ក្រុមហ៊ុន Giant Ibis Transport បានពន្យាពេលការចរចាជាថ្មីទៀតជាមួយសមាជិកសហជីពចំនួន៣០នាក់ ដែលអះអាងថា ពួកគេមិនត្រូវបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុនរថយន្តក្រុង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង កន្លងមកបានសន្យាថា នឹងគណនា និងផ្តល់ប្រាក់បំណាច់ការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលជំពាក់និយោជិតត្រឹមថ្ងៃពុធ បន្ទាប់ពីការចរចារ ដែលសម្របសម្រួលដោយក្រសួងការងារ។
ក្រុមហ៊ុននេះបានខកខានមិនបានអនុវត្តតាមកាលកំណត់កាលណពីលើកមុនម្ដងមកហើយ ក្នុងការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដែលមិនទាន់ផ្តល់ជូនសមាជិកសហជីព ហើយបានស្នើសុំពន្យារពេលមកចុងខែឧសភា។
លោក សៀម ម៉ូរ៉ាឌី ប្រធានសហជីពបាននិយាយថា សមាជិកសហជីពបានប៉ាន់ប្រមាណថា ពួកគេត្រូវក្រុមហ៊ុនជំពាក់សរុបជាង១០ម៉ឺនដុល្លារ យោងតាមច្បាប់ការងារ ឬប្រហែលពី ៧ ០០០ ទៅ ៨ ០០០ ដុល្លារក្នុងម្នាក់។ លោក និងមេដឹកនាំសហជីពពីរនាក់ទៀតបានផ្តិតមេដៃលើលិខិតមួយកាលពីថ្ងៃពុធ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនគណនា និងផ្តល់សំណងត្រឹមថ្ងៃទី២៣ ខែមិថុនា នេះបើយោងតាមលិខិតដែលខេមបូចាបានពិនិត្យ។
លោក ម៉ូរ៉ាឌី ថ្លែងថា សហជីពជឿថា ក្រុមហ៊ុនដែលលោកអះអាងម្តងហើយម្តងទៀតថា បានគណនាខុសចំពោះអ្វីដែលជំពាក់កម្មករនោះ មិនបានប្រព្រឹត្តដោយសុចរិតទេ។
លោក ម៉ូរ៉ាឌី បានបញ្ជាក់ថា៖ «សមាជិកសហជីពរបស់យើងបានគណនារួចហើយអំពីប្រាក់បំណាច់ការងារ និងប្រាក់អតីតភាពការងារ ប៉ុន្តែពួកគេ [ក្រុមហ៊ុន] នៅតែមិនចង់គណនា។ ពួកគេគ្មានទំនួលខុសត្រូវក្នុងការគណនាប្រាក់សំណងនោះទេ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុនធំមួយគ្មានអ្នកជំនាញក្នុងការគណនា [ដើម្បីធ្វើការងារនេះ]។ ខ្ញុំគិតថា នេះគ្រាន់តែជាល្បិចកលរបស់ពួកគេប៉ុណ្ណោះ»។
លោក ម៉ូរ៉ាឌី បន្តថា ប្រសិនបើក្រុមហ៊ុនមិនបោះជំហានទៅមុខក្នុងការកំណត់កញ្ចប់សំណងតាមការព្រមព្រៀងគ្នានៅថ្ងៃទី២៣ ខែមិថុនាទេ នោះកម្មករនឹងបន្តការតវ៉ា។
ម៉ូរាឌី បានបន្ថែមថា៖ «ក្រុមហ៊ុនមានចរិតរឹងរូស។ ពួកគេតែងតែពន្យារ [ការបង់ប្រាក់សំណង]។ វាគឺជារឿងដដែល ដោយពន្យារពេលម្តងហើយម្តងទៀត។ យើងបានសម្រេចចិត្តផ្តល់ឱកាសចុងក្រោយដល់ពួកគេរហូតដល់ថ្ងៃទី២៣ ខែមិថុនា។ ប៉ុន្តែនឹងមិនមានការពន្យាពេលផ្សេងទៀតទេ»។
លោក អ៊ូ ផាន់នី តំណាងក្រុមហ៊ុន Giant Ibis ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួសមុខឱ្យក្រុមហ៊ុន បានថ្លែងថា លោក «គ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ» ហើយបានស្តីបន្ទោសក្រសួងការងារចំពោះការពន្យាពេលក្នុងការចរចារ»។
លោក ផាន់នី បានបញ្ជាក់ថា៖ «យើងបានផ្តល់ឲ្យពួកគាត់ [សមាជិកសហជីពដែលត្រូវបានបញ្ឈប់] រួចហើយនូវចំនួនទឹកប្រាក់ដែលត្រូវបើកជូន [ការគណនា] ទៅតាមនោះ មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែក្រសួងបានស្នើឱ្យពន្យាពេលការចរចា ក្រុមហ៊ុនក្រាន់តែជាអ្នកធ្វើការសម្រេចចិត្ត»។
លិខិតមួយដែលខេមបូចាទទួលបានមានអត្ថន័យថា ក្រុមហ៊ុន និងសមាជិកសហជីពបានជួបសម្របសម្រួលគ្នានៅក្រសួងការងារកាលពីថ្ងៃពុធ ប៉ុន្តែ «មិនបានឈានដល់ការសម្រុះសម្រួលទេ»។
លិខិតនោះបានបញ្ជាក់ថា ភាគីទាំងពីរ «បានយល់ព្រមពន្យាពេលកិច្ចប្រជុំ… ដើម្បីឱ្យភាគីទាំងពីរត្រៀមខ្លួន និងរៀបចំឯកសារពាក់ព័ន្ធនឹងការទូទាត់ប្រាក់ឈ្នយលឲ្យបានច្បាស់លាស់បន្ថែមទៀត»។
លោក ម៉ូរ៉ាឌី ប្រធានសហជីពបានបន្ថែមទៀតថា លោកមានអារម្មណ៍ថា ក្រសួងការងារ «មិនបានមកយកចិត្តទុកដាក់»ក្នុងការដោះស្រាយករណីនេះ។
នៅពេលសាកសួរតាម Telegram ថា តើក្រុមហ៊ុនរថយន្តក្រុងនេះ បានបំពានច្បាប់ការងារ ឬយ៉ាងណា ដោយព្យួរការងារបុគ្គលិកលើសពីពីរខែ ដោយមិនទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនោះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឆ្លើយតបថា «មិនត្រឹមត្រូវ»។
លោក ហេង សួរ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមនោះទេ។
លោក ម៉ូរ៉ាឌី បាននិយាយថា សមាជិកសហជីពប្រឈមមុខនឹងការរើសអើងពីក្រុមហ៊ុន ដែលតាមចោទថា បានជួលបុគ្គលិកថ្មីជំនួសឱ្យការទទួលយកបុគ្គលិកសហជីពចូលធ្វើការវិញ។ ម៉ូរ៉ាឌី បាននិយាយថា និយោជិតសហជីពអាចត្រូវបានជួលឡើងវិញ ប្រសិនបើពួកគេយល់ព្រមបោះបង់ចោលប្រាក់អត្ថប្រយោជន៍ទាំងអស់ ដែលពួកគេជំពាក់ ហើយចាប់ផ្តើមកិច្ចសន្យាថ្មី។
លោកបានបញ្ជាក់ទៀតថា៖ «បុគ្គលិកដែលគ្មានជម្រើស ពួកគាត់បានទទួលយកសំណើរ។ នេះគឺជា ការកេងប្រវ័ញ្ចពិតប្រាកដពីក្រុមហ៊ុន»។
លោក គិត ម៉េង និងក្រុមហ៊ុន Royal Group មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Union Gives Bus Company ‘One Last Chance’ To Finish Negotiations