សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បក្សប្រឆាំងដែលបែកខ្ញែក ត្រៀមប្រកួតយកអាសនៈឃុំសង្កាត់នៅឆ្នាំក្រោយ

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម

ជាមួយនឹងការហាមឃាត់គណបក្សសង្គ្រោះជាតិ និងអតីតមេដឹកនាំមួយរូប គឺលោក កឹម សុខា ដែលប្រឈមមុខនឹងការកាត់ទោសពីបទក្បត់ជាតិនាខែមករា អ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា និយាយថា ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ ទំនងជាត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចដ៏យូរអង្វែង ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ប្រជាជនកម្ពុជានឹងត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសមេឃុំ និងសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ចំនួន ១​ ៦៥២ ក្នុងរាជធានីខេត្ត២៥ ប៉ុន្តែគណបក្សតូចៗដែលបានបែកបាក់មានការខ្វះខាតថវិកា និងធនធានយ៉ាងខ្លាំង។

កាលពីឆ្នាំ២០១៣ កន្លងទៅគណបក្សសង្គ្រោះជាតិ ធ្លាប់បានរុញច្រាបគណបក្សកាន់អំណាចឱ្យជិតចាញ់ការបោះឆ្នោតជាតិនាពេលនោះ ហើយជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិធ្វើបានយ៉ាងល្អដោយទទួលបានសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងប្រមាណជា ៥ ០០០អាសនៈបើធៀបនឹងសមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនដែលមានតែជាង ៦ ០០០អាសនៈ។

វិធីបន្ទាប់ដ៏មានប្រសិទ្ធភាព ដើម្បីបញ្ចប់វិថីនយោបាយរបស់​គណបក្សប្រឆាំងដ៏ធំតែ​មួយ​គត់​របស់​ប្រទេសនោះគឺ​ ការចាប់ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដែល​គេ​ជឿ​ថា​មាន​ហេតុផល​នយោបាយ ហើយ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​​តាមសាល​ដីកា​ដ៏ចម្រូងចម្រាស់របស់​តុលាការ​កំពូល។ ក្រោយ​ការ​រំលាយ​គណបក្ស​នេះ មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨​នាក់ ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ជាបន្តបន្ទាប់ គណបក្សប្រជាជនកម្ពុជា ដណ្តើមបានអាសនៈទាំង ១២៥ ។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមាន «ផ្តល់នីតិសម្បទា»ដល់សមាជិកមួយចំនួនរបស់អតីតគណបក្សប្រឆាំងដែលត្រូវបានហាមឃាត់ធ្វើនយោបាយ ឱ្យមានសិទ្ធិនយោបាយរបស់ពួកគេឡើងវិញ។ អតីតមន្រ្តីបក្សប្រឆាំងដែលមកពីទាំងក្រុម​​លោក កឹម សុខា និង​លោក សម រង្ស៊ី បានចេញទៅ​បង្កើត​គណបក្ស​ថ្មី​រួមមាន ​ឆន្ទៈ​ខ្មែរ កំណែទម្រង់​កម្ពុជា ខ្មែរ​អភិរក្ស ខ្មែរ​ស្រឡាញ់​ជាតិ និង​បេះដូង​ជាតិ​។

ក្តីសង្ឃឹមរបស់អ្នកប្រឆាំង

គណបក្ស​កម្ពុជា​និយមដែលជាគណបក្សថ្មីមួយ ​​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កក្កដា​ដោយ​អតីត​តំណាង​រាស្រ្ត ហើយដែលជាមនុស្សស្និទ្ធនឹងលោក កឹម សុខា គឺ ​លោក យ៉ែម បុញ្ញឫទ្ធិ។ គណបក្ស​កម្ពុជា​និយម នឹងចូលរួមប្រកួតប្រជែងយកអាសនៈក្នុងឃុំសង្កាត់ចំនួន១៦៥២ ដែលប្រមាណជា១ភាគ៣នៃឃុំសង្កាត់សរុប។

គណបក្ស​នេះ​​ដំណើរការ​ដោយអះអាងថាឈរគោលការណ៍​ប្រជាធិបតេយ្យ​ដោយ​សន្យា​ថា​នឹង​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​សេរីភាព​ដែល​លោក បុញ្ញាឫទ្ធិ និយាយ​ថា​បាន​ធ្លាក់​ចុះ។

លោក បុញ្ញឫទ្ធិ បាន​ប្រាប់​ ​សមាជិកគណបក្ស​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ពោលគឺប្រហែល​៤​ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖ «ប្រសិនបើ​គ្មាន​យុត្តិធម៌​សង្គម ជម្លោះ​នឹង​នៅ​តែ​មាន»។

ទោះ​ជា​យ៉ាង​ណាក្តី លោក​បាន​ព្រមាន​កុំ​ឲ្យ​បន្តជម្លោះ​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​ធុញទ្រាន់​នឹង «ការ​ឈ្លោះ​ប្រកែក​គ្នា​មិន​ចេះ​ចប់មិនចេះហើយ» របស់​អ្នក​នយោបាយបែបនេះណាស់។

កាលពីខែមុន នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា បានចោទប្រកាន់លោក សម រង្ស៊ី ថាបានបន្តប្រើប្រាស់ឈ្មោះ និងរូបថតរបស់លោកពាក់ព័ន្ធនឹងសកម្មភាពនយោបាយដោយគ្មានការគាំទ្រពីលោក ដោយសង្កត់ធ្ងន់ថាលោក និងលោក សម រង្ស៊ី «មិនមែនជាមនុស្សតែមួយ»នោះទេ។

ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី បាន​ចោទ​ថា ការ​លើក​ឡើង​របស់​លោក កឹម សុខា គឺ​ជា ​«លទ្ធផល​នៃ​ការ​គំរាម​កំហែង​ពី​លោក ហ៊ុន សែន ដែល​ខ្លាច​ការ​រួបរួម​គ្នា​ក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ​កម្ពុជា ហើយ​កំពុង​យក​លោក កឹម សុខា ជា​ចំណាប់​ខ្មាំង»។

លោក បុញ្ញឫទ្ធិ មានប្រសាសន៍ថា នយោបាយបក្សប្រឆាំងត្រូវតែដើរទៅមុខ ហើយគេមិនត្រូវបណ្តោយឱ្យឆ្នាំ ២០១៧ កើតឡើងម្តងទៀតទេ នៅពេលដែលសមាជិកក្រុមប្រឹក្សាបក្សប្រឆាំងចំនួន ៥០០០នាក់ មិនបានកាន់តំណែងទេ ព្រោះគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។

អ្នកបើកម៉ូតូឆ្លងកាត់ផ្លាកសញ្ញាគណបក្សខ្មែរស្រលាញ់ជាតិ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

​ចំ​ណែក​លោក ខឺយ ស៊ី​នឿ​ន អនុប្រធាន​គណបក្សខ្មែរ​ស្រឡាញ់​ជាតិ​ បាន​មានប្រសាសន៍ថាគណបក្សលោក​នឹង​ទៅ​បោះឆ្នោត​ដើម្បី​បន្ត​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានរំលាយ។

លោកបានមានប្រសាសន៍ថា៖ ​​«​ ពួកយើងជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ហើយយើងកំពុងតែបន្តស្មារតីគណបក្សសង្រ្គោះជាតិ» លោកបានបន្តទៀតថា គណបក្សរបស់លោកសង្ឃឹមថានឹងឈ្នះឆ្នោតបានចំនួន ៨០ភាគរយ នៃឃុំសង្កាត់នៅឆ្នាំក្រោយ ដែលជាគោលដៅដ៏មានមហិច្ឆិតាធំមួយ។

លោកបានបន្ថែមទៀតថា​​​ ៖ «​ប្រជាជនចង់បានការផ្លាស់ប្តូរ​ដូច្នេះយើងជឿជាក់ថា ប្រជាជននឹងគាំទ្រគណបក្សយើង ហើយយើងអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន»។

​​លោក ស៊ីនឿន ហាក់ស្ទាក់ស្ទើ នៅ​ពេល​សួរ​ថា តើ​អ្នក​បោះ​ឆ្នោត​នឹង​មិន​ច្របូកច្របល់ទេឬ​ បើមានក្រុមបំបែកខ្លួន ចេញពីការបាក់បែកគ្នារវាង​លោក កឹម  សុខា និង សម រង្ស៊ី។

 លោកបាន​ថ្លែង​ថា​៖ «​មិន​មាន​ឥទ្ធិពល​អ្វី​មក​លើ​គណបក្សខ្មែរ​ស្រឡាញ់​ជាតិ​ទេ​ព្រោះ​យើង​ធ្វើ​តាម​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក ស៊ីនឿន បានបន្ថែមទៀតថា មន្ត្រីមូលដ្ឋានមកពីគណបក្សកាន់អំណាចបាននិងកំពុងធ្វើទុក្ខបុកម្នេញ និងបំភិតបំភ័យសមាជិកបក្សប្រឆាំង ហើយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលបើកលំហរប្រជាធិបតេយ្យឡើងវិញ និងអនុញ្ញាតឱ្យបក្សប្រឆាំងអាចធ្វើយុទ្ធនាការបោះឆ្នោតបានដោយសេរី។

មិនខុសពី លោក ស៊ីនឿន​ ប៉ុន្មាននោះទេ  លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកំណែទម្រង់កម្ពុជា មានប្រសាសន៍ថា គណបក្សលោកក៏បានលើកតម្កើងស្មារតីនៃគណបក្សសង្រ្គោះជាតិដែលនៅក្រៅច្បាប់ ដើម្បីទាក់ទាញម្ចាស់ឆ្នោតក្នុងការបោះឆ្នោតនាពេលខាងមុខនេះដែរ។

ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ដោយសារតែជំងឺរាតត្បាត និងឧបសគ្គផ្នែកហិរញ្ញវត្ថុ គណបក្សប្រឆាំងមិនអាចធ្វើយុទ្ធនាការបានទូលំទូលាយតាមដែលពួកគេចង់បាននោះទេ។

លោក​បាន​បន្ថែម​ថា​៖ «​ប្រភព​ហិរញ្ញវត្ថុ​របស់​យើង​បាន​មក​ពី​សមាជិក និង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​យើង​ទាំង​ស្រុង​» ។

លោកក៏បានសម្តែងការព្រួយបារម្ភផងដែរ ដែលសាធារណជនអាចនឹងស្ទាក់ស្ទើក្នុង ការចូលរួមការបោះឆ្នោត ដោយសារតែខ្វះទំនុកចិត្តលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថាមានភាពលម្អៀងទៅរកគណបក្សកាន់អំណាច។

លោក​ក៏កំពុង​ពិចារណាទៅលើការ​ប្រើប្រាស់​ ​ពាក្យ​ស្លោកចាស់ ដែលគណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់ប្រើក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​​​ថា៖ «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្រ្ត» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​នៅ​ពេល​នោះ​ថាគឺ​ជា​ការ​ញុះញង់។

បុរសម្នាក់ជិះកង់កាត់បដាផ្សព្វផ្សាយដោយជម្រុញឲ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបញ្ជីបោះឆ្នោត។ រូបភាពកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

គណបក្សប្រឆាំងមួយទៀតដែលកំពុងដំណើរការគឺ គណបក្សភ្លើងទៀន ដែលពីមុនត្រូវបានគេស្គាល់ថាជាគណបក្សសម រង្ស៊ី ហើយក្រោយមកបានរួមបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ហើយបានបើកសមាជកាលពីខែមុនដើម្បីចាប់ផ្តើមគណបក្សឡើងវិញ ដើម្បីអាចប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំក្រោយ។ ប៉ុន្តែ​គណបក្ស​នេះ​និយាយ​ថា ខ្លួន​នឹង​ចូល​រួម​ប្រសិន​បើ​គ្មាន​ការ​គាប​សង្កត់ ឬ​ការ​បំភិត​បំភ័យ។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានមានប្រសាសន៍ថា ៖ «​យើងនឹងទទួលបានអាសនៈឃុំសង្កាត់ ដោយសារកម្លាំងរបស់យើងនៅដដែល ហើយយើងគ្រាន់តែបានភ្ជាប់បណ្តាញយើងឡើងវិញ»​។

គណបក្សឆន្ទៈខ្មែរ គឺជាគណបក្សមួយទៀតដែលបង្កើតឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិដោយដីកាបង្គាប់របស់តុលាការកំពូល។ គណបក្ស​នេះ​បាន​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ប៉ុន្តែ​មិន​ទទួលបាន​អាសនៈ​ទេ។

លោក គង់ ម៉ូនីកា ប្រធាន​គណបក្ស​នេះ​បាន​ថ្លែង​ថា ​ហិរញ្ញវត្ថុនៅមានកម្រិតរបស់គណបក្សនេះ ​កំពុង​រារាំង​ដល់​លទ្ធភាព​របស់​គណបក្ស​ក្នុង​ការ​ចូលរួមការបោះឆ្នោត។

លោក ម៉ូនីកា មានប្រសាសន៍ថា ៖ «​​​​យើងមិនទាន់មានរចនាសម្ព័ន្ធធំនៅឡើយ ហើយ​ពួកយើងធ្វើ (យុទ្ធនាការ) ផ្អែកលើលទ្ធភាពដែលមានកម្រិតរបស់ខ្លួន»​ លោកបានបន្ថែមថា នេះជាលើកទីមួយហើយដែលគណបក្សឆន្ទៈខ្មែរនឹងចូលរួមការបោះឆ្នោតឃុំសង្កាត់​​។

គណបក្សតូចៗព្យាយាមបង្កើតភាពលេចធ្លោរបស់ពួកគេ

ទន្ទឹម​នឹង​នេះ ក៏មានគណបក្ស​នយោបាយ​តូចៗមួយ​ចំនួន​បាន​បង្កើនចំនួនបេក្ខជនឈរឈ្មោះឃុំសង្កាត់ច្រើនជាងមុន ប៉ុន្តែ​នៅ​តែ​មិន​អាចចូលរួម​ប្រកួតប្រជែងបាន​គ្រប់​ឃុំ​សង្កាត់ឡើយ។

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) មានប្រសាសន៍ថា គណបក្សរបស់លោកនឹងអាចឈរឈ្មោះក្នុងឃុំសង្កាត់ចំនួន ១០០ នៅឆ្នាំ២០២២ បើធៀបនឹងចំនួន ២៧ ក្នុងឆ្នាំ ២០១៧។ កាលពីឆ្នាំ២០១៧ គណបក្សនេះទទួលបានអាសនៈចំនួន៥នៅក្នុងឃុំចំនួន៣។

គណបក្ស GDP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយអតីតមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាល ហើយជាគណបក្សនយោបាយឯករាជ្យ ហើយក៏មិនបានទទួលអាសនៈនៅក្នុងការបោះឆ្នោតសភានាឆ្នាំ ២០១៨កន្លងទៅដែរ។

លោក​បាន​បន្ត​ថា បើទោះបីជាGDP មិន​បាន​រីកចម្រើនឡើង​ដូច​ការ​ចង់​បាន គណបក្សលោកក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​អាសនៈ​នៅ​ក្នុង​តំបន់ខ្លះនៅ​រាជធានី​ភ្នំពេញ កំពត កំពង់ស្ពឺ សៀមរាប កំពង់ធំ និង​រតនគិរី ដែល​លោកថាគណបក្សនេះមាន​បណ្តាញរួចហើយ។

