សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។

ទទួលបានមូលនិធិពីរដ្ឋាភិបាលចក្រភពអង់គ្លេស ក្រោមកម្មវិធីភាពជាដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស (UKTP) និងអនុវត្តដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) គណៈប្រតិភូនឹងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផលិតនៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ធំ តាមរយៈកិច្ចប្រជុំធុរកិច្ច ក៏ដូចជាការចុះមើលទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ស្រូវ និងប្រតិបត្តិការស្វាយស្ងួត។

កម្មវិធីនេះផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរមុខមាត់ជាមួយអ្នកផលិត និងភាគីពាក់ព័ន្ធសំខាន់ៗ​នៅកម្ពុជា។

លោក អួន ស៊ីឡូត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជាបានប្រាប់ សារព័ត៌មានខេមបូចា ថា គ្រាប់ស្វាយចន្ទីកែច្នៃត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន ចិន និងអឺរ៉ុប។ លោក​បន្ត​ថា ប្រសិន​បើ​ចក្រភព​អង់គ្លេស​វិនិយោគ ឬ​នាំ​ចូល​ពី​កម្ពុជា វា​នឹង​ក្លាយ​ជា «ការ​សាកល្បង​ទីផ្សារ​ដ៏​ល្អ» និង​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ទីផ្សារ​ស្វាយចន្ទី​នៅ​កម្ពុជា។

កម្ពុជានាំចេញផលិតផលគ្រាប់ស្វាយចន្ទីឆៅជាចម្បង។ ក្នុងឆ្នាំ២០២៤ គ្រាប់ស្វាយចន្ទីឆៅប្រហែល ៨៥០ ០០០តោនដែលមានតម្លៃ ១,២ពាន់លានដុល្លារត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម ឥណ្ឌា បង់ក្លាដែស និងប្រទេសផ្សេងៗទៀត។ ក្នុង​នោះ វៀតណាម​ ជា​ប្រទេស​នាំ​ចេញ​ធំ​ជាង​គេ​ដែល​មាន​ចំនួន ៧៩៥ ០០០ តោន។

លោក ស៊ីឡូត បានបញ្ជាក់ថា៖ «មានសហគ្រាសប្រមាណ ៥០ នៅកម្ពុជា ដែលផលិត និងកែច្នៃគ្រាប់ស្វាយចន្ទី រួមទាំងសហគ្រាសធុនមធ្យមចំនួនប្រាំមួយផងដែរ។ សហគ្រាសក្នុងស្រុករបស់យើងមានទំហំតូច ហើយមិនមានដើមទុនធ្វើការគ្រប់គ្រាន់ទេ»។

បញ្ហា​មួយ​ទៀត​គឺ​កម្រិត​កែច្នៃ ​និង​ផលិត​កម្ម​របស់​សហគ្រាស​នៅ​មាន​កម្រិត​ទាប។ លោកបានលើកឡើងថា ការដាក់ចេញនូវទីផ្សារថ្មីគឺល្អសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែបញ្ហាចម្បងគឺទំនិញមិនគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ ដោយសារសហគ្រាសខ្វះទុនធ្វើការដើម្បីទិញគ្រាប់ស្វាយចន្ទីឆៅដើម្បីកែច្នៃពេញមួយឆ្នាំ។

លោក ស៊ីឡូត បានឱ្យដឹងថា៖ «សមាគមចង់ឱ្យធនាគារបន្ធូរបន្ថយតម្រូវការ ហើយរដ្ឋាភិបាលពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុកក្នុងការស្នើសុំប្រាក់កម្ចី ដូច្នេះសហករណ៍ទាំងនោះអាចមានដើមទុនធ្វើការដើម្បីទិញគ្រាប់ស្វាយចន្ទីឆៅ»។

យោងតាមលោក Escipión Oliveira-Gómez នាយក ITC នៃផ្នែកប្រកួតប្រជែងសហគ្រាស និងស្ថាប័ន បេសកកម្មនេះនឹងមានដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហករកម្ពុជា​ល្បីៗ ដោយផ្តល់ឱ្យអ្នកទិញនៃចក្រភពអង់គ្លេសនូវការយល់ដឹងអំពីសមត្ថភាពផលិតកម្មក្នុងស្រុក និងស្តង់ដារគុណភាព។

លោក Oliveira-Gómez មានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះនឹងជួយផ្លាស់ប្តូរជីវិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរ ដោយសម្របសម្រួលទំនាក់ទំនងផ្ទាល់ និងជំរុញការយល់ដឹងកាន់តែច្រើនរវាងអ្នកទិញចក្រភពអង់គ្លេស និងអ្នកផលិតកសិកម្មកម្ពុជា។ វាត្រូវបានគេរំពឹងផងដែរក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

ព្រឹត្តិការណ៍បណ្តាញធុរកិច្ចដែលរៀបចំដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជានឹងភ្ជាប់អ្នកទិញចក្រភពអង់គ្លេសជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធគ្រាប់ស្វាយចន្ទីកម្ពុជា។

បេសកកម្មពាណិជ្ជកម្មគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UKTP ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារដែលកំពុងរីកចម្រើន។ តាមរយៈការសម្របសម្រួលការចូលរួមដោយផ្ទាល់រវាងអ្នកទិញចក្រភពអង់គ្លេស និងអ្នកផលិតកម្ពុជា គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរ បង្កើតភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក និងការពង្រីកលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកម្ពុជា។

កសិករប្រមូលផលស្រូវនៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
កសិករប្រមូលផលស្រូវនៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកស្រី អ៊ឹម ធីតា កសិករ​នៅ​ខេត្ត​បាត់ដំបង ជឿជាក់​ថា វត្តមាន​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា ជា​សញ្ញា​ល្អ​សម្រាប់​ទីផ្សារ​អង្ករ​កម្ពុជា។ កសិករ​សប្បាយ​ចិត្ត​ដែល​ពួក​គេ​អាច​មាន​ទីផ្សារ​កាន់​តែ​ប្រសើរ ព្រោះ​តម្លៃ​ស្រូវ​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង។

អ្នក​ស្រី​បន្ត​ថា​៖ «​ប្រសិន​បើ​គ្មាន​ទីផ្សារ​សម្រាប់​ការ​ផលិត​របស់​យើង​ទេ កសិករ​នឹង​មិន​ដឹង​ពី​កន្លែង​លក់​ស្រូវ​របស់​ពួកគេ​ទេ ហើយ​ពេល​លក់​បាន​តម្លៃ​ទាប»។

អ្នកស្រី​ដាំដុះ​ស្រូវ​លើ​ផ្ទៃដី​ស្រែ​១០​ហិកតា ហើយ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Amru Rice Cambodia ជា​ក្រុមហ៊ុន​ដែល​នឹង​ចូលរួម​ជាមួយ UKTP ។

ក្នុង​នាម​ជា​សមាជិក​សហគមន៍​កសិកម្ម និង​ជា​អ្នក​លក់​អង្ករ​ទៅ​ Amru ដែល​អ្នកស្រី​ត្រូវ​បាន​តម្រូវ​ឱ្យ​បំពេញ​តាម​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ អ្នកស្រី​បាន​លើកឡើង​ថា ​គួរ​តែ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​អាច «ទិញ​ស្រូវ​បាន​ច្រើន​តោន» ពី​កសិករ។

បច្ចុប្បន្ន​ចំនួន​ក្រុមហ៊ុន​ដែល​ទិញ​ស្រូវ​មាន​កម្រិត ដូច្នេះ​កសិករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ក្រោម​តម្លៃ​ទីផ្សារ។

អ្នកស្រីបន្ថែមថា៖ «ឈ្មួញកណ្តាលទិញស្រូវក្នុងតម្លៃទាបជាងក្រុមហ៊ុន។ បើ​យើង​មិន​លក់​ ស្រូវ​​យើង​នឹង​ខូច​ខាត។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​វិនិយោគ​ទាក់ទង​សហគមន៍​ដោយ​ផ្ទាល់»។

លោក Dominic William ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា វិស័យ​កសិកម្ម​ជា​និយោជក​ដ៏​សំខាន់​នៅ​កម្ពុជា។ ដូច្នេះ ជាផ្នែកមួយនៃគោលដៅរបស់ពួកគេ ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មបន្ថែមទៀតទៅកាន់ចក្រភពអង់គ្លេស។

ដោយបង្ហាញពីក្តីរីករាយដែលអ្នកទិញនៅចក្រភពអង់គ្លេសជាច្រើនបានមកទស្សនានោះ លោកបានថ្លែងថា ពួកគេនឹងអាចមើលឃើញដោយខ្លួនឯងនូវគុណភាពនៃផលិតផលកម្ពុជា។

លោក Dominic បានបន្តថា៖ «គោលបំណងរបស់ខ្ញុំគឺចង់ឱ្យចក្រភពអង់គ្លេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា ដើម្បីជួយមនុស្សកាន់តែច្រើននៅក្នុងប្រទេសដ៏អស្ចារ្យនេះ ដើម្បីទទួលបានការងារដែលមានប្រាក់ខែល្អ និងលើកកម្ពស់ជីវភាពរស់នៅសម្រាប់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ»។

លោក Dominic បានថ្លែងថា៖ «យើងចាប់អារម្មណ៍ជាពិសេសសម្រាប់អ្នកទិញរបស់យើងក្នុងការស្វែងរកទំនិញកែច្នៃដែលមានតម្លៃខ្ពស់ជាងនេះ ចាប់តាំងពីផលិតផលទាំងនេះធានាថាប្រជាជនកម្ពុជាចូលរួមចំណែកកាន់តែច្រើននៃតម្លៃដែលអតិថិជនអង់គ្លេសបានបង់នៅហាង ឬផ្សារទំនើបក្នុងស្រុករបស់ពួកគេ។ ខ្ញុំ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ពេល​ខ្ញុំ​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញ ខ្ញុំ​នឹង​អាច​ទិញ​ផលិតផល​ខ្មែរ​ដែល​ខ្ញុំ​ចូលចិត្ត​ពី​ហាង​ជា​ច្រើន​នៅ​ទីនោះ»។

កម្មវិធី UKTP មានគោលបំណងជំរុញពាណិជ្ជកម្មពីប្រទេសទៅកាន់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដោយប្រើប្រាស់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងគម្រោងពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។ វាធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ទីភ្នាក់ងាររដ្ឋាភិបាល អង្គការវិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយសម្រួលដល់សកម្មភាពលើកកម្ពស់ពាណិជ្ជកម្ម និងការកសាងសមត្ថភាព​។

លោក ចាន់ សុខឃំាង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មិន​អាចសុំ​ការ​អត្ថាធិប្បាយបានទេកាលពីថ្ងៃទី១១ ខែកុម្ភៈ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអាចសុំការអត្ថាធិប្បាយតាមទូរស័ព្ទ និងកម្មវិធីសង្គម Telegram ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UK Buyers Seek to Raise Rice, Cashew Imports from Cambodia, as Farmers Urge More Support

ព័ត៌មានថ្មី

អត្ថបទពេញនិយម