របាយការណ៍ប្រចាំឆ្នាំ២០២១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីសិទ្ធិ មនុស្សនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញថា មន្ត្រីរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស ជាពិសេសតាមរយៈការគំរាមប្រើកងកម្លាំងប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមការរំលោភបំពានដែលត្រូវបានរាយការណ៍គឺការធ្វើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ឬធ្វើឲ្យអាប់អោនកិត្តិយសនិងការឃុំខ្លួនតាមទំនើងចិត្ត។ របាយការណ៍នេះក៏បានរាយការណ៍ពីការជ្រៀតជ្រែកទៅក្នុងជីវិតឯកជនរបស់ប្រជា ពលរដ្ឋតាមរយៈការតាមដានតាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកដ៏ទូលំទូលាយ ការរឹតត្បិតធ្ងន់ធ្ងរលើបណ្តាញផ្សព្វផ្សាយព័ត៌មានសេរី ការបញ្ចេញមតិ ការចូលរួមនយោបាយ និងអំពើពុករលួយដ៏រាលដាល។
របាយការណ៍នេះបានសរសេរថា៖ «មានសេចក្តីរាយការណ៍ដ៏គួរឲ្យទុកចិត្តដែលថា មន្ត្រីរដ្ឋាភិបាលរួមទាំងនគរបាលផងបានប្រព្រឹត្តការរំលោភបំពាននិងអំពើពុករលួយដោយមាននិទណ្ឌភាពហើយនៅក្នុងករណីភាគច្រើន រដ្ឋាភិបាលបានចាត់វិធានការតិចតួចឬគ្មានចំណាត់ការតែម្តង» ។ ក្រុមប្រដាប់អាវុធរបស់គណបក្សកាន់អំណាច និងសមាជិកដទៃទៀតនៃកងកម្លាំងសន្តិសុខក៏មានការជាប់ពាក់ព័ន្ធផងដែរ។
ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ទាំងអស់នេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា នគរបាលជាតិកម្ពុជាគ្រាន់តែអនុវត្តច្បាប់ ដើម្បីការពារសន្តិសុខរបស់ប្រទេសនិងសណ្តាប់ធ្នាប់សាធារណៈចំពោះជនណាដែលប្រព្រឹត្តបទល្មើសប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖ «នគរបាលចាប់តែអ្នកណាដែលល្មើសច្បាប់ប៉ុណ្ណោះ។ នគរបាលមិនបង្រ្កាបអ្នកដែលធ្វើការបញ្ចេញមតិទេ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ការចាប់ខ្លួនត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមដីការបស់តុលាការ ដូច្នេះយើងបដិសេធរបាយការណ៍ដ៏ឆ្កួតនោះ។ វាមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាទេ»។
របាយការណ៍ដដែលក៏បានរកឃើញថា រដ្ឋាភិបាលបានធ្វើការចោទប្រកាន់តាមអំពើ ចិត្តពីបទ «ញុះញង់» ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយប្រើប្រាស់ច្បាប់ ដើម្បីចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងនិងអ្នកគាំទ្ររបស់ពួកគេពីបទឧក្រិដ្ឋ។
របាយការណ៍នោះក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលក៏បាននិងកំពុងយាយីកាន់តែខ្លាំងឡើងលើមេដឹកនាំសហជីពឯករាជ្យ សកម្មជនបរិស្ថាននិងប្រជាពលរដ្ឋដែល «បញ្ចេញមតិដ៏រសើបទាក់ទិននយោបាយ» តាមបណ្តាញសង្គម ក្នុងនោះរួមមានទាក់ទិនការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ វិវាទដីធ្លី បញ្ហាព្រំដែនជាមួយវៀតណាមនិងទំនាក់ទំនងជា មួយប្រទេសចិន។
គិតត្រឹមដំណាច់ឆ្នាំ២០២០ រដ្ឋាភិបាលបានប្តឹងពីបទញុះញង់យ៉ាងហោចណាស់ ២០០ករណី បើធៀបនឹងឆ្នាំ២០១៩ ដែលមានប្រហែល៤០ករណី។ ករណីនេះរួមទាំងការចោទប្រកាន់ទ្រង់ទ្រាយធំពីបទញុះញង់លើមនុស្សប្រមាណ១២០នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលពួកគេភាគច្រើនមានទំនាក់ទំនងនឹងអតីតគណបក្សសង្គ្រោះជាតិ។
របាយការណ៍នេះបានលើកឡើងថា៖ «ច្បាប់នេះដាក់ទោសព្រហ្មទណ្ឌចំពោះការញុះ ញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានបទដ្ឋានមិនច្បាស់លាស់និងត្រូវបានប្រើប្រាស់ជាទូទៅ ដើម្បីគាបសង្កត់និងដាក់ទោសលើការបញ្ចេញមតិនិងការជំទាស់ខាងនយោបាយដោយសន្តិវិធី»។
លើសពីនេះទៅទៀត របាយការណ៍ក៏បានលើកឡើងពីសវនាការកាត់ទោសលោក កឹម សុខា អតីតមេបក្សប្រឆាំងពីបទក្បត់ជាតិ ដោយលើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជាមិនបានដំណើរការដោយឯករាជ្យនោះទេ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិកថា គ្មានមូលដ្ឋាន។
លោកបានមានប្រសាសន៍ថា របាយការណ៍របស់សហរដ្ឋអាមេរិកគឺស្របគ្នាទៅនឹងអង្គការក្នុងស្រុកដែលទទួលមូលនិធិពីបរទេស ដើម្បីបង្កើនរបៀបវារៈរបស់បរទេសបន្ថែមទៀតក្នុងការរិះគន់រដ្ឋាភិបាល។
លោក ម៉ាលីន បានមានប្រសាសន៍ថា៖ «របាយការណ៍ទាំងនេះគឺដូចទៅនឹងឆ្នាំមុនៗដែរ… ប្រទេសកម្ពុជាយើងគ្មានកាតព្វកិច្ច ដើម្បីផ្គាប់ចិត្តប្រទេសណាមួយឡើយ ហើយយើងបាននឹងកំពុងបម្រើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស»។
ទោះយ៉ាងណា លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានគាំទ្រការរកឃើញនៃរបាយការណ៍របស់សហរដ្ឋអាមេរិក។ លោកថា ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកបានមើលឃើញពីការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅកម្ពុជា។
លោកក៏បានមានប្រសាសន៍ផងដែរថា ប្រសិនបើកម្ពុជាមិនឆ្លើយតបឲ្យបានគ្រប់គ្រាន់ទៅនឹងការរកឃើញនៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិកនេះទេ ប្រទេសកម្ពុជានឹងបាត់បង់ប្រយោជន៍នៅលើឆាកអន្តរជាតិ ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញរបស់កម្ពុជា និងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនកំណត់កូតាក្រោមប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងអាវុធជាដើម។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. report highlights human rights abuses by Cambodian armed forces