សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រោមគម្រោងសាកល្បងរបស់ប.ស.ស កម្មករក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍សង្គមនៅមានកម្រិតនៅឡើយ

អ្នករត់រ៉ឺម៉កកង់បី លោក ឈុំ ដឹម រង់ចាំអតិថិជននៅរាជធានីភ្នំពេញ នាថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង
អ្នករត់រ៉ឺម៉កកង់បី លោក ឈុំ ដឹម រង់ចាំអតិថិជននៅរាជធានីភ្នំពេញ នាថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រភពចំណូលតែមួយគត់របស់ លោក ឈុំ ដឹម មានប្រហែល ៣០ ០០០ រៀល (៧.៥0 ដុល្លារ) ក្នុងមួយថ្ងៃ ដែល​បានមកពីការដឹកអ្នកដំណើរជុំវិញរាជធានីភ្នំពេញតាមរយៈ​រ៉ឺម៉ក​កង់បីរបស់គាត់។ អ្នក​រត់​រ៉ឺម៉ក​កង់​បី​អាយុ ៤២ឆ្នាំ ​មក​ពី​ខេត្ត​ស្វាយរៀងរូបនេះ ​បាន​និយាយ​ថាមុន​ជំងឺ​រាតត្បាតសកល ​លោក​រក​ចំណូល​បាន​ប្រហែល ២០ ទៅ ៣០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ឥឡូវនេះលោករកបានត្រឹមតែបង្គ្រប់ការ​ចំ​ណាយសម្រាប់អាហារ និងសាំង ប្រចាំថ្ងៃតែប៉ុណ្ណោះ។

ទោះបី លោក ដឹម មិនដែលជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែលោកបាននិយាយថា ហានិភ័យសម្រាប់អ្នករត់រ៉ឺម៉កកង់បីដូចជាលោកមានកម្រិតខ្ពស់។ ដូច្នេះលោកចង់ឱ្យរដ្ឋាភិបាលផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់ដល់អ្នកបើកបរ បន្ថែមពីលើការធានារ៉ាប់រងសុខភាពទូទៅដែលផ្តល់ដល់អ្នករកស៊ីនិងធ្វើការនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២០០០នាក់ ដែលនេះជាផ្នែកមួយនៃគម្រោងសាកល្បងរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលកំពុង​ដំណើរការ​អនុវត្តនៅខែតុលា ដោយក្នុងនោះមានកម្មវិធីធានារ៉ាប់រង សោធននិវត្តន៍ ការថែទាំសុខភាព និងគ្រោះថ្នាក់ការងារ។

លោកនិយាយថា៖ «យើងប្រឈមមុខនឹងហានិភ័យកាន់តែច្រើននៅលើដងផ្លូវពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ [ប.ស.ស] បានប្រាប់យើងថាអ្នកបើកតុកតុកមិនមានម៉ោងការងារពិតប្រាកដ អ៊ីចឹងទៅពួកគេមិនអាចផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់បានទេ។ យើងទទូចសុំឱ្យក្រសួង [ការងារ] ពិនិត្យឡើងវិញនូវគោលនយោបាយនេះ ដើម្បីឱ្យវាមានប្រយោជន៍ដល់ក្រុមងាយរងគ្រោះដូចជាពួកយើង»។

គម្រោង​សាកល្បង​នេះ​នឹង​កំណត់​គោលដៅ​យក​​កម្មករ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ចំនួន​ពីរក្រុម​ក្នុង​រាជធានី​ភ្នំពេញ ដែលក្នុងនោះមាន អ្នក​រត់​រ៉ឺម៉ក​កង់​បី និង​ធ្វើការ​តាម​ផ្ទះ​ចំនួន២០៥០នាក់ មក​ពី សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមអ្នកបម្រើការងារតាមផ្ទះចំនួន៣០០នាក់។​

ប៉ុន្តែ​កម្មករ និង​អ្នក​តស៊ូ​មតិ​ការងារ​និយាយ​ថាគម្រោងសាកល្បងនេះ​មាន​គុណវិបត្តិខ្លះដែលក្នុងនោះរួមមានការ​គ្មាន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារនៅកន្លែង​ធ្វើការ​សម្រាប់​អ្នក​បើក​រ៉ឺម៉ក និង​តម្លៃ​សេវាមួយចំនួនទៀតដែលកម្មករមិនមានលទ្ធភាពប្រើប្រាស់។​

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រសាសន៍ថាសមាគមរបស់លោកបាននិងកំពុងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមដល់សមាជិកចំនួន១៥០០០នាក់ និងកំណត់ដាក់​ ​២០៥០នាក់ ដើម្បីចូលរួមក្នុងគម្រោង​សាកល្បងនេះ។ ប៉ុន្តែ​លោក​ក៏ចង់​​មានការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ ដែល​ផ្តល់​ជូន​ឲ្យ​កម្មករ​តាម​ផ្ទះ​ ដល់​អ្នក​រត់​រ៉ឺម៉កកង់បី​ដែរ។

លោកថ្លែង​ថា៖«កាលពីមុនរដ្ឋាភិបាលមិនបានបញ្ចូលកម្មករក្រៅប្រព័ន្ធទៅក្នុងរបប​​សន្តិសុខសង្គមទេ ហើយតាមគោលការណ៍នេះកម្មករក្រៅប្រព័ន្ធគួរតែមានសិទ្ធិទទួលបានសេវាធានារ៉ាប់រងសុខភាពគ្រោះថ្នាក់ការងារ​»។

អ្នក​បើក​បរ​ឈ្មោះ ឈុំ ដឹម អង្គុយ​លើ​រ៉ឺម៉ក់​កង់បីរបស់លោក ក្នុង​រាជធានី​ភ្នំពេញនាថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២២។ ខេមបូចា/ព្រីង សំរាំង

ស្ថិត​ក្រោមគម្រោងសាកល្បងនេះ អ្នកធ្វើការតាមផ្ទះនឹងទទួលបានអត្ថប្រយោជន៍តាម​ស្តង់ដារពីប.ស.ស.ដែលរួមមានការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រាក់ឈ្នួល៧០%អំឡុងពេលឈប់សម្រាកឈឺ ឬសម្រាកលំហែមាតុភាពរហូតដល់៩០ថ្ងៃ។ ប៉ុន្តែ​សម្រាប់អ្នក​បើក​រ៉ឺម៉ក​កង់​បី​ ​ទទួល​បាន​តែ​ការ​ថែទាំ​សុខភាព​ប៉ុណ្ណោះ។

កម្មករធ្វើការតាមផ្ទះត្រូវបង់ ៣.៤% (០.៨% សម្រាប់ការថែទាំសុខភាព និង ២.៦% សម្រាប់ការធានារ៉ាប់រងគ្រោះថ្នាក់) នៃប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ពួកគេប្រហែល២០០ដុល្លា ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលមានន័យថាបង់ប្រហែល៤០ដុល្លារសម្រាប់ការធានារ៉ាប់រងរយៈ​ពេល៦ខែ។ អ្នក​រត់​រ៉ឺម៉ក​កង់​បី​ត្រូវ​បង់​ប្រាក់៩៣៦០០​រៀល (ប្រហែល ២២.៥០ ដុល្លារ) រៀងរាល់​កន្លះឆ្នាំ​ម្តង។​

និយោជកត្រូវបានតម្រូវឱ្យចូលរួមចំណែកដល់អត្ថប្រយោជន៍របស់ប.ស.ស ដែលផ្តល់ឱ្យនិយោជិតរបស់ពួកគេ ក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមឆ្នាំ២០១៩ ប៉ុន្តែមកដល់ពេលនេះ មានកម្មករក្រៅប្រព័ន្ធមួយចំនួនតូចប៉ុណ្ណោះ ដូចជាអ្នករត់ម៉ូតូកង់បី ទទួលបានអត្ថប្រយោជន៍ពីប.ស.ស.។