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ថ្លែងទៅកាន់សមាជគណបក្ស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ លោក អាន វិចិត្រ

លោក អ៊ីន បាននិយាយថានៅឆ្នាំក្រោយ GDP នឹងផ្តោតការឃោសនាលើបញ្ហា សេដ្ឋកិច្ច ការងារ វិស័យកសិកម្ម និងសេវាសាធារណៈល្អ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

លោកបានបន្ថែមថា ៖ «យើងនឹងជំរុញគណបក្សប្រជាជនកម្ពុជាឲ្យធ្វើល្អ បម្រើប្រជាពលរដ្ឋ ហើយប្រសិនបើពួកគេមិនផ្លាស់ប្តូរទេ ឃុំផ្សេងទៀតនឹងចង់ធ្វើតាមគំរូនៃឃុំដែល​​ GDP គ្រប់គ្រង»​។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កំពុង​ប្រើ​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​នេះ ដើម្បី​ប្រកួតប្រជែង​តែ ៥០ភាគរយ​នៃ​ឃុំ​សង្កាត់ ដោយសារ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ។

នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៧ គណបក្សនេះ ទទួលបានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៧៤រួមទាំងមេឃុំមួយផងដែរ បន្ទាប់ពីចាកចេញពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចកាលពីឆ្នាំ ២០១៦។

លោក ប៊ុនឆៃ មានប្រសាសន៍ថា ៖ «យើងសង្ឃឹមថានឹងមានការកើនឡើងទ្វេដង [បេក្ខជន] ព្រោះឥឡូវនេះយើងមានពេលវេលាគ្រប់គ្រាន់ និងបរិយាកាសល្អ» ដោយកត់សម្គាល់ថានៅក្នុងការបោះឆ្នោតចុងក្រោយនេះ លោកមានពេលត្រឹមតែ ៨ខែប៉ុណ្ណោះដើម្បីរៀបចំ។

លោកថា សារយុទ្ធនាការសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២ របស់បក្សលោក នឹងផ្តោតលើការប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

សមរភូមិដ៏លំបាក

ទោះបីជាមានការជឿជាក់ពីសំណាក់មេដឹកនាំបក្សប្រឆាំងមួយចំនួនដូចរៀបរាប់ខាងលើក៏ដោយ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា ការពិតគឺពួកគេប្រឈមមុខនឹងផ្លូវដ៏លំបាកនាពេលខាងមុខ។

លោកមានប្រសាន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​មូលដ្ឋាន​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​កៀក​ក្នុង​ឆ្នាំ ២០១៧ ក៏​នៅ​តែ​មិន​បាន​អាសនៈ​ឃុំ​សង្កាត់​ច្រើន​ដូច​គណបក្ស​កាន់​អំណាច​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក​បាន​លើក​ឡើង​ថា ការ​ទទួល​ជ័យ​ជម្នះ​របស់​បក្ស​ប្រឆាំង​មិន​មែនថាគ្មានលទ្ធភាពនោះទេ ។ លោក បន្ថែមថា៖ «ក្រុមដែលបែកខ្ញែកចេញពី អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងទាក់ទាញអ្នកបោះឆ្នោត»។

ទោះ​បី​ជាវិធីណាក៏ដោយ​ លោក​បញ្ជាក់​ថា អ្វីដែលសំខាន់គឺ​មិន​មែន​ជាការឈ្នះរបស់​បក្ស​ប្រឆាំង​ ​នោះ​ទេ តែជា​ការ​ចូល​រួម និង​កសាង​ទំនុក​ចិត្ត​ពី​សាធារណជន។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា គណបក្សប្រឆាំងជាច្រើននឹងឈានទៅរកសន្លឹកឆ្នោតដែលបែកខ្ញែក ហើយគណបក្សប្រជាជននិងនៅតែរក្សាបាន អាសនៈឃុំសង្កាត់ភាគច្រើន។

លោកបានមានប្រសាសន៍បន្តថា ៖ «នៅក្នុងប្រព័ន្ធបោះឆ្នោតរបស់យើង ក្រុមតូចៗមានឱកាសតិចតួចណាស់​ ក្នុងការទទួលបានអាសនៈឃុំសង្កាត់ ឬអាសនៈរដ្ឋសភា»។

លោក ចាន់រឿន បាន​មាន​ប្រសាសន៍ទៀត​ថា ៖ «គណបក្ស​គីឡូតូចៗ​ ដែល​មិន​មាន​សមត្ថភាព​ប្រកួតប្រជែងបាន​គ្រប់​ឃុំ​​ ឆ្លុះ​បញ្ចាំង​ពី​ការ​ខ្វះខាត​នៃទំនុកចិត្តលើ​គណបក្ស​ប្រឆាំង​ ​ដើម្បីប្រជែងជាមួយគណបក្សគីឡូធ្ងន់ [CPP] »។

លោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ក្នុង​នយោបាយ​កម្ពុជា ប្រជាពលរដ្ឋ​ទំនង​ជា​គាំទ្រអ្នកនយោបាយផ្ទាល់ ​​ច្រើន​ជាង​​គណបក្ស​នយោបាយ។

លោក​បានលើកឡើង​ថា​ ៖ «​ការ​បំបែក​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ [​សម្ព័ន្ធភាព​] មាន​ឥទ្ធិពល ​អវិជ្ជមាន​ដល់​គណបក្ស​ថ្មី​» ដោយសំដៅទាក់ទង​នឹង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​។

CPP សម្លឹងទៅអតីតកាល និងអនាគត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ ខេមបូចា ថា គណបក្សកាន់អំណាចស្វាគមន៍គណបក្សប្រឆាំង ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលលោកបាននិយាយថា ទង្វើនេះបង្ហាញថាប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោក​បាន​មាន​ប្រសាសន៍​បន្តថា ៖ «​ យើង​ចាត់​ទុក​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជា​គូ​ប្រជែង​របស់​យើង ហើយ​យើង​មិន​មើល​ស្រាល​ពួក​គេ​ទេ»

លោក ឥសាន បាននិយាយថានៅឆ្នាំក្រោយ នៅពីរខែមុនការបោះឆ្នោត គណបក្សប្រជាជននឹងរៀបចំសមាជរបស់ខ្លួន និងអនុម័តបេក្ខជនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស។

លោក​បន្ថែម​ថា អ្នក​បោះឆ្នោត​នឹង​ចងចាំ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​ប្រទេស​កាល​ពី ៤ទសវត្សរ៍​មុន​។

បុរសម្នាក់ដើរកាត់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរោង

កាលពីខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ជាជាងពឹងផ្អែកលើសមិទ្ធផលនៃថ្ងៃរំដោះ៧មករា ដើម្បីធ្វើយុទ្ធនាការ បេក្ខជនមកពីគណបក្សកាន់អំណាចគួរតែដោះស្រាយបញ្ហាមូលដ្ឋានដែលប៉ះពាល់ដល់សាធារណជន។

លោក​បាន​ចង្អុល​ទៅលើ​វិវាទ​ដីធ្លី​ថា​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់។ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា៖ «​ប្រសិន​បើ​យើង​គ្រាន់​តែ​ឃោសនា​សមិទ្ធផល​របស់​យើង​នៅ​ថ្ងៃ​៧ មករា ដែលតាមពិតទៅគេដឹងហើយ»។ «ដូច្នេះ តើ [ប្រជាជន] ត្រូវការអីឥឡូវនេះ? [យើង] ត្រូវតែពិនិត្យមើលបញ្ហាទាំងហ្នឹង ដើម្បីដោះស្រាយដោយការទទួលខុសត្រូវ និងប្រកបដោយយុត្តិធម៌»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Uneven Playing Field as Splintered Opposition Parties Prepare for 2022 Commune Elections

536 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម