អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវបញ្ចប់អាណត្តិ បានសម្តែងការព្រួយបារម្ភថា ច្បាប់ដែលខ្វះភាពលម្អិត និងក្នុងបំណងបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩នេះអាចត្រូវបានប្រើដើម្បី រឹតត្បិតសិទ្ធិពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតផ្ញើជូនរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីចុងសប្តាហ៍មុន លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសផ្នែក សិទ្ធិមនុស្សបានលើក ឡើងពីកង្វល់ជាមួយនឹងបទប្បញ្ញត្តិនានានៅក្នុងច្បាប់ថ្មី ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការ «រឹតត្បិតឬហាមឃាត់ការធ្វើដំណើរ ការជួបជុំនិងការប្រមូលផ្តុំផ្សេងៗ និង រឹតត្បិតប្រតិបត្តិការអាជីវកម្ម ជាក់លាក់ ឬសកម្មភាពអាជីពមួយចំនួន»។
អ្នករាយការណ៍ពិសេសរូបនេះ ក៏បានកត់សំគាល់ចំពោះអំណាចថ្មីរបស់រដ្ឋក្នុងការបិទ តំបន់ឬទីកន្លែងមួយចំនួន ក៏ដូចជាអ្វីដែលអ្នកសង្កេតការណ៍សិទ្ធិមនុស្សបានចាត់ទុក ថា ជាការដាក់ទណ្ឌកម្មមិនស្មើគ្នាចំពោះបុគ្គល ដែលមិនបានអនុវត្ត តាមវិធានរដ្ឋបាលសុខាភិបាល។ ទណ្ឌកម្មទាំងនោះ អាចរាប់បញ្ចូលទោស ជាប់ពន្ធនាគារចាប់ពី៦ខែដល់ ២០ឆ្នាំ។
លិខិតនេះបានកត់សម្គាល់ថា៖ «ការដាក់ចេញនូវវិធានការ សុខភាពសាធារណៈ និងវិធានការផ្សេងទៀត ក្នុងគ្រាអាសន្ន ផ្នែកសុខភាពគួរតែ សំដៅដល់ការ ការពារសុខភាពសាធារណៈទាំងមូល ដែលផ្ទុយពីការទប់ស្កាត់ការរីករាលដាល»។ ដោយបានបន្ថែមថា«ទិសដៅបែបចង្អៀតនេះ អាចនាំឲ្យមានការមើល រំលងផលប៉ះពាល់សុខភាព ដោយផ្ទាល់និងដោយ ប្រយោលនៃវិធានការណ៍រឹតត្បិត ជាពិសេសវាទាក់ទងនឹងក្រុមមនុស្សទន់ខ្សោយនិងងាយរងគ្រោះ»។
លិខិតរបស់លោកស្រី ស្មីត ដែលនឹងបញ្ចប់អាណត្តិ៥ឆ្នាំនៅចុងខែនេះ ហើយនឹងត្រូវជំនួសដោយអ្នកជំនាញសិទ្ធិមនុស្សឈ្មោះ Vitit Muntarbhorn មកពីប្រទេសថៃបានលើកឡើងថា ច្បាប់នេះ អាចរំលោភកិច្ចព្រមព្រៀង សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ នយោបាយនិងសេដ្ឋកិច្ច។ លោកស្រី ស្មីត ក៏បានលើក ឡើងចំៗផងដែរ នូវបញ្ហានៃការអនុម័តច្បាប់ យ៉ាងឆាប់រហ័ស ដោយគ្មានការពិគ្រោះ ជាមួយសាធារណៈមតិ។
សមាជិកសភាបានលើកយកសេចក្ដីព្រាងច្បាប់នៅថ្ងៃទី២៨ខែកុម្ភៈដែលនិយាយអំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែក៏មាននិយាយពីជំងឺឆ្លងជាទូទៅផងដែរ។ ត្រឹមថ្ងៃទី១១ខែមីនា ជាថ្ងៃដែលប្រទេសកម្ពុជា បានរាយការណ៍ ផ្លូវការពីករណីស្លាប់ ជាលើកដំបូងដោយសារជំងឺកូវីដ-១៩ សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ដំណើរ ការនីតិប្បញ្ញត្តិចាំបាច់ ដើម្បីក្លាយជាច្បាប់រួចទៅហើយ។
