សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍អ៊ុយក្រែន-រុស្ស៊ី នៅកម្ពុជា អំពាវនាវឱ្យបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន

ជនជាតិរុស្ស៊ី២នាក់ និងអ៊ុយក្រែន៣នាក់ ដាក់ញត្តិទៅស្ថានទូតរុស្ស៊ីនៅរាជធានីភ្នំពេញនៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ សុំឱ្យបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ ខេមបូចា/ស៊ន សារ៉ាត
ជនជាតិរុស្ស៊ី២នាក់ និងអ៊ុយក្រែន៣នាក់ ដាក់ញត្តិទៅស្ថានទូតរុស្ស៊ីនៅរាជធានីភ្នំពេញនៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ សុំឱ្យបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ ខេមបូចា/ស៊ន សារ៉ាត

ពលរដ្ឋ​អ៊ុយក្រែន និង​រុស្ស៊ី​ដែលកំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​រុស្ស៊ី​នៅ​ភ្នំពេញ សុំ​ឱ្យ​បញ្ឈប់​សង្រ្គាម​នៅ​អ៊ុយក្រែន។

ពលរដ្ឋ​រុស្ស៊ី​ម្នាក់​ក្នុងចំណោមអ្នកទាំង៥នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​៖ «​ជនជាតិ​អ៊ុយក្រែន និង​រុស្ស៊ី​នៅ​កម្ពុជា​មិន​ចង់​ឃើញ​សង្គ្រាម​ទេ ហើយពួក​យើង​ត្រូវ​ការ​សន្តិភាព»។ ពលរដ្ឋរូបនោះបន្តថា៖ «នៅ​កម្ពុជា អ្នក​ធ្លាប់​ឆ្លងកាត់​របប ប៉ុល ពត ដូច្នេះ​យើង​មិន​ចង់​ឃើញ​បែប​នេះ​ទេ»

មនុស្ស៥នាក់ប៉ុណ្ណោះដែលក្នុងនោះមានជនជាតិរុស្ស៊ី២នាក់ និងជនជាតិអ៊ុយក្រែន៣នាក់ បានបង្ហាញ​មុខនៅស្ថានទូត ដែលមានសន្តិសុខត្រូវបានដាក់ពង្រាយ។ បុរសម្នាក់ដែល​និយាយ​ជាមួយខេមបូចាបាន​ប្រាប់ថាស្ថានទូតបានទទួលយកញត្តិរបស់ខ្លួនហើយ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានយោធាទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈដែលនាំឱ្យមានការថ្កោលទោសទូទាំងពិភពលោកជាមួយនឹងការដាក់ទណ្ឌកម្មថ្មីលើទាំងមន្រ្តីជាន់ខ្ពស់រុស្ស៊ីក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសនេះ។

កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដាបាន​ហាម​ឃាត់ធនាគារ​រុស្ស៊ីមួយចំនួនពីការចូលប្រើប្រព័ន្ធ SWIFT ដែលជាបណ្តាញសុវត្ថិភាពខ្ពស់​ដែលសម្រួលដល់ការ​ទូទាត់​ប្រាក់ដល់ស្ថាប័នហិរញ្ញវត្ថុចំនួន 11,000 នៅក្នុងប្រទេសចំនួន 200 ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN កាលពីដើមសប្តាហ៍មុន ប្រទេសអាល្លឺម៉ង់ បានបញ្ឈប់​ការផ្តល់លិខិតបញ្ជាក់ដល់បំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងមូស្គូ​ដាក់ទ័ពឈ្លានពានអ៊ុយក្រែន។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខកាលពីចុងសប្តាហ៍មុនជាមួយបណ្តាញសារព័ត៌មាន Fresh News លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការសន្ទនាគ្នា និងដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​វិបត្តិរុស្ស៊ី-អ៊ុយក្រែន។

លោកបានថ្លែងថា៖ «តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជា​មិន​អាចផ្តួល​រំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯ​យោធា​របស់អ៊ុយក្រែន​ក៏​មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយក​សង្រ្កាម​បញ្ចប់សង្រ្គាមបាននោះទេ មាន​តែផ្លូវ​តែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិភាព»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែន​ទាំងមូល និង​ប្រធានាធិបតីប្រទេសនេះត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនក៏ដោយ ប្រជាជន​អ៊ុយក្រែននឹងមិននៅ​ស្ងៀមនោះ​ទេ។

លោកបានបន្ថែមថា៖ «រុស្ស៉ីអាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុក​កងទ័ព​រយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន»

ជាថ្មីម្តងទៀត​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ថ្លែងនៅថ្ងៃពុធនេះក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​បាស់​ផ្លូវ​ជាតិ៣ថា ជំហរ​កម្ពុជា​មិនគាំទ្រ​ប្រទេស​ណាមួយដែលប្រើកម្លាំង​ទៅលើ​ប្រទេស​មួយទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​ក៏មិនគាំទ្រ​វិធានការ​របស់ប្រទេស​អឺរ៉ុប​ក្នុងការ​ផ្គត់​ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​ក្នុងសង្គ្រាម​នេះដែរ​ដោយ​បាន​ហៅ​ទង្វើរនេះ​ថាជាការបង្កាត់​ភ្លើងសង្គ្រាម​កាន់​តែ​ធំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញ​បញ្ហា​នេះ ប៉ុន្តែលោកបាននិយាយថា ញត្តិដែលបានដាក់កាលពីថ្ងៃអង្គារនឹងមិនប៉ះពាល់ដល់​កម្ពុជា​ទេ លុះត្រាតែមានការតវ៉ា ឬបាតុកម្មណាមួយកើតឡើង។

អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាមួយចំនួនបានចាប់ផ្តើមយុទ្ធនាការតាមអនឡាញដើម្បីបង្ហាញ​សាមគ្គីភាពជាមួយអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយបង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គមរបស់សមាជិកដែលកាន់បដាគាំទ្រប្រជាជនអ៊ុយក្រែន។

លោក អំ សំអាត នាយករង​​នៃ​អង្គការ​សិទ្ធិ​មនុស្សលីកាដូ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បាន​ថ្លែង​ថា៖ «យើង​គ្រាន់​តែ​ចង់​បង្ហាញ​ការ​គាំទ្រ​របស់​យើង និង​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន។ យើងចង់បាន​សន្តិភាព​សម្រាប់​អ៊ុយក្រែន និង​បញ្ឈប់​សង្គ្រាម»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ukraine-Russia community in Cambodia calls to stop war in Ukraine

1,143 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម