អាងទន្លេមេគ្គងក្នុងឆ្នាំនេះបានជួបប្រទះនឹងរដូវប្រាំងដែលក្តៅ និងស្ងួតបំផុត និងចំពេលមានការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងទន្លេសាបរបស់កម្ពុជា និងការនេសាទផ្សេងទៀតប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រតិបត្តិការទំនប់វារីអគ្គិសនីផ្នែកខាងលើដែលមិនមានការសម្របសម្រួលត្រឹមត្រូវ។
ប៉ុន្តែរបាយការណ៍ថ្មីៗពីកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ (MDM) ដែលជាវេទិកាបើកចំហរតាមដានផលប៉ះពាល់ទំនប់វារីអគ្គិសនីក្នុងពេលជាក់ស្តែង បានបង្ហាញថា ការគ្រប់គ្រងជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាចការពារបឹងទន្លេសាប និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដែលពឹងផ្អែកលើរដូវទឹកជំនន់សម្រាប់ចិញ្ចឹមជីវិត។
បឹងទន្លេសាប ដែលជាធនធានជលផលធំបំផុតរបស់កម្ពុជា និងមានសារៈសំខាន់ចំពោះសន្តិសុខស្បៀងដែលតែងតែរីកមាឌចំនួនប្រាំដងក្នុងរដូវវស្សា បានក្លាយជាកន្លែងនេសាទដ៏ធំបំផុតរបស់ពិភពលោក។ យោងតាមរបាយការណ៍នេះ ប្រសិនបើទំនប់វារីអគ្គិសនីមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ នោះការកើនឡើង និងធ្លាក់ចុះនៃកម្រិតទឹកមិនទៀងទាត់អាចកាន់តែអាក្រក់ទៅៗ នោះនឹងធ្វើឱ្យពិបាកក្នុងការការពារការអភិរក្សត្រី បរិស្ថាន និងផលិតកម្មវារីអគ្គិសនី។
កម្មវិធីតាមដានទំនប់វារិអគ្គិសនីលើទន្លេមេគង្គបានរាយការណ៍ថា៖ «ការចែករំលែកទិន្នន័យទំនប់វារីអគ្គិសនីជាមួយស្ថាប័នកណ្តាលដូចជាគណៈកម្មការទន្លេមេគង្គជួយឱ្យយល់ពីរបៀបដែលទំនប់វារីអគ្គិសនីប៉ះពាល់ដល់អត្ថប្រយោជន៍អេកូឡូស៊ីរបស់ទន្លេមេគង្គ ដូចជាជលផលជាដើម» ។
គណៈកម្មការទន្លេមេគង្គ ឬហៅកាត់ថា MRC គឺជាក្រុមអន្តររដ្ឋាភិបាល ដែលបង្កើតឡើងដោយប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា ដែលសម្របសម្រួលការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបឧបសគ្គក្នុងការដោះស្រាយផលប៉ះពាល់ទាំងនេះ និងការតាមដានចំនួនទំនប់វារីអគ្គិសនី។
បច្ចុប្បន្ននេះ វៀតណាម ថៃ និងឡាវ បានចែករំលែកទិន្នន័យចំនួនទំនប់វារីអគ្គិសនីនៅលើគេហទំព័រសាធារណៈក្នុងចំនួនមួយមានកម្រិតនៅឡើយ ខណៈដែលកម្ពុជាវិញមិនទាន់បង្កើតវិបផតថលបែបនេះនៅឡើយ។
ប្រទេសចិន ដែលបានសាងសង់គម្រោងវារីអគ្គិសនីដ៏ធំបំផុតមួយចំនួននៅលើទន្លេមេគង្គនៅផ្នែកខាងលើដែលគេស្គាល់ថាជាទន្លេ Lancang បានសន្យាក្នុងខែកញ្ញា ឆ្នាំ២០២៣ ថានឹងចែករំលែកទិន្នន័យប្រតិបត្តិការទំនប់វារីអគ្គិសនីជាមួយគណៈកម្មការទន្លេមេគង្គនៅចុងឆ្នាំនោះ។ តែគិតត្រឹមចុងឆ្នាំ២០២៤ ភាគីចិនមិនទាន់ចែករំលែកនៅឡើយទេ។
MRC ប៉ាន់ប្រមាណថា មានគម្រោងទំនប់វារីអគ្គិសនីចំនួន៦១ នៅតាមដងទន្លេមេគង្គ និងដៃទន្លេ។
នៅក្នុងភាពខុសគ្នាដ៏ធំជាមួយនឹងការរាយការណ៍របស់ MRC មជ្ឈមណ្ឌល Stimson ដែលជាអ្នកត្រួតពិនិត្យទំនប់វារីអគ្គិសនីមេគង្គបានចុះបញ្ជីទំនប់ទឹកសរុបចំនួន ៧៤៥ ដែលកំពុងដំណើរការ ឬកំពុងសាងសង់នៅលើចរន្តមេ និងដៃទន្លេនៃអាងទន្លេមេគង្គ ដែលក្នុងនោះ ៤០ ស្ថិតនៅក្នុងប្រទេសកម្ពុជា។
ខណៈពេលដែលអង្គការឃ្លាំមើលជជែកវែកញែកអំពីគម្លាតទិន្នន័យនៃទំនប់វារីអគ្គិសនី សហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គកំពុងជួបប្រទះបញ្ហាកង្វះទិន្នផលត្រី។
អ្នកស្រី ភិន មិថុនា រស់នៅក្បែរទំនប់វារីអគ្គិសនីសេសានក្រោម២ លើទន្លេស្រែពក ដែលជាដៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា បានប្រាប់ សារព័ត៌មានខេមបូចា ថា ទំនប់វារីអគ្គិសនីបាននាំមកនូវការលំបាកដល់សហគមន៍របស់គាត់។ នៅពេលដែលកម្រិតទឹកធ្លាក់ចុះ ទិន្នផលត្រីក៏ធ្លាក់ចុះដូចគ្នា ហើយនៅពេលដែលទឹកឡើង វាធ្វើឱ្យលិចផ្ទះ និងដំណាំជារៀងរាល់ឆ្នាំ។
អ្នកស្រីនិយាយថា៖ «ទំនប់គេសង់នៅខាងក្រោម ហើយត្រីឡើងមកខាងលើមិនកើតទេ។ ចឹងគ្មានអ្នកណាចង់នេសាទទៀតទេ»។ លោកស្រីបន្តថា៖ «បំណុលធានាម្នាក់ៗកើនឡើង ដោយសារយកលុយគេមកធ្វើស្រែចម្ការ តែវាមិនបានផល។ សូម្បីតែក្មេងអាយុ ១៧–១៨ ឆ្នាំក៏ឈប់រៀនទៅធ្វើការនៅចម្ការចេក»។

បើទោះជាមានការលើកឡើងពីសហគមន៍ដែលរស់នៅតាមទន្លេក៏ដោយ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ផលនេសាទរបស់កម្ពុជាមិនធ្លាក់ចុះនោះទេ។
យោងតាមការព្យាករណ៍របស់ក្រសួង ការនេសាទត្រីប្រចាំឆ្នាំបានកើនឡើង ៥% ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងកើនឡើង ១០% នៅចុងឆ្នាំនេះ។
លោកបានបន្ថែមថា៖ «ក្រុមការងាររបស់ក្រសួងក៏បានចូលរួមជាមួយអ្នកនេសាទក្នុងសហគមន៍មូលដ្ឋានដែរ ហើយក៏ទទួលបានការវាយតម្លៃប្រហាក់ប្រហែលគ្នា»។
រដ្ឋបាលជលផលបានរាយការណ៍ថា ត្រីទឹកសាបដែលនេសាទបានក្នុងប្រទេសកម្ពុជាមានចំនួន ៤២៦.៧៥០ តោនក្នុងឆ្នាំ២០២៣។ ទិន្នផលនេះកើនលើសពីទិន្នផលពីឆ្នាំ ២០១៩, ២០២១ និង ២០២២។ ទិន្នផលឆ្នាំ ២០១៩-២០២១ គឺជាឆ្នាំដែលស្ងួតបំផុតក្នុងកំណត់ត្រាបឹងទន្លេសាប រហូតដល់ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៤ ការកើនឡើងទឹកជំនន់ទាបជាងធម្មតាបានកាត់បន្ថយទិន្នផលនេសាទត្រី។
ទិន្នន័យស្តីពីទិន្នផលត្រីឆ្នាំ២០២៤ មិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការនៅឡើយទេ។
ទន្ទឹមនឹងការព្រួយបារម្ភអំពីការទប់ និងបញ្ចេញទឹកពីទំនប់វារីអគ្គិសនី និងផលប៉ះពាល់របស់វាទៅលើសហគមន៍នេសាទ ក៏មានការអំពាវនាវឱ្យមានប្រព័ន្ធប្រកាសឱ្យដឹងមុនកាន់តែប្រសើរឡើងផងដែរ។
ខណៈពេលដែលកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ផ្តល់ការជូនដំណឹងជាមុនសម្រាប់ការចេញផ្សាយទឹកភ្លាមៗ ឬការទប់ទឹកពីទំនប់វារីអគ្គិសនីរបស់ប្រទេសចិន ការជូនដំណឹងទាំងនេះភាគច្រើនផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងប្រទេសថៃ និងឡាវ។
សហគមន៍ខ្មែរ ជាពិសេសក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ទទួលបានការផ្ដល់ការប្រកាសឱ្យដឹងមុនតិចតួចអំពីការប្រែប្រួលនៃទន្លេសេកុង សេសាន និងទន្លេស្រែពក (ទន្លេ 3S) ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
ទំនប់វារីអគ្គិសនីនៅឡាវ និងវៀតណាមប៉ះពាល់ដល់ទន្លេទាំងនេះ ធ្វើឲ្យវដ្តទឹកលិចទន្លេសាបកាន់តែអាក្រក់។ ខណៈពេលដែលការត្រួតពិនិត្យទំនប់ថ្មីចំនួន២០ នៅក្នុងអាង3S បានធ្វើឱ្យការយល់ដឹងកាន់តែប្រសើរឡើងអំពីផលប៉ះពាល់ អ្នកជំនាញអំពាវនាវឱ្យមានប្រព័ន្ធប្រកាសឱ្យដឹងមុន វៀតណាម-កម្ពុជា និងឧបករណ៍ល្អៗជាងមុនដើម្បីតាមដានលំហូរទឹកដើម្បីការពារសហគមន៍ និងប្រព័ន្ធអេកូឡូស៊ី។
ដូច្នេះការណ៍នេះជំរុញឱ្យមានការចែករំលែកទិន្នន័យកាន់តែប្រសើរឡើងរវាងប្រទេសជិតខាង បន្ទាប់ពីការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១.៧ ពាន់លានដុល្លាររបស់កម្ពុជា ដែលនឹងបង្វែរទឹកពីទន្លេមេគង្គ ហើយត្រូវបានគេរំពឹងថានឹងមានផលវិបាកអវិជ្ជមានដល់បរិស្ថាន នេះបើយោងតាមអ្នកជំនាញ។
លោក Alan Basist ប្រធានអង្គការ Eyes on Earth បានថ្លែងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៧ ខែធ្នូ ថា៖ «MRC រួមជាមួយនឹងភ្នាក់ងារជាតិអាចរៀបចំទិន្នន័យដែលពួកគេត្រូវបង្កើតប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពជាងមុន ដោយជួយប្រជាជនក្នុងការរៀបចំ និងការពារខ្លួនពីទឹកជំនន់ឱ្យបានទាន់ពេលវេលា»។
ម៉ិច ស្រីល័ក្ខ អ្នកសម្របសម្រួលបច្ចេកទេសធន់នឹងអាកាសធាតុសម្រាប់កម្មវិធីអភិបាលកិច្ចទឹកក្នុងតំបន់មេគង្គរបស់អង្គការ Oxfam បានគាំទ្រការអំពាវនាវរបស់លោក Basist សម្រាប់ប្រព័ន្ធក្នុងតំបន់ដើម្បីតាមដានទឹកជំនន់តាមរដូវ ក្នុងករណីមានការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ។
ស្រីល័ក្ខក៏បានសង្កត់ធ្ងន់ថា បណ្តាញទំនាក់ទំនងត្រូវតែទៅដល់ជនជាតិដើមភាគតិចនៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលភាគច្រើនមានកម្រិតចំណេះដឹងទាប។
ប្រព័ន្ធប្រកាសឱ្យដឹងមុនរបស់កម្ពុជាសម្រាប់ការទទួលការជូនដំណឹងពីប្រទេសឡាវ និងវៀតណាម នៅពេលដែលទំនប់វារីអគ្គិសនីត្រូវបានបើកនៅមានកម្រិត ដោយពឹងផ្អែកលើបណ្តាញ Telegram និងប្រព័ន្ធប្រកាសអាសន្ន ខណៈពេលនៅក្នុងតំបន់ខ្លះមានសេវាទូរសព្ទចល័តខ្សោយ នេះបើយោងតាមលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកក៏បានកត់សម្គាល់ផងដែរថា មិនមានឧបទ្ទវហេតុធ្ងន់ធ្ងរដែលបណ្តាលមកពីប្រតិបត្តិការទំនប់ចាប់តាំងពីឆ្នាំ២០១៨ មក។ នៅឆ្នាំនោះ ប្រជាជនកម្ពុជាភាគខាងជើងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីទំនប់វារីអគ្គិសនីដ៏ធំមួយបានដួលរលំនៅប្រទេសឡាវ ដោយបង្ហាញពីសក្តានុពលនៃគ្រោះមហន្តរាយលើសពីផលប៉ះពាល់របស់ទំនប់ទៅលើផ្លូវទឹក និងការចិញ្ចឹមជីវិតរបស់សហគមន៍។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម និងលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល មិនបានឆ្លើយតបនឹងសំណួរអំពីការសហការជាមួយ MRC និងប្រទេសជិតខាងលើការចែករំលែកទិន្នន័យកម្រិតទំនប់នោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Uncoordinated Dam Operations Threaten Mekong Basin, Residents’ Livelihoods, Report Warns