ចាប់តាំងពីពេលនោះមកមានការរិះគន់ថា ច្បាប់នេះ មានលក្ខណៈទូលំទូលាយ និងមិនច្បាស់លាស់ ដោយក្រុមអ្នកជំទាស់កត់សម្គាល់ថា ច្បាប់ដែលគេសរសេរនេះ អាចត្រូវបានគេរំលោភបំពានយ៉ាងងាយនិងមិនបានផ្តល់ការត្រួតពិនិត្យដោយឯករាជ្យឬការការពារសិទ្ធិនោះទេ។ ថ្មីៗនេះ តាមបទបញ្ជារបស់ក្រសួងសុខាភិបាល មន្ត្រីនៅរាជ ធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដាក់បំរាមគោចរ ពេលយប់រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង។
យោងតាមបទបញ្ជាបំរាមគោចរ ដែលបានចេញដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី១ខែមេសានេះ អាជីវកម្មរួមមានភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់ភេសជ្ជៈ មិនត្រូវបានអនុញ្ញាតឱ្យទទួលអតិថិជន នៅនឹងកន្លែង ក្នុងអំឡុងរយៈពេលកំណត់ ដែលចាប់ពីម៉ោង៨ល្ងាចដល់ម៉ោង៥ព្រឹក។
ទោះបីយ៉ាងណា អាជីវកម្មទាំងនេះ ត្រូវបានអនុញ្ញាតឱ្យបន្តសេវាកម្មវេចខ្ចប់។ បំរាម គោចររយៈពេលពីរសប្តាហ៍នេះ ទំនងជាប៉ះពាល់ខ្លាំង ដល់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកផ្សេងទៀត ដែលធ្វើការពេលយប់ ជាពិសេសអ្នកលក់អាហារតាមផ្លូវ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល៣យប់ដំបូងនៃការអនុវត្តបំរាមគោចរចាប់ពីថ្ងៃទី២-៤ខែមេសា អាជ្ញា ធរបានរឹបអូសម៉ូតូចំនួន១៣៨គ្រឿងនិងរថយន្តចំនួន២៧គ្រឿងផ្សេងទៀត។ អ្នកដែលល្មើសបម្រាមគោចរអាចត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរបស់ខ្លួន។ លោក សុខសីហា មិនបានបញ្ជាក់លម្អិតទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ថា បញ្ហាដែលលើក ឡើងដោយអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះដោយលោកអះអាងថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ គឺចាំបាច់និងជាវិធានការបន្ទាន់ ដើម្បីរក្សាសុខុមាលភាពសាធារណៈ ដោយពិចារណា ទៅលើការរីករាលដាលនៃជំងឺនេះ។
លោក ម៉ាលីន បានមានប្រសាសន៍ថា៖ «ច្បាប់នេះគឺដើម្បីការពារអាយុជីវិត
សុខុមាលភាពរបស់ពលរដ្ឋ និងធានាសណ្តាប់ធ្នាប់សាធារណៈ»។
លោកថា៖ «វាមិនមែនជាការរឹតត្បិតលើសិទ្ធិបុគ្គលទេ គឺដើម្បីផលប្រយោជន៍រួម»។
លោក ម៉ាលីន បានបន្តថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺ-១៩ ឆ្លើយតប ទៅនឹងស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសនិងអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជានិងកតិកា សញ្ញាអន្តរជាតិដូចជាច្បាប់ដែលលោកស្រី ស្មីត បានលើកឡើងដែរ។
លោកមានប្រសាសន៍ថា៖ «ជាធម្មតាទេ ច្បាប់មានការរឹតត្បិតខ្លះហើយ» ដោយសំដៅទៅលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ ដែលលោកបានមានប្រសាសន៍ថា ការឲ្យមានការរឹតត្បិត គឺដើម្បីបម្រើផល ប្រយោជន៍សាធារណៈ។
លោក ម៉ាលីន បានទទួលស្គាល់ថា ច្បាប់ស្តីពីវិធានការប្រឆាំងជំងឺកូវីដ-១៩ មិនមានការពិគ្រោះយោបល់ទូលំទូលាយជាសាធារណៈទេ ប៉ុន្តែបានលើកឡើងជាថ្មីទៀតអំពី «ស្ថានភាពបន្ទាន់ក្នុងការឆ្លើយតបចំពោះប្រជាជន ដែលកំពុងប្រឈមនឹងការឆ្លងនិងការស្លាប់ដោយសារជំងឺកូវីដ-១៩»។
ប៉ុន្តែលោកស្រី ស្មីត និងហត្ថលេខីផ្សេងទៀតនៅក្នុងលិខិតស្តីពីសិទិ្ធមនុស្សបានលើក ឡើងពីបញ្ហាដែលថា ច្បាប់នេះមិនបានអនុលោមតាមអនុសញ្ញាអន្តរជាតិ។ ហត្ថលេខីទាំងនោះបានកត់សម្គាល់ថា ខណៈពេលដែលច្បាប់នេះ ចែងអំពីវិធាន ការទប់ស្កាប់ជំងឺកូវីដ-១៩ លក្ខខណ្ឌរបស់ច្បាប់នេះ អាចអនុវត្តលើស ពីការរាតត្បាតជំងឺនេះ រហូតទៅជំងឺដទៃទៀត ដូចដែលបានកំណត់ ដោយក្រសួងសុខាភិបាល។
ពួកគេក៏បានលើកឡើងផងដែរថា លក្ខខណ្ឌនៅក្នុងច្បាប់នេះ មិនបានកំណត់ច្បាស់ លាស់ គ្មានដែនកំណត់ នៃរយៈពេលនៃវិធានការរឹតត្បិត និងអនុវត្តការដាក់ទណ្ឌកម្ម ដោយគ្មានទំនាក់ទំនងជាក់ស្តែងទៅនឹងសុខភាពសាធារណៈ។
លិខិតនោះបានលើកឡើងថា៖ «យើងមានការព្រួយបារម្ភដូចគ្នាថា វិធានការរដ្ឋបាលនិងព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់នេះហាក់ដូច ជាវិសមមាត្រខ្លាំងមែនទែន។ ការផ្តន្ទាទោស និងការពិន័យប្រាក់ហួសហេតុ ត្រូវបានស្នើឡើងគ្រាន់តែចំពោះការរំលោភលើវិធានការសុខាភិបាលនិងវិធានការរដ្ឋបាល»។
លិខិតដដែលនេះបន្តថា៖ «យើងទទូចឲ្យរដ្ឋាភិបាល ពិនិត្យមើលច្បាប់នេះ ឡើងវិញ ធ្វើឱ្យស្របតាមស្តង់ដារ សិទ្ធិមនុស្សអន្តរជាតិ ដែលការពារសិទ្ធិ និងសេរីភាព របស់ប្រជាជនកម្ពុជា» ដោយទទូចឲ្យរដ្ឋាភិបាល ចាត់វិធានការបណ្តោះអាសន្ន ចាំបាច់នានាដើម្បី «បញ្ឈប់ការរំលោភបំពាននិងទប់ស្កាត់ មិនឲ្យកើតឡើងម្តងទៀត»។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់បានឆ្លើយតបនឹងលិខិត របស់អង្គការសហប្រជាជាតិនៅឡើយទេ។
នៅពេលដែលខេមបូចា ទាក់ទងសុំការអត្ថាធិប្បាយ លោក កុយ គួង អ្នកនាំពាក្យក្រ សួងការបរទេស មិនបានបញ្ជាក់ថា តើរដ្ឋាភិបាល នឹងឆ្លើយតប ទៅនឹងការលើកឡើង របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះឬយ៉ាងណានោះទេ ដោយលោកបង្វែរសំណួរទៅក្រសួងយុត្តិធម៌វិញ។
លោក កន សាវាង្ស អ្នកសម្របសម្រួលការឃ្លាំមើលនិងតស៊ូមតិ នៅអង្គការខុមហ្រ្វែល (COMFREL ) បានសម្តែងការព្រួយបារម្ភ ដូចការលើកឡើង របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែរ។
លោកបានមានប្រសាសន៍ថា៖ «[រដ្ឋាភិបាល] បានបង្កើតច្បាប់ដោយមិនពិគ្រោះយោ បល់ទូលំទូលាយ [ជាមួយសាធារណៈជន] ដូច្នេះមិនផ្តល់ផលប្រយោជន៍ច្រើន នៅពេលពួកគេអនុវត្តនោះទេ» ។
លោកក៏បានចង្អុលបង្ហាញអំពីវិសាលភាពផ្នែកនយោបាយនៃច្បាប់នេះ ដោយមានតែគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចប៉ុណ្ណោះស្ថិតនៅក្នុងរដ្ឋាភិបាល ដូច្នេះច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនត្រូវជជែកដេញដោលនៅក្នុងរដ្ឋសភាទេ។
លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយចោលនោះបានមានប្រសាសន៍ថា ដំណើរការនៃការសរសេរច្បាប់ដោយគ្មានតម្លាភាពឬធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមសង្គមស៊ី វិល បានមើលរំលងផលប៉ះពាល់ ទូលំទូលាយនៃច្បាប់ ដែលមានលក្ខណៈរឹតត្បិតលើការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «ច្បាប់នេះ គឺជាការប្រញាប់ ដែលរដ្ឋាភិបាល មិនគិតពីការធ្លាក់ចុះសេដ្ឋកិច្ចឬបញ្ហាប្រឈមចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈទាំងនេះ» ។
លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា នៅពេលគ្មានគណបក្សប្រឆាំង ដំណើរការ តាក់តែងច្បាប់នៅក្នុងរដ្ឋសភាត្រូវបានធ្វើឡើងតាមអំពើចិត្ត។ ស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបានត្រួតត្រាដោយគណបក្សប្រជាជនកម្ពុជាចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយបង្ខំកាលពីឆ្នាំ២០១៧។ យ៉ាងណាក៏ដោយលោក មាជ សុវណ្ណារ៉ា កត់សម្គាល់ឃើញថា ក្នុងករណីមុនៗ សូម្បីតែបន្ទាប់ពីបង្កើតច្បាប់ ហើយក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា បានលុបចោលឬធ្វើវិសោធនកម្មច្បាប់ ដែលមិនទាន់បានពិចារណាហ្មត់ចត់ដែរ។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនៅតែបន្តរកឃើញករណីឆ្លងថ្មីនៃ ជំងឺកូវីដ-១៩។ ក្រសួងបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានរកឃើញ អ្នកឆ្លងថ្មីចំនួន៦៣ករណី ដែលធ្វើឱ្យចំនួនសរុបទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈកើនឡើងដល់ ២២២២ នាក់។
រហូតមកដល់ពេលនេះ មានមនុស្សចំនួន២១នាក់បានស្លាប់ដោយសារជំងឺនេះ។ ប្រ ទេសកម្ពុជាបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបមានចំនួន២.៧៥២ករណីចាប់ តាំងពីចាប់ផ្តើមការរាតត្បាតនៅដើមឆ្នាំ២០២០មក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN human rights expert shares concerns on COVID-19 law, receives no answer from government