អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធថា ដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺមិនស្របតាមគោលការណ៍ប្រជាប្រជាធិបតេយ្យ ដោយសារតែការហាមឃាត់គណបក្សភ្លើងទៀនមិនឲ្យចូលរួម និងការយាយីរបស់ឥស្សរជនបក្សកាន់អំណាចលើមន្ត្រីបក្សប្រឆាំងដែលជាគូប្រជែង។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា៖ «សភាពការណ៍នៅមុនការបោះឆ្នោតជាតិនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះគឺជារឿងគួរឲ្យខកចិត្តខ្លាំងណាស់។ សាមសិបឆ្នាំចាប់តាំងពីសន្តិភាពត្រូវបានធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឧបសគ្គចម្បងនៅតែជាការបរាជ័យក្នុងការធានា និងការការពារសិទ្ធិមនុស្ស និងការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យជាប្រព័ន្ធ»។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិក្រោយការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ចំពោះដំណើរការបោះឆ្នោតពីសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស សហភាពអឺរ៉ុប អាល្លឺម៉ង់ ជប៉ុន និងអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង នៅថ្ងៃព្រហស្បតិ៍ សម្រាលទម្ងន់នៃការរិះគន់របស់អន្តរជាតិក្នុងសុន្ទរកថានៅឯពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុងទី៣។
លោកបានមានប្រសាសន៍ថា៖ «កុំតាំងខ្លួនប្រទេសមួយ ប្រទេសពីរតាំងខ្លួនជាសហគមន៍អន្តរជាតិ វាមិនត្រូវទេ។ចំនួនភាគច្រើនជាង៦០សញ្ជាតិ [នៃអ្នកសង្កេតការណ៍បោះឆ្នោត] បានមកកាន់ទឹកដីកម្ពុជា។ [ពួកគេ] ប្រកាសអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា»។
ខេមបូចាបានរាយការណ៍នៅថ្ងៃបោះឆ្នោតថា អ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនតំណាងឱ្យស្ថាប័នដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា។ អ្នកផ្សេងទៀតបង្ហាញវត្តមាននៅទីនោះជាមួយនឹងក្រុមដែលមានទំនាក់ទំនងជាមួយព្រះវិហារបង្រួបបង្រួមដ៏ចម្រូងចម្រាស ( Unification Church) ដែលគេនិយមហៅថា Moonies ដែលបានប្រារព្ធពិធីមង្គលការដែលមានគូស្វាមីភរិយាច្រើនរាប់ពាន់គូ។
រដ្ឋាភិបាលនៃប្រទេសជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងបារាំងបានអះអាងថា ពួកគេនឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតនោះទេ ខណៈដែលពលរដ្ឋឯកជននៃប្រទេសទាំងនោះប្រហែលជាបំពេញតួនាទីជាអ្នកសង្កេតការណ៍។
អង្គការសិទ្ធិមនុស្សឈានមុខគេពីរនៅកម្ពុជាគឺ អាដហុក និងលីកាដូ លើកឡើងថា ខ្លួនមិនមានគម្រោងជួបជាមួយអ្នកសង្កេតការណ៍អន្តរជាតិណាមួយទេ។ អង្គការលីកាដូ ថែមទាំង «បដិសេធមិនជួប» ជាមួយអ្នកសង្កេតការណ៍បោះឆ្នោត ដែលបញ្ជូនមកដោយអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (la Francophonie)។
លោក ហ៊ុន សែន ក៏បានថ្លែងក្នុងសុន្ទរកថាជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ថា ការប្រ កួតប្រជែងនាពេលថ្មីៗនេះគឺជា «ការបោះឆ្នោតពិតប្រាកដមួយ» ដោយសារចំនួនអ្នកចេញទៅបោះឆ្នោតច្រើនជាង៨០ភាគរយ។
លោកមានប្រសាសន៍ថា៖ «ពួកគេ [សហគមន៍អន្តរជាតិ] បានគិតថា វា [ការបោះឆ្នោត] មិនមានលក្ខណៈប្រជាធិបតេយ្យ ទាក់ទងនឹងគណបក្សមួយ ឬពីរដែលមិនចូលរួមក្នុងការបោះឆ្នោត។ អ្នកឯងខុសហើយ។ ថា តើយើងប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យ គឺអាស្រ័យលើប្រជាពលរដ្ឋទៅបោះឆ្នោត។ ទីបំផុត ខ្ញុំអាចប្រកាសថា ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ»។
យោងតាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្រកាសនៅសប្តាហ៍នេះបានឲ្យដឹងថា ចំនួនអ្នកចេញទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតមានចំនួនជិត៨៥% កើនឡើងពីប្រមាណ៨៣% នៅក្នុងឆ្នាំ២០១៨។
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទទួលបានជ័យជម្នះដោយមានសំឡេងគាំទ្រប្រមាណ៧៨% ខណៈគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានប្រមាណសំឡេងគាំទ្រ៩% ហើយគណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងតិចជាង២%។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Nicfec មានប្រសាសន៍ថា៖ «មានអ្នកចេញទៅបោះឆ្នោតច្រើន ប៉ុន្តែគណបក្សប្រឆាំង [ភ្លើងទៀន] នៅតែត្រូវបានរឹតត្បិត ដោយសារគណបក្សនេះមិនអាចចូលរួម [ការបោះឆ្នោត] សម្រាប់អ្នកបោះឆ្នោតដែលចង់បង្ហាញពីឆន្ទៈរបស់ខ្លួន»។
លោកបានគូសបញ្ជាក់ថា ទោះបីភាគរយនៃចំនួនអ្នកចេញទៅបោះឆ្នោតខ្ពស់ក៏ដោយ ក៏អ្នកបោះឆ្នោតមួយចំនួនមិនពេញចិត្តដោយសារថា គណបក្សដែលខ្លួនពេញចិត្ត គឺគណបក្សភ្លើងទៀន មិនអាចចូលរួមក្នុងការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា៖ «អវត្តមានគណបក្សនយោបាយណាមួយ [ក្នុងការបោះឆ្នោត] គឺជាបញ្ហាគណបក្សរបស់គាត់ ដោយសារមិនបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់»។
ក្នុងសុន្ទរកថារបស់លោក លោក ហ៊ុន សែន បានព្រមានថា លោកនឹងរំលាយគណបក្សនយោបាយមួយ ដោយលោកមិនប្រាប់ឈ្មោះគណបក្សនោះជាក់លាក់ ដែលតាមចោទថា បានបញ្ជាឲ្យសមាជិកខ្លួនតាមបណ្តាញទំនាក់ទំនងសង្គម Telegram មួយឈ្មោះថា “Sabai” គូសខ្វែងសន្លឹកឆ្នោតចោល។ យ៉ាងហោចណាស់អ្នកគាំទ្រគណបក្សភ្លើងទៀនពីរនាក់ ដែលមានទំនាក់ទំនងជាមួយក្រុម Telegram បានសុំអភ័យទោសចំពោះការលើកទឹកចិត្តពលរដ្ឋឱ្យគូសបំផ្លាញសន្លឹកឆ្នោតរបស់ពួកគេចោល។
លោកបានមានប្រសាសន៍ថា៖ «បក្សនយោបាយមួយគួរតែដឹងខ្លួន សមាជិករបស់ខ្លួនធ្វើអ្វីខ្លះ ដែលមានចេញសារភាពមួយចំនួន។ យើងបានអត់ឱន។ មួយចំនួនគ.ជ.ប បានពិន័យ និងការកាត់សិទ្ធិធ្វើនយោបាយ»។
លោក គឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បាននិយាយថា គណបក្សរបស់លោកមិនមានទំនាក់ទំនងជាមួយគ្រុប Telegram នោះទេ។
លោកបានមានប្រសាសន៍ថា៖ «គណបក្សភ្លើងទៀនយើងមិនដែលបញ្ជានរណាម្នាក់ឲ្យធ្វើចឹងទេ [គូសបំផ្លាញសន្លឹកឆ្នោត] ហើយខ្ញុំមិនដឹងថា គណបក្សណាដែលសម្តេច [ ហ៊ុន សែន] និយាយសំដៅដល់នោះទេ។ យើងមិនភ័យខ្លាចទេ ព្រោះយើងមិនបានធ្វើអ្វីខុស។ បើគេចង់ទម្លាក់កំហុសលើយើង យើងមិនដឹងធ្វើម៉េចទេ»។
គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា ក្រសួងមហាផ្ទៃបានបដិសេធសំណើរបស់គណបក្ស ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ដើម្បីជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីឯកសារចុះបញ្ជីដើមរបស់គណបក្សតាំងពីឆ្នាំ១៩៩៨។
ឯកសារដើមដែលបាត់នេះ គឺជាហេតុផលរបស់ គ.ជ.ប ក្នុងការដកសិទ្ធិគណបក្សមិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០២៣។ គណបក្សនេះបានអះអាងថា ឯកសារនេះបានបាត់បង់ បន្ទាប់ពីការឆ្មក់ចូលទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបានលើកឡើងថា ក្រសួងមហាផ្ទៃបានប្រាប់គណបក្សឱ្យរង់ចាំរហូតដល់ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ខេមបូចាថា ក្រសួងបានចេញលិខិតមួយច្បាប់រួចហើយជូនគណបក្សភ្លើងទៀន ដោយទទួលស្គាល់គណបក្សនេះថា បានចុះបញ្ជីស្របច្បាប់ «ដូច្នេះមិនមានអ្វីជួបទៀតទេ»។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
(រាយការណ៍បន្ថែមដោយ៖ ហ៊ែល កំសាន)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN Calls Cambodian Election “Distorted,” Hun Sen Downplays International Criticism