សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទោះអាមេរិកបន្ថយអត្រាពន្ធត្រឹម៣៦%លើទំនិញនាំពីកម្ពុជា ប៉ុន្តែការព្រួយបារម្ភពីការផ្លាស់ប្តូរទិសដៅផលិតកម្មនៅតែមាន

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រារព្ធខួបទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកការទូត អ្នកនយោបាយ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងយុវជន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រារព្ធខួបទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកការទូត អ្នកនយោបាយ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងយុវជន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លិខិតផ្លូវការមួយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែកក្កដា បានបង្ហាញថាប្រទេសមហាអំណាចមួយនេះបានកែសម្រួលអត្រាពន្ធគយបដិការលើទំនិញទាំងអស់ពីកម្ពុជាចុះមក៣៦ភាគរយវិញ ដែលអត្រាកាលពីដំបូងមាន៤៩ភាគរយ ហើយការអនុវត្តអត្រាពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា។

យ៉ាងណាមិញ ការកំណត់អត្រាពន្ធថ្មីនេះ បានបង្កើតការព្រួយបារម្ភចំពោះសហជីពកម្មករ និងអ្នកវិភាគ ពីបញ្ហាដែលកម្ពុជាអាចនឹងប្រឈមមុខអំពីការផ្លាស់ប្តូរទិសដៅផលិតកម្ម។

នៅក្នុងលិខិតនោះដដែល លោកត្រាំ បានព្រមានថាទំនិញដែលបានផ្ទេរមកកម្ពុជាដើម្បីគេពន្ធខ្ពស់នឹងត្រូវទទួលរងនូវពន្ធខ្ពស់ជាងអ្វីដែលបានកំណត់ ដោយបន្ថែមថាអត្រាពន្ធ៣៦%នេះ «តិចជាងអ្វីដែលត្រូវការដើម្បីលុបបំបាត់ភាពខុសគ្នានៃឱនភាពពាណិជ្ជដែលមានជាមួយ​កម្ពុជា​»​

លោកត្រាំបានលើកឡើងបន្តក្នុងលិខិតនោះថា៖ «ប្រសិនបើក្នុងហេតុផលណាមួយលោកសម្រេចចិត្តដំឡើងពន្ធរបស់លោក នោះចំនួនពន្ធប៉ុណ្ណាដែលលោកជ្រើសរើសដើម្បីដំឡើងវា យើងនឹងត្រូវថែមចំនួននោះទៅលើពន្ធ៣៦%ដែលយើងយក»

រដ្ឋបាលលោក ត្រាំ បានកែសម្រួលកំណត់អត្រាពន្ធថ្មីចំពោះផលិតផលដែលនាំចូលទៅសហរដ្ឋអាមេរិក ដោយដាក់ពន្ធ ៤០% លើទំនិញពីឡាវ និងមីយ៉ាន់ម៉ា, ៣៦% ពីថៃ និងកម្ពុជា, ៣៥% ពីស៊ែប៊ី និងបង់ក្លាដែស, ៣២% ពីឥណ្ឌូនេស៊ី និង២៥% លើទំនិញពីម៉ាឡេស៊ី ទុយនីស៊ី ជប៉ុន កូរ៉េ និងកាហ្សាក់ស្ថាន។

អ្នកនាំពាក្យក្រសួងដែលរួមមានរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ និងអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក  សរ សិនិរ៉ា ដែលបានចូលរួមក្នុងការចរចាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

ដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រដ្ឋាភិបាលបានចរចាចំនួន ៤លើករួចមកហើយជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ លើពន្ធគយបដិការ​នេះ ហើយកម្ពុជានៅមានឱកាសបន្ថែមទៀតសម្រាប់ការចរចា មុនពេលអត្រាពន្ធនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សារព័ត៌មាននៅថ្ងៃទី៧ ខែកក្កដា ថា អត្រាពន្ធដែលបានកែសម្រួលនឹងត្រូវផ្ញើទៅឱ្យមេដឹកនាំបរទេសក្នុងរយៈពេលមួយខែ។ លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកអាចនឹងបន្តធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសដែលកំពុងបន្តការចរចា។

កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានប្រកាសអំពីការដាក់ពន្ធគយបដិការក្នុងអត្រាដ៏ខ្ពស់លើបណ្តាប្រទេសជាច្រើន ដែលរួមទាំងកម្ពុជាផងដោយពេលនោះកម្ពុជាត្រូវរងអត្រាពន្ធខ្ពស់រហូតដល់៤៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Stephen Higgins ប្រធានគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Mekong Strategic Capital ដែលមានមូលដ្ឋាននៅភ្នំពេញ បានបង្ហាញទាំងទស្សនៈវិជ្ជមាន និងអវិជ្ជមាន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធចំនួន ៣៦ភាគរយ លើទំនិញនាំចេញពីកម្ពុជា។

លោកបានលើកឡើងថា បើប្រៀបធៀបទៅនឹងប្រទេសថៃ អត្រាពន្ធថ្មីរបស់កម្ពុជា ល្អជាងអត្រា ៤៩ភាគរយ ដែលបានប្រកាសកាលពីថ្ងៃទី២ ខែមេសា។ លោកបានបញ្ជាក់ថា ទោះបីជា ថៃបាន«ផ្តល់»កិច្ចព្រមព្រៀងនាំចូលឧស្ម័នធម្មជាតិរាវរយៈពេល២០ឆ្នាំ និងទិញយន្តហោះ Boeing ចំនួនជាច្រើនក៏ដោយ ប៉ុន្តែអត្រាពន្ធរបស់ថៃ«នៅតែនៅត្រឹម៣៦ភាគរយដដែល»

លោកបានសរសេរប្រាប់អ្នកសារព័ត៌មានតាមរយៈអ៊ីមែលថា៖ «អត្រាពន្ធរបស់កម្ពុជា ខ្ពស់ជាងវៀតណាមដល់ ១៦ភាគរយ ដែលនេះជារឿងសំខាន់មែនទែន។ ដោយសារតែបញ្ហានេះ ពួកយើងមានផែនការផ្លាស់ប្តូរផ្នែកផលិតកម្មខ្លះពីកម្ពុជាទៅវៀតណាម»

លោក  Higgins  បានថ្លែងថា៖ «ពួកយើងនៅលេខរៀងស្មើគ្នាជាមួយបង់ក្លាដែស និងឥណ្ឌូនេស៊ី ដែលជាប្រទេសសំខាន់ក្នុងវិស័យឧស្សាហកម្មកាត់ដេរពិភពលោក»។​

គាត់បាននិយាយលេងថា៖ «វាហាក់ដូចជាសហរដ្ឋអាមេរិកនឹងមិនផ្ញើខ្សែដៃមិត្តភាពណាមួយមកក្នុងពេលឆាប់ៗនេះទេ — ក៏មិនមែនក្នុងរយៈពេល៣ឆ្នាំកន្លះខាងមុខដែរ»។​

លោកបានបន្តទៀតថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណនៅពេលអត្រាពន្ធថ្មីបានដាក់ចេញដោយសហរដ្ឋអាមេរិកកាលពីខែមេសាថា កំណើនសរុបរយៈពេល៥ឆ្នាំនៃផលិតផលក្នុងស្រុក (GDP) របស់កម្ពុជា អាចនឹងធ្លាក់ចុះ១០ភាគរយ បើប្រៀបនឹងការព្យាករណ៍ដើមរបស់ពួកគេ។​

លោកបានបន្ថែមថា៖ «ទោះបីសហរដ្ឋអាមេរិកបានដាក់ពន្ធដល់ទៅ៤៩ភាគរយក៏ដោយ ក៏កម្ពុជានៅតែត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ២៤ភាគរយក្នុងរយៈពេល៥ឆ្នាំ — ដែលជាមួយនឹងអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក។ ចំពោះអត្រាពន្ធថ្មីដែលមានការកាត់បន្ថយ​បន្តិចនេះ ពួកយើងគិតថា កំណើន GDP អាចនឹងកើនឡើងបន្ថែមប៉ុន្មានភាគរយទៀតក្នុងរយៈពេលដូចគ្នា»

ចំពោះវិស័យការងារ លោក Higgins បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក ការងារផ្នែកផលិតកម្មប្រហែល៣៦ម៉ឺននៅកម្ពុជា ដែលពឹងផ្អែកលើតម្រូវការពីសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងហានិភ័យ។

លោកបានបន្តថា៖ «ដោយសារតែប្រទេសនាំចេញផ្សេងទៀត (លើកលែងតែវៀតណាម) ក៏ត្រូវបានដាក់ពន្ធស្រដៀងគ្នា ហើយនិងឱកាសប្ដូរទិសដៅពាណិជ្ជកម្ម ការបាត់បង់ការងារជាក់ស្តែងអាចនឹងមានចំនួនតិចជាង១០ម៉ឺន ទោះបីវាជារឿងឈឺចាប់ក៏ដោយ ប៉ុន្តែមិនដល់កម្រិតអាសន្នឡើយ»។​

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហរដ្ឋអាមេរិកនៅតែទីផ្សារដ៏សំខាន់របស់កម្ពុជា ដែលការនាំចេញពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៥ មានតម្លៃដល់ ៤,៣៥ ពាន់លានដុល្លារ ដែលកើនឡើង ២៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ ការនាំចេញសរុបរបស់កម្ពុជា មានតម្លៃជិត១០ពាន់លានដុល្លារ។

កំពង់ផែខេត្តព្រះសីហនុ ថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កំពង់ផែខេត្តព្រះសីហនុ ថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) បានបង្ហាញការព្រួយបារម្ភពីអត្រាពន្ធបដិការខ្ពស់បែបនេះ ដោយកត់សម្គាល់ថា ការវិនិយោគខ្លះអាចនឹងផ្លាស់ប្តូរទិសដៅទៅវៀតណាម ដែលត្រូវបង់ពន្ធត្រឹមតែ២០ភាគរយប៉ុណ្ណោះ ដែលអត្រានេះទាបជាងកម្ពុជាខ្លាំង។​

លោកស្រី បានលើកឡើងថា៖ «ផលប៉ះពាល់ដែលយើងអាចមើលឃើញបច្ចុប្បន្ន ប្រសិនណាមិនមានការបញ្ចុះតម្លៃពន្ធជាងនេះទៀត ខ្ញុំគិតថាទីមួយ ក្រុមហ៊ុនអាចនឹងប្រឈមនឹងការព្យួរការងារ ឬក៏ផ្តាច់កិច្ចសន្យាកម្មករ»

នៅលើទំព័រ Facebook ផ្ទាល់ខ្លួន លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានបង្ហោះថា រោងចក្រខ្លះ«កំពុងស្វែងរកទីតាំងក្រៅអាស៊ី»ដូចជា ប្រទេសអេហ្ស៊ីប ដែលមានថ្លៃកម្លាំងពលកម្មទាប និងអត្រាពន្ធអាមេរិកត្រឹមតែ១០ភាគរយប៉ុណ្ណោះ។

លោកបានសរសេរថា៖ «កម្ពុជានៅពីក្រោយវៀតណាម ដែលមានអត្រាពន្ធ ២០ភាគរយ។ វៀតណាម​បានផ្តល់សិទ្ធិនាំចូលដោយគ្មានពន្ធឱ្យសហរដ្ឋអាមេរិកក្នុងទីផ្សាររបស់ខ្លួន»

លោកបានសរសើរកម្ពុជាដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួន១៤ ដោយសារតែការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ លោកបាននិយាយថា ជាលទ្ធផល កម្ពុជាមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់ជាមួយគូប្រកួតសំខាន់ៗ ដូចជា បង់ក្លាដែស និងឥណ្ឌូនេស៊ី។

ក្នុងឆ្នាំ ២០២៤ ការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ  ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើររបស់កម្ពុជាសរុបមានតម្លៃ ១៣,៩២ពាន់លានដុល្លារ ដែលកើនឡើង ២៣ភាគរយ បើប្រៀបនឹងឆ្នាំ២០២៣។ នៅដំណាច់ឆ្នាំ២០២៤ មានរោងចក្រ និងសហគ្រាសចំនួនប្រហែល ១ ៥៥៥កន្លែងដំណើរការនៅទូទាំងប្រទេស ដែលបានផ្តល់ការងារជិតមួយលាននាក់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា កម្ពុជានៅមានពេលវេលា ដើម្បីចរចាជាមួយសហរដ្ឋអាមេរិក។

លោកបានថ្លែងថា៖ «នៅសល់បីសប្តាហ៍ទៀតសម្រាប់ចរចាដើម្បីកាត់បន្ថយអត្រាពន្ធទាំងនេះ ហើយការកែប្រែអត្រានេះនៅតែអាចធ្វើទៅបាន បើទោះបីជាក្រោយថ្ងៃទី១ ខែសីហាក៏ដោយ»

លោកបានបន្ថែមថា ការបារម្ភសព្វថ្ងៃនេះ គឺអត្រានេះអាចនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ដែលអាចនាំឱ្យមានភាពមិនប្រាកដប្រជាជារយៈពេលវែង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ និងអ្នកនាំពាក្យក្រសួង លោក ស៊ុន មេសា បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុនធំៗនឹងមិនដកវិនិយោគចេញពីកម្ពុជាទេ ដោយសារការចំណាយខ្ពស់ពាក់ព័ន្ធនឹងការពង្រីក និងដំណើរការតំឡើងប្រព័ន្ធផលិតកម្មនៅពេលដែលប្តូរទៅប្រទេសផ្សេង។

លោក ស៊ុន មេសា បានលើកឡើងថា៖ «ការដាក់ពន្ធទាំងនេះ មិនមានន័យថាអ្នកទិញនឹងឈប់ទិញទំនិញពីកម្ពុជានោះទេ។ សូម្បីតែប្រទេសវៀតណាម អត្រាពន្ធស្ថិតនៅចន្លោះពី២០ ទៅ៤០ភាគរយក៏ដោយ ក៏ផលិតផលរហូតដល់៤០ភាគរយនៅតែត្រូវបានដំឡើងនៅទីនោះដដែល»។  

លោក បានបញ្ជាក់ថា អត្រាពន្ធចំនួន៤០ភាគរយ ត្រូវបានអនុវត្តចំពោះទំនិញដែលត្រូវបានផ្ទេរបណ្ដោះអាសន្នតែប៉ុណ្ណោះតាមប្រទេសវៀតណាម គឺមានន័យថា ទំនិញដែលផលិតនៅប្រទេសផ្សេង ប៉ុន្តែឆ្លងកាត់វៀតណាម។

លោក មេសា បានលើកឡើងថា៖ «បច្ចុប្បន្ននេះ មិនទាន់មានសញ្ញាណាមួយបង្ហាញពីការផ្លាស់ទីរោងចក្រទូទៅចេញពីកម្ពុជានោះទេ។ ក្រុមហ៊ុនធំៗភាគច្រើនកម្រផ្លាស់ទីប្រតិបត្តិការជាអចិន្ត្រៃយ៍ណាស់ ព្រោះការផ្លាស់ទីរោងចក្រមួយ ត្រូវការចំណាយខ្ពស់ខ្លាំងណាស់»

លោកបានបន្ថែមថា ការវិនិយោគនៅប្រទេសផ្សេង ជាពិសេសទាក់ទងនឹងការទិញដី ការសាងសង់ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ អាចត្រូវការពេលពីរបីឆ្នាំទើបអាចបញ្ចប់បាន។

លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនមែនជាទីផ្សារតែមួយគត់ដែលកម្ពុជានាំទំនិញចេញនោះទេ។ កម្ពុជាអាចបន្តនាំចេញទៅទីផ្សារសំខាន់ៗផ្សេងទៀត ដូចជា សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម។

នៅឆមាសទីមួយនៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៣៧៣ គម្រោង ដែលមានតម្លៃសរុបស្មើនឹង ៥,៨ពាន់លានដុល្លារ។ គម្រោងទាំងនេះរំពឹងថានឹងបង្កើតការងារថ្មីប្រមាណ ២៥៥ ០០០កន្លែង។

ចិននៅតែជាវិនិយោគិនធំបំផុត ដែលមានរហូត៥៦,២៣ភាគរយនៃការវិនិយោគសរុបុ។

លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បា​នលើកឡើងក្នុងពេលសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទិ៨ ខែកក្កដា ថា លោកបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត។ លោកបានបន្ថែមថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Imposes 36% Tariff on All Cambodian Exports, But Concerns of Shifting Manufacturing Remains

113 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម