ប្រទេសកម្ពុជាបានរងការវាយប្រហារដោយពន្ធដ៏ច្រើនលើសលប់ជាង ៣៥០០ភាគរយ លើការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងខ្ពស់បំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីអ្នកផលិត និងរដ្ឋាភិបាលបរាជ័យក្នុងការសហការជាមួយនឹងការស៊ើបអង្កេតពាណិជ្ជកម្មរយៈពេល១ឆ្នាំរបស់សហរដ្ឋអាមេរិក ដែលកំពុងខិតជិតដល់ទីបញ្ចប់។ ការសម្រេចចិត្តនេះកើតឡើងចំពេលមានសង្គ្រាមពាណិជ្ជកម្មជាសកលធ្វើឡើងដោយរដ្ឋបាលលោក ត្រាំ ដែលបានគូសវាសខ្សែពាណិជ្ជកម្មពិភពលោកឡើងវិញ។
កិច្ចការនេះត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទទី២១ ខែមេសា កំណត់ការស៊ើបអង្កេតរយៈពេលមួយឆ្នាំដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានរកឃើញថាអ្នកផលិតផ្ទាំងសូឡានៅក្នុងប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងថៃ បានទទួលផលប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងកាត់បន្ថយតម្លៃទំនិញរបស់សហរដ្ឋអាមេរិក។ ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បន្ទាប់ពីក្រុមហ៊ុនផលិតរបស់អាមេរិកបានចោទប្រកាន់ក្រុមហ៊ុនចិនថាបាននាំចេញទំនិញតាមរយៈតំបន់អាស៊ីអាគ្នេយ៍ដើម្បីជៀសផុតពីការបង់ពន្ធដែលមានស្រាប់។
មន្ត្រីកម្ពុជាអះអាងថា ការយកពន្ធថ្មីនេះអនុវត្តចំពោះរោងចក្រមួយចំនួនតូចដែលស្ថិតក្រោមការស៊ើបអង្កេតប៉ុណ្ណោះ។
កាតព្វកិច្ចថ្មីនេះគឺបន្ថែមពីលើការយកពន្ធលើថ្លៃទំនិញកម្ពុជាចំនួន៤៩ភាគរយ ដែលកំពុងស្ថិតក្រោមការចរចារជាមួយសហរដ្ឋអាមេរិកនៅឡើយ។
បើតាមការប្រៀបធៀប ការដាក់ពន្ធលើការលក់បង្ខូចថ្លៃបន្ទះសូឡាដែលនាំចេញពីប្រទេសកម្ពុជាបានកំណត់ខ្ពស់ដល់ទៅ ៣ ៥២១ភាគរយ គឺខ្ពស់ជាងប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ី ដែលប្រឈមនឹងអត្រាពន្ធ ៣៩៥,៩ភាគរយ, ៣៧៥,២ភាគរយ និង ៤១,៥៦ភាគរយ។
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិនឹងធ្វើការបោះឆ្នោតនៅខែមិថុនាខាងមុខនេះ នៅមុនការសម្រេចយកពន្ធត្រូវបានអនុលោម។
ទន្ទឹមនឹងនេះ អ្នកជំនាញបានលើកឡើងថា ការពិន័យនេះបង្ហាញយ៉ាងច្បាស់ពីការបែកបាក់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងបាត់បង់ឱកាសការទូត ដោយសារភាពលម្អៀងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងការមិនបំពេញតាមស្តង់ដារពាណិជ្ជកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន និងហានិភ័យទីផ្សារនាំចេញសំខាន់ៗ។
មន្ត្រីកម្ពុជាដូចជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ អះអាងថា ពន្ធលើការនាំចេញផ្ទាំងសូឡាគឺដាច់ដោយឡែកពីភាពតានតឹងគោលនយោបាយពាណិជ្ជកម្មផ្សេងទៀតជាមួយសហរដ្ឋអាមេរិក ព្រោះវាមានកម្រិតនៃវិសាលភាព។
លោក សុវិជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុដែលក្រុមហ៊ុនផលិតបន្ទះសូឡានៅកម្ពុជាជ្រើសរើសឈប់សហការជាមួយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ក្រុមហ៊ុនផលិតផ្ទាំងសូឡាចំនួនពីរដែលមានគ្រឿងបរិក្ខារក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Solar Long PV Tech និង Hounen Solar បានប្រាប់មន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីខែតុលាថា ពួកគេមិនអាចលះបង់ធនធានសម្រាប់ការស៊ើបអង្កេតលើការលក់បង្ខូចថ្លៃបានទៀតទេ។ មេធាវីរបស់ក្រុមហ៊ុនអាមេរិកបានព្រមានថា ការសម្រេចចិត្តនេះទំនងជានាំឱ្យមានការដាក់ពិន័យយ៉ាងខ្លាំង។
ការព្រមាននេះហាក់ក្លាយជាការពិត ដោយក្រុមហ៊ុនទាំងពីរបានមើលឃើញថា អត្រាពន្ធរបស់ពួកគេបានកើនឡើងខ្លាំងពី១២៥,៣៧ភាគរយ ទៅ ៣ ៤០៣,៩៦ភាគរយ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួនពីរផ្សេងទៀតគឺ Jintek និង ISC Cambodia បានទទួលអត្រាពន្ធដូចគ្នា។
ក្រសួងពាណិជ្ជកម្មបានអះអាងថា ខ្លួនបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងវិស័យរដ្ឋ និងឯកជន ដើម្បីដោះស្រាយការចោទប្រកាន់លើការដឹកជញ្ជូនទំនិញ ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ។
ក្រុមហ៊ុន Solar Long PV Tech, Hounen Solar, និង Jintek មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានខេមបូចាទេ។
អត្រាពន្ធថ្មីនេះត្រូវបានគេរំពឹងថានឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្ម ខណៈការនាំចេញបន្ទះសូឡារបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះរួចទៅហើយ។ នៅឆ្នាំ ២០២៤ ការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៨៣០លានដុល្លារ ដែលធ្លាក់ចុះជិត ៦០ភាគរយ ពី ២,០៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកតែមួយបានធ្លាក់ចុះជាង ៦១ភាគរយ ។
លោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Capital ដែលមានទីតាំងនៅទីក្រុងភ្នំពេញ បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញបន្ទះសូឡាបានឆ្លុះបញ្ចាំងពីកម្រិតតួនាទីនៃវិស័យនេះនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានបន្ថែមថា ការស្រាវជ្រាវផ្នែកទីផ្សាររបស់លោកមិនទាន់បង្ហាញថា បន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានផលិតពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ឬក៏បញ្ជូនពីប្រទេសចិននៅឡើយទេ។
លោក Higgins បានថ្លែងថា៖ «ប្រទេសកម្ពុជាត្រូវតែធ្វើឱ្យប្រាកដថា ខ្លួនមិនត្រូវបានប្រើប្រាស់ជាស្ពានចម្លង ដើម្បីអនុញ្ញាតឱ្យចិនជៀសផុតពីការយកពន្ធរបស់សហរដ្ឋអាមេរិក ឬការរឹតបន្តឹងពាណិជ្ជកម្មផ្សេងទៀតនោះទេ»។ «ផ្ទុយទៅវិញ ពួកគេត្រូវប្រាកដថាមានការតំឡើងថ្លៃលើសតម្លៃពិតប្រាកដមែន»។
លោក សុវិជាតិ បានច្រានចោលការអះអាងដែលថាប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ដើម្បីប្តូរទិសដៅផលិតផលិតផលបន្ទះសូឡារបស់ប្រទេសចិន ដោយនិយាយថាការនាំចេញទាំងអស់ត្រូវបានបញ្ជាក់ដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីការត្រួតពិនិត្យធានាបាននូវការអនុលោមតាមច្បាប់នៃប្រភពដើម។
អ្នកខ្លះទៀតនិយាយថា បញ្ហានេះគឺប្រព្រឹត្តទៅលើសពីការចងក្រងក្នុងឯកសារទៅទៀត។
លោក អៀ សុផល អ្នកវិភាគនយោបាយកម្ពុជា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនៃរដ្ឋអារីហ្សូណា មានប្រសាសន៍ថា កម្ពុជាទំនងជាបរាជ័យក្នុងការបង្ហាញតួនាទីរបស់ខ្លួនក្នុងការជួយប្រទេសចិនឱ្យជៀសផុតពីច្បាប់ពាណិជ្ជកម្ម ប៉ុន្តែលោកបានបន្ថែមថាបញ្ហានេះកាន់តែស៊ីជម្រៅទៅក្នុងភូមិសាស្ត្រនយោបាយ។
លោកបានមានប្រសាសន៍ថា រដ្ឋបាលក្រុងភ្នំពេញបានខកខានឱកាសដំបូងក្នុងការចូលរួមជាមួយមន្ត្រីនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលអាចនឹងធ្វើឱ្យមានលទ្ធផលមិនសូវល្អ។ លោកបន្តថា សំណើការទូត និងជំនួយបច្ចេកទេសសកម្មអាចបញ្ជាក់អំពីប្រតិបត្តិការផលិតបន្ទះសូឡារបស់ប្រទេស។
លោក សុផល បានបន្ថែមថា ការស្ទាក់ស្ទើររបស់កម្ពុជាក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកជុំវិញអំពើពុករលួយ តម្លាភាព និងសេរីភាពនយោបាយបានធ្វើឱ្យប៉ះពាល់ដល់ជំហរពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត។ លោក បានបន្ថែមដោយនិយាយសំដៅទៅលើគោលនយោបាយការបរទេសដែលមិនសូវមានប្រតិបត្តិការរបស់អតីតរដ្ឋបាល លោក បៃដិន។
ខុសពីប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ី ដែលរក្សាការសន្ទនាជាយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោន កម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសដែលមានសម្ព័ន្ធភាពជាមួយប្រទេសចិន និងពឹងផ្អែកលើបណ្តាញឧស្សាហកម្មរបស់ទីក្រុងប៉េកាំង។
លោក សុផល បានបន្តថា ការយកពន្ធលើផលិតផលបន្ទះសូឡាគឺជាផ្នែកមួយនៃនិន្នាការតឹងរឹង ដោយលោកបានភ្ជាប់ពីការព្យួរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេស និងពន្ធ«ទៅវិញទៅមក» ៤៩ភាគរយ របស់លោកត្រាំ ដែលវាជាសញ្ញានៃការមិនទុកចិត្តកាន់តែខ្លាំង។
លោកមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មកំពុងក្លាយជាសមរភូមិក្ដៅគគុក ដែលធ្វើឱ្យមានការបារម្ភកាន់តែខ្លាំង»។ លោកបន្តថា៖ «សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមមើលឃើញឱកាសកាន់តែតិចក្នុងការធ្វើជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ប៉ុន្តែជាច្រកយុទ្ធសាស្ត្រនៅក្នុងគន្លងរបស់ទីក្រុងប៉េកាំង ដែលបានធ្វើឱ្យមានការដាក់សម្ពាធធ្ងន់ធ្ងរ ជាពិសេសនៅក្នុងបរិបទនេះ»។
លោកបានបន្ថែមថា៖ «គ្មានប្រទេសណាដែលពឹងផ្អែកខ្លាំងលើទីផ្សារតែមួយ ជាពិសេសប្រទេសមួយដែលមិនអាចទាយទុកជាមុនបានដូចសហរដ្ឋអាមេរិក ដែលមានលទ្ធភាពទប់ទល់នឹងស្ថានការណ៍បាន»។
ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបានបង្វែរឱ្យអ្នកសារព័ត៌មានទៅសួរក្រសួងពាណិជ្ជកម្មដែលមិនបានឆ្លើយតបនៅមុនការចេញផ្សាយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Solar Tariffs Soar Amid Trade Rift, Cambodia Denies China Proxy Role