ច្បាប់ការងារឆ្នាំ២០១៩ ចែងថាអ្នកធ្វើការតាមផ្ទះ និងនិយោជកត្រូវតែរួមភាគទានបង់ដល់គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ និងការថែទាំសុខភាព ខណៈនិយោជកត្រូវតែរ៉ាប់រងសម្រាប់ហានិភ័យ​ការងារ ឬគ្រោះថ្នាក់ និង ការធានារ៉ាប់រង។

ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ថែទាំសុខភាពសម្រាប់អ្នកធ្វើការដោយខ្លួនឯង ត្រូវបាន​គ្រប់​គ្រងដោយអនុក្រឹត្យ នេះបើយោងតាមច្បាប់នេះ។ ប៉ុន្តែ​មិនបាន​​បញ្ជាក់​ពី​ការ​ធានាលើ​​ហានិភ័យ​ការងារ​សម្រាប់​អ្នកធ្វើការ​ដោយ​ខ្លួន​ឯងទេ។

លោក ពៅ និយាយថា៖ «សម្រាប់អ្នកដែលរកស៊ីទទួលទានដោយខ្លួនឯង ពួកគេនៅរង់ចាំអនុក្រឹត្យមួយទៀត ដើម្បីអនុវត្តគោលនយោបាយនេះ។ ប្រសិនបើគម្រោង [សាកល្បង] ត្រូវបានអនុវត្តដោយជោគជ័យ ខ្ញុំគិតថា [ប.ស.ស]នឹងចេញអនុក្រឹត្យថ្មីទៀតដើម្បីឱ្យអ្នកធ្វើការរកស៊ីដោយខ្លួនឯងចុះឈ្មោះជាមួយប.ស.ស»។

ទោះបីច្បាប់ស្តីពីរបបសន្តិសុខសង្គមត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ក៏ដោយ ក៏លោក វន់ ពៅ យល់ថាការអនុវត្តទាក់ទងនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធ្វើការតាមផ្ទះនៅមានកម្រិតនៅឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា រឿងនេះ​ទាក់​ទង​នឹង​ឆន្ទៈ​នយោបាយ​របស់​អាជ្ញាធរ»។

និយោជក «មិនបានមិនដឹង»

អ្នកស្រី លឹម សុខឡេង អាយុ ៥៤ ឆ្នាំ បាននិយាយថា បន្ទាប់ពីធ្វើការតាមផ្ទះជិត ២០ ឆ្នាំ អ្នកស្រីបាន​បាត់បង់ការងារ​មួយ​រយៈ បន្ទាប់ពីនិយោជកបរទេសរបស់អ្នកស្រីបានចាកចេញពីប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។

អ្នកស្រី សុខឡេង ​ដែលជាសមាជិកសមាគមអ្នកធ្វើការ​ងារតាមផ្ទះបានឲ្យ​ដឹង​ថានៅពេលអ្នកស្រីស្វែងរកការងារថ្មី​អ្នកស្រីនឹងស្នើសុំឱ្យនិយោជករបស់គាត់​ជួយរ៉ាប់រងការចំណាយលើអត្ថប្រយោជន៍​​​បេឡាជាតិរបបសន្តិសុខសង្គម។

អ្នកស្រី​បាន​និយាយ​ថា​៖ «​វា​សំខាន់​សម្រាប់​ខ្ញុំ​ព្រោះ​វា​នឹង​កាត់​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​នៅ​ពេល​ដែល​ [​ខ្ញុំ​] ​ទទួល​បាន​ការ​ព្យាបាល​ ព្រោះ​ [​ខ្ញុំ​] ក្រ​»។

អ្នកស្រី​ យឹម សុធី ប្រធានសមាគមអ្នកធ្វើការ​ងារតាមផ្ទះ មានប្រសាសន៍ថា ទោះបីជាច្បាប់តម្រូវឱ្យនិយោជកចូលរួមចំណែកក្នុងការថែទាំសុខភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ការងារ​ដល់កម្មករតាមផ្ទះក៏ដោយ វាត្រូវការពេលវេលាដើម្បីអនុវត្តគម្រោងសាកល្បងនេះ។​

អ្នកស្រី​បន្ត​ថា​៖ «​ទោះបីជា​យើង​មាន​ច្បាប់​ក៏​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុង​ចំណោម​និយោជក​ដែរ ហើយ​និយោជក​ក៏​មិន​ដឹង​ដែរ​»​

អ្នកស្រី សុធី បាននិយាយថា អង្គការរបស់អ្នកស្រីនឹងលើកកម្ពស់ការយល់ដឹងក្នុងចំណោមកម្មករ​តាមផ្ទះអំពីអត្ថប្រយោជន៍នៃគម្រោងនេះ ហើយបន្ទាប់មកកម្មករអាចចរចាទាមទារ​អត្ថ​ប្រយោជន៍នេះ​ជាមួយនិយោជករបស់ពួកគេ។

អ្នកស្រី សុធី បាននិយាយថា ក្នុងចំណោមអ្នកធ្វើការ​តាមផ្ទះជាង៨០០នាក់នៅសមាគមរបស់អ្នកស្រី មានតែ៨នាក់ប៉ុណ្ណោះដែលបានទទួលអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម មុនពេលចាប់ផ្តើមសាកល្បងគម្រោងនេះ ដោយសារតែនិយោជករបស់ពួកគេយល់ព្រមចូលរួមធ្វើភាគទាន​។ អ្នក​ស្រីបាន​បន្ត​ថាសមាគម​គ្រោង​នឹង​ចុះ​ឈ្មោះកម្មករ​​​តាម​ផ្ទះ​ចំនួន ៣០០​នាក់ បន្ថែមទៀត ដើម្បីទទួល​អត្ថប្រយោជន៍​បេឡាជាតិ​របប​សន្តិសុខ​សង្គម។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់ខេមបូចាថា តាមច្បាប់ការងារ មិនមានការបែងចែករវាងកម្មករផ្លូវការ និងក្រៅផ្លូវការទេ។ លោក​ថា គ្រប់​ទម្រង់នៃ​ការ​ដោះដូរ​កម្លាំង​ពលកម្ម​​ដែលមាន​​ប្រាក់​ឈ្នួល​ទៀងទាត់​បង្កើត​ជា​កិច្ចសន្យា​ការងារ។

លោកបានថ្លែងថា៖ «​ក្នុង​ច្បាប់​ការងារ គេ​​និយាយ​តែ​ពី​ទំនាក់ទំនង​ការងារ​ប៉ុណ្ណោះ។ ដូច្នេះ​មិន​ថា​និយោជក​ជា​ក្រុមហ៊ុន ឬ​ជា​បុគ្គល​នោះ​ទេ ពួកគេ​មាន​កាតព្វកិច្ច​ក្នុង​ការ​ [ចូល​រួម​ចំណែក​ក្នុង​] គម្រោង [ប..

លោកបន្ត​ថា ក្រសួងកំពុងបន្តជំរុញនិយោជកឱ្យចូលរួមចំណែកផ្តល់អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមដល់កម្មកររបស់ពួកគេ។

លោកបានបន្ថែមថា៖ «[យើង] កំពុងអំពាវនាវឱ្យ [និយោជក] ចូលរួម [ការបង់ប្រាក់សម្រាប់សេវាកម្ម] ចូលរួមក្នុងគម្រោង។ យើង​ត្រូវ​ពន្យល់​ពួកគេ»

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស មានប្រសាសន៍ថា អ្នករត់រ៉ឺម៉កកង់បីត្រូវបានផ្តល់ការធានារ៉ាប់រងសុខភាពតែប៉ុណ្ណោះ មិនមែនជាការធានារ៉ាប់រងគ្រោះថ្នាក់ការងារ​ទេ ព្រោះពួកគេត្រូវបានចាត់ទុកថាជាអ្នកធ្វើការដោយខ្លួនឯង។

លោក​បញ្ជាក់ថា៖ «សម្រាប់​អ្នក​រត់​រ៉ឺម៉ក​កង់​បី យើង​មិន​អាច​គ្រប់​គ្រង​ពួក​គាត់បាន​ទេ។ យើង​​មិន​ដឹង​ម៉ោង​ធ្វើ​ការ​របស់​ពួក​គាត់​ទេ ហើយ​ពួក​គាត់​ក៏​មិន​មាន​និយោជក​ដែរ ដូច្នេះធានារ៉ាប់រង​គ្រោះថ្នាក់ការងារ​​មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​ទេ ហើយ​ពួក​គាត់ត្រូវ​បាន​ផ្តល់​ឱ្យតែការ​ថែទាំ​សុខភាព​ប៉ុណ្ណោះ» លោក​បានបន្ត​ថាប្រសិន​បើ​ការសាកល្បង​ទទួល​បាន​ជោគជ័យ គម្រោង​នេះ​នឹង​ត្រូវ​ផ្តល់​ដល់​កម្មករ​ក្នុង​វិស័យ​ក្រៅ​ផ្លូវការ​ផ្សេង​ទៀត រួម​ទាំង​វិស័យសំណង់​ផង​ដែរ។

កាលពីចុងឆ្នាំមុន កម្មករជាង២.៥លាននាក់ ទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ហើយកម្មករជាង ២.៧ លាននាក់មានការធានារ៉ាប់រងសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។

លោក ដឹម អ្នករត់រ៉ឺម៉កកង់បីដែលមានគម្រោងចុះឈ្មោះសម្រាប់អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងអំណរគុណចំពោះការផ្តល់ធានារ៉ាប់រងសុខភាពដែលផ្តល់ឱ្យក្រោមគម្រោងសាកល្បងនេះ។

លោក​បាន​និយាយ​ថា​៖ «​វានឹង​មាន​ប្រយោជន៍​សម្រាប់​យើង​ក្នុង​នាម​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដែលពួកគាត់​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព​ ដូចជា​ការពិនិត្យ​សុខភាព​ជាដើម»

កាលពីមុន លោក ដឹម បាននិយាយថាលោកមានបណ្ណក្រីក្រដែលវាបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់អ្នកដែលមានចំណូលទាប ប៉ុន្តែលោកមិនដែលបានប្រើវាទេ រហូត​ដល់​រដ្ឋាភិបាល​បានដកហូតវិញ។​

ប្រជាជនកម្ពុជាដែលមានចំណូលទាបបានត្អូញត្អែរពីជម្រើសថែទាំសុខភាពមានកម្រិត និងការ​ស្នើសុំថ្លៃក្រៅផ្លូវការ នៅពេលដែលពួកគាត់ស្វែងរកការព្យាបាលដែលផ្តល់មូលនិធិរបស់រដ្ឋាភិបាល។

លោកដឹមបាននិយាយថា៖ «យើងត្រូវការសេវាកម្មដែលប្រសើរជាងនេះ។ ពួកយើង​ចង់​ឃើញ​មន្ទីរពេទ្យ​ជា​ដៃគូ​ផ្តល់​ការ​ព្យាបាល​ស្មើៗ​គ្នា ហើយ​មិន​រើសអើង​អ្នក​រត់​រ៉ឺម៉ក់​កង់​បី​ទេ ព្រោះ​យើង​ក្រីក្រ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Under NSSF Pilot, Informal Workers Access Social Benefits, With Limits

454 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម