាន់មានភាពច្បាស់លាស់ពី USAID ។
លោកបន្ថែមថា៖ «ជាធម្មតា យើងរង់ចាំក្នុងរយៈពេលជាក់លាក់ណាមួយសម្រាប់ការសម្រេចចិត្ត។ យើងមិនអាចឲ្យអ្នកជំនាញរបស់យើងរង់ចាំតាមតែគាត់ (USAID) ថាទេ»។
លោក កែវ សារ៉ាត់ ប្រធានកងឯកភាពចំណាត់មីនទី៥របស់ស៊ីម៉ាក់ ដែលធ្វើការជាមួយអង្គភាពនេះតាំងពីឆ្នាំ២០០៩ បានសម្តែងការខកចិត្តចំពោះការផ្អាកនេះភ្លាមៗ។ លោកបាននិយាយថា វាបានធ្វើឱ្យអ្នកដោះមីនជាច្រើនគ្មានការងារធ្វើ ហើយអ្នកខ្លះកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីយកប្រាក់កម្ចីដើម្បីសាងសង់ផ្ទះ។
លោកបានថ្លែងថា៖ «យើងកំពុងជួបការលំបាកដោយសារមនុស្សមួយចំនួនបានខ្ចីប្រាក់ពីធនាគារដើម្បីសាងសង់ផ្ទះ»។លោកបន្តថា៖ «យើងមិនមានអារម្មណ៍ល្អទេដែលត្រូវបានគេព្យួរព្រោះយើងគ្មានការងារធ្វើ […] វាបានកើតឡើងភ្លាមៗពេក»។
លោកបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនដោយសង្កត់ធ្ងន់ថាការផ្តល់មូលនិធិមានសារៈសំខាន់ក្នុងការបោសសម្អាតមីន និងការពារប្រជាជនពីគ្រោះថ្នាក់។

អង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលកំពុងតស៊ូជាមួយការបង្កក
ការផ្អាកនេះក៏កំពុងប៉ះពាល់ដល់អង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ។ លោក សំរិទ្ធ តូណា នាយកប្រតិបត្តិនៃសំឡេងសហគមន៍ស្ត្រី (WCV) បានលើកឡើងថា អង្គការរបស់គាត់ត្រូវបានបង្ខំឱ្យព្យួរបុគ្គលិកចំនួន៤នាក់ និងអ្នកហាត់ការ២នាក់ ដោយសារការផ្អាកការផ្តល់មូលនិធិ។
WCV ធ្វើការដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសក្នុងចំណោមស្ត្រី និងបណ្តុះបណ្តាលយុវជនឱ្យរាយការណ៍អំពីបញ្ហាសហគមន៍ដូចជាការប្រែប្រួលអាកាសធាតុ សិទ្ធិដីធ្លី និងការកាប់បំផ្លាញព្រៃឈើ។
លោក តូណា បានឱ្យដឹងថា៖ «ការបាត់បង់មូលនិធិមានន័យថាយើងមិនអាចផលិតរឿងសំខាន់ៗដែលផ្តល់ផលប្រយោជន៍ដល់សង្គមបានទេ»។លោកបន្តថា៖«ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសអ្នកសារព័ត៌មានស្ត្រី មានចំនួនធ្លាក់ចុះរួចទៅហើយ ហើយនៅពេលដែលអង្គការដូចជាយើងបាត់បង់ធនធាន វាគឺជាការបោះជំហានថយក្រោយនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ»។
លោក តូណា បានបញ្ជាក់ថា ការខ្វះខាតការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយលើបញ្ហាដូចជា ការរំលោភដីធ្លី និងការរំលោភបំពានព្រៃឈើសហគមន៍ នៅតែបន្តកើតមានភាពអយុត្តិធម៌។
លោកបានបន្តទៀតថា៖ «ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការពង្រីកសំឡេងរបស់ជនងាយរងគ្រោះ ប៉ុន្តែបើគ្មានមូលនិធិទេ បញ្ហារបស់ពួកគេប្រឈមនឹងការមិនអើពើ»។ លោកបានបន្ថែមថា USAID បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
នៅក្នុងការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ខ្លួននឹងដកស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន៤ រួមទាំងកាសែត New York Times ចេញពីការិយាល័យផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងប៉ង់តាហ្គោន ដោយមានបំណង «បង្កើតកន្លែងសម្រាប់ក្រុមផ្សេងទៀត»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់សារព័ត៌មានខេមបូចាថា អង្គការរបស់លោកពឹងផ្អែកយ៉ាងធំលើជំនួយរបស់ USAID ដែលមានចំនួនជាង៧០ភាគរយនៃសកម្មភាពរបស់សមាគមអាដហុក។
ការកាត់បន្ថយមូលនិធិនេះបាននាំឱ្យមានការផ្អាក ឬកាត់បន្ថយកម្មវិធីជាច្រើន រួមទាំងកម្មវិធីដែលមានបំណងជួយជនរងគ្រោះពីការរំលោភសិទ្ធិមនុស្ស វិវាទដីធ្លី និងការជួញដូរផ្លូវភេទ។
លោកបានពន្យល់ថា៖ «កាលពីមុន ការផ្តល់មូលនិធិរបស់ USAID បានអនុញ្ញាតឱ្យយើងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ផ្តល់ជំនួយសង្គមដល់សកម្មជនដែលត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ និងផ្តល់សេវាសំខាន់ៗដល់អ្នកដែលតស៊ូដើម្បីសិទ្ធិរបស់ពួកគេ»។
ទោះជាមានការខកចិត្តទាំងនេះក៏ដោយ សមាគមអាដហុកនៅតែសង្ឃឹមថារដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំបច្ចុប្បន្ននឹងពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនលើជំនួយបរទេស ជាពិសេសសម្រាប់ប្រទេសដែលកំពុងតស៊ូជាមួយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបានបន្តថា៖ «យើងជំរុញឲ្យសហរដ្ឋអាមេរិកបន្តផ្តល់មូលនិធិដល់អង្គការសង្គមស៊ីវិល ដើម្បីយើងអាចជួយស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសផ្សេងៗទៀត ក៏ដូចជាប្រទេសកម្ពុជាផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Aid Freeze Forces Cambodian Government to Seek New Funding Partners Amid NGO Layoffs