មេដឹកនាំសហជីពនិងសកម្មជនជាង ២០០នាក់ មកពីសហជីពនិងសហព័ន្ធចំនួន ១៧ បានប្រកាសបើកយុទ្ធនាការនៅលើបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី១៤ ខែសីហា ដើម្បីទាមទារឲ្យរដ្ឋាភិបាលតម្រូវឲ្យម្ចាស់រោងចក្រទទួលខុសត្រូវបើកប្រាក់អត្ថប្រយោជន៍ការងារដល់កម្មករនិយោជិត ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការសិទ្ធិការងារ (សង់ត្រាល់) ដែលជាអ្នកសម្របសម្រួលសន្និសីទកាសែត បានមានប្រសាសន៍ថា សហព័ន្ធ សហជីព និងកម្មករនាំគ្នាស្នើឲ្យរដ្ឋាភិបាលជំរុញឲ្យនិយោជកបើកប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹងមុន និងប្រាក់សោហ៊ុយជំងឺចិត្ត ដែលជំពាក់កម្មករនិយោជិត ។
អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ញើលិខិតមួយកាលពីចុងខែមិថុនា ដែលអនុញ្ញាតឲ្យនិយោជកពន្យារពេលការបើកប្រាក់ជូនដំណឹងមុន និងប្រាក់សោហ៊ុយជំងឺចិត្ត ឲ្យទៅកម្មករនិយោជិត ប្រសិនបើនិយោជកពុំអាចមានលទ្ធភាពដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ច ។ លិខិតនេះចេញបន្ទាប់ពីមានលិខិតណែនាំមួយពីក្រសួងការងារ កាលពីដើមខែមិថុនា ដែលអនុញ្ញាតឲ្យនិយោជកអាចពន្យារពេលនៃការបើកប្រាក់បំណាច់អតីតភាពការងារ រហូតដល់ឆ្នាំ២០២១ ។
លោក ថារ៉ូ បានមានប្រសាសន៍នៅឯសន្និសីទសារព័ត៌មាន ថា៖ «សូមបងប្អូនទាំងអស់គ្នា ចូលរួមយុទ្ធនាការរបស់យើងដោយសរសេរសារនៅលើហ្វេសប៊ុក និយាយថាទេ! ចំពោះការស្រេកឃ្លានរបស់កម្មករ»។
លោក ថារ៉ូ បានបន្តថា៖ «យើងនឹងចែករំលែកទាំងអស់គ្នា ទៅកាន់ប្រជាជន[កម្ពុជា]ជាង ១២លាននាក់ ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងស្នើឲ្យរដ្ឋាភិបាលពិចារណាសេចក្ដីសម្រេចរបស់ខ្លួនឡើងវិញ និងបង្កើតគោលនយោបាយដែលធានាសុខភាព និងជីវភាពរបស់កម្មករ ខណៈដែលមនុស្សប្រហែល ៨ម៉ឺននាក់ បានទទួលរងផលប៉ះពាល់ពីការកែប្រែគោលនយោបាយនេះ»។
សកម្មជននិងសមាជិកសហជីពប្រហែល ២០០នាក់ បានចូលរួមព្រឹត្តិការណ៍បើកយុទ្ធនាការនេះ ដោយអ្នកខ្លះកាន់បដាដែលសរសេរថា «គ្រប់គ្នាខ្លាចកូវីដ ខ្ញុំខ្លាចដាច់បាយ» «ផ្ដល់ប្រាក់អតីតភាពឲ្យខ្ញុំ» និង «និយាយថាទេចំពោះការស្រេកឃ្លានរបស់កម្មករ»។
លោក ថារ៉ូ បានបន្ថែមថា យោងតាមទិន្នន័យថ្មីៗ បច្ចុប្បន្ន មានរោងចក្រប្រហែល ៤៥០ ដែលបានព្យួរការងារ និង ៣០ បិទទ្វារជាអចិន្ត្រៃយ៍ នៅឆ្នាំនេះ ដែលប៉ះពាល់ដល់កម្មករនិយោជិតរាប់ម៉ឺននាក់ ។
នៅក្រោយសន្និសីទសារព័ត៌មាន សហជីពបានប្រគល់ញត្តិជូនទៅក្រសួងការងារ ដើម្បីស្នើឲ្យក្រសួងលុបចោលសេចក្ដីសម្រេចកាលពីខែមិថុនា ដែលអនុញ្ញាតឲ្យម្ចាស់រោងចក្រដែលមានបញ្ហាសេដ្ឋកិច្ចពន្យារពេលបើកប្រាក់រំឭកអតីតភាពការងារ រហូតដល់ឆ្នាំ២០២១ និងមិនបាច់បើកប្រាក់ជូនដំណឹងមុន និងប្រាក់សោហ៊ុយជំងឺចិត្តឡើយ ។
លោក និន វណ្ណៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្មនៃក្រសួងការងារ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។
ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ បានមានប្រសាសន៍ថា ខណៈដែលកម្មកររោងចក្រកំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ ក្រសួងបានចេញលិខិតពីរដែលជួយទៅដល់និយោជកទៅវិញ ។
សេងហាក់ បានមានប្រសាសន៍ថា៖ «សូមក្រសួងការងារមេត្តាពិនិត្យបញ្ហាទាំងនេះឡើងវិញ ។ ខ្ញុំគិតថា លិខិតរបស់ អ៊ុក ចាន់ធូ [ប្រធាននាយកដ្ឋានអធិការកិច្ច នៃក្រសួងការងារ] ទំនងជាផ្ទុយនឹងគោលបំណងរបស់រាជរដ្ឋាភិបាល»។
លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) បានមានប្រសាសន៍ថា ក្រៅពីការអំពាវនាវទៅក្រសួង សហជីពក៏កំពុងចរចាជាមួយអ្នកបញ្ជាទិញជិត ៣០ក្រុមហ៊ុន ដោយស្នើសុំឲ្យពួកគេផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ៧៦ដុល្លារទៀត ផងដែរ ។ បច្ចុប្បន្ន កម្មកររោងចក្រកាត់ដេរដែលបាត់បង់ការងារ ទទួលបានប្រាក់ឧបត្ថម្ភសរុប ៧០ដុល្លារក្នុងមួយខែ ពីរដ្ឋាភិបាល និងអតីតនិយោជករបស់ខ្លួន ។
លោក អាទិត្យ បាននិយាយថា ក្រសួងការងារនិងលោក ចាន់ធូ កំពុងអនុវត្តវិធានការដែលផ្ទុយទៅនឹងច្បាប់ការងារ និងផ្ដល់ឲ្យម្ចាស់រោងចក្រមានលេសមិនបើកប្រាក់បំណាច់នានាដល់កម្មករ ក្នុងករណីដែលពួកគេបិទទ្វារ ។
លោក អាទិត្យ មានប្រសាសន៍ថា៖ «យើងនឹងបន្តយុទ្ធនាការរបស់យើងទៅថ្ងៃខាងមុខទៀត ហើយយើងចាំបាច់ត្រូវតែរួបរួមគ្នាដើម្បីប្រយោជន៍របស់កម្មករ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា កម្មករនិយោជិតវិស័យកាត់ដេរនឹងជួបប្រទះការលំបាកបន្ថែមទៀត ខណៈដែលឥឡូវនេះ សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបក្នុងការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធក្រោមកម្មវិធី EBA ពីកម្ពុជា បានចូលជាធរមាន ។
លោកថា យោងតាមលិខិតរបស់លោក ចាន់ធូ ក្រុមហ៊ុនដែលបិទរោងចក្ររបស់ខ្លួនអាចជូនដំណឹងទៅកម្មករនិយោជិតភ្លាមៗ និងមិនចាំបាច់បើកប្រាក់ជូនដំណឹងមុន ឲ្យទៅកម្មករនិយោជិត ឡើយ ។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ក្រសួង[ការងារ]ត្រូវពិចារណាលុបចោលលិខិតនោះវិញ និងត្រូវអនុវត្តច្បាប់ការងារតាមធម្មតា ។ ប្រសិនបើមិនដូច្នេះទេ និយោជកនឹងឆ្លៀតឱកាសនេះដើម្បីប្រើប្រាស់ជាហេតុផលក្នុងការបញ្ឈប់ការងារកម្មករ ដោយមិនចាំបាច់បើកប្រាក់អត្ថប្រយោជន៍ការងារទៅឲ្យកម្មករ»។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានមានប្រសាសន៍ថា វាជាសិទ្ធិរបស់សហជីពក្នុងការស្នើទៅក្រសួងការងារឲ្យផ្លាស់ប្ដូរវិធានការ ។
លោក កេន លូ បានប្រសាសន៍យ៉ាងខ្លីថា៖ «ប៉ុន្តែ ឥឡូវនេះ និយោជកកំពុងអនុវត្តទៅតាមវិធាននានា ផ្អែកទៅតាមសេចក្ដីសម្រេចរបស់ក្រសួងការងារ»។
លិខិតចុះថ្ងៃទី១៤ ខែសីហា ពីក្រសួងការងារ ដែលផ្ដល់ដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់អំពីលិខិតកាលពីខែមិថុនា របស់លោក ចាន់ធូ ដោយបានលម្អិតអំពីកាលៈទេសៈដែលនិយោជកអាចមិនបាច់បើកប្រាក់ជូនដំណឹងមុនអំពីការលុបចោលកិច្ចសន្យាការងារ ឬប្រាក់សោហ៊ុយជំងឺចិត្ត ។
លិខិតនោះសរសេរថា៖ «ប្រាក់បំណាច់ទូរទាត់ជួសឲ្យការជូនដំណឹងមុន មិនត្រូវបានអនុវត្តឡើយ ក្នុងករណីរោងចក្រ សហគ្រាស ត្រូវបានបិទទ្វារ ដោយថៅកែរត់ចោល ដោយហេតុថាករណីនេះ ត្រូវអនុវត្តតាមវិធានការដោយឡែក»។
ចំណុចមួយចំនួននៃលិខិតដដែលនេះ សំដៅទៅលើវិបត្តិសេដ្ឋកិច្ចជាសាកលដែលបណ្ដាលមកពីកូវីដ១៩ និងនិយាយថា និយោជកមិនតម្រូវឲ្យផ្ដល់ «ប្រាក់សោហ៊ុយជំងឺចិត្ត»ដល់កម្មករទេ ដែលប្រាក់សោហ៊ុយជំងឺចិត្តនេះត្រូវបានធានានៅក្រោមមាត្រាទី៩១ នៃច្បាប់ការងារ ក្នុងករណីដែលភាគីមួយបានលុបចោលកិច្ចសន្យាការងារដោយគ្មាន ហេតុផលត្រឹមត្រូវ ។
លិខិតដដែលសរសេរដូច្នេះថា៖ «ក្នុងករណីមានការថយចុះនៃសង្វាក់ផលិតកម្មជាសកល ឬដំណើរឈានឆ្ពោះទៅរកភាពក្ស័យធន ដែលតម្រូវឲ្យរោងចក្រ សហគ្រាស ត្រូវបញ្ឈប់សង្វាក់ផលិតកម្មណាមួយទាំងស្រុង ឬផ្នែកខ្លះនៃរោងចក្រ សហគ្រាស នោះគឺមិនមានធាតុផ្សំ ឬគ្រប់លក្ខខណ្ឌដែលត្រូវទទួលបានសោហ៊ុយជំងឺចិត្តនោះឡើយ»។
កាលពីខែមិថុនា និងខែកក្កដា សហជីពនិងសមាគមជាង ២០ ធ្លាប់បានដាក់ញត្តិទៅកាន់ក្រសួងការងារ និងទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចម្ដងហើយ ដោយស្នើសុំឲ្យមានការអន្តរាគមន៍ដើម្បីជំរុញឲ្យនិយោជកបើកប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំ ដែលជំពាក់កម្មករនិយោជិត ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Unions’ campaign calls on government to guarantee benefit